ភ្នំពេញ ៖ អ្នកឃ្លាំមើល បានលើកឡើងថា លោកលី សាម៉េត បណ្ឌិតមិនចេះអក្សរ ដែលនាពេលកន្លងមកក្នុងពេលឡើងនិយាយនៅក្នុងវេទិកាណាមួយ មានអ្នកតាមជូតញើសឲ្យនោះ បានសញ្ញាបត្របណ្ឌិត ដោយសារលោកឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ជាអ្នករៀបចំឲ្យ ។ ប៉ុន្តែពេលនេះ ខណៈដែលលោកលី សាម៉េត កំពុងជាប់ឃុំក្នុងពន្ធនាគារ ព្រៃស (ម១) ពីបទឆបោក ឯបណ្ឌិតឡាច សំរោង បានរត់គេចខ្លួនបាត់ទៅហើយនោះ មានព័ត៌មានថា ក្រសួងអប់រំ យុវជននិងកីឡា កំពុងពិនិត្យសាកលវិទ្យាល័យឥន្ទ្រវិជ្ជា នេះ ករណីលេចឮថា លក់សញ្ញាបត្រអនុបណ្ឌិត-បណ្ឌិត ។
លោកខ័ណ្ឌ ចាន់សុផល ជាមន្រ្តីយោធា និងជាអ្នកឃ្លាំមើលព្រឹត្តិការណ៍សង្គមម្នាក់ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “ក្នុងចម្លើយសារភាពរបស់លោក លី សាម៉េត គឺកម្រិតវប្បធម៌របស់គាត់ ពិតជាមិនចេះអក្សរសោះឡើយ សូម្បីតែសរសេរឬអាន តែអ្នកដែលរៀបចំឲ្យគាត់ និងដើរគ្រប់ចក្ខុវិស័យ គឺលោកឡាច សំរោង ថៅកែសាលាឥន្រ្ទវិជ្ជា (IU) ។ បច្ចុប្បន្ន ឯ.ឧ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ក៏កំពុងពិនិត្យទៅលើសាកលវិទ្យាល័យមួយនេះដែរ រឿងចេញសញ្ញាបត្រ ឲ្យសិស្ស និស្សិត ដោយពុំមានគុណភាព និងយកលុយខ្ទង់ 700$ ជាថ្នូរការពារនិក្ខេបបទ ជាប់អនុបណ្ឌិត ជាដើម» ។
លោកខ័ណ្ឌ ចាន់សុផល បានសរសេរបន្តថា “សំណុំរឿងឆបោករបស់លី សាម៉េត ឡាច សំរោង ដួង តារា និងបុគ្គលពាក់ព័ន្ធ គឺកំពុងតែមានចំណាត់ការក្តៅពីសមត្ថកិច្ច និងតុលាការផងដែរ ។ ថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី បវរធិបតី ហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យមួយ បញ្ចប់តំណែងលោកដួង តារា ត្រូវបានគេដឹងថា ជាមនុស្សមានឥទ្ធិពលមួយរូបក្នុងជួររដ្ឋាភិបាល និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃ ០៥.១១.២០២៤ ថ្មីៗនេះ ។ ចំណែកលោក លី សាម៉េត បានចេញសារភាពទោស ដោយប្រគល់ខ្លួនឲ្យសមត្ថកិច្ចចាប់ខ្លួន យកទៅផ្ដន្ទាទោសតាមច្បាប់ និងត្រូវយកទៅដាក់ពន្ធនាគារនៅព្រៃស ជាមួយលោកដួង តារា ផងដែរ ។ ចំណែកលោក ឡាច សំរោង កំពុងរត់គេចខ្លួនបាត់ស្រមោលសូន្យ និងសំណុំរឿងជួលអគារបើកសាលារៀននៅសៀមរាប ក៏បង្កភាពស្មុគស្មាញយ៉ាងខ្លាំងដល់ប្រព័ន្ធតុលាការនៅសៀមរាប“ ។
បន្ថែមលើការលើកឡើងតាមបណ្ដាញសង្គម ខាងលើនេះ លោកខ័ណ្ឌ ចាន់សុផល បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា លោកឡាច សំរោង ពិតជាកំពុងគេចខ្លួនមែន បន្ទាប់ពីលោកដួង តារា និងលោកលី សាមេត ត្រូវបានឃុំខ្លួនរួចហើយ ។ ដូច្នេះករណីលោកឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា នេះ លោកសំណូមពរទៅរដ្ឋមន្រ្តីក្រសួងអប់រំ ឲ្យពិចារណាមើលសាលានេះគ្រប់សាខាទាំងអស់ បើថា អាចបិទបាន ក៏បិទទៅ ព្រោះរាជរដ្ឋាភិបាល កំពុងតែពង្រឹងកំណែទម្រង់វិស័យអប់រំខ្លាំងណាស់ តាំងពីកម្រិតបាក់ឌុប គឺទាល់តែអ្នកចេះពិតប្រាកដ ទើបប្រលងជាប់ តែរឿងអី ហេតុអីបានជាថ្នាក់អនុបណ្ឌិត ឬបរិញ្ញាបត្រជាន់ខ្ពស់ បែរជាគ្រាន់តែយកលុយទៅបង់ ក៏ទទួលបានសញ្ញាបត្រដែរ?
លោកខ័ណ្ឌ ចាន់សុផល បានមានប្រសាសន៍ថា “អូ! រឿងលោក លី សាម៉េត ហើយលោកឡាច សំរោង ហើយនិងលោកដួង តារា យើងដឹងទាំងអស់គ្នាហើយ ត្រូវបានខាងសមត្ថកិច្ច ក៏ដូចជាតុលាការ កំពុងតែមានចំណាត់ការលើរឿងហ្នឹង ហើយនៅក្នុងដីកាបង្គាប់ឲ្យឃុំខ្លួន ក៏បានដាក់ពីកម្រិតវប្បធម៌របស់លោកលី សាម៉េត ដែលជាទណ្ឌិតហ្នឹង គឺបញ្ជាក់ហើយថា មិនចេះអក្សរទេ ហើយណាមួយទៀត ដូចលោកឡាច សំរោង គឺរាល់ថ្ងៃនេះ គាត់ជាសាកលវិទ្យាធិការ មានន័យថា ជាថៅកែ នៃសាកលវិទ្យាល័យឥន្រ្ទវិជ្ជា មានសាខានៅសៀមរាប នៅភ្នំពេញ និងបាត់ដំបង ហើយអ្វីដែលយើងទទួលបាន ដែលខាងក្រសួងអប់រំ មិនបានបញ្ចេញឈ្មោះ ប្រាប់ថា រឿងនេះគឺបានដឹងដល់ឯកឧត្ដម ហង់ជួន ណារ៉ុន ហើយ ដែលជារដ្ឋមន្រ្តីក្រសួងអប់រំ គាត់បានជ្រាបរឿងនេះហើយ ព្រោះសិស្សសាកលវិទ្យាល័យហ្នឹង គឺគាត់រៀនហើយ គឺទោះប្រលងយ៉ាងម៉េចក៏ដោយ ក៏ត្រូវតែយកលុយដើម្បីបង់ អាចបង់រំលស់បានទៀត បង់រំលស់សញ្ញាបត្រ ដើម្បីជាថ្នូរក្នុងការបានជាប់សារណា ការពារនិក្ខេបបទបានសញ្ញ្ញាបត្រអនុបណ្ឌិត ។ ឥឡូវនេះខ្ញុំពុំទាន់ប្រមូលឯកសារមកទេ ដោយសារតែខាងសាលា ក៏ដូចសិស្សនៅខាងសៀមរាប កំពុងតែចាំមើល ហើយជ្រួលច្របល់ នៅពេលដែលពួកគាត់បានបង់លុយខ្លះ បានបង់និក្ខេបបទ ការពារអនុបណ្ឌិតគាត់ អ្នកខ្លះក៏ទទួលបានសញ្ញាបត្រខ្លះដែរ ហើយអ្នកខ្លះនៅទេ ។ អ៊ីចឹងបានវាទៅជារឿងជ្រួលច្របល់ពេញហ្នឹង ហើយណាមួយ សាលាហ្នឹងត្រូវបានបិទទៀត ដោយសារតែមានបណ្ដឹងប្ដឹងផ្ដល់រវាងម្ចាស់អគារ ដែលឡាច សំរោង ជួលហ្នឹង ហើយនិងម្ចាស់អគារ គឺរឿងហ្នឹងកំពុងតែនៅដៃតុលាការនៅឡើយ” ។
លោកខ័ណ្ឌ ចាន់សុផល បានមានប្រសាសន៍បន្តថា “ខ្ញុំគ្រាន់តែជាសំណូមពរ ក៏ដូចជាផ្ដល់ទៅឯកឧត្ដមរដ្ឋមន្រ្តីក្រសួងអប់រំ ឲ្យពិចារណាមើលសាលានេះគ្រប់សាខាទាំងអស់ បើថា អាចបិទបាន ក៏បិទទៅ ព្រោះយើងដឹងហើយថា រាជរដ្ឋាភិបាល លោកកំពុងតែពង្រឹងកំណែទម្រង់វិស័យអប់រំ ខ្លាំងណាស់ តាំងពីកម្រិតបាក់ឌុប ដែលយើងហៅថា ទុតិយភូមិហ្នឹង គឺប្រលង ទាល់តែក្មេងៗខំរៀនណាស់ បានជាប់ ហើយយើងមើលដូចជាមីងម្នាក់ ដែលគាត់ប្រលងស្វ័យរិន គឺថាប្រលងស្ទើរមួយជីវិតហើយ នៅតែមិនជាប់ រឿងអី ហេតុអីបានយើងទៅដល់អនុបណ្ឌិត ដែលពាក្យអនុបណ្ឌិតហ្នឹង គេហៅថា បរិញ្ញាបត្រជាន់ខ្ពស់ តែបែរជាគ្រាន់តែយកលុយទៅបង់ ក៏ទទួលសញ្ញាបត្របានដែរ ។ អ៊ីចឹងធ្វើឲ្យកំណែទម្រង់វិស័យអប់រំយើងមានភាពបរាជ័យ ហើយមិនអាចយកជាសាច់ការថ្ងៃក្រោយបានទេ ។ អ៊ីចឹងខ្ញុំមានតែសំណូមពរទៅដល់ឯកឧត្ដមរដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ឲ្យត្រួតពិនិត្យមើលលើរឿងនេះ ថាតើរឿងនេះចេញសញ្ញាបត្រហ្នឹង តើមានអំពើពុករលួយជាមួយនឹងខាងក្រសួង ឬទេ? ឬក៏ខាងសាលាគេចេញឲ្យ ដោយគ្មានការអនុញ្ញាតពីក្រសួង? អាហ្នឹងជាបញ្ហា ពីព្រោះតិចតទៀតហ្នឹង នឹងមានផ្ទុះចរន្តមួយ គឺចរន្តសិស្សអាចផ្ដិតមេដៃសុំសញ្ញាបត្រគាត់ អ្នកខ្លះបង់លុយហើយក៏អត់ទាន់បាន អ្នកខ្លះបានហើយ ក៏រួចខ្លួន ។ និយាយទៅ មានចំនួនច្រើន ព្រោះមួយសាកលវិទ្យាល័យ យើងគិតមើល អនុបណ្ឌិត នៅខាងសៀមរាប បាត់ដំបង ភ្នំពេញ សរុបទៅ ខ្ទង់១ឆ្នាំៗ ចូលជិត១០០នាក់ ហើយយើងយក ១០០ វ៉ៃស្មើថា ៧០០ដុល្លារចុះ ក៏រាប់លានដុល្លារដែរ ។ អ៊ីចឹងគឺជាចរន្តមួយ ដែលគេរកលុយបានស្រួលហ្នឹងឯង“ ។
ដោយឡែក លោកអ៊ុំ សំអាន អតីតសមាជិសភា នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) បាមសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា «អត់ចេះអក្សរ ប៉ុន្តែគេហៅថា ឯកឧត្តមបណ្ឌិតឧកញ៉ា លី សាម៉េត។ អត់ចេះអក្សរ ទទួលបានសញ្ញាបត្របណ្ឌិត? អ្នកធំស្រុកខ្មែរ មួយចំនួន ទទួលបានសញ្ញាបត្របណ្ឌិតសេះហោះ ដូចឧកញ៉ា លី សាម៉េត ដែរ។ ឯកឧត្តមបណ្ឌិតឧកញ៉ា លី សាម៉េត ជាទីប្រឹក្សាលោកហ៊ុន សែន ។ អត់ចេះអក្សរផង ឲ្យយោបល់ដល់ប្រធានព្រឹទ្ធសភា របៀបម៉េច?»។
ជាមួយគ្នានេះដែរ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ដើម្បីដោះស្រាយបញ្ហានេះ អាជ្ញាធរ គួរតែមានការស៊ើបអង្កេត ប្រសិនបើរកឃើញថា លោកឡាច សំរោង ពិតជាមានកំហុសនៅក្នុងការបោកប្រាស់ រួមដៃជាមួយលោកលី សាម៉េត និងលោកដួង តារា គួរតែត្រូវបានចាប់មកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។ ពោលគឺរដ្ឋាភិបាល គួរតែដល់ពេលវេលាដើម្បីវះកាត់ចោលសាច់ស្អុយ ព្រោះសាច់ស្អុយស៊ីរូងផ្ទៃក្នុង ធ្វើឲ្យប្រទេសកម្ពុជា បាក់មុខមាត់សម្បើមណាស់ លើឆាកអន្តរជាតិ ហើយធ្វើឲ្យប្រជាពលរដ្ឋខ្មែរ បាត់ទំនុកចិត្តទៅលើរដ្ឋាភិបាល សម្បើមណាស់ ។
លោកម៉ែន ណាត បានមានប្រសាសន៍ថា “រឿងលោកឡាច សំរោង ខ្ញុំមិនដឹងយ៉ាងម៉េចទេ ខ្ញុំគ្មានព័ត៌មានពីគាត់ទេ ប៉ុន្តែករណីលោកលី សាម៉េត ដែលថាគាត់មិនចេះអក្សរ វាជារឿងមួយ គួរឲ្យហួសចិត្ត ពីព្រោះគាត់ធ្វើជាទីប្រឹក្សានាយករដ្ឋមន្រ្តី ពីអាណត្តិមុន គឺលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយគាត់ជាទីប្រឹក្សាសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ហ្នឹងផង ។ ដូច្នេះពាក្យថា មិនចេះអក្សរ វាមានរឿងពីរយ៉ាង ។ ទី១ អាចថា គាត់មិនចេះអក្សរមែន វាអាចជារឿងអាម៉ាស់ សម្រាប់នាយករដ្ឋមន្រ្តី ដែលយកមនុស្សមិនចេះអក្សរ ធ្វើទីប្រឹក្សា ។ ទី២ បើគាត់ចេះ ហើយថាមិនចេះអក្សរមែន មានន័យថា គាត់ចង់សម្រាលទោសទណ្ឌអីខ្លះ ពីការប្រព្រឹត្តបទឧក្រិដ្ឋរបស់គាត់ហ្នឹង គឺនៅក្នុងន័យច្បាប់ វាអាចជួយសម្រាលទោសទណ្ឌ ឬមានទោសស្រាលជាងមុនដែរ ហើយខ្ញុំជឿថា ប្រហែលគេយកមធ្យោបាយហ្នឹង ដើម្បីដោះស្រាយជួយសម្រាលបន្ទុកលោកលី សាម៉េត ។ ដោយឡែក ករណីលោកឡាច សំរោង គួរតែត្រូវបានស៊ើបអង្កេតដែរ ព្រោះលោកឡាច សំរោង ហ្នឹងគាត់មានប្រវត្តិធ្លាប់ដើរតត្រុកជាមួយនឹងលោកដួង តារា ដែលជាជំនួយការលោកហ៊ុន សែន ហ្នឹង ហើយនិងដើរតត្រុកជាមួយនឹងលោកលី សាម៉េត ហ្នឹង ហើយធ្លាប់ទាំងទៅជូតញើសឲ្យលោកលី សាម៉េត ទៅទៀត ហើយលោកឡាច សំរោង ហ្នឹង មែនទែនទៅ គាត់រៀនចប់បរិញ្ញាបត្រខាងសង្គមវិជ្ជា ជំនាន់ទី២ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយគាត់ធ្លាប់ធ្វើអ្នកកាសែត តាំងពីជំនាន់អ្នកកាសែតចក្រវាឡ គាត់ធ្វើអ្នកកាសែតចក្រវាឡ គាត់សុំលុយពីបក្សកាន់អំណាច ហ្នឹងមកបោះពុម្ពអី ត្រដាបត្រដួស គាត់ចេះតែប្រឹងហើយជំនាន់ហ្នឹង ។ ប៉ុន្តែដល់ពេលគាត់មកដើរជាមួយលោកដួង តារា ដើរជាមួយលោកលី សាម៉េត ហ្នឹង ខ្ញុំកត់សម្គាល់ឃើញថា គាត់គួរតែត្រូវបានស៊ើបអង្កេតឲ្យបានមែនទែន ហើយគាត់ធ្លាប់មានប្រវត្តិជំពាក់លុយជំពាក់កាក់គេទៀត ហើយគាត់ធ្វើមេធាវីហ្នឹង មិនមែនជាមេធាវីដែលធ្វើឲ្យមេធាវីដទៃៗទៀត គេមានការកោតសរសើរទេ គេថាគាត់ជាមេធាវីឆ្អិនក្បាល ស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ អាហ្នឹងរឿងគាត់ទេ ។ អ៊ីចឹងខ្ញុំគិតថា ដើម្បីដោះស្រាយបញ្ហារឿងអស់ហ្នឹង អាជ្ញាធរគួរតែមានការស៊ើបអង្កេតដែរ ហើយប្រសិនបើរកឃើញថា គាត់មានកំហុសនៅក្នុងការបោកប្រាស់ រួមដៃរួមជើងជាមួយលោកលី សាម៉េត ជាមួយលោកដួង តារា គួរតែត្រូវបានចាប់មកផ្ដន្ទាទោសតាមផ្លូវច្បាប់“ ។
លោកម៉ែន ណាត បានមានប្រសាសន៍បន្តថា “ចំពោះព័ត៌មានថា ក្រសួងអប់រំ ពិនិត្យសាកលវិទ្យាល័យឥន្រ្ទវិជ្ជា ករណីលក់សញ្ញាបត្រអនុបណ្ឌិត ក្នុងតម្លៃ៧០០ដុល្លារ អីនោះ ខ្ញុំប្រាកដជាសាទរហើយ ឲ្យតែក្រសួងអប់រំ មានចំណាត់ការ ពីព្រោះសាកលវិទ្យាល័យស្រុកខ្មែរមួយចំនួន បានធ្វើរឿងច្រើនណាស់ តាំងពីជំនាន់សាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យាកម្ពុជា អីហ្នឹង សុទ្ធតែពួកលក់សញ្ញាបត្រ ហើយនៅមានសាកលវិទ្យាល័យមួយចំនួនទៀត ។ ដូច្នេះក្រសួងអប់រំ ដល់ពេលហើយ វះកាត់ទៅ ករណីសាកលវិទ្យាល័យរបស់ឡាច សំរោង គួរតែស៊ើបអង្កេត បើរកឃើញថា មានកំហុសមែន ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ហើយក៏ស៊ើបអង្កេតទៅលើប្រព័ន្ធសិក្សាធិការផ្សេងៗទៀត ដូចជាវិទ្យាស្ថាន សាកលវិទ្យាល័យ មហាវិទ្យាល័យឯកជនមួយចំនួនទៀត ដែលពាក់ព័ន្ធទៅនឹងការប្រព្រឹត្តិបទស្រដៀងៗគ្នាហ្នឹង គួរតែស៊ើបអង្កេតឲ្យបានទូលំទូលាយ ហើយត្រូវដាក់ទោសទណ្ឌទៅលើពួកឆបោកអស់ហ្នឹង ។ រដ្ឋាភិបាល គួរតែដល់ពេលវេលាដើម្បីវះកាត់ចោលសាច់ស្អុយ ព្រោះសាច់ស្អុយស៊ីរូងផ្ទៃក្នុង ធ្វើឲ្យប្រទេសកម្ពុជា បាក់មុខមាត់សម្បើមណាស់ លើឆាកអន្តរជាតិ ហើយធ្វើឲ្យប្រជាពលរដ្ឋខ្មែរហ្នឹង បាត់ទំនុកចិត្តទៅលើរដ្ឋាភិបាល សម្បើមណាស់ ។ អ៊ីចឹងបើចង់កសាងស្នាដៃ បើចង់កសាងក្រេឌីត កសាងកេរ្តិ៍ឈ្មោះឡើងវិញ ត្រូវតែជម្រះចោល ចាប់ផ្ដើមជម្រះចោលទៅ ពួកឆបោក ពួកបក្ខពួក ពួកពុករលួយ ពួកបំផ្លិចបំផ្លាញភាពល្អស្អាតរបស់សង្គមហ្នឹង ត្រូវតែវែកមុខឲ្យឃើញ ហើយផ្ដន្ទាទោសតាមច្បាប់ទៅ“ ។
ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់អ្នកឃ្លាំមើលខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំមតិយោបល់ ការឆ្លើយតបពីលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានទេ កាលពីម្សិលមិញ ៕ កុលបុត្រ