ភ្នំពេញ ៖ លោក នី ណាក់ សកម្មជនសង្គម និងជាគ្រូកសិកម្ម ដែលតែងបង្ហោះពីចំណេះដឹងស្តីពីផ្នែកកសិកម្ម និងរិះគន់រដ្ឋាភិបាល ហើយបច្ចុប្បន្នកំពុងជាប់គុកត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ ពីបទ “បរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យមានការរើសអើង” តាមបណ្តឹងរបស់លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជា ជីវ:នោះ បានបន្តសរសេរលិខិតពីក្នុងគុក ផ្ញើជូនភរិយាជាទីស្រឡាញ់របស់លោក បង្ហាញពីការនឹករលឹក និងស្រឡាញ់ ចំពោះភរិយា ក្រោយបែកគ្នាអស់ជាង ១០ខែមកហើយ។ ជាមួយការនឹករលឹកនេះ លោក នីណាក់ ក៏ បានផ្តាំមកភរិយាថា នៅពេលបានចេញពីគុក លោកនឹងកោរសក់ បួសជាព្រះសង្ឃហើយ។
លិខិតចុងក្រោយរបស់លោកនី ណាក់ ដែលត្រូវបានភរិយារបស់លោក យកមកសរសេរបង្ហោះក្នុងទំព័របណ្តា ញសង្គម នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មានខ្លឹមសារថា «ឃ្លាតឆ្ងាយពីអូន យើងមិនបានមើលថែគ្នា ១០ខែមកហើយ ប្តីចង់ប្រាប់ថា បងនឹកប្រពន្ធពន់ពេកណាស់ ប្រពន្ធ អូនសុខទុក្ខយ៉ាងណាដែរ? ចំណែកបង សុខទុក្ខ ធម្មតាបែបអ្នកជាប់ឃុំ អូនកុំព្រួយបារម្ភពីបងថ្វីណា! ការដែលជាប់គុក គឺទាំងផ្លូវកាយ ផ្លូវចិត្តបងលំបាកពេកណាស់ ប៉ុន្តែមិនលំបាកដូចការបែកឃ្លាតឆ្ងាយ នឹករលឹកដល់អូនឡើយ។ ប្តីមានក្តីសុខ ពេលនៅក្បែរអូន ទោះ១នាទី ឃើញប្រពន្ធមិនកើតអ្វី បងក៏រីករាយដូចបានមាសទាំងគីឡូ។ បងអរគុណអូន ដែលតស៊ូរឹងមាំ ស្វាហាប់យ៉ាងនេះ។ ទោះអូនលំបាកយ៉ាងណា ក៏អូនមិនដែលពោលប្រាប់ប្តី តែងញញឹមផ្តល់ កម្លាំងចិត្តឱ្យបង មិនចោ លបង តស៊ូដើម្បីបងជានិច្ច!»។
លិខិតលោក នី ណាក់ បន្តថា «បងជំពាក់គុណ ជំពាក់អំពើល្អរបស់អូន រាប់មិនអស់ បងក៏មានសេចក្តីជ្រះថ្លាចំពោះអំពើល្អអូន បងនឹងសាងផ្នួស បួសជាព្រះសង្ឃ ពេលដែលបងមានសេរីភាពវិញ ដើម្បីបានបុណ្យកុសលបានទៅអូន លោកមានគុណរបស់យើងទាំងពីរផងដែរ។ បួសយូរប៉ុនណា អាស្រ័យលើនិស្ស័យ។ ដោយឡែកពូជមៀនល្អ មៀនសាច់ក្រាស់ស្ងួត ក្លិនក្រអូប ដែលអូនយកមកឱ្យបង បងបានដាក់បណ្តុះ បាន១២ថង់ សូមជូនបុណ្យអូននិងបងហេង ត្រជាក់ត្រជំ ដើមមៀនទាំងនេះ គឺជាសម្បត្តិរួម ជួយទ្រទ្រង់បរិស្ថាន ជាសម្បត្តិផែនដី និងគ្រប់គ្នាអាចអាស្រ័យផលបាន»។
ចំណែក ភរិយាលោក នី ណាក់ បានសរសេរនៅថ្ងៃដដែលនោះថា «មកដល់ថ្ងៃនេះ បង នី ណាក់ ជាប់ឃុំនៅមន្ទីឃុំឃាំង ម៣ ត្រពាំងផ្លុង រយៈពេល 304ថ្ងៃ ឬ10ខែហើយ។ នាងខ្ញុំសង្ឃឹមថា តុលាការ នឹងទម្លាក់បទចោទ ដោះលែងគាត់ឱ្យបាននៅក្រៅឃុំ ឆាប់ៗនេះ ដើម្បីឱ្យគាត់បានបំពេញតួរនាទីជាប្តី ជាឪពុក ជាពលរដ្ឋ និងបន្តចែករំលែកចំណេះ ជំនាញ បទពិសោធន៍ផ្នែកដាំដុះ ជួយដល់សង្គមជាតិ»។
គួរបញ្ជាក់ថា លោក នី ណាក់ តាំងពីជាប់ពន្ធនាគារមក ទោះបីជាភរិយារបស់លោក តែងទៅជួបសួរសុខទុក្ខជាញឹកញាប់ក្តី ក៏លោកនី ណាក់ តែងឆ្លៀតសរសេរសំបុត្រស្នេហាពីក្នុងគុក ផ្ញើជូនប្រពន្ធជាទីស្រឡាញ់ រៀបរាប់ពីទំហំក្តីនឹករលឹក និងស្រឡាញ់របស់លោក ចំពោះភរិយា ជារឿយៗផងដែរ។
ជាក់ស្តែង កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ លោក នី ណាក់ បានលិខិតស្នេហា និងបណ្តាំរបស់លោក ផ្ញើជូនអ្នកស្រី ស៊ីណែត ជាភរិយារបស់លោក ដែលមានខ្លឹមសារថា «សំណេររបស់បង ជូនអូនណែត ! សួស្តីឧត្តមភរិយារបស់បង! គឺដូចសព្វដង គឺបងលួចសរសេរកូនសំបុត្រជូនអូន ដើម្បីបន្ថែមដំណឹងដល់អូន ។ រឿងទី១ នោះ គឺបងនឹកអូន នឹកជារៀង រាល់ថ្ងៃ នឹកគ្រប់ដង្ហើមចេញចូល ហើយស្រលាញអូនខ្លាំងបំផុត ។ ប្តីអរគុណខ្លាំងៗដល់អូន ដែលស្មោះស្ម័គ្រភក្តី ចំពោះប្តី ហើយមកលេង សួរសុខទុក្ខ ឧបត្ថម្ភដល់បងជាប្រចាំ ។ ជីវិតរប ស់បង ៤ខែ ក្នុងគុក បើគ្មានអូនជួយ គឺបងច្បាស់ជាមិនអាចរស់បានឡើយ! នៅក្នុងគុក បងមានតែអូន គឺជាកម្លាំងចិត្ត ខិតខំតែស៊ូឆ្លងកាត់ការលំបាកមួយនេះ ដ៏ស្វាហាប់ និងរឹងមាំជានិច្ច ។ ជីវិតប្រចាំថ្ងៃបង ប្រើប្រាស់ពេលវេលាដ៏មានប្រយោជន៍ និងមានប្រសិទ្ធភាព ។ មួយថ្ងៃ 24ម៉ោង បងសម្រាក ឬដេក ត្រឹម 6ឬ7 ម៉ោងតែប៉ុណ្ណោះ ។ សល់ពីនោះ បងរៀនសូត្រ ហាត់ប្រាណ សូត្រធម៌រំលឹកគុណព្រះរតនត្រៃទាំង៣ អង្គុយសមាធិ ដាំបាយ ធ្វើម្ហូប ថែរក្សាសុខភាព និងធ្វើអនាម័យបន្ទប់ ខ្លួននប្រាណ កសិកម្មខ្លះៗដើម្បីហូបចុក សម្រាលបន្ទុករបស់អូន ។ ចាំនៅពេលដែលបងនៅជាមួយអូន បងនឹងអធិប្បាយពិស្តារ ពីអ្វីដែលប្តីធ្វើជាប្រចាំ នៅក្នុងគុក»។
លិខិតរបស់លោក នី ណាក់ បន្តថា «បងតែងរក្សានូវជានិច្ចសីល (សីល៥) ជានិច្ច ។ បងរក្សាសីល គឺដើម្បីបងនិងអូនបានសុខរួមគ្នា ទាំងបច្ចុប្បន្ន និងអនាគត ជាតិខាងមុខបន្ត ក៏បងនិងអូន ជួបគ្នាជាគូស្វាមីភរិយា មិនបែក។ បងក៏សង្ឃឹមផងដែរថា ភរិយាល្អប្រពៃរបស់បង ក៏រក្សាសីល៥ ឲ្យបានល្អផងដែរណា! វិធីរក្សាសីល គឺអូនត្រូវធ្វើតាមបងប្រាប់ដូចតទៅ ៖ រឿងរាល់ថ្ងៃ ពេលព្រឹកព្រលឹម ក្រោកពីដំណេកភ្លាម អូនត្រូវនឹកក្នុងចិត្តភ្លាមដែរថា ៖ នាងខ្ញុំ ស៊ីណែត សូមយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹង ទីរលឹក សូមតាំងសច្ចារក្សាសីល៥ ឲ្យបានល្អផូរផង់ ។ សីល៥ មាន ៖ មិនសម្លាប់ជីវិតមនុស្សសត្វគ្រប់ប្រភេទ, មិនលួចទ្រព្យអ្នកដទៃ, មិនប្រព្រឹត្តខុសក្នុងកាម, មិនពោលពាក្យកុហក និងមិនសេពសុរា ។ លុះដល់ពេលល្ងាច មុនពេលចូលគេង សូមអូនរំលឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ម្តងទៀត ហើយនិយាយថា បើថ្ងៃនេះនាងខ្ញុំបានធ្វើអ្វីខុសក្នុងសីលណាមួយ ក៏សូមឱ្យសីលដែលបានដាច់ធ្លុះធ្លាយនោះ បានតជាប់ដូចដើមឡើងវិញ ។ សង្ឃឹមថា អូនអាចធ្វើបានណាឧត្តមភរិយារបស់ប្តី! សាធុៗៗ បងអរគុណអូនខ្លាំងណាស់ សម្រាប់សៀវភៅធម៌ល្អ ទាំងភាសាថៃ និងធម៌ខ្មែរ បងបានអាន សិក្សា ប្រតិបត្តិមាគ៌ាត្រាពុទ្ធ បានច្រើន»។
លិខិតលោក នី ណាក់ បន្តទៀតថា «រឿងសំខាន់មួយទៀតនោះ គឺអូនត្រូវហាត់ប្រាណ ដើម្បីរក្សាសុខភាពផងណា! ការញ៉ាំអាហារ ក៏សំខាន់ដូចគ្នា អូនញ៉ាំអាហាល្អៗ ញ៉ាំឲ្យគ្រប់គ្រាន់ និងគេងឲ្យច្រើនគ្រប់គ្រាន់ផងដែរណា! ធ្វើដើម្បីប្តី ដើម្បីគ្រួសារផង់ដែរណា ។ បងផ្តល់កម្លាំង ជួនអូន ផ្តល់នូវស្នេហាដ៏ស្មោះស័គ្រភក្តីភាព ជូនអូនតែម្នាក់ រៀងដរាបលុះអវសាន។ បងក៏សូមផ្ញើការគោរព នឹករលឹកដល់លោកប៉ាផងណា ! កូនប្រសាម្នាក់នេះ នឹក ស្រលាញ់ប៉ាខ្លាំងៗ ។ បងក៏សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក ប្រទានពរលោកប៉ា មានសុខភាពល្អ ព្រះជន្មាយុយឺនយូរ ។ កូនសូមឱ្យម៉ បានអញ្ជើញទៅកាន់សុគតិភព ។ កូនឧស្សាហ៍សុបិនឃើញម៉ែ ប្រហែលអ្នកម្តាយនឹកកូនហើយមើលទៅ ។ សូមអូនអុជជួបប្រាប់ម៉ែ ជំនួសបងផង ។ បងក៏នឹកក្មួយសុផានិត ជាដរាបមកផងដែរ ។ សូមអូនជួយថតរូបជាមួយផ្កាដែលអូនដាំ ផ្តិតរូបឲ្យបងផង! ចុងក្រោយ ពាក្យសំខាន់បំផុតរបស់ប្តី គឺសូមជួនពរអូនសម្មាញ់ បានសុខគ្រប់នាទី»៕ ខៀវទុំ