Thursday, November 14, 2024
Homeព័ត៌មានជាតិអ៊ុំ សំអាន ថា បើកម្ពុជា មិនទាមទារកោះគូត ពីថៃ ត្រកូលហ៊ុន នឹងក្លាយជាជនក្បត់ជាតិ

អ៊ុំ សំអាន ថា បើកម្ពុជា មិនទាមទារកោះគូត ពីថៃ ត្រកូលហ៊ុន នឹងក្លាយជាជនក្បត់ជាតិ

ភ្នំពេញ ៖ បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃ និយាយថា កោះគូត ជារបស់ថៃ ហើយរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា បានព្រមព្រៀងគ្នារួចហើយថា កោះគូត ស្ថិតនៅក្នុងទឹកដីថៃ ដោយភាគីកម្ពុជា មិនបានទាមទារយកកោះគូត ឡើយនោះមក លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ជាសហការីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានព្រមានថា បើកម្ពុជា មិនទាមទារ ២/៣ នៃកោះគូត ពីថៃ មកវិញ ឬប្ដឹងទាមទារទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិថា កោះគូត ពិតជារបស់ខ្មែរនោះទេ ត្រកូលហ៊ុន នឹងក្លាយជាជនក្បត់ជាតិ ។

លោកអ៊ុំ សំអាន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន និយាយថា «កោះគូត ជារបស់ថៃ ហើយរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា បានព្រមព្រៀងគ្នារួចហើយថា កោះគូត ស្ថិតនៅក្នុងទឹកដីថៃ ដោយភាគីកម្ពុជា មិនបានទាមទារយកកោះគូត ឡើយ»។ ប្រសិនបើរដ្ឋាភិបាលកម្ពុជា បានព្រមព្រៀងគ្នាជាមួយថា កោះគូត ស្ថិតនៅក្នុងទឹកដីថៃ ដោយភាគីកម្ពុជា មិនបានទាមទារយកកោះគូត ដូចនាយករដ្ឋមន្រ្តីថៃ និយាយមែន នោះត្រកូលហ៊ុន នឹងក្លាយជាជនក្បត់ជាតិ ព្រោះត្រកូលហ៊ុន សុខចិត្តកាត់ទឹកដីកម្ពុជា នៅកោះគូត ចំនួន ២/៣ ទៅឲ្យថៃ និងកាត់ដែនសមុទ្រខ្មែរ មួយចំនួនទៀត ទៅឲ្យថៃ ដើម្បីឲ្យថៃ ជួយបង្ក្រាបសកម្មជនបក្សប្រឆាំងកម្ពុជា នៅប្រទេសថៃ និងចាប់បញ្ជូនពួកគេមកកម្ពុជា វិញ“ ។

លោកអ៊ុំ សំអាន បានសរសេរបន្តថា “សន្ធិសញ្ញាបារាំង-សៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ចែងថា «ព្រំប្រទល់រវាងប្រទេសឥណ្ឌូចិន បារាំងសែស និងប្រទេសសៀម ចាប់ផ្តើមចេញពីមាត់សមុទ្រ តាមចំណុចមួយនៅចំពីមុខកោះគូត ត្រង់កំពូលខ្ពស់បំផុត»។ តាមផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ខ្សែបន្ទាត់ព្រំដែនសមុទ្របារាំង-សៀម គឺចេញពីបង្គោលព្រំដែនសម័យបារាំង នៅលើឆ្នេរនៅចាំយាម ខេត្តកោះកុង រត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគូត។ ប៉ុន្តែកម្ពុជា បានបាត់បង់កោះគូត ទាំងស្រុងទៅប្រទេសថៃ។ ពេលនេះ កោះគូត នៅខេត្តកោះកុង បានបាត់បង់ វានាំឲ្យព្រំដែនសមុទ្រ ក៏បាត់បង់ច្រើនដែរ ព្រោះសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បានកំណត់ព្រំដែនសមុទ្រ ត្រូវយកចំណុចខ្ពស់បំផុតនៃកោះគូត ជាគោល។ ចំណុចខ្ពស់បំផុតនៃកោះគូត កម្ពុជា ត្រូវទទួលបាន ២/៣ នៃកោះគូត ឯថៃ ទទួលបាន១/៣។ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រំដែនសមុទ្រកម្ពុជា-ថៃ គិតពីចំណុចកំពូលភ្នំខ្ពស់បំផុតនៃកោះគូត ឆ្ពោះមកបង្គោលព្រំដែនសម័យបារាំង លេខ៧៣ នៅលើឆ្នេរនៅចាំយាម ខេត្តកោះកុង។ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៤១ សង្គ្រាមបារាំង-សៀម ផ្ទុះឡើងនៅលើកោះចាង ដោយសារបារាំងការពារកោះគូត មិនឱ្យកងទ័ពថៃឈ្លានពានទាំងបំពានមកលើអធិបតេយ្យរបស់កម្ពុជា នៅលើកោះគូត។ នៅឆ្នាំ១៩៦៥ សង្គ្រាមរវាងកម្ពុជា និងថៃ លើបញ្ហាកោះគូត ដែលភាគីកម្ពុជា ទាមទារយកចំណុចខ្ពស់បំផុតនៅលើកោះគូត ដោយយោងទៅលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហើយក្រោយមក កងទ័ពកម្ពុជា បានទៅឈរជើងនៅលើកោះគូត (សម័យសង្គមរាស្រ្តនិយម) ហើយសម័យខ្មែរក្រហម ខ្មែរកាន់កាប់កោះគូត ទាំងមូល ដោយឧត្តមសេនីយ៍ មាស មុត។ នៅឆ្នាំ១៩៧២ រដ្ឋាភិបាលលោក លន់ នល់ បានគូសផែនទីសមុទ្រ ដោយយោងតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលព្រំដែនសមុទ្រកម្ពុជា-ថៃ គឺចេញពីបង្គោលព្រំដែននៅលើឆ្នេរ កាត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគូត រួចឆ្ពោះទៅសមុទ្រ។ បើតាមផែនទីសមុទ្រនេះ ផ្ទៃសមុទ្រកម្ពុជា មាន ៩៥ ០០០គីឡូម៉ែត្រការ៉េ រួមទាំង ២/៣ នៃកោះគូត។  សព្វថ្ងៃនេះ ថៃ កំពុងគ្រប់គ្រង់កោះគូត ទាំងស្រុង ១០០% ។ ដូច្នេះ ថៃ នឹងមិនឲ្យចំណែក ២/៣ នៃកោះគូត មកកម្ពុជាវិញនោះទេ។ ហេតុនេះ ជម្រើសមានតែមួយគត់ គឺកម្ពុជា ត្រូវតែប្តឹងទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ (Permanent Court of Arbitration “PCA”) នៅទីក្រុងឡាអេ ដោយប្រើប្រាស់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ដើម្បីទាមទារ 2/3 នៃកោះគូត មកវិញ និងទាមទារយកដែនសមុទ្រខ្មែរទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េ ដែលជាតំបន់ត្រួតស៊ីគ្នាមកវិញ។ កម្ពុជា ធ្លាប់ឈ្នះក្តីលើថៃ រឿងប្រាសាទព្រះវិហារ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅឆ្នាំ១៩៦២“ ។

លោកអ៊ុំ សំអាន បានសរសេរបន្តថា “លោកហ៊ុន ម៉ាណែត និងថៃ បានព្រមព្រៀងគ្នាសិក្សាពីការរកស៊ីរួមគ្នាអំពីប្រេងនិងឧស្ម័ននៅតំបន់ត្រួតស៊ីគ្នា ដែលមានទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េ ក្នុងឈូងសមុទ្រថៃ។ តំបន់ត្រួតស៊ីគ្នា ចំនួនជាង ២៦០០០គីឡូម៉ែត្រការ៉េ គឺស្ថិតក្នុងតំបន់ ៣០០០០គីឡូម៉ែត្រការ៉េ ដែលថៃ បានដណ្តើមកាន់កាប់សមុទ្រខ្មែរ តាមរយៈថៃ បានចុះហត្ថលេខាទ្វេភាគីជាមួយវៀតណាម ឆ្នាំ១៩៩៧ ដោយយោងតាមសន្ធិសញ្ញាតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២ សម័យវៀតណាម ត្រួតត្រាកម្ពុជា។ ក្រោយព្រឹត្តិការណ៍រដ្ឋប្រហារ ឆ្នាំ១៩៩៧ លោកហ៊ុន សែន ក៏ធ្លាប់បានតវ៉ាជាមួយថៃ នៅទីក្រុងបាងកក ដែរ ករណីដែលថៃ បានរំលោភយកសមុទ្រខ្មែរ ចំនួន ៣០០០០គីឡូម៉ែត្រការ៉េនោះ។ ប៉ុន្តែកាលនោះ ថៃ បានប្រាប់លោកហ៊ុន សែន ឲ្យទៅតវ៉ាជាមួយវៀតណាម ពាក់ពន្ធ័សន្ធិសញ្ញាស្តីពីតំបន់ទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២។ យ៉ាងណាក៏ដោយ បន្ទាប់ពីលោកហ៊ុន សែន តវ៉ាជាមួយថៃ ថៃ ក៏បានយល់ព្រមដាក់ដែនសមុទ្រ ជាង ២៦០០០គីឡូម៉ែត្រការ៉េ ជាតំបន់ត្រួតស៊ីគ្នា។ គម្រោងរកស៊ីរួមគ្នាអំពីប្រេងនិងឧស្ម័ន នៅតំបន់ត្រួតស៊ីគ្នានោះ គឺយកសមុទ្រខ្មែរ ទៅដាក់រកស៊ីរួមគ្នាជាមួយថៃ ហើយថ្ងៃអនាគត កម្ពុជា នឹងចរចាកំណត់ព្រំដែនសមុទ្រជាមួយថៃ ដោយបែងចែកសមុទ្រខ្មែរ ចំនួនជាង ២៦០០០គីឡូម៉ែត្រការ៉េ ជាមួយថៃ ព្រមទាំងកម្ពុជា យល់ព្រមបោះបង់ចោលកោះគូត ទាំងស្រុង។ តាមពិត កម្ពុជា ត្រូវប្តឹងទៅតុលាការអាជ្ញាកណ្តាលអន្តរជាតិ ដើម្បីកំណត់ព្រំដែនសមុទ្រជាមួយថៃ ជាមុនសិន។ កម្ពុជា មិនត្រូវរកស៊ីរួមគ្នាអំពីប្រេងនិងឧស្ម័ន ជាមួយថៃ មុនកំណត់ព្រំដែនសមុទ្រនោះទេ។ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ចែងថា «ព្រំដែនសមុទ្រកម្ពុជា-សៀម ដើរតាមចំណុចខ្ពស់បំផុតនៃកោះគូត ឆ្ពោះទៅសមុទ្រ»។ ការកំណត់ព្រំដែនសមុទ្រ ត្រូវយកចំណុចខ្ពស់បំផុតនៃកោះគូត (ខេត្តកោះកុង) ជាគោល រួចឆ្ពោះទៅព្រំដែនសមុទ្រ។ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ តំបន់ត្រួតស៊ីគ្នាចំនួនជាង ២៦០០០គីឡូម៉ែត្រការ៉េ ដែលកម្ពុជា គ្រោងរកស៊ីរួមគ្នាអំពីប្រេងនិងឧស្ម័ន ជាមួយថៃ និងចំណែក ២/៣ នៃកោះគូត គឺស្ថិតនៅក្នុងដែនសមុទ្ររបស់កម្ពុជា ១០០%“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកអ៊ុំ សំអាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា បើសិនជាត្រកូលហ៊ុន យល់ថា កោះគូត ត្រូវកម្ពុជាទទួលបាន ២/៣ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហើយយល់ថា នាយករដ្ឋមន្រ្តីថៃ និយាយខុស រដ្ឋាភិបាលកម្ពុជា គួរតែប្រតិកម្មទៅនឹងនាយករដ្ឋមន្រ្តីថៃ ដែលបាននិយាយនោះ ប៉ុន្តែបើសិនជាមិនប្រតិកម្មទេ មានន័យថា ទទួលស្គាល់ថា នាយករដ្ឋមន្រ្តីថៃ និយាយនោះត្រូវហើយ ដែលថា កោះគូត ជារបស់ថៃ ទាំងស្រុង ១០០% ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! បើសិនជាត្រកូលហ៊ុន មិនទាមទារ ២/៣ នៃកោះគូត មកវិញនោះទេ ត្រកូលហ៊ុន នឹងក្លាយជាជនក្បត់ជាតិហើយ ព្រោះតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហ្នឹង គឺព្រំដែនកម្ពុជា-ថៃ ទៅតាមចំណុចខ្ពស់បំផុតនៃកោះគូត ហើយចំណុចខ្ពស់បំផុតនៃកោះគូត គឺកម្ពុជា ទទួលបាន២/៣ នៃកោះគូត ហើយថៃ ទទួលបាន១/៣ទេ ។ ដូច្នេះជាដែនសមុទ្ររបស់កម្ពុជា បើតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ក៏ដូចជាផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ គឺបញ្ជាក់ថា ចំណែក២/៣ នៃកោះគូត គឺត្រូវបានមកកម្ពុជា ព្រោះដើរតាមចំណុចខ្ពស់បំផុតនៃកោះគូត“ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “បើសិនជាត្រកូលហ៊ុន យល់ថា កោះគូត  ត្រូវកម្ពុជា ទទួលបាន២/៣ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ហើយយល់ថា នាយករដ្ឋមន្រ្តីថៃ និយាយខុស រដ្ឋាភិបាលកម្ពុជា គួរតែប្រតិកម្មទៅនឹងនាយករដ្ឋមន្រ្តី ដែលបាននិយាយហ្នឹង ។ បើសិនជាគាត់នៅតែទទួលស្គាល់អធិបតេយ្យរបស់កម្ពុជា នៅលើកោះគូត ចំនួន២/៣  ហើយបើសិនជាគាត់មិនប្រតិកម្មទេ មានន័យថា គាត់ទទួលស្គាល់ថា នាយករដ្ឋមន្រ្តីថៃ និយាយហ្នឹងត្រូវហើយ ថាកោះគូត ហ្នឹងជារបស់ថៃ ទាំងស្រុង ១០០% ហើយមានន័យថា រដ្ឋាភិបាលកម្ពុជា ទាំងសម័យលោកហ៊ុន សែន សម័យលោកហ៊ុន ម៉ាណែត ហ្នឹង យល់់ព្រមទទួលស្គាល់ថា កោះគូត ជារបស់ថៃ ទាំងស្រុង ១០០% ហើយ ។ ឃើញទេ? នាយករដ្ឋមន្រ្តីថៃ គេប្រតិកម្ម គេការពារផលប្រយោជន៍គេ គេប្រតិកម្មទៅនឹងបក្សប្រឆាំងថៃ ដល់យើងមិនហ៊ានប្រតិកម្មទៅនឹងនាយករដ្ឋមន្រ្តីថៃ មានន័យថា ត្រកូលហ៊ុន ហ្នឹង គឺគប់គិតជាមួយថៃ ហើយ ដើម្បីកាត់ដែនសមុទ្រខ្មែរ និងកោះគូត ២/៣ហ្នឹង ទៅឲ្យថៃ ដោយសារលោកថាក់ស៊ីន ហើយនិងលោកហ៊ុន សែន ហ្នឹង គឺជាបងប្អូនធម៌នឹងគ្នា ។ អ៊ីចឹងអត់គិតផលប្រយោជន៍ប្រទេសជាតិ គិតតែបងប្អូនធម៌ គិតតែថៃ ជួយបង្រ្កាបសកម្មជនបក្សប្រឆាំងកម្ពុជា នៅថៃ ។ ដើម្បីឲ្យថៃ ជួយបង្រ្កាបសកម្មជនបក្សប្រឆាំងកម្ពុជា នៅថៃ សុខចិត្តកាត់ចំណែក ២/៣ នៃកោះគុត របស់កម្ពុជា ហ្នឹងទៅឲ្យថៃ ។ ដូច្នេះរដ្ឋាភិបាលកម្ពុជា ត្រូវប្រតិកម្ម បើសិនជាយល់ថា ខ្លួននៅទាមទារចំណែក ២/៣ នៃកោះគូត របស់កម្ពុជា» ។

ទោះបីយ៉ាងណា ជុំវិញការលើកឡើងអះអាងរបស់លោកអ៊ុំ សំអាន ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ ”នគរធំ” នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ព្រំដែនរវាងកម្ពុជា និងថៃ ត្រូវយកតាមសន្ធិសញ្ញានិងកិច្ចព្រមព្រៀងបារាំង-សៀម បើមានខុសពីនេះ ទើបអាចទាមទារបាន ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា លោកអ៊ុំ សំអាន មិនទាន់យល់ខ្លឹមសារសន្ធិសញ្ញា និងកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៧ និង១៩០៩ ច្បាស់ផង មកចោទគេ (ត្រកូលហ៊ុន) ថាក្បត់ជាតិ ម្ដេចទៅកើត គឺត្រូវមើលខ្លឹមសារកិច្ចព្រមព្រៀងនេះឲ្យច្បាស់ថា តើ ២/៣ ឬ៣/៤ នៃកោះគូត ជារបស់កម្ពុជា ឬយ៉ាងណា? ចំពោះនាយករដ្ឋមន្រ្តីថៃ ថាកោះគូត ជារបស់ថៃ គេចេះតែអាចថាបានហើយ តែការពិត វាស្ថិតនៅការពិនិត្យខ្លឹមសារនៃកិច្ចព្រមព្រៀងបារាំង-សៀម នេះទាំងអស់គ្នា ហើយរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា មានសេនាធិការរបស់ខ្លួន គឺគណៈកម្មការព្រំដែន ដើម្បីធ្វើការងារព្រំដែនទឹកជាមួយភាគីថៃ» ។

គួរបញ្ជាក់ថា នៅប្រទេសថៃ កោះគូត បានក្លាយជាប្រធានបទក្ដៅ នៅពេលដែលឥស្សរជនសំខាន់ៗនៃគណបក្ស ផ:ឡាំងប្រ:ឆារ៉ាត់ (PPRP) ធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃសប្តាហ៍មុន ដើម្បីប្រឆាំងនឹងការពិភាក្សាស្តីពីការអភិវឌ្ឍរួមគ្នានៃធនធានប្រេងនិងឧស្ម័ន នៅឈូងសមុទ្ទ ក្រោមក្របខ័ណ្ឌអនុស្សរណៈនៃការយោគយល់ (MOU) ឆ្នាំ២០០១ ដែលពួកគេអះអាងថា អាចបណ្តាលឱ្យប្រទេសថៃ បាត់បង់ទឹកដី។ គណបក្ស ផ:ឡាំងប្រ:ឆារ៉ាត់ នឹងដាក់លិខិតចំហមួយ ទៅកាន់លោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត់ ដោយជំរុញឱ្យលោកស្រី បញ្ឈប់កិច្ចចរចាទាំងនេះ។ MOU ដើមឡើយត្រូវបានចុះហត្ថលេខាក្រោមរាជរដ្ឋាភិបាលដឹកនាំដោយអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់។

សមាជិកសភាថៃ លោក ធីរ៉ាឆៃ ភូវ៉ាណាតណារ៉ានូបាឡា (Thirachai Phuvanatnaranubala) ប្រធានគណៈកម្មាធិការអប់រំ នៃបក្សប្រឆាំង ផ:ឡាំងប្រ:ឆារ៉ាត់ បានថ្លែងក្នុងសន្និសីទកាសែតនៅរដ្ឋសភាថៃ កាលពីថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ នេះបង្ហាញថា ភាគីថៃ និងភាគីកម្ពុជា បានទទួលស្គាល់តំបន់មួយនៅឈូងសមុទ្រថៃ សម្រាប់ការអភិវឌ្ឍរួមគ្នា។ លោកបានបន្តថា ឯកសារនេះក៏បានទទួលស្គាល់ការទាមទាររបស់ភាគីកម្ពុជា ដែលបានធ្វើក្នុងឆ្នាំ១៩៧២ ដើម្បីកាន់កាប់ពាក់កណ្តាលនៃកោះគូត ដែលស្ថិតក្នុងខេត្តត្រាត របស់ថៃ ផងដែរ។

លោកធីរ៉ាឆៃ ភូវ៉ាណាតណារ៉ានូបាឡា បានបញ្ជាក់ថា លោកគ្មានបញ្ហាទេជាមួយនឹងបំណងរបស់រដ្ឋាភិបាលថៃ ក្នុងការពិភាក្សាអំពីការវិនិយោគរួមជាមួយភាគីកម្ពុជា។ ប៉ុន្តែលោកនឹងជំទាស់ ប្រសិនបើរដ្ឋាភិបាលថៃ ប្រើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ ធ្វើជាក្របខ័ណ្ឌសម្រាប់កិច្ចពិភាក្សា ព្រោះវាមិនត្រឹមតែខុសច្បាប់ប៉ុណ្ណោះទេ ថែមទាំងបណ្តាលឱ្យប្រទេសថៃ បាត់បង់ទឹកដីផងដែរ។ ទន្ទឹមនេះ សមាជិកប្រតិបត្តិនៃបក្សប្រឆាំងរបស់ថៃ លោក អឹមអិល កនកាស៊ីវ៉ាត់ កាសេមស្រ៊ី (ML Kornkasiwat Kasemsri) បានលើកឡើងថា ភាគីថៃ និងភាគីកម្ពុជា បានពិភាក្សាគ្នាអំពីការកំណត់ព្រំដែនសមុទ្រ នៅឆ្នាំ១៩៧០។ នៅពេលនោះ ភាគីថៃ បានផ្អែកលើព្រំដែនរបស់ខ្លួន លើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៥៨ ស្តីពីច្បាប់សមុទ្រ ប៉ុន្តែភាគីកម្ពុជា បានប្រកាសដែនទឹករបស់ខ្លួននៅឆ្នាំ១៩៧២ ដោយមិនបានយោងទៅលើច្បាប់អន្តរជាតិណាមួយឡើយ។ លោកបានបន្តអះអាងទៀតថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០១ នេះ បានបណ្តាលឱ្យមានការទាមទារត្រួតស៊ីគ្នាលើផ្ទៃដីប្រហែល ២៦ ០០០គីឡូម៉ែត្រការ៉េ រវាងភាគីថៃ និងភាគីកម្ពុជា ទោះបីជាតំបន់ត្រួតស៊ីគ្នានេះមិនត្រូវបានទទួលស្គាល់ដោយឯកសារច្បាប់ណាមួយក៏ដោយ។

ជុំវិញករណីនេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានបញ្ជាក់កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា គ្មានការសង្ស័យទេ កោះគូត ជាទឹកដីអធិបតេយ្យរបស់ថៃ ពោលគឺទាំងថៃ និងកម្ពុជា ទទួលស្គាល់កោះគូត ជាទឹកដីថៃ ក្រោមសន្ធិសញ្ញាបារាំង ដោយភាគីកម្ពុជា មិនបានទាមទារយកកោះនេះឡើយ ។ លោកស្រីបញ្ជាក់ថា «MOU44» មិនពាក់ព័ន្ធនឹងកោះគូត ទេ ព្រោះខ្សែព្រំដែនកម្ពុជា នៅលើផែនទី មិនរាប់បញ្ចូលកោះនេះទេ។ ការពិភាក្សាក្រោម MOU44 ផ្តោតតែលើតំបន់ដែនសមុទ្រដែលមានការបកស្រាយព្រំដែនខុសៗគ្នា ដូច្នេះទាមទារឱ្យមានការចរចាទ្វេភាគី។ លោកស្រីនាយករដ្ឋមន្ត្រីថៃ បានកត់សម្គាល់ថា គណៈកម្មាធិការការងារ ត្រូវដោះស្រាយការពិភាក្សាអំពីព្រំដែនសមុទ្រ។ កម្ពុជា មានគណៈកម្មាធិការមួយរួចហើយ ប៉ុន្តែដោយសារការផ្លាស់ប្ដូររដ្ឋាភិបាលរបស់ថៃ គណៈកម្មាធិការរបស់ថៃ នឹងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ។ នៅពេលបង្កើតឡើង គណៈកម្មាធិការនេះ នឹងសិក្សានិងកំណត់វិធីល្អបំផុតដើម្បីបន្តការពិភាក្សា។ លោកស្រី បានពន្យល់ថា MOU44 មានពិតប្រាកដ ដោយសារតែការបកស្រាយព្រំដែនខុសគ្នា ក្នុងគោលបំណងផ្តល់នូវក្របខ័ណ្ឌសហប្រតិបត្តិការសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។ កម្ពុជា បានកំណត់ព្រំដែនសមុទ្រ នៅឆ្នាំ១៩៧២ បន្តដោយថៃ នៅឆ្នាំ១៩៧៣ ដែលនាំឱ្យមានការបង្កើត MOU ជាមូលដ្ឋានសម្រាប់ការសន្ទនា…៕ កុលបុត្រ

RELATED ARTICLES