Sunday, November 24, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលី សាម៉េត សុំទោសសម្តេចហ៊ុន សែន

លី សាម៉េត សុំទោសសម្តេចហ៊ុន សែន

ភ្នំពេញ ៖ ខណៈដែលកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ក្រោយពេលសម្តេចហ៊ុន សែន  អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ទម្លាយរឿងយកឈ្មោះសម្តេច ទៅដើរបោកប្រាស់គេបានរាប់សិនលានដុល្លារមកនោះ លោកលី សាម៉េត ហៅគ្រូមា ទីប្រឹក្សាសម្ដេចហ៊ុន សែន បានចេញមុខសុំទោស សារភាពកំហុសចំពោះសម្ដេចហ៊ុន សែន និងបានសុំពេលសម្រាកនៅផ្ទះ ព្យាបាលជំងឺ មួយរយៈសិន ទើបចូលខ្លួនសារភាព ប្រគល់ខ្លួនឲ្យសមត្ថកិច្ច ។ ប៉ុន្តែជាការឆ្លើយតប សម្តេចហ៊ុន សែន បានបញ្ជាឲ្យចាប់ខ្លួនលោកលី សាម៉េត ភ្លាម ដោយសម្ដេចបញ្ជាក់ថា លោកលី សាម៉េត មិនអាចសុំពេលព្យាបាលជំងឺសិនបានទេ ត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការ មិនអាចឲ្យបន្តនៅក្រៅសំណាញ់ច្បាប់បានទេ ព្រោះសូម្បីតែលោកដួង តារា ជំនួយការសម្តេច ក៏ត្រូវបានចាប់ឃុំខ្លួនរួចទៅហើយ ដោយសារតែពាក់ព័ន្ធជាមួយលោកលី សាម៉េត ជាឪធម៌នេះឯង។

 គួរបញ្ជាក់ថា នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈគណនីបណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួន លោ កលី សាម៉េត ដែលហៅគ្រូមា ដែលកំពុងរត់គេចខ្លួន បានចេញវីដេអូសារភាពកំហុស សុំទោសសម្ដេចហ៊ុន សែន និងសុំពេលព្យាបាលជំងឺមួយរយៈសិន មុននឹងចូលខ្លួនសារភាព ដោយមិនរត់គេចខ្លួនទៅណាឡើយ ។

 លោកលី សាម៉េត បាននិយាយនៅក្នុងវីដេអូនោះ ជាមួយការលើកដៃសំពះសម្ដេចហ៊ុន សែន ពីចម្ងាយ ដោយទឹកភ្នែកថា “ខ្ញុំបាទ លី សាម៉េត ហៅលោកគ្រូមា ។ ថ្ងៃនេះ ខ្ញុំសូមបញ្ជាក់ការពិតចេញពីបេះដូងខ្ញុំបាទ ។ រឿងរ៉ាវដែលសម្ដេច លោកបានបង្ហោះក្នុងសំណេរផេកផ្លូវការរបស់លោក ពាក់ព័ន្ធនឹងរឿងខ្ញុំបាទ សុទ្ធសឹងតែជារឿងពិតទាំងអស់ ។ ខ្ញុំបាទ លី សាម៉េត បានសាងកំហុសយ៉ាងធ្ងន់ធ្ងរបំផុត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់ម្ចាស់ខ្ញុំ របស់សម្ដេច ។ ខ្ញុំបាទបានយកឈ្មោះសម្ដេច ទៅប្រើ ដើម្បីយកលុយគេ នេះជារឿងពិត ហើយក៏មិនមែនជាលើកទី១ ដែរ ។ មិនតែប៉ុណ្ណោះ ថាថវិកា លុយទាំងអស់នោះ យកទៅជូនសម្ដេច ទៀត  ។ នេះសុទ្ធតែជារឿងខ្ញុំបាទប្រតិដ្ឋចេញដោយខ្លួនឯង គឺបុគ្គលខ្ញុំម្នាក់ សាងកំហុសយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់សម្ដេចតេជោ អាចនឹងមហាជនយល់ច្រឡំ តែខ្ញុំសូមបញ្ជាក់បងប្អូន កូនក្មួយ ទ្រង់ ឯកឧត្ដម លោកជំទាវទាំងអស់ ឲ្យបានជ្រាបច្បាស់ គឺសម្ដេចតេជោ លោកអត់បានដឹងនោះទេ លោកអត់បានដឹងរឿងអីទាំងអស់ ខ្ញុំបាទទេជាអ្នកប្រព្រឹត្ត យកឈ្មោះកិត្តិយសសម្ដេច ទៅប្រើ ដើម្បីតែផលប្រយោជន៍ខ្លួនឯង យកលុយគេ នេះជារឿងពិត ។ សម្ដេច ជាទីគោរពដ៏ខ្ពង់ខ្ពស់! ឲ្យខ្ញុំបាទទោស! លី សាម៉េត ខ្ញុំសុំទោស! សុំទោសហើយសុំទោសទៀត» ។

 លោកលី សាម៉េត បន្តថា “ចំណុចមួយទៀត លើកទី១ សម្ដេច លោកមានមនោសញ្ចេតនា លោកទុកឱកាសឲ្យខ្ញុំបាទកែខ្លួន លើកទី២ ក៏លោកទុកឱកាសឲ្យខ្ញុំបាទកែខ្លួនដែរ រហូតដល់លើកទី៣ ខ្ញុំបាទនៅតែប្រព្រឹត្ត នៅតែសាងកំហុសយ៉ាងធ្ងន់ធ្ងរទៅលើសម្ដេច ទៀត ។ នេះជារឿងពិត ខ្ញុំបាទយកគុណទៅសងទោស ដែលសម្ដេច លោកមានគុណលើខ្ញុំបាទ និងក្រុមគ្រួសារខ្ញុំបាទ ។ ខ្ញុំបាទមានកំហុសធ្ងន់ធ្ងរណាស់ ដែលធ្វើឲ្យប៉ះ ពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សម្ដេច លោកមានចិត្តមេត្តា ទុកឱកាសឲ្យខ្ញុំបាទពីរបីដង តែខ្ញុំបាទនៅតែប្រព្រឹត្តអំពើអាក្រក់ យកឈ្មោះលោកទៅប្រើ ដើម្បីយកលុយគេ នេះជារឿងពិត ។ ចំណុចសំខាន់មួយ ទៀត ខ្ញុំបាទហ៊ានប្រើពាក្យថា ខ្ញុំបាទចេញចូលផ្ទះសម្ដេច ភូមិគ្រឹះនៅតាខ្មៅ ថ្ងៃណាក៏បាន ពេលណាក៏បាន ម៉ោងណាក៏បាន នេះជារឿងពិត ខ្ញុំបាទសារភាព ខ្ញុំបាទនិយាយពិតមែន ។ តាមការពិត ខ្ញុំបាទមិនដែលបានស្គាល់ផ្ទះសម្ដេចតេជោ នៅតាខ្មៅ ភូមិគ្រឹះនៅតាខ្មៅនោះ បែរមុខទៅណា នៅចំណុចណានោះទេ តែខ្ញុំបាទប្រឌិតរឿងនេះឡើង ដើម្បីឲ្យគេទុកចិត្តខ្ញុំបាទថា បានចេញចូល ពីព្រោះខ្ញុំបាទចង់បានលុយគេ ទើបខ្ញុំប្រឌិតរឿងនេះឡើង ។ នេះជាកំហុសយ៉ាងធ្ងន់ធ្ងរបំផុត ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ម្ចាស់ខ្ញុំបាទ តែខ្ញុំបាទមិនព្រមកែខ្លួនសោះ ទើបកើតរឿងនេះឡើង ។ នេះជាកំហុសរបស់ខ្ញុំបាទដ៏ពិតប្រាកដ“ ។

 លោកលី សាម៉េត សារភាពបន្តទៀតថា “ខ្ញុំបាទសូមជម្រាបដល់សាធារណជន ទ្រង់ ឯកឧត្ដម លោកជំទាវ ឲ្យបានជ្រាបថា កុំយល់ច្រឡំឲ្យសោះ នេះជាកំហុសខ្ញុំបាទ ដែលបាទប្រព្រឹត្តខុស ដែលយកកិត្តិយសនិងសេចក្ដី ថ្លៃថ្នូររបស់សម្ដេចតេជោ យកមកប្រើ ។ នេះជារឿងពិត យកលុយគេ ។ ចំណុចទី២ ខ្ញុំសុំជម្រាប សព្វថ្ងៃនេះ ខ្ញុំកំពុងតែមានជំងឺ ហើយនៅផ្ទះកូន ។ ខ្ញុំមានជំងឺទឹកនោមផ្អែម និងមានជំងឺក្រពះ ពោះវៀន សំខាន់គឺទឹកនោមប្រៃ កំពុងតែហើមខ្លួន ខ្លួនខ្ញុំហើម ដើរមិនបាន ។ ខ្ញុំសុំពេលវេលាបន្តិច រយៈពេលខ្លី ខ្ញុំនឹងចេញទៅសារភាពនៅមុខសមត្ថកិច្ច នៅមុខតុលាការ ដើម្បីឲ្យកាត់ទោសខ្ញុំបាទតាមច្បាប់ ។ ពេលដែលខ្ញុំធូរហើយ សុំពេលខ្លី មិន មែនសុំពេលវែងទេ ខ្ញុំបាទមិនរត់គេចទៅណាទេ ។ ចុងបញ្ចប់ សម្ដេច ម្ចាស់អ្នកមានគុណ ខ្ញុំបាទបានសាងកំ ហុសធ្ងន់ធ្ងរណាស់ ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់សម្ដេច ។ ខ្ញុំបាទ លី សាម៉េត បើមានជាតិក្រោយ ខ្ញុំបាទនឹងធ្វើល្អចំពោះសម្ដេច តែជាតិនេះ ខ្ញុំបាទហួសហើយ ខ្ញុំបាទខុសហើយ ឲ្យខ្ញុំបាទសុំទោសសម្ដេច“ ។

  ទោះបីយ៉ាងណា ជុំវិញការសារភាពកំហុសរបស់លោកលី សាម៉េត និងការស្នើសុំព្យាបាលជំងឺមួយរយៈ មុននឹងប្រគល់ខ្លួនឲ្យសមត្ថកិច្ច តុលាការ ចាត់ការតាមច្បាប់នេះ សម្ដេចហ៊ុន សែន បានឆ្លើយតបថា មិនអាចធ្វើបែបនេះបានទេ គឺត្រូវតែចាប់ខ្លួនបញ្ជូនឲ្យតុលាការកាត់ទោសតាមច្បាប់ ដោយមិនមានពន្យារពេលនោះទេ ។

 សម្ដេចហ៊ុន សែន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។ ជំនួយការខ្ញុំម្នាក់ ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួន រង់ចាំការកាត់ទោស ដោយសារជាប់ពាក់ព័ន្ធឆបោកជាមួយ លី សាម៉េត នេះ។ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួន បានបង្ហាញខ្លួនហើយ សូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថ ទៅនាំខ្លួនលី សាម៉េត បញ្ជូនទៅតុលាការ ដើម្បីកាត់ទោសតាមច្បាប់។ លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះ មុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយ នគរបាលយុត្តិធម៌ ត្រូវតែនាំខ្លួនលី សាម៉េត បញ្ជូនទៅតុលាការ តាមនីតិវិធី។ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យលី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ“ ៕ 

RELATED ARTICLES