Tuesday, July 8, 2025
Homeព័ត៌មានជាតិបុរស​បរ​ទេស ធ្លាក់​ចូល​ល្បាក់​ថ្មភ្នំ​បូក​គោ​ ជម្រៅ​៣០​ម៉ែត្រ

បុរស​បរ​ទេស ធ្លាក់​ចូល​ល្បាក់​ថ្មភ្នំ​បូក​គោ​ ជម្រៅ​៣០​ម៉ែត្រ

ខេត្តកំពត ៖ បុរសជនបរទេសជាអ្នកទេសចរម្នាក់ បានឱ្យមិត្តភក្តិកាន់ម៉ាស៊ីនថត ដោយខ្លួនធ្វើជេរកាច់ស្ទីល ក្បែរមាត់ល្បាក់ថ្ម ឱ្យប្លែកថតឱ្យមាន ភាពទាក់ទាញមិនបានប្រយ័ត្ន ស្រាប់តែរអិលជើង ធ្លាក់ចូលក្នុងល្បាក់ថ្មមាន ជម្រៅ៣០ម៉ែត្រ បង្កឱ្យមានការភ្ញាក់ឡើង កាលពីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ នៅលើកំពូលភ្នំរមណីយដ្ឋាន បូកគោ។

ជនរងគ្រោះ ដែលរអិលជើងធ្លាក់ចូល ក្នុងល្បាក់ថ្មភ្នំបូកគោនេះ មិនត្រូវបានគេស្គាល់ ឈ្មោះទេ គ្រាន់តែដឹងថា ជាជនជាតិហ្វាំងឡង់ និងជាអ្នកទេសចរ។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះនិង មិត្តភក្តិ២-៣ទៀត បាននាំគ្នាធ្វើដំណើរឡើង មកកម្សាន្ត និងស្រូបយកខ្យល់អាកាសត្រជាក់ បរិសុទ្ធនៅលើភ្នំបូកគោ។ លុះក្រោយពីដើរ គយគន់ទេសភាពបានមួយសន្ទុះ ជនរងគ្រោះ បានហុចម៉ាស៊ីន ថតទៅឱ្យមិត្តភក្តិជួយថតរូប ឱ្យខ្លួនហើយ ពេលនោះជនរងគ្រោះបានដើរទៅ ក្បែរមាត់ល្បាក់ថ្ម ដោយបានធ្វើស្ទីលពត់ពេនខ្លួន ឱ្យប្លែក និងមានភាពទាក់ទាញ ដើម្បីតែយក ទៅបង្អូតមិត្តភក្តិ និងក្រុមគ្រួសារពេលខ្លួន ត្រឡប់ទៅប្រទេសកំណើតវិញ។

ប្រភពដដែលបន្តថា ក្នុងពេលដែលជន រងគ្រោះប្រថុយនឹងគ្រោះថ្នាក់ ដើម្បីចង់បាន រូបថតល្អនោះ ជាអកុសល ស្រាប់តែរអិលជើង ធ្លាក់ចូលទៅក្នុងល្បាក់ថ្មមានជម្រៅ៣០ម៉ែត្រ បាត់តែម្តង ទើបបង្កឱ្យមានការភ្ញាក់ផ្អើល និង រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ តែម្តង។

ប្រភពសមត្ថកិច្ចដែលប្រចាំការនៅទីនោះ បានឱ្យដឹងថា ក្រោយពីទទួលដំណឹងជាមានភ្ញៀវ ទេសចរធ្លាក់ចូលក្នុងល្បាក់ថ្ម កម្លាំងសមត្ថកិច្ច បានចុះទៅអន្តរាគមន៍យកខ្សែពួរទម្លាក់ឱ្យជនរងគ្រោះចង់ខ្លួន រួចយោងឡ៉ើងមកលើវិញ។ នេះចាត់ទុកជារឿង សំណាងមួយលើ១ពាន់ គ្រោះថ្នាក់ ដែលជនរងគ្រោះធ្លាក់ចូលក្នុង ល្បាក់ថ្មមានជម្រៅ៣០ម៉ែត្រ ទៅហើយតែ បែរជាមិនមានគ្រោះថ្នាក់ដល់អាយុជីវិត គ្រាន់ តែរងរបួសបែកក្បាលហូរឈាម បន្តិចបន្តួច បណ្តោះ រួចក៏បញ្ជូនទៅកាន់មន្ទីរពេទ្យ ស៊ុន យ៉ាឃាល ដើម្បីព្យាបាលរបួស។

ជាមួយគ្នានេះដែរ សមត្ថកិច្ចបានអំពាវនាវ បងប្អូនអ្នកទេសចរជាតិ និងអន្តរជាតិ ដែល ឡើងមកកម្សាន្តនៅរមណីយភ្នំបូកគោ ឬក៏ រមណីយដ្ឋានផ្សេងៗទៀត គួរតែមានការប្រុង ប្រយ័ត្នខ្ពស់ មិនត្រូវយកជីវិតទៅប្រថុយ នៅ កន្លែងមានគ្រោះថ្នាក់ ដើម្បីថតរូបឱ្យបានរូប ថតល្អ មានភាពទាក់ទាញ រហូតមានគ្រោះថ្នាក់ អាយុជីវិតនោះទេ៕

RELATED ARTICLES