Monday, November 18, 2024
Homeព័ត៌មានជាតិធនធានមនុស្សកម្ពុជា អ្នកវិភាគថា កូនអ្នកធំ-អ្នកមាន ដឹកនាំរដ្ឋ-ជំនួញ កូនអ្នកក្រ កម្មករ

ធនធានមនុស្សកម្ពុជា អ្នកវិភាគថា កូនអ្នកធំ-អ្នកមាន ដឹកនាំរដ្ឋ-ជំនួញ កូនអ្នកក្រ កម្មករ

ភ្នំពេញ ៖ អ្នកវិភាគ បានលើកឡើងថា ធនធានមនុស្សនៅកម្ពុជា មានការវិវត្ត ខុសគ្នាដាច់ស្រឡះតែម្ដង រវាងកូនអ្នកធំ កូនអ្នកមាន និងកូនអ្នកក្រ គឺកូនអភិជន និងមន្ត្រីជាន់ខ្ពស់ ចេញទៅរៀនបរទេស ដើម្បីមកដឹកនាំរដ្ឋ ខណៈដែលកូនអ្នកមាន ចូលរៀនសាលាឯកជនថ្លៃៗ ចេញមកវិញ ធ្វើជំនួញ ផ្ទុយពីកូនអ្នកក្រ មិនអាចស៊ូរៀនតទៅមុខបាន ត្រូវធ្វើកម្មករ និងចំណាកស្រុក ។

លោកបណ្ឌិត មាស នី អ្នកវិភាគ និងជាអ្នកស្រាវជ្រាវសង្គមដើម្បីអភិវឌ្ឍន៍ បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ការវិវត្តនៃធនធានមនុស្សនៅកម្ពុជា : កូនអភិជន និងមន្ត្រីជាន់ខ្ពស់ ចេញទៅរៀនបរទេស ដើម្បីមកដឹកនាំរដ្ឋ រីកូនអ្នកមាន ចូលរៀនសាលាឯកជន ចេញមកវិញធ្វើអ្នកជំនួញ ចំណែកកូនអ្នកធម្មតា រៀនសាលារដ្ឋ ដើម្បីរកការងារធ្វើ ។ ចំពោះកូនអ្នកក្រមួយចំនួន មិនអាចស៊ូរៀនតទៅមុខបាន ត្រូវចំណាកស្រុក ដើម្បីជីវភាពគ្រួសារ!“ ។

បន្ថែមលើសំណេរតាមបណ្តាញសង្គម ខាងលើនេះ លោកបណ្ឌិត មាស នី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការវិវត្តនៃធនធានមនុស្សនៅកម្ពុជា បើសិនមានគម្លាតភាពខុសគ្នារវាងកូនអ្នកធំ អ្នកមាន និងកូនអ្នកក្របែបនេះ ទៅថ្ងៃខាងមុខ នឹងមានការចែកដាច់រវាងវណ្ណៈ គឺវណ្ណៈណាដែលត្រូវទៅគ្រប់គ្រងរដ្ឋ វណ្ណៈណាដែលត្រូវទៅធ្វើជំនួញ វណ្ណៈណាដែលត្រូវនៅជាក្រុមអ្នកដើររកការងារធ្វើ និងវណ្ណៈពលករ ។ យ៉ាងណា លោកទទួលស្គាល់ថា កូនអ្នកក្រ ក៏រៀនពូកែដែរ ហើយកន្លងមក ក៏ឃើញរដ្ឋដុតដៃដុតជើងក្នុងជួយដែរ ក៏ប៉ុន្តែលោកចង់ឃើញការជួយផ្ដល់អាហារូបករណ៍ដល់អ្នកក្រីក្រ សុំកុំឲ្យគិតតែត្រឹមឲ្យសាលាឯកជននានា ជួយផ្ដល់កន្លែងឲ្យរៀន ប៉ុន្តែសុំផ្ដល់ឲ្យបានគ្រប់ជ្រុងជ្រោយផង ព្រោះបើកាលណានិយាយពីអាហារូបករណ៍ វាត្រូវសរុបទាំងថ្លៃសាលា ទាំងកន្លែងស្នាក់នៅ ទាំងម្ហូបអាហារ និងការធ្វើដំណើរផ្សេងៗផងដែរ ។

លោកបណ្ឌិត មាស នី បានមានប្រសាសន៍ថា “បាទ! ជាទូទៅ យើងឃើញធនធានមនុស្សនៅស្រុកយើងនេះ អានេះខ្ញុំមិនចង់ប្រើពាក្យថារើសអើងទេ ប៉ុន្តែទំនោរវាទៅច្រកហ្នឹង ហើយយើងឃើញស្រាប់ហើយ សព្វថ្ងៃ ដូចជាអ្នកដឹកនាំធំៗ គេផ្ទេរតំណែង ផ្ទេរស្អីៗទៅឲ្យកូនគេ ចៅគេ ខ្សែរបស់គេទាំងអស់ ។ អ៊ីចឹងបានន័យថា គ្រួសាររបស់អ្នកធំ គឺទោះបីគេទៅរៀនជិតក៏ដោយ ទៅរៀនឆ្ងាយក៏ដោយ គឺគេមិនភ័យពីរឿងអត់ការងារធ្វើ ហើយការងាររបស់គេ គឺសុទ្ធតែនៅក្នុងក្រសួង មន្ទីរធំៗ ដែលជាប្រព័ន្ធគ្រប់គ្រងរដ្ឋ អាហ្នឹងយើងឃើញទាំងអស់គ្នា ហើយមែនទែនទៅ ការគ្រប់គ្រង ការរៀបចំនេះ ក៏មានត្រឹមតែនៅថ្នាក់ក្រសួងខាងលើ ក្បាលម៉ាស៊ីនរដ្ឋទេ សូម្បីតែនៅតាមស្ថាប័នថ្នាក់ខាងក្រោមជាតិហ្នឹង ក៏មានខែ្សសំខាន់ៗហ្នឹង ក៏គេរៀបចំកូនចៅគេដាក់ទៅតាមតំណែងទាំងអស់តែគ្នាដែរ ។ អ៊ីចឹងបានខ្ញុំលើកឡើងពីក្រុមទីមួយហ្នឹង ។ រីឯក្រុមទី២ យើងឃើញហើយថា អ្នកជំនួញ ឧកញ៉ាធំៗ គេក៏ពង្រឹងសមត្ថភាពកូនរបស់គេហ្នឹង ហើយក៏គេបញ្ជូនឲ្យទៅរៀននៅក្រៅ ហើយមកវិញ គេប្រគល់ក្រុមហ៊ុនហ្នឹងឲ្យកូនចៅគេកាន់ ឲ្យកូនគេកាន់បន្តទៅទៀត អានេះវាជាទិដ្ឋភាពប្រភេទនៃធនធានមនុស្សទី២ ។ ហើយក្រុមទី៣ហ្នឹង ដូចខ្ញុំបាននិយាយក្នុងសំណេរហ្នឹង ក្រុមទី៣ គឺជាក្រុមមនុស្សធម្មតាដែលមានលទ្ធភាពតិចតួចហ្នឹង ឲ្យកូនទៅរៀនអីធម្មតាដូចគេដូចឯងនៅសាលារដ្ឋទៅ ហើយមកវិញដើរប្រលងសុំការងារគេធ្វើអ៊ីចឹងទៅ ហើយកូនអ្នកក្រ យើងដឹងស្រាប់ហើយ ក្រគ្នាមិនមានលទ្ធភាពទេ ។ ឥឡូវនេះ ការអប់រំអី យើងបង់ថ្លៃសាលាអីក៏ថ្លៃដែរ ដល់អ៊ីចឹងទៅ គ្នាអ្នកក្រ គ្នាមិនសូវមានលទ្ធភាព ឬក៏បោះបង់សាលាចោលក៏ច្រើនដែរ ហើយខ្ញុំទទួលស្គាល់ថា រដ្ឋមានផ្ដល់អាហារូបករណ៍ឲ្យ ប៉ុន្តែអាហារូបករណ៍ហ្នឹង ហាក់ដូចជាមិនបានផ្ដល់ឲ្យបានគ្រប់ជ្រុងជ្រោយទេ គ្រាន់តែឲ្យសាលានានាហ្នឹងជួយទទួលឲ្យចូលរៀន ដោយមិនបាច់បង់ថ្លៃសាលា ប៉ុន្តែអត់មានកញ្ចប់ថវិកាសម្រាប់ការធ្វើដំណើរ ការស្នាក់នៅទេ ។ អ៊ីចឹងជាបទពិសោធន៍នៃការសង្កេតរបស់ខ្ញុំ ឃើញកូនអ្នកក្រដែលទទួលអាហារូបករណ៍ភាគច្រើន គឺក៏ត្រូវបោះបង់សាលាចោល នៅពេលដែលចាប់ផ្ដើមរៀនបន្តិច“ ។

លោកបណ្ឌិត មាស នី បានមានប្រសាសន៍បន្តថា “បើសិនជាបែបហ្នឹង បានន័យថា ទៅថ្ងៃខាងមុខ វានឹងមានការចែកដាច់រវាងវណ្ណៈ ។ វណ្ណៈណាដែលត្រូវទៅគ្រប់គ្រងរដ្ឋ វណ្ណៈណាដែលត្រូវទៅធ្វើជំនួញ វណ្ណៈណាដែលត្រូវនៅជា working class ជាក្រុមអ្នកដើររកការងារធ្វើ ហើយនិងវណ្ណៈពលករ វាអានៅអ៊ីចឹង បើប្រសិនយើងនៅបន្តបែបនេះ ខ្ញុំគិតថា វានឹងអាចឈានទៅរកហើយ ក្រោយទៅបង្កើតជាវណ្ណៈផ្សេងៗគ្នា ។ វាមិនធ្ងន់ធ្ងរដូចឥណ្ឌា ទេ ក៏ប៉ុន្តែធនធានមនុស្សហ្នឹង ទោះបីជាយើងទៅខំរៀនពូកែយ៉ាងណា ក៏មកវិញវាហាក់ដូចជាមានកន្លែងដែលត្រូវគេរៀបចំទុកដាក់ឲ្យហើយស្រេច ។ និយាយទៅ ការបែងចែកវណ្ណៈនេះ វាគ្រាន់តែប៉ុណ្ណេះទេ វាគ្រាន់តែថា ប្រទេសនីមួយៗ វាដើរទៅមុខរួច វាអាស្រ័យទៅលើក្បាលម៉ាស៊ីនរបស់រដ្ឋ ។ អ៊ីចឹងប្រសិនជាក្បាលម៉ាសីនរបស់រដ្ឋហ្នឹង វាគ្រប់គ្រងដោយកូនមន្រ្តីជាន់ខ្ពស់ហ្នឹងបន្តបន្ទាប់គ្នាទៅ បើគេមានសមត្ថភាព អាហ្នឹងអត់អីទេ អាហ្នឹងគេហៅប្រទេសចេះតែទៅមុខជាមួយគេ ជាមួយឯងហើយ ក៏ប៉ុន្តែប្រសិនបើសមត្ថភាពគេមិនសូវមាន គេបានឡើងធំ ដោយសារតែខ្សែ អាហ្នឹងវាអាចនឹងធ្វើឲ្យប្រព័ន្ធគ្រប់គ្រងរដ្ឋហ្នឹង មានសមត្ថភាពគ្រប់គ្រងរដ្ឋកាន់តែខ្សោយទៅៗ ដោយសារតែគេដាក់ជាខ្សែដែលមិនមានសមត្ថភាព ឬដាក់មិនត្រូវជំនាញដែលខ្លួនឯងត្រូវគ្រប់គ្រងអ៊ីចឹង ។ អាហ្នឹងគ្រាន់តែប៉ុណ្ណឹងទេ“ ។

លោកបណ្ឌិត មាស នី បានមានប្រសាសន៍បន្តទៀតថា “ប្រទេសនៅក្នុងពិភពលោក គេមានឱកាស គេផ្ដល់ឱកាសឲ្យស្មើៗគ្នា ក៏ប៉ុន្តែនៅស្រុកយើងនេះ ពាក្យថា ឱកាសស្មើៗគ្នានេះ ហាក់ដូចជាមិនអាចកើតទៅរួចទេ បើយើងមើលនៅក្នុងបច្ចុប្បន្នភាពនៃឋានៈសង្គម ដូចខ្ញុំបានរៀបរាប់ឡើង ។ បានន័យថា ឋានៈនីមួយៗហ្នឹង គឺហាក់ដូចជាមានកន្លែងដែលសង្គមហ្នឹងរៀបចំឲ្យស្រេចអ៊ីចឹង គឺថាអ្នកណានៅត្រង់ណា គឺនៅត្រង់ហ្នឹង គ្រានតែប៉ុណ្ណឹងទេ បើថា ឲ្យគ្រោះថ្នាក់សង្គមអី វាមិនគ្រោះថ្នាក់អីទេ គ្រាន់តែថាវានៅមានការបែងចែកនូវឋានៈធនធានមនុស្សអ៊ីចឹងទៅ ។ ជាទូទៅ ឋានៈនេះ ខ្ញុំមើលទៅនៅស្រុកគេដទៃ ក៏គេមានដែរ មិនអត់ទេ កូនអ្នកមាន គេទៅរកសាលាល្អទៅ អ្នកមធ្យមទៅរកសាលាល្មមអ៊ីចឹងទៅ ក៏ប៉ុន្តែគ្រាន់តែថា នៅស្រុកយើងនេះ ដោយសារតែយើងមានជាប្រពៃណីមួយ ដែលគម្លាតរវាងអ្នកមាន អ្នកក្រហ្នឹង វាឆ្ងាយទៅៗ អ៊ីចឹងវាធ្វើឲ្យអ្នកដែលនៅខាងក្រោមហ្នឹង បាត់បង់ឱកាសនៅក្នុងការឡើងទៅទទួលបញ្ចេញនូវសមត្ថភាពរបស់ខ្លួន ក្នុងការគ្រប់គ្រងរដ្ឋ ឬក៏ធ្វើការនៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋអីអ៊ីចឹងទេ ប៉ុណ្ណឹងទេ ។ យ៉ាងណា  មិនមែនបានន័យថា កូនអ្នកក្រ រៀនមិនពូកែទេ នៅមានកូនអ្នកក្រខ្លះ គ្នារៀនពូកែ ដូចយើងឃើញស្រាប់ហើយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ។ ប្រលងបាក់ឌុប ឆ្នាំនេះ ក៏មានបង្ហាញនូវលទ្ធផលរបស់កូនអ្នកក្រ ដែលរៀនពូកែដែរ ហើយខ្ញុំឃើញរដ្ឋក៏ដុតដៃដុតជើង ក្នុងការជួយដែរ ក៏ប៉ុន្តែខ្ញុំចង់ឃើញការជួយផ្ដល់អាហារូបករណ៍ដល់អ្នកក្រីក្រហ្នឹង សុំកុំឲ្យគិតតែត្រឹមឲ្យសាលាឯកជននានាជួយផ្ដល់កន្លែងឲ្យរៀន ប៉ុន្តែសុំផ្ដល់ឲ្យបានគ្រប់ជ្រុងជ្រោយផង ព្រោះបើកាលណានិយាយពីអាហារូបករណ៍ វាត្រូវសរុបទាំងថ្លៃសាលា ទាំងកន្លែងស្នាក់នៅ ទាំងម្ហូបអាហារផងដែរ ការធ្វើដំណើរផ្សេងៗ ជាកញ្ចប់អ៊ីចឹងទៅ កុំឲ្យគ្រាន់តែបញ្ជូនឈ្មោះមក ហើយឲ្យសាលាហ្នឹងឲ្យទទួលឲ្យចូលរៀន ប៉ុន្តែមិនមានមធ្យោបាយ សូម្បីតែរកសាំងចាក់ម៉ូតូអីទៅមកជិះពីផ្ទះ ទៅលេងផ្ទះថ្ងៃចុងអាទិត្យហ្នឹង ក៏អត់មានលុយទៅផង ។ អ៊ីចឹងធ្វើឲ្យគ្នាពិបាក ដល់ពិបាកទៅ រៀនបានតែបីបួនខែទៅ ក៏សុំឈប់ទៅវិញ ឬក៏រៀនបាន១ឆ្នាំជាង ក៏សុំឈប់ទៅ ទៅណាទៅណីបាត់អស់អ៊ីចឹង“ ។

ជាមួយគ្នានោះដែរ លោកសេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត និងជាអ្នកវិភាគនយោបាយ-សង្គម បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃដដែលនោះថា ជាទូទៅ មានភ័ស្តុតាងជាច្រើន បានបង្ហាញថា សង្គមកម្ពុជា នាពេលបច្ចុប្បន្ន មានការផ្ទេរអំណាចពីឪពុកទៅកូន ពីគ្រួសារទៅអ្នកបន្តវេន មានលក្ខណៈទូលំទូលាយ ហើយបានឲ្យពិភពលោក និងមនុស្សទូទៅ មើលឃើញច្បាស់ថា កម្ពុជា កំពុងតែបែងចែកវណ្ណៈនៅក្នុងឋានៈជាមនុស្សដែលមានកិត្តិយស និងមានអំណាចនៅក្នុងត្រកូលអភិជន និងប្រជាពលរដ្ឋដែលមិនមានឥទ្ធិពល ឬក៏មិនមានអំណាច ដែលជាប្រជាពលរដ្ឋសាមញ្ញធម្មតា ឬក៏អ្នកដែលមានជីវភាពសមរម្យ និងក្រីក្រ ។

លោកសេក សុជាតិ បានមានប្រសាសន៍ថា “បាទ! ជាទូទៅ យើងដឹងហើយថា នៅក្នុងសង្គមរបស់យើង  ក្នុងរយៈពេល ១ទសវត្សរ៍ជាងកន្លងមកនេះ ហាក់បីដូចជាបានបង្កើតនូវវប្បធម៌បក្ខពួក គ្រួសារ ហើយនិងបង្កើតឲ្យមានបញ្ហាមួយចំនួន ដែលប្រជាពលរដ្ឋមើលឃើញថា ការរៀបចំបែបនេះ គឺវាមិនល្អទេ សម្រាប់ដំណើរការនៅក្នុងការអភិវឌ្ឍសង្គម តាមរយៈការទទួលបានតួនាទីស្នូល មានការធ្វើសេចក្ដីសម្រេចចិត្តធំៗ សម្រាប់ផលប្រយោជន៍រួមរបស់សង្គម ហើយនិងប្រទេសជាតិ ។ ជាទូទៅ វាមានភ័ស្តុតាងជាច្រើន ដែលបានបង្ហាញថា សង្គមរបស់យើង នាពេលបច្ចុប្បន្ន គឺមានការផ្ទេរអំណាចពីឪពុកទៅកូន ពីគ្រួសារទៅអ្នកបន្តវេនហ្នឹងវាមានលក្ខណៈទូលំទូលាយ ហើយបានឲ្យពិភពលោក ហើយនិងមនុស្សទូទៅមើលឃើញច្បាស់ ដែលថា កម្ពុជា កំពុងតែបែងចែកវណ្ណៈនៅក្នុងឋានៈជាមនុស្សដែលមានកិត្តិយស និងមានអំណាចនៅក្នុងត្រកូលអភិជន ហើយនិងប្រជាពលរដ្ឋដែលមិនមានឥទ្ធិពល ឬក៏មិនមានអំណាច ដែលជាប្រជាពលរដ្ឋសាមញ្ញធម្មតា ឬក៏អ្នកដែលមានជីវភាពសមរម្យ ហើយនិងក្រីក្រ“ ។

លោកសេក សុជាតិ បានមានប្រសាសន៍បន្តថា “ដូច្នេះយើងឃើញថា នាពេលបច្ចុប្បន្ននេះ គឺជាទឡ្ហីករណ៍មួយ ដែលធ្វើឲ្យយើងអាចវាស់វែងថា បញ្ហាទាំងអស់នេះ ហាក់បីដូចជាការពិតដែលកំពុងតែកើតមាននៅក្នុងសង្គមរបស់យើង ដែលរាល់តួនាទីធំៗ ហើយនិងការធ្វើសេចក្ដីសម្រេចចិត្តនៅក្នុងការតែងតាំង ឬក៏ផ្ដល់តួនាទីទៅដល់អ្នកជំនាន់ថ្មីហ្នឹង គឺហាក់បីដូចជាមិនធ្វើដោយមានតម្លាភាព មានយុត្តិធម៌ត្រឹមត្រូវនោះទេ ហើយកត្តាទាំងអស់នេះ ក៏វាអាចនឹងធ្វើឲ្យមានការថ្នាំងថ្នាក់ពីមនុស្សជាច្រើនផ្សេងទៀត បើសិនជាក្នុងករណីអ្នកដែលទទួលបានឥទ្ធិពលនិងអំណាចទាំងអស់នោះ ប្រើប្រាស់លើសពីដែនកំណត់នៃច្បាប់ ឬក៏ប្រព្រឹត្តលើសពីអ្វីដែលជាតួនាទី កាតព្វកិច្ចរបស់គាត់ ហើយបើកាលណាពួកគាត់ធ្វើបានល្អ ហើយផ្ដល់ឱកាសឲ្យមនុស្សដទៃអាចធ្វើការបញ្ចេញមតិ ស្របទៅតាមសិទ្ធិ ហើយនិងទម្លាប់ដែលមាននៅក្នុងរដ្ឋធម្មនុញ្ញ ហើយនិងមុនឆ្នាំ២០១៧ មានន័យថា បើកសេរីភាពឲ្យបានទូលាយ ហើយធ្វើការប្រកួតប្រជែងគ្នា ដោយស្មើមុខស្មើមាត់ តាមរយៈការបោះឆ្នោត អានោះទើបអាចធានាបាននូវការអនុវត្តមួយប្រកបដោយប្រជាធិបតេយ្យ»។លោកសេក សុជាតិ បន្តទៀតថា «ហើយបើសិនជានៅក្នុងស្ថានភាពមិនល្អ ហើយរៀបចំឲ្យមានបញ្ហាការបែងចែកវណ្ណៈបែបនេះ គឺវាមិនអាចដោះស្រាយបញ្ហាធំៗជូនសង្គមបានទេ ហើយជាពិសេសយើងបានដឹងហើយថា នាពេលបច្ចុប្បន្ននេះ រូបភាពគឺបានឆ្លុះបញ្ចាំង ហើយនិងធ្វើឲ្យយើងមើលឃើញផ្ទាល់ ថាកម្ពុជា តែរៀបចំឲ្យមានការបែងចែកវណ្ណៈរវាងគ្រួសារអភិជន ហើយនិងគ្រួសារដែលមានជីវភាពក្រីក្រធ្ងន់ ដែលត្រូវយកមកធ្វើជាមូលដ្ឋាននៅក្នុងការពិចារណា ហើយធ្វើកំណែទម្រង់ ធ្វើយ៉ាងណាក៏ដោយ ដើម្បីឲ្យវាស្របទៅនឹងរដ្ឋធម្មនុញ្ញ ដែលបានបែងចែងអំពីសិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗ គឺស្មើភាពគ្នានៅចំពោះមុខច្បាប់ ។ ដូច្នេះរាល់ការប្រកួតប្រជែង រាល់ការចាត់តាំង តែងតាំងទាំងអស់ គួរតែធ្វើដោយឈរទៅលើគោលការណ៍យុត្តិធម៌ តម្លាភាព ហើយមានសុចរិតភាព គ្មានអំពើពុករលួយ គ្មានបក្ខពួកនិយម គ្មានគ្រួសារនិយមអីអ៊ីចឹងជាដើម“ ៕ កុលបុត្រ

RELATED ARTICLES