Thursday, November 14, 2024
Homeសង្គម និងជីវិតកូនដំរីព្រៃវង្វេងមេ បា.../ក់ទឹកដោះ សង្គ្រោះមកនៅសួនសត្វភ្នំតាម៉ៅ

កូនដំរីព្រៃវង្វេងមេ បា…/ក់ទឹកដោះ សង្គ្រោះមកនៅសួនសត្វភ្នំតាម៉ៅ

ភ្នំពេញ ៖ កូនដំរីព្រៃ ១ក្បាល វង្វេងមេ ត្រូវបានប្រទះឃើញនៅព្រៃជិតចម្ការរបស់ប្រជាសហគមន៍ ដែលមានទីតាំងស្ថិតនៅភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមព័ត៌មានដែលទទួលបានពីប្រជាសហគមន៍នៅទីនោះ បានឱ្យដឹងថា កូនដំរីនេះត្រូវបានប្រទះឃើញនៅដាច់ពីហ្វូង ប្រហែលជិត២សប្តាហ៍ មកហើយ គិតត្រឹមថ្ងៃដែលត្រូវបានជួយសង្គ្រោះ កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រោយទទួលបានដំណឹង ក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានចុះទៅពិនិត្យ និងតាមដានស្ថានភាពកូនដំរីព្រៃ ១ក្បាលនេះ. ដោយកូនដំរីមានស្ថានភាពស្គម និងបាក់ទឹកដោះ ក្រុមការងារអង្គការ WCS បានសហការជាមួយក្រុមការងារអង្គការ WWF, WA ក្នុងការផ្តល់ចំណី និងទឹកដោះគោ ដើម្បីអាចឱ្យកូនដំរីនេះ មានកម្លាំង និងអាហារគ្រប់គ្រាន់។

តាមរយៈការសង្កេតដោយក្រុមការងារជំនាញ កូនដំរីនេះមានអាយុប្រហែល២ឆ្នាំ និងទម្ងន់ប្រមាណ ៣០០គីឡូក្រាម ជាវ័យដែលត្រូវទទួលបានការបំបៅ និងបណ្តើរដោយមេដំរី។ ប៉ុន្តែវាជាករណីដែលកម្រដែលកូនដំរីនេះ ត្រូវបានទុកឲ្យនៅតែឯង។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមការងារបានបន្តរង់ចាំពិនិត្យមើលពីចម្ងាយ ក្រែងមានហ្វូងដំរី មករកកូនដំរីនេះវិញ។

ក្រោយរង់ចាំអស់រយៈពេល ៤ថ្ងៃរួចមក ក្រុមការងារពាក់ព័ន្ធបានពិភាក្សានិងសម្រេចថា មិនអាចបន្តទុកកូនដំរីនេះឱ្យនៅតែឯង ដោយមិនមានមេនៅជិតបន្តទៀតបានទេ។ ហេតុដូចនេះ ក្រុមការងារស្រាវជ្រាវជីវចម្រុះ នៃអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia បានទាក់ទងទៅក្រុមការងារសង្គ្រោះសត្វព្រៃនៃមជ្ឃ មណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ ដើម្បីធ្វើការសង្គ្រោះកូនដំរីនេះ និងបញ្ជូនទៅមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ ដើម្បីធ្វើការបំប៉ន និងមើលថែរក្សា។

សកម្មភាពសង្គ្រោះកូនដំរីនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមាន ការចូលរួមសហការពីអង្គការ WCS, WWF, WA, រដ្ឋបាលព្រៃឈើ ក្រុមការងារសង្គ្រោះសត្វព្រៃនៃមជ្ឃ មណ្ឌលសង្គ្រោះសត្វព្រៃ ភ្នំតាម៉ៅ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃកែវសីមា និងដែនជម្រកសត្វព្រៃភ្នំព្រិច សហគមន៍ល្បាត និងប្រជាសហគមន៍មូលដ្ឋាន ប្រមាណជិត ៣០នាក់។ ទោះបីជាស្ថានភាពទីតាំងក្នុងការជួយសង្គ្រោះ មានភាពលំបាក ដោយសារជាភូមិសាស្ត្រតំបន់ភ្នំ និងជាប់ជា មួយព្រៃក្រាស់ ដែលអាចងាយប្រឈមនឹងឧបសគ្គផ្សេងៗ ក្រុមការងារសង្គ្រោះ នៅតែរិះរកវិធីសាស្ត្រ ដើម្បីជួយសង្គ្រោះកូនដំរីព្រៃ ១ក្បាលនេះ ដោយមិនរុញរាឡើយ។

ក្រោមកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ កូនដំរីព្រៃ មួយក្បាលនេះ ត្រូវបានសង្គ្រោះដោយជោគជ័យ និងបញ្ជូនមកដល់ឧទ្យានសួនសត្វ ភ្នំតាម៉ៅ ដោយសុវត្ថិភាព នាល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជោគជ័យក្នុងការជួយសង្គ្រោះនេះ បានសបញ្ជាក់ពីការយកចិត្តទុកដាក់ពីក្រុមការងារគ្រប់ជាន់ថ្នាក់ ស្ថាប័នរដ្ឋ អង្គការដៃគូ និងប្រជាសហគមន៍មូលដ្ឋាន លើកិច្ចការងារអភិរក្សធនធានធម្មជាតិ សត្វព្រៃ និងព្រៃឈើ ដែលជាសម្បត្តិដ៏មហាសាល មិនអាចកាត់ថ្លៃបាន។

អង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia សូមថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមការងារទាំងអស់ ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការជួយសង្គ្រោះកូនដំរីព្រៃ ១ក្បាលនេះ ហើយយើងនឹងប្តេជ្ញាបន្តកិច្ចសហការល្អនេះជាមួយភាគីពាក់ព័ន្ធបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យការងារអភិរក្សធនធានធម្ម ជាតិ ទទួលបានជោគជ័យ និងទុកជាកេរដំណែលដល់អ្នកជំនាន់ក្រោយ៕

RELATED ARTICLES