ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រទះឃើញសត្វផ្សោត ១ក្បាល ស្លាប់អណ្តែតមកទើច្រាំងទន្លេ ត្រង់ចំណុចឃុំព្រែកសហគមន៍នេសាទ៣ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ទើបប្រញាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន និងរាយការណ៍បន្តមកជំនាញខណ្ឌរដ្ឋបាលជលផលខេត្ត ព្រមទាំងកម្លាំងជំនាញអភិរក្សសត្វផ្សោត រកមូលហេតុ។
លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងពីពលរដ្ឋថាបានប្រទះ ឃើញសត្វផ្សោត ១ក្បាល ស្លាប់អណ្តែតទឹក រូបលោកបានចាត់ឱ្យជំនាញក្រោមឱវាទ ចុះទៅពិនិត្យមើលដោយផ្ទាល់ និងស្រង់ដាក់លើគោកមាត់ច្រាំង រួចរាយការណ៍ បន្តទៅកម្លាំងជលផលខេត្ត។
យោងតាមរបាយការណ៍របស់លោកសឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម បានបញ្ជាក់ថា នៅ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានទទួលព័ត៌មានពីលោកតាន់ សុមេធវឌ្ឍនៈ នាយរងខណ្ឌរដ្ឋបាលជលផលក្រចេះ ថាប្រជានេសាទ ប្រទះឃើញសាកសពផ្សោត ចំនួនមួយក្បាល បានរសាត់អណ្តែតតាមទឹកដងទន្លេមេគង្គ ចុះតាមខ្សែទឹកហូរត្រង់ចំណុចកោះផល ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ និងបានសំណូមពរស្នើសុំសហការតាមដាននិងរក្សាទុក បើរកឃើញ។ ក្រោយពីទទួលបានព័ត៌មានថ្នាក់ដឹកនាំខណ្ឌ បានដឹកនាំក្រុមការងារខណ្ឌជលផលកំពង់ចាម ចុះស្រាវជ្រាវតាមដងទន្លេ ក្នុងភូមិសា ស្ត្រស្រុកស្ទឹងត្រង់ លុះវេលាម៉ោង ៦និង៣០នាទីល្ងាច ក្រុមការងារបានទទួលដំណឹងថា បានឃើញសាកសពផ្សោត ដូចរាយការណ៍ខាងលើ អណ្តែតតាមដងទន្លេមេគង្គ មកទើរត្រង់ចំណុចភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម រួចក៏បានចុះស្រង់យកមករក្សាទុកនៅមាត់ច្រាំងទន្លេ រួចរាយការណ៍ទៅក្រុមការ ងារអភិរក្សសត្វផ្សោត ដើម្បីចុះមកពិនិត្យ និងយកសំណាក់ទៅវិភាគ។
ជាលទ្ធផលឃើញថា ផ្សោតដែលស្លាប់នេះ ជាប្រភេទផ្សោតញី មានទម្ងន់១១៥គីឡូក្រាម និងប្រវែង២,៣៥ម៉ែត្រ។
ជំនាញជលផលខេត្ត បានបញ្ជាក់ថា សត្វផ្សោតញីដែលស្លាប់នេះ ត្រូវបានយកសំណាកទៅវិភាគនៅអង្គការ WWF ស្ថិតនៅខេត្តក្រចេះ ហើយសពសត្វផ្សោតនេះ ត្រូវបានបញ្ចុះនៅមាត់ច្រាំងទន្លេ ឃុំព្រែកបាក់ ស្រុកស្ទឹង ត្រង់៕