Saturday, November 23, 2024
Homeព័ត៌មានជាតិបក្សកាន់អំណាច ប្រតិកម្មនឹងសម រង្ស៊ី ចង់បោសសម្អាតគ្រួសារសម្តេចហ៊ុន សែន

បក្សកាន់អំណាច ប្រតិកម្មនឹងសម រង្ស៊ី ចង់បោសសម្អាតគ្រួសារសម្តេចហ៊ុន សែន

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មទៅនឹងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន ដែលបានលើកឡើងថា ចង់បោសសម្អាតគ្រួសារសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយបានចោទប្រកាន់ថា គ្រួសារសម្តេចហ៊ុន សែន នៅពីក្រោយឧក្រិដ្ឋជន ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការចង់បោសសម្អាតគ្រួសារសម្ដេចហ៊ុន សែន ពីសំណាក់ទណ្ឌិតសម រង្ស៊ី វាទៅរួចតែពាក្យសម្ដី ក៏ប៉ុន្តែការជាក់ស្ដែង ដាច់ខាតវាអត់អាចទៅរួចទេ ហើយការចោទថា គ្រួសារសម្ដេចហ៊ុន សែន នៅពីក្រោយឧក្រិដ្ឋជននៅកម្ពុជា វាគ្រាន់តែជាការលាបពណ៌របស់ទណ្ឌិតមេឧទ្ទាមក្បត់ជាតិនេះតែប៉ុណ្ណោះ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា  យើងដឹងហើយថា ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នេះ ចាត់ទុកសម្ដេចតេជោ ហ៊ុន សែន ជាពិសេសក្រុមគ្រួសារត្រកូលហ៊ុន ថាជាខ្មាំងសត្រូវសួពូជរបស់ខ្លួន សមដូចគោលការណ៍ពាក្យនិយាយរបស់គាត់ថា មានស៊ី អត់សែន មានសែន អត់ស៊ី ហ្នឹងឯង ។ អ៊ីចឹងទេគឺថាទោះបីខ្លួនបរាជ័យដ៏អាម៉ាស់ ជាច្រើននីតិកាលនៃការបោះឆ្នោតរដ្ឋសភា យ៉ាងណាក៏ដោយ ក៏គាត់នៅតែព្យាយាម នៅតែមានមហិច្ឆតាដើម្បីចងគំនុំគុំកួនមកលើត្រកូលហ៊ុន ដើម្បីក្នុងទិសដៅកម្ចាត់ត្រកូលហ៊ុន ក៏ប៉ុន្តែទោះបីមហិច្ឆតាដ៏ធំធេង ឬការកម្ចាត់ត្រកូលហ៊ុន យ៉ាងណាក៏ដោយ ក៏ជោគជ័យរបស់គាត់ហ្នឹង វាគ្រាន់តែជាជោគជ័យនៅក្នុងអារម្មណ៍របស់គាត់តែប៉ុណ្ណោះទេ ។ ដូច្នេះពាក្យថា ចង់បោសសម្អាតគ្រួសារសម្ដេចហ៊ុន សែន នេះ វាទៅរួចតែពាក្យសម្ដី ក៏ប៉ុន្តែការជាក់ស្ដែង វាអត់ទៅរួចទេ ដាច់ខាតអត់ទៅរួចទេ ។ អត់ទៅរួចនេះ យើងមិនអាចលើកឡើងពីចំណុចនេះ ចំណុចនោះបានទេ ក៏ប៉ុន្តែយើងអាចវាយតម្លៃជាសរុបថា មហិច្ឆតារបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ជ្រុលនិយមហ្នឹង វាធំធេងណាស់ គឺផ្ដួលរំលំរាជរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា ។ អ៊ីចឹងគឺចំណុចសំខាន់ទី១ គាត់បង្វែររាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត មិនមែនជារាជរដ្ឋាភិបាលរបស់ប្រជាជន កើតចេញពីឆន្ទៈរបស់ប្រជាជនទេ គឺគាត់បង្វែររាជរដ្ឋាភិបាលរបស់គណបក្សប្រជាជន ឲ្យទៅជារដ្ឋាភិបាលរបស់ត្រកូលហ៊ុន ហើយក្នុងទិសដៅអី? ក្នុងទិសដៅដើម្បីដុតកំហឹងរបស់ប្រជាជន ឲ្យពុះកញ្ជ្រោល ចងកំហឹងចំពោះត្រកូលហ៊ុន ។ ក៏ប៉ុន្តែអានេះវាជាទ្រឹស្ដីរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ជ្រុលនិយម ក៏ប៉ុន្តែការជាក់ស្ដែង យើងឃើញហើយថា ប្រជាជន លោកគាំទ្រត្រកូលហ៊ុន ក៏ដូចជាគាំទ្រសម្ដេចតេជោ ហ៊ុន សែន ដែលជាវីរបុរសរបស់កម្ពុជា ដែលលោកមានស្នាដៃជាច្រើនសម្រាប់ជាតិនិងប្រជាជន ។ អ៊ីចឹងទេ បានជាយើងសន្និដ្ឋានថា ការប្រែក្រឡាស់ពីរាជរដ្ឋាភិបាលគណបក្សប្រជាជន ដែលឈ្នះឆ្នោតតាមឆន្ទៈរបស់ប្រជាពលរដ្ឋនោះ ទៅជាត្រកូលហ៊ុន អាហ្នឹងគឺមិនអាចទៅរួចទេ ។ ការមិនអាចទៅរួចនេះហើយ គឺមានន័យថា គាត់មិនអាចដុតកំហឹងមហាជន ប្រជាជន ឲ្យចងកំហឹងជាមួយនឹងត្រកូលហ៊ុនបានទេ ពីព្រោះសច្ចធម៌ វានៅតែជាសច្ចធម៌“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “និយាយទៅ ការដែលចោទថា គ្រួសារសម្ដេចហ៊ុន សែន នៅពីក្រោយឧក្រិដ្ឋជននៅកម្ពុជា អានេះវាគ្រាន់តែជាការចោទប្រកាន់គេទេ ជាការលាបពណ៌ ពីវប្បធម៌ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ហ្នឹង ដែលទទួលបរាជ័យផ្ទួនៗហ្នឹង ដោយសារតែនយោបាយលាបពណ៌ហ្នឹងហើយ ។ ប្រកួតប្រជែងមិនឈ្នះគណបក្សប្រជាជន បែរទៅជាប្រើមធ្យោបាយលាបពណ៌មកលើគណបក្សប្រជាជន ឲ្យទៅជាកំហុសរបស់ត្រកូលហ៊ុន ទៅវិញ ដើម្បីដុតកំហឹងមហាជន ប្រជាជន ក៏ប៉ុន្តែសច្ចធម៌ នៅតែសច្ចធម៌ ប្រជាជនលោកដឹងហើយថា តើត្រកូលហ៊ុន​ បានធ្វើអ្វីខ្លះ? ទាំងគុណសម្បត្តិ ទាំងការខ្វះខាតតាមណា? គឺថាប្រជាជនលោកបានវាយតម្លៃ ហើយដោយការវាយតម្លៃប្រកបដោយសច្ចធម៌នេះហើយ គឺប្រជាជន នៅតែបន្តគាំទ្រដល់តួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ បានន័យថា ការដែលថា នៅក្រោយឧក្រិដ្ឋជននៅប្រទេសកម្ពុជា នេះវាគ្រាន់តែជាការលាបពណ៌ទេ តែការពិតវាអត់មានទេ ។ យើងដឹងហើយថា មិនមែនតែសង្គមកម្ពុជា ទេ នៅក្នុងសង្គមប្រទេសប្រជាធិបតេយ្យ ក៏ដោយ ក៏មិនអាចខ្វះនូវអំពើឃាតកម្ម នូវអំពើហិង្សានយោបាយ ក៏ដូចជាអំពើហិង្សាជាឧក្រិដ្ឋកម្ម ភេរវកម្មដែរ ក៏ប៉ុន្តែយើងមិនអាចបន្ទោសទៅលើបុគ្គលណាមួយបានទេ ។ អ៊ីចឹងទេ វាជាបាតុភាពអសកម្មដែលតែងតែកើតឡើងនៅក្នុងសង្គម ហើយបុគ្គលណាដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម ភេរវកម្ម ឬមួយជាឃាតកម្ម ។ល។ និង ។ល។ ហ្នឹង បុគ្គលនេះជាអ្នកទទួលខុសត្រូវ ទៅបន្ទោសអ្នកផ្សេងម៉េចកើត? អាហ្នឹងវាអត់ត្រូវទេ ហើយតុលាការកាត់ទោស មិនមែនឈ្មោះ ក ដែលធ្វើឧក្រិដ្ឋកម្មទៅលើគេហើយ ទៅកាត់ទោសមេដឹកនាំឯណាកើត វាអត់កើតទេ ។ ដូច្នេះហើយបានថា ទណ្ឌិតដែលមាននយោបាយលាបពណ៌ទៅលើគូប្រឆាំងរបស់ខ្លួនហ្នឹង មិនទទួលជោគជ័យ ដោយសាររឿងហ្នឹង ។ យើងលាបពណ៌ គេមើលឃើញតើ! អ្នកណាធ្វើខុស អ្នកណាធ្វើត្រូវ គេមើលឃើញ ហើយទៅលាបពណ៌ថ្នាក់ដឹកនាំគណបក្សប្រជាជន ដែលអត់មានកំហុស អាហ្នឹងមិនចាំបាច់ឃោសនាទេ គឺប្រជាជនគេវាយតម្លៃទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ជ្រុលនិយមនេះ គឺថាវាទៅជាជនបរាជ័យ ជនដែលហៅថា អគតិតែម្ដង“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ពាក្យបោសសម្អាត និងពាក្យលាបពណ៌ អាហ្នឹងវាជាខួរក្បាលរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ហ្នឹងហើយ ក៏ប៉ុន្តែសួរថា គាត់អាចធ្វើកើតទេ? បើគាត់អត់មានស្អីនៅក្នុងដៃផង? កម្លាំងនយោបាយ វាអត់មានការគាំទ្រពីប្រជាពលរដ្ឋ កុំថាតែប្រជាពលរដ្ឋនៅក្នុងប្រទេសដែលអត់មានការគាំទ្រទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម តែបងប្អូននៅក្រៅប្រទេស គឺថាប៉ុន្មានម៉ឺននាក់ហ្នឹង នៅទូទាំងពិភពលោកហ្នឹង យើងសួរថា តើប៉ុន្មានភាគរយទៅ ដែលគាំទ្រទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ហ្នឹង? អត់មានទេ ។ អ៊ីចឹងទេ បានជាគាត់ធ្វើអីមិនកើតទៅតាមមហិច្ឆតារបស់គាត់ទេ ។ មហិច្ឆតារបស់គាត់ហ្នឹង គឺធំធេងណាស់ គាត់ចង់បំផ្លាញសន្តិភាព បំផ្លាញគណបក្សប្រជាជនកម្ពុជា តាមគ្រប់វិធី ការឃោសនា ការមួលបង្កាច់ ការយកបរទេសដើរអំពាវនាវឲ្យបរទេសមកជួយគាត់ ក៏ប៉ុន្តែឥឡូវមកដល់ពេលនេះ តាំងពីឆ្នាំ២០១៣ មក រហូតដល់ពេលនេះហើយ វា១២ឆ្នាំហើយ សួរថា តើបរទេសណាជួយគាត់? តាំងពីមានការគាំទ្រអ្នកតំណាងរាស្រ្តសហភាពអឺរ៉ុប សុទ្ធតែទៅទាញយកកៀកស្មាសម រង្ស៊ី មកចូលស្រុក អមសងខាងសម រង្ស៊ី ចុះពីលើកប៉ាល់ហោះ ក៏ប៉ុន្តែជាក់ស្ដែង វាមានតែក្នុងទ្រឹស្ដី ក៏ប៉ុន្តែការជាក់ស្ដែង វាអត់មានទេ ។ ឥឡូវនេះគឺថា តំណាងរាស្រ្ត ឬមួយក៏សមាជិកព្រឹទ្ធសភា របស់សហរដ្ឋអាមេរិក ប៉ុន្មាននាក់ បួនប្រាំនាក់ដែលគាំទ្រគាត់ពីឆ្នាំ២០១៣ រហូតមកដល់ពេលនេះហើយ គឺអស់លោកហ្នឹង គឺលែងមានការគាំទ្រហើយ យើងបាត់ហើយ កាណារ៉ូ ឡាបែកឃើរ ឬមួយឡេវិនថល អី សួរថា ឥឡូវមានមុខទៀតទេ? អត់ទេ! គ្មានអ្នកយកចិត្តទុកដាក់ជាមួយនឹងមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមនេះទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្ថែមថា “ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់នេះ មានមហិច្ឆតាខ្ពស់ណាស់ ក្នុងការផ្ដួលរំលំ វ៉ៃបំបាក់ ឬមួយក៏ធ្វើឲ្យបរាជ័យទៅលើត្រកូលហ៊ុន ដោយសារគាត់ចាត់ទុកត្រកូលហ៊ុន ថាជាខ្មាំងសត្រូវសួពូជរបស់គាត់ ក៏ប៉ុន្តែមហិច្ឆតាដ៏ធំធេងរបស់គាត់ហ្នឹង វាគ្រាន់តែស្ថិតនៅក្នុងអារម្មណ៍របស់គាត់តែប៉ុណ្ណោះ ក៏ប៉ុន្តែចំពោះមធ្យោបាយជាក់ស្ដែង គាត់អត់មានទេ ។ ទី១ អត់មានកម្លាំងនយោបាយ ។ អត់មានកម្លាំងនយោបាយ ទៅធ្វើអី? ទី២ គាត់នៅឯបរទេស គាត់នៅក្រៅប្រទេស នៅឯនាយសមុទ្រ ដូច្នេះគាត់មានលទ្ធភាពអីធ្វើ? ហើយទី៣ កម្លាំងមហាជនដែលគាំទ្រគាត់នៅក្នុងប្រទេស វាអត់មាន ។ គ្មានអ្នកហ៊ានងើបទេ បើទោះមាន មានតិចតួច ក៏ប៉ុន្តែសួរថា ហ៊ានងើបទេ អាតិចតួចហ្នឹង? វាអត់ហ៊ានងើបទេ ។ អ៊ីចឹងទេ ទាំង៣ចំណុចនេះហើយ ធ្វើឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ជ្រុលនិយមនេះ ត្រូវអស់សង្ឃឹមនៅក្នុងក្ដីស្រមើស្រមៃរបស់ខ្លួន ។ អ៊ីចឹងទេ បានជាគាត់ថា វាជាជោគជ័យនៅក្នុងអារម្មណ៍របស់គាត់ ហើយបើគាត់និយាយថា ជាជោគជ័យនៅក្នុងអារម្មណ៍របស់គាត់ហើយ វាជោគជ័យនៅក្នុងផ្សែង នៅក្នុងខ្យល់តែប៉ុណ្ណោះទេ“ ។

សូមបញ្ជាក់ថា ប្រតិកម្មរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សបរជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើង ក្រោយលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មនៅកម្ពុជា គឺត្រូវបោសសម្អាតគ្រួសារហ៊ុន សែន មុនគេ“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែមនៅក្នុងប្រអប់ខម្មិន (comment) ថា “ឧក្រិដ្ឋកម្ម ចាប់ជំរិត សម្លាប់ បំផ្លាញជាតិ កាស៊ីណូ ឆបោក គឺជាជំនាញរបស់គ្រួសារហ៊ុន ដែលនៅពីក្រោយឧក្រិដ្ឋជនក្នុងប្រទេសកម្ពុជា“ ។

ស្របនឹងការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មនៅកម្ពុជា យើងមិនអាចឲ្យត្រកូលហ៊ុន បោសសម្អាតបានទេ ព្រោះត្រកូលហ៊ុន ជាប់ពាក់ព័ន្ធជាមួយនឹងមេឧក្រិដ្ឋជនចាប់ជំរិតបង្ខាំងមនុស្សឲ្យឆបោកតាមអនឡាញ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ការលើកឡើងរបស់លោកសម រង្ស៊ី ត្រឹមត្រូវហើយ ដើម្បីបោសសម្អាតឧក្រិដ្ឋកម្មនៅកម្ពុជា យើងមិនអាចឲ្យត្រកូលហ៊ុន បោសសម្អាតបានទេ ព្រោះត្រកូលហ៊ុន ហ្នឹង គឺពាក់ព័ន្ធជាមួយនឹងមេឧក្រិដ្ឋជនចាប់ជំរិតបង្ខាំងមនុស្ស ឲ្យឆបោកតាមអនឡាញ ដូចលោកលី យ៉ុងផាត់ កុក អាន អីហ្នឹង ផ្ដល់កន្លែងឲ្យឧក្រិដ្ឋជនចាប់ជំរិត ហើយនិងបង្ខាំងមនុស្សឲ្យឆបោកតាមអនឡាញ ។ លោកឧកញ៉ា ចេន ហ្ស៊ី ហ្នឹងទឹប្រឹក្សាលោកហ៊ុន សែន ឃើញទេ? ដូច្នេះសុទ្ធតែពួកឧក្រិដ្ឋជននៅជុំវិញលោកហ៊ុន សែន ហ្នឹង ។ អ៊ីចឹងយើងត្រូវបង្រ្កាបបទឧក្រិដ្ឋចាប់ជំរិតម៉េច? អ៊ីចឹងមានតែដូរត្រកូលហ៊ុន បោសសម្អាតត្រកូលហ៊ុន មុនគេទេ ទើបអាចលុបបំបាត់នូវឧក្រិដ្ឋកម្មចាប់ជំរិត សម្លាប់ បំផ្លាញជាតិ កាស៊ីណូ ឆបោក ហើយយើងដឹងហើយគឺជាជំនាញរបស់ត្រកូលហ៊ុន ដែលនៅពីក្រោយជនឧក្រិដ្ឋ ប្រព្រឹត្តបទឧក្រិដ្ឋទាំងអស់ហ្នឹងនៅកម្ពុជា ព្រោះត្រកូលហ៊ុន ត្រូវការលុយពីមេឧក្រិដ្ឋជនទាំងអស់ហ្នឹង ដើម្បីយកលុយហ្នឹងមកពង្រឹងអំណាច ។ អ៊ីចឹងមិនអាចបង្រ្កាបបទល្មើសទាំងអស់ហ្នឹងបានទេ គឺត្រូវការលុយពីឧកញ៉ាលី យ៉ុងផាត់ ឧកញ៉ាកុក អាន ឧកញ៉ាចេន ហ្ស៊ី ពួកឧកញ៉ាឧក្រិដ្ឋជនដទៃទៀតហ្នឹង ដើម្បីយកលុយហ្នឹងមកពង្រឹងអំណាច ។ ដូច្នេះនៅពេលត្រូវការលុយពីពួកឧក្រិដ្ឋជនមកពង្រឹងអំណាច មិនអាចបង្រ្កាបបទឧក្រិដ្ឋទាំងអស់នោះបាននោះទេ“ ៕ កុលបុត្រ

RELATED ARTICLES