ភ្នំពេញ ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើសុំឱ្យកីឡាករ កីឡាការិនីអុំទូក និងប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថាន ទាំងអស់គ្នា និងសុំឱ្យអាជីវករលក់ដូរទាំងអស់ កុំដំឡើងថ្លៃម្ហូបអាហារ ក្នុងឱកាសព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អក អំបុក ដែលនឹងប្រព្រឹត្តទៅ នាប៉ុន្មានថ្ងៃខាងមុខនេះ។
លោកអភិបាលរាជធានីភ្នំពេញ បានស្នើសុំបែបនេះ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ខណៈលោកនិងលោកស្រីជាភរិាយ អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពលី សម្រាប់ការប្រ ណាំងទូកថ្នាក់រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៤ និងបួងសួងសុំសេចក្តីសុខជូនប្រជាពលរដ្ឋទាំងអស់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខ ក្នុងនាមរាជ ធានីភ្នំពេញ ជាម្ចាស់ផ្ទះជាកន្លែងប្រារព្ធព្រះរាជពិធី។
ការប្រារពញធពិធីបែបសាសនានេះ មានគោលបំណងសុំម្ចាស់ទឹកម្ចាស់ដី បារមីលោកយាយដូនពេញ ជួយតាមបីបាច់ថែរក្សាចំណុះទូក និងសុំឱ្យដំណើរការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកប្រព្រឹត្តទៅដោយរលូន និងជោគជ័យប្រកបដោយសុខសុវត្ថិភាព និងភាពរីករាយ ស្និទ្ធស្នាល រក្សាបានប្រពៃណីទំនៀមទម្លាប់ជាតិ និងសាមគ្គីភាព មិត្តភាព។
លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងថា សម្រាប់ការប្រណាំងទូកថ្នាក់រាជធានីភ្នំពេញ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទម្លាប់ជាតិ តាំង ពីយូរលង់មកហើយ។
ព្រះរាជពិធីបុណ្យនេះ មានបំណងបង្ហាញពីការរំលឹកដឹងគុណដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែ ក្នុងបុព្វហេតុការ ពារបូរណភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនាន់មកហើយ។ អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គា ដែលបាននាំមកនូវទឹកនិងដីល្បាប់ដ៏មានជីជាតិ សម្រាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋយើង ក្នុងការលើកស្ទួយវិស័យកសិកម្មជាតិ ឱ្យមានការរីកចម្រើន។ ម៉្យាងទៀត ក៏ជាការផ្តល់ឱកាសសប្បាយរីករាយនិងសាមគ្គីភាព ក្នុងមហាគ្រួសារ សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងសុខសន្តិភាពដ៏បរិបូណ៌ រួមទាំងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ យ៉ាងឆាប់រហ័ស ពិសេសនៅរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
លោកឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរ កងកម្លាំងទាំងអស់ ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាព ទប់ស្កាត់បទ ល្មើសលួច ឆក់ ប្លន់ ការពារបងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅព្រះរាជពិធីបុណ្យអុំទូកនេះ។ ប៉ុន្តែទោះបីជាយ៉ាងណា អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឱ្យទទួលបានភាពសប្បាយរីករាយ។
លោកឃួង ស្រេង ក៏បានអំពាវនាវបន្ថែមទៀតដល់បងប្អូនជាកីឡាករ កីឡាការិនីអុំទូកទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យល្អ ហូបស្អាត ផឹកស្អាត រស់នៅស្អាត និងសម្រាកឱ្យបានគ្រប់គ្រាន់ចៀសវាងផលប៉ះពាល់ដល់សុខ ភាព ដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការ ពង្រឹងសាមគ្គីភាពក្នុងចំណោមបងប្អូនកីឡាករទាំងអស់ ដោយក្តីយោគយល់និងអធ្យាស្រ័យគ្នា ដើម្បីរួមគ្នាលើកតម្កើងប្រពៃណីទំនៀមទម្លាប់ជាតិ។
លោកហែម ស៊ីណារ៉េត ប្រធានមន្ទីរមន្ទីរអប់រំ យុវជននិងកីឡារាជធានីភ្នំពេញ បានឱ្យដឹងថា ទូកទាំងអស់ ដែលត្រូវប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូកនេះ មានចំនួន៤៤ទូក មកពី១២ខណ្ឌ ក្នុងចំណោម ១៤ខណ្ឌ ក្នុងរាជធានីភ្នំពេញ ដោយបានចែកចេញជា ៣ប្រភេទ គឺទូកអុំខ្នាតអន្តរជាតិ ទូកអុំបុរស និងទូកចែវបុរស ដោយមានកីឡាករ កីឡាការិនី សរុបចំនួន៣១៩៣នាក់ (ស្រី៩២នាក់)៕