ខេត្តបន្ទាយមានជ័យ ៖ បុរសសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាពសម្លាប់ប្រពន្ធខ្លួន ឯងអូសចូលក្នុងបន្ទប់ទឹក ដោយយកខ្សែក្រវ៉ាត់រឹតក បន្ទាប់ពីប្តីប្រពន្ធទាំង២នាក់ កើតជម្លោះនិងគ្នា សង្ស័យប្តីប្រចណ្ឌប្រពន្ធ ចោទថាមានប្រុសថ្មី។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិ ដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
លោកវរសេនីយ៍ត្រី មុយ សារិត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង ប្រាប់ឱ្យដឹងថា បុរសជាសង្ស័យរងការចាប់ឃាត់ខ្លួន មានឈ្មោះ ង៉ូវ សុខលីន អាយុ២៥ឆ្នាំ គ្មានមុខរបរពិតប្រាកដ ចំណែកស្រ្តីរងគ្រោះមានឈ្មោះ ខឿន ចំរើន អាយុ៣៥ឆ្នាំ ប្រកបមុខរបរលក់ដូរ ពួកគេរស់នៅភូមិ ឃុំខាងលើ។
លោកប្រាប់ឱ្យដឹងទៀតថា មុនពេលកើតហេតុ រវាងប្តី្រពន្ធទាំង២នាក់បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង បុរសជាប្តីប្រចណ្ឌប្រពន្ធ ដោយចោទប្រពន្ធថា មានទំនាក់ទំនងជាមួយប្រុសផ្សេង។ ក្រោយពីរឿងជម្លោះនោះហើយ បុរសជាប្តីក៏បានធ្វើសកម្មភាពចាប់ប្រពន្ធរឹតកនឹងខ្សែក្រវ៉ាត់ បណ្តាលឱ្យស្រ្តីជាប្រពន្ធស្លាប់ហើយអូសសពចូលក្នុងបន្ទប់ទឹក។ លុះបន្ទាប់មក ជនសង្ស័យជាប្តីក៏រត់គេចខ្លួនបាត់ ទើបមានការភ្ញាក់ផ្អើលដល់អ្នកស្រុកនៅក្បែរនោះ។
លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំរៀង ប្រាប់ឱ្យដឹងទៀតថា ជនដៃដល់ជាឃាតករក្រោយពីសម្លាប់ប្រពន្ធរួចហើយ ក៏ឡើងជិះម៉ូតូរត់គេចខ្លួនទៅផ្ទះម្តាយបង្កើត នៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ លោកក៏បានដឹកនាំកម្លាំងដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យ នៅផ្ទះម្តាយបង្កើតរបស់គេ ហើយបញ្ជូនមកសាកសួរនៅមូលដ្ឋានការដ្ឋានកងរាជអាវុធ ហត្ថស្រុកកំរៀង។ ជនសង្ស័យក្រោយពីសាកសួរ និងកសាងសំណុំរឿងរួចហើយ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នា២០១៧ កម្លាំងអាវុធហត្ថស្រុកកំរៀង ចាប់បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបាត់ដំបង ដើម្បីយកទៅចាត់ការតាមនីតិវិធីច្បាប់៕