Saturday, November 23, 2024
Homeព័ត៌មានជាតិប្រមាថសម្តេចហ៊ុន សែន មន្ត្រីកម្ពុជាថា ក្រុមបិសាចប្រុស នឹងរលាយដូចវិទ្យុខ្មែរក្រហម

ប្រមាថសម្តេចហ៊ុន សែន មន្ត្រីកម្ពុជាថា ក្រុមបិសាចប្រុស នឹងរលាយដូចវិទ្យុខ្មែរក្រហម

ភ្នំពេញ ៖ ក្រោយពេលក្រុមបិសាចប្រុស នៃទូរទស្សន៍មនសិការអមតៈ ដែលជាទូរទស្សន៍អនឡាញ របស់ជនជាតិខ្មែរ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានប្រមាថសម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចំពេលដែលសម្ដេច កំពុងតែកាន់ទុក្ខខួបនៃការស្លាប់កូនប្រុសច្បងរបស់សម្ដេច នោះ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា និងជាទីប្រឹក្សានាយករដ្ឋមន្រ្តី បានប្រតិកម្មថា ក្រុមក្មេងពាល នៅក្នុងទូរទស្សន៍មនសិការនេះ នឹងរលាយដូចវិទ្យុខ្មែរក្រហម នៅពេលដ៏ខ្លីខាងមុខនេះមិនខាន ព្រោះប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសកម្ពុជា បានថ្កោលទោសក្រុមនេះ ហើយបុគ្គលមួយចំនួន នៅក្នុងក្រុមនោះ បានចេញមកសុំទោសសម្ដេចហ៊ុន សែន និងសុំចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់ ។

លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សានាយករដ្ឋមន្រ្តី បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “ឃើញក្រុមពាលនេះ គេនាំគ្នាហៅថា ទូរទស្សន៍មនសិការ ខ្ញុំនឹកឃើញវិទ្យុខ្មែរក្រហម នៅអន្លង់វែង ។ វិទ្យុខ្មែរក្រហម កាលណោះ គេផ្សព្វផ្សាយតែរឿងសម្លាប់ខ្មាំងយួន គ្រប់សមរភូមិ ប៉ុន្តែវិទ្យុនេះ មិនអាចបោះទីតាំងជាអចិន្ត្រៃយ៍បានទេ គឺចល័តគ្រប់កន្លែង ។ ងាកមកទូរទស្សន៍មនសិការ របស់ក្រុមពាលនេះវិញ គឺដូចគ្នាវិទ្យុខ្មែរក្រហម បេះបិទ មួយថ្ងៃៗគេពូនក្បាលគ្នានិយាយតែពាក្យកុហក ញុះញង់ បំភ្លៃ បំផ្លើស បំប៉ោងសម្អុយគ្រប់រឿង ។ អនាគតដ៏ខ្លីខាងមុខនេះ ទូរទស្សន៍ជនពាលមួយក្រុមនេះ ក៏មានវាសនាមិនខុសពីវិទ្យុខ្មែរក្រហមដែរ គឺនឹងរលាយជាមិនខាន»។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកជុំ កុសល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “បាទ! អាហ្នឹងធ្វើការប្រៀបធៀបកាលមុនសមាហរណកម្ម១៩៩៨ យើងធ្លាប់ឮវិទ្យុខ្មែរក្រហម ដែលជាវិទ្យុចល័តរបស់ខ្មែរក្រហមហ្នឹង គេផ្សព្វផ្សាយតែពីរឿងឈ្នះ រឿងបាញ់សម្លាប់រាជរដ្ឋាភិបាល ទាហានយួនអីហ្នឹង គឺនិយាយរួមទៅ ដឹងតែពីរឿងឈ្នះ តែទីចុងបញ្ចប់ វារលាយក្រោមស្នាដៃនយោបាយឈ្នះ-ឈ្នះ របស់សម្ដេច ហើយពួកគេក៏ដឹងទៅមុខមិនរួច ក៏បោះបង់ចោល មកសារភាព ធ្វើសមាហរណកម្មទៅ ។ អាហ្នឹងខ្ញុំនិយាយពីវិទ្យុខ្មែរក្រហម មុន១៩៩៨ ប៉ុន្តែបើឮស្អីបណ្ដាញទូរទស្សន៍អនឡាញ មនសិការអមតៈអី របស់ក្រុមពាលមួយចំនួនតូចនោះ វាមិនខុសគ្នាទេ ។ ទី១ បើនិយាយអំពីក្រុមហ្នឹង ចរិតហ្នឹងគឺចរិតពាល ចរិតពាល ចរិតខ្វះការអប់រំ ហើយមួយថ្ងៃៗហ្នឹង គឺអត់មានអីក្រៅតែពីពាក្យសម្ដីបំភ្លៃ បំផ្លើស បំប៉ោង សម្អុយគ្រប់រឿងអំពីប្រទេសខ្លួនឯង ហើយយើងមើលពាក្យសម្ដីដែលទូរស័ព្ទមកជួបសម្ដេចតេជោ ហ៊ុន សែន ហ្នឹង គឺវាគ្មានសីលធម៌សូម្បីតែបន្តិច ហើយខ្ញុំចេះតែឆ្ងល់ វារកនឹកពាក្យមកសួរសម្ដេច ថាសម្ដេច ដឹកនាំប្រទេស ធ្វើបាបប្រជាពលរដ្ឋខ្លួនឯង វាចេះតែកោតរកពាក្យហ្នឹងមកសួរលោកកើតដែរ។ អ៊ីចឹងបានខ្ញុំព្យាករថា ទូរទស្សន៍អនឡាញស្អី មនសិការហ្នឹង វាមិនយូរទេ វានឹងមានវាសនាមិនខុសពីវិទ្យុខ្មែរក្រហម ពីអតីតកាលទេ ពីព្រោះទី១ បែកបាក់ផ្ទៃក្នុងអស់ហើយឥឡូវនេះ ហើយទី២ ពួកហ្នឹងគេនឹងចាកចេញជាបន្តបន្ទាប់ ពីព្រោះប្រភពដើមដែលខ្ញុំដឹង ដំបូងឡើយ សុគន្ធារៈ ឡុង ទេ ដែលជាស្ថាបនិក ឥឡូវសុគន្ធារៈ ឡុង ហ្នឹងក៏វាចេញពីក្រុមហ្នឹងអស់មក ថ្មីៗនេះ មាននារីម្នាក់ នៅអាល្លឺម៉ង នោះក៏ចេញមកថែមទៀត និងមានជាបន្តបន្ទាប់ទៀត ។ អ៊ីចឹងវាជាសញ្ញាមួយឲ្យឃើញថា វានឹងឆាប់ហើយ ឆាប់ក្នុងការរលាយនេះឯង គឺវារលាយពីអង្គការចាត់តាំងរបស់វា វាលែងមានសកម្មភាពតទៅទៀត ខ្ញុំមើលឃើញអ៊ីចឹង ព្រោះវាអស់មនុស្សធ្វើការ ឬក៏វាអាចនឹងឈ្លោះគ្នាផ្ទៃក្នុងទៅ ក៏វាឈប់ប្រតិបត្តិការងារតទៅទៀតទៅ“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្តថា “ការពិតហើយ សម្ដេច លោកបង្ហោះនេះ ទី១ គឺចង់ឲ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសហ្នឹង ពិចារណាលើឥរិយាបថ លើអត្តចរិតរបស់ក្រុមនេះ ហើយអ្វីដែលលោកកាត់មួយកំណាត់ មកផ្សព្វផ្សាយហ្នឹង វាមិនអស់ផង ។ ពាក្យសម្ដីរបស់ក្រុមនេះ អាពេលបើកក្បាលកម្មវិធីនោះ វាបានប្រមាថហួសហេតុទៅដល់សម្ដេចតេជោ ហ៊ុន សែន ហើយសម្ដេច លោកកាត់ពាក្យអស់ទាំងនោះ លោកមិនចាក់ ដោយសារវាប៉ះទង្គិចអារម្មណ៍លោកហួសហេតុពេក ក្នុងពេលដែលលោកកំពុងកែរំលឹកការកាន់ទុក្ខបុត្រច្បងរបស់លោកផងនោះ ហើយយើងឃើញសន្ទុះនៃប្រតិកម្មប្រជាពលរដ្ឋ មិនតិចទេ ខឹង ឈឺឆ្អាលទៅនឹងអត្តចរិតនៃក្រុមពាលបាតផ្សារហ្នឹងឯង ។ ដូច្នេះក្នុងន័យនេះ ខ្ញុំសុំបញ្ជាក់ថា បងប្អូនយកទៅពិចារណានូវអត្តចរិតរបស់ពួកនេះ ប្រសិនជាគេជាអ្នកនយោបាយដែលមាននិន្នាការប្រឆាំង ដើម្បីជាតិពិតប្រាកដមែន គេមិនប្រើអត្តចរិត ឥរិយាបថរបៀបហ្នឹងទេ គឺគេមានភាពថ្លៃថ្នូររបស់គេ គេប្រឆាំងក្នុងកម្រិតនយោបាយ ប៉ុន្តែពួកនេះអត់ទេ ចេញមក គឺចរិតមនុស្សពាល មនុស្សអ្នកលេង យូកូងបាតផ្សារអ៊ីចឹងៗ តើឲ្យបងប្អូនទៅគាំទ្រ ទៅចូលរួមចំណែកជាមួយពួកហ្នឹងយ៉ាងម៉េច? អាហ្នឹងពិចារណាឡើងវិញ បើវាពាល ទុកឲ្យវាពាលតែពីរបីនាក់ បួនប្រាំនាក់ហ្នឹងតែវាទៅ បងប្អូនដែលមានឆន្ទៈស្នេហាជាតិ គួរពិចារណាមើលឡើងវិញថា តើអ្នកនយោបាយណា បក្សនយោបាយណា ដែលគេស្នេហាជាតិពិតប្រាកដនោះ?“ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឆាំងនៅក្រៅប្រទេស ដែលជាក្រុមគាំទ្រលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីទគណបក្សសង្គ្រោះជាតិ) នៃទូរទស្សន៍អនឡាញ មនសិការអមតៈ បានទូរស័ព្ទចូលមកសម្ដេចអតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយគេប្រើពាក្យថា “ចង់ជួបហ៊ុន សែន” ហើយបានចោទសម្ដេចហ៊ុន សែន ធ្វើបាប ជិះជាន់ប្រជាពលរដ្ឋខ្មែរ ក្នុងការដឹកនាំប្រទេស ហើយថាសម្ដេច បានប្រើមនុស្សឲ្យតាមរករឿងពួកគេគ្រប់ពេល ដែលធ្វើឲ្យសម្ដេចហ៊ុន សែន ស្ដាប់ឮហើយ ក៏មានប្រតិកម្មឆ្លើយតបវិញ ដោយចាត់ទុកថា ពួកគេជាក្មេងពាល ហ៊ានប្រមាថសម្ដេច ជាមនុស្សចាស់ និងបានចោទប្រកាន់សម្ដេច ទាំងបំពាន ទើបសម្ដេច បានសម្រេចបង្ហោះសំឡេងតាមទូរស័ព្ទជាមួយក្រុមនោះ តាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក ផ្លួវការរបស់សម្ដេច នៅថ្ងៃដដែលនោះ ដោយភ្ជាប់ជាមួយសំណេរថា “ទោះបីថ្ងៃនេះ ជាថ្ងៃខ្ញុំកាន់ទុក្ខនៃការស្លាប់កូនប្រុសច្បងរបស់ខ្ញុំ ១០ វិច្ឆិកា ១៩៧៦ ក៏ដោយ តែខ្ញុំត្រូវបង្ហោះសំឡេងទាំងស្រុង ទាំងសំឡេងខ្ញុំ ទាំងសំឡេងអាក្មេងពាលដែលហៅចូលមកទាំងព្រឹក និងយកទៅផ្សាយ ដោយកាត់ចោលពាក្យមួយចំនួន។ គ្រាន់តែប៉ុណ្ណេះ វាគ្រប់គ្រាន់ដើម្បីបង្ហាញថា ពួកក្មេងពាលដែលបម្រើឱ្យនយោបាយពាលរបស់មេខ្លោងពាល វាកំសាកប៉ុនណា បើគ្រាន់តែសំឡេងទាំងស្រុង វាមិនហ៊ានចាក់ផ្សាយផង?“ ។

ក្នុងខ្លឹមសារឆ្លើយឆ្លងតាមទូរស័ព្ទរវាងបុរសម្នាក់ ដែលដាក់រហស្សនាមខ្លួនឯងថា «សម្តេចបិសាចប្រុស នៅក្រៅប្រទេស និងសម្ដេចហ៊ុន សែន នោះ ជាដំបូង បុរសនោះបាននិយាយថា “បាទ! ខ្ញុំ call មកពីរទូរទស្សន៍ខ្មែរ មនសិការខ្មែរអមតៈ ចង់ជួយជាមួយនឹងហ៊ុន សែន“ ។ សម្ដេចហ៊ុន សែន សួរថា “លោកឯងជាអ្នកណា ហៅហ៊ុន សែន ដាច់សាច់ហ្នឹង?” ។ បុរសនោះឆ្លើយថា “(សើច) ខ្ញុំជាប្រជាពលរដ្ឋរបស់លោកបាទ ខ្ញុំចង់ជួបជាមួយនឹង…ឥឡូវខ្ញុំហៅលោកពូចុះ! កុំឲ្យថាខ្ញុំវាឈ្លើយពេកបាទ“ ។ សម្ដេចហ៊ុន សែន ឆ្លើយថា “អើ! អាហ្នឹងបានវាគួរសមជាខ្មែរ បើហ៊ុន សែន ដាច់សាច់ អាយុប៉ុន្មាន?“ ។ បុរសនោះឆ្លើយថា “ខ្ញុំអាយុ៥០ជាង តើលោកពូអាយុប៉ុន្មានដែរ?“ ។ សម្ដេចហ៊ុន សែន ឆ្លើយថា “អូ! ជាង៧០ហើយ មានស្អីទៀត!“ ។ បុរសនោះនិយាយថា “បាទ! លោកពូ អាយុច្រើនដល់ម៉្លឹង អាយុ៧០ហើយ តើហេតុអ្វីលោកពូ ចូលចិត្តលេងល្បែងធ្វើបាបកូនក្មេងខ្លាំងម៉្លេះ?” ។ សម្ដេចហ៊ុន សែន ឆ្លើយថា “អ្ហែងឆ្កួតទេអ្ហែ៎ អាណាធ្វើបាបកូនក្មេង? អញសួរអ្ហែង អាណាធ្វើបាបកូនក្មេង? អ្ហែងនិយាយមក! ” ។ បុរសនោះសួរថា “លោកពូ ដឹងខ្ញុំជាអ្នកណាទេ? ខ្ញុំ Call មក ចង់សួរលោកពូថា ខ្ញុំនៅក្នុងទូរទស្សន៍មនសិកាខ្មែរ ដែលពូ ព្យាយាមបំផ្លាញ ហើយឥឡូវនេះ ខ្ញុំរកភ័ស្តុតាងបានហើយ លេខទូរស័ព្ទពូ ពូប្រើកូនចៅអាយ៉ងរបស់ពូនៅកាណាដា ហ្នឹង ដើម្បីមកបំផ្លាញទូរទស្សន៍មនសិការ របស់ពួកខ្ញុំ ។ ឥឡូវខ្ញុំចង់សួរពូ ឲ្យច្បាស់ តើពូមានគំនុំអី? ហេតុអីបានជាងចង់បំផ្លាញពួកខ្ញុំ?” ។ សម្ដេចហ៊ុន សែន សួរថា “អញដឹងមនសិការពួកអ្ហែងនៅណា? អញខ្ពើម!“ ។ បុរសនោះឆ្លើយថា “លោកពូ និយាយជាមួយខ្ញុំស្រួលបន្តិច កុំអញៗពេកបាទ!” ។ សម្ដេចហ៊ុន សែន ឆ្លើយថា “ទេ! តិចទៀត អញបង្ហោះសំឡេងហ្នឹងហើយ អ្ហែងចាំមើលមើល៍! អញបង្ហោះសំឡេងហ្នឹង!“ ។ បុរសនោះឆ្លើយថា “អូ! សំឡេងលោកពូ ក៏ប្រជាពលរដ្ឋយើងស្ដាប់បានទូទាំងប្រទេសដែរលោកពូ!“ ។ សម្ដេចហ៊ុន សែន ឆ្លើយថា “ទេ! អញឲ្យអ្ហែងស្ដាប់តើ! អញឲ្យពួកឯង…ហៅមកព្រហើន!” ។ បុរសនោះឆ្លើយថា “បងប្អូនទាំងអស់គ្នាស្ដាប់បាទ! ខ្ញុំមិនព្រហើនទេ ប៉ុន្តែខ្ញុំសួរលោកពូ!“ ។ សម្ដេចហ៊ុន សែន ឆ្លើយថា “អាក្មេងព្រហើន!” ។ បុរសនោះសួរបន្តថា “ហេតុអីលោកពូ មកធ្វើបាបក្រុមទូរទស្សន៍មនសិការខ្ញុំ? ខ្ញុំគ្រាន់តែនិយាយរឿងនយោបាយ និយាយរឿងព័ត៌មានក្នុងសង្គម ដែលលោកពូធ្វើបាបប្រជាពលរដ្ឋសព្វបែបយ៉ាងទាំងអស់?“ ។ សម្ដេចហ៊ុន សែន ជេរថា “កណ្ដួយម៉ែអាគេបាញ់! អញធ្វើបាបប្រជាជនពីអង្កាល់?”… ។

ក្រោយឃើញសម្ដេចហ៊ុន សែន បង្ហោះសំឡេងឆ្លើយឆ្លងខាងលើនេះ បុរសឈ្មោះបិសាចប្រុស ដែលនិយាយប្រមាថសម្តេចហ៊ុន សែន ខាងលើ ដែលប្រើគណនីបណ្ដាញសង្គម ហ្វេសប៊ុក ឈ្មោះ “Beysach Prosecutor” បានសរសេរឆ្លើយតបទៅសម្ដេចហ៊ុន សែន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “អរគុណលោកពូ ដែលជួយបង្ហោះសារសំឡេងយ៉ាងច្បាស់ជាងពួកខ្ញុំ ខាងខ្ញុំមិនសូវច្បាស់ទេ“ ។

ទោះបីយ៉ាងណា ជុំវិញសារសំឡេងខាងលើនេះ ក្រៅពីមានប្រតិកម្មពីមហាជនទាំងក្នុងនិងក្រៅប្រទេស លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាកូនប្រុសរបស់សម្ដេចហ៊ុន សែន បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “ក្រោយពីបានស្តាប់ការសន្ទនាហើយ ក្នុងនាមជាកូន ដែលមានតែក្តីស្រឡាញ់ និងការគោរពសម្រាប់ព្រះរស់នៃខ្ញុំ គឺពិតជាមានអារម្មណ៍ក្តៅក្រហាយ ពោរពេញដោយកំហឹង តែខ្ញុំមិនលើកនៅក្នុងសារនេះនោះទេ ប៉ុន្តែនិយាយឱ្យសាមញ្ញ កូនណាមិនខឹង ពេលដែលអ្នកមានគុណ បានត្រូវគេប្រមាថ។ អ្វីដែលខ្ញុំចង់ឱ្យយើងទាំងអស់គ្នាយកពី episode នេះមកពិចារណាគឺ ៖

១-វិជ្ជាជីវៈសារព័ត៌មាន

២-អាកប្បកិរិយាក្នុងការគោរពចាស់ទុំ ដែលជាទំនៀមទម្លាប់ប្រពៃណីជាតិរបស់យើង។

ទោះជាមានចំណុចឬទស្សនៈនយោបាយខុសគ្នា តែព្រំដែនគួរតែមាន។ ជាពិសេស អាកប្បកិរិយាក្នុងការអនុវត្តវិជ្ជាជីវៈរបស់ខ្លួន ឱ្យស្របទៅតាមប្រពៃណីរបស់ខ្មែរយើង ដែលមានការគោរពគ្នាទៅវិញទៅមក ជាពិសេសការគោរពចាស់ទុំ។

គេអាចលើកឡើងថា ក្មេងនេះ ឬបុគ្គលនេះ ធំនៅក្រៅប្រទេស អ៊ីចឹងមិនស្គាល់អ្វីជាប្រពៃណីខ្មែរយើង តើលើកដូចនេះ ស្មើនឹងការទទួលស្គាល់ថា ឱ្យតែអ្នកណា ទោះជាខ្មែរក្តី បរទេសក្តី មិនបាច់ស្វែងយល់ ឬ/និងគោរពទំនៀមទម្លាប់ប្រពៃណីខ្មែរទេឬយ៉ាងណា?

យើងទៅប្រទេសគេ យើងគោរពច្បាប់គេផង ប្រពៃណីគេផង។ ចុះហេតុគ្រាន់តែស្នើឱ្យគេគោរពច្បាប់ និងប្រពៃណីខ្មែរ ទៅជាបញ្ហាទៅវិញ?

ជារួម ក្នុងនាមជាខ្មែរ យើងត្រូវចេះឱ្យតម្លៃបន្ថែមមកលើខ្លួនយើង ក្នុងនាមជាប្រជាជាតិមួយដែលមានអធិបតេយ្យ មានទំនៀមទម្លាប់ប្រពៃណីដ៏ពិសិដ្ឋរបស់យើង“។

ដោយឡែក សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព ដែលមានលោកប៉ាន់ខែម ប៊ុនថន ជាប្រធានគណៈកម្មាធិការប្រតិបត្តិ នៅថ្ងៃចន្ទ ១១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះដោយពាក្យសម្ដីគ្មានសីលធម៌ពីក្រុមជនជ្រុលនិយមអគតិ ដែលបម្រើការនៅទូរទស្សន៍សំឡេងមនសិការខ្មែរអមតៈនេះ។

សេចក្តីថ្លែងការណ៍ របស់សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព មានខ្លឹមសារទាំងស្រុងថា «ក្នុងរយៈពេលថ្មីៗនេះ សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព បានតាមដានយ៉ាងយកចិត្តទុកដាក់ និងសង្កេតឃើញនូវសកម្មភាពដ៏អសីលអធម៌ ចំពោះសម្តីពាលរបស់ក្រុមជនជ្រុលនិយម «ទូរទស្សន៍មនសិការខ្មែរអមតៈ» ដឹកមុខដោយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាពេលវេលាដ៏ឈឺចាប់និងសោកសៅជាទីបំផុត ដែលសម្តេចតេជោ តែងរំលឹកជានិច្ចដល់ការបាត់បង់កូនប្រុសដំបូងជាទីស្រលាញ់របស់សម្តេច។ បន្ថែមលើការឈឺចាប់នៃទុក្ខបាត់បង់កូនប្រុសច្បងជាទីស្រលាញ់ អស់រយៈពេល៤៨ឆ្នាំមក បែរជាត្រូវយាយីដោយពាក្យសម្ដីគ្មានសីលធម៌ ពីក្រុមជនជ្រុលនិយមអគតិ ដែលបម្រើការនៅ «ទូរទស្សន៍ សំឡេងមនសិការខ្មែរអមតៈ» ថែមមួយកម្រិតទៀត។

សម្តេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកសន្តិភាព របស់ប្រជាជាតិកម្ពុជា សម្តេចតេជោ បាន ចំណាយអស់កម្លាំងកាយចិត្ត បញ្ញាញាណ និងបានលះបង់គ្រប់សព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា និងបានស្រោចស្រង់ជីវិតប្រជាពលរដ្ឋកម្ពុជា ពីរណ្តៅភ្លើងសង្គ្រាម នាំប្រជាជាតិ ឆ្ពោះមករកសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើន ។គុណសម្បត្តិដ៏អស្ចារ្យរបស់សម្តេចតេជោ ត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រ និងក្រអៅបេះដូងប្រជាជាតិកម្ពុជា មិនអាចបំភ្លេចបានឡើយ ផ្ទុយទៅវិញ ក្រុមជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី មេជនជ្រុលនិយមអគតិមួយក្តាប់តូច នៅក្រៅប្រទេស រួមទាំងក្រុម «ទូរទស្សន៍សំឡេងមនសិការខ្មែរអមតៈ» មិនដែលបានធ្វើអ្វីជាប្រយោជន៍សម្រាប់ប្រជាជាតិកម្ពុជា ឡើយ គឺមានត្រឹមតែការផ្សព្វផ្សាយស្រែកញុះញង់ អុជអាលបំបែកបំបាក់ពីក្រៅស្រុក ក្នុងចេតនាដ៏អាក្រក់ក្នុងន័យបំផ្លាញសុខសន្តិភាព និងបង្កវិនាសកម្មសម្រាប់ប្រជាជាតិខ្មែរ តែប៉ុណ្ណោះ។

សម្ព័ន្ធយុវជនស្រលាញ់សន្តិភាព សូមថ្កោលទោសចំពោះសម្តីនិងសកម្មភាពជ្រុលនិយមអគតិរបស់ក្រុម «ទូរទស្សន៍សំឡេងមនសិការខ្មែរអមតៈ» រួមជាមួយជនក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ដែលបង្ហាញយ៉ាងច្បាស់ពីសារជាតិនិងចរិតមារយាទអសីលធម៌ គ្មានគុណធម៌ គ្មានវិចារណញ្ញាណ និងគ្មានមនសិការស្នេហាជាតិឡើយ គឺមានតែការចង់បំផ្លាញជាតិ និងការប្រឆាំងពេញមុខដោយភាពអគតិ មកលើរាជរដ្ឋាភិបាលស្របច្បាប់ ដែលកំពុងដឹកនាំជាតិ និងប្រជាជនកម្ពុជា រស់ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍពិតប្រាកដ»៕ កុលបុត្រ

RELATED ARTICLES