ភ្នំពេញ៖តារាកូន២ឱក សុគន្ធកញ្ញា បានធ្វើតេស្ដអ្នកគាំទ្ររបស់ខ្លួន ជាថ្មីម្ដងទៀតនូវការចង់ច្រៀងសម្ដែងSolo Concert ជាលើកទី២ បន្ទាប់ពីការច្រៀងលើកទី១ ចំគម្រប់ខួប៣៨ឆ្នាំ កាលពីថ្ងៃទី១៤ ខែកញ្ញា ដែលនាងច្រៀងម្នាក់ឯងជាង៣០បទនោះ ប្អូនថ្លៃអ្នកឧកញ៉ាអ៊ឹង ឆៃងួន ថៅកែហង្សមាសចាត់ទុកថាជាការជោគជ័យរបស់ខ្លួន។ទោះជាយ៉ាងណាតាមរយៈការធ្វើតេស្ដជាថ្មីសុគន្ធកញ្ញា មានអ្នកចូលទៅខមិនគាំទ្រតិចជាងលើកមុន ដែលបញ្ហានេះគេជឿថាអាចនឹងធ្វើឲ្យនាងរារែកចិត្ត ព្រោះខ្លាចសន្ទុះនៃការជ្រួលជ្រើមទៅមើលនាងច្រៀងម្នាក់ឯងជាលើកទី២ មានសន្ទុះតិចជាងលើកទី១។ប៉ុន្ដែសុគន្ធកញ្ញា មិនទាន់ប្រាប់ពីថ្ងៃនាងត្រូវកំណត់ច្រៀងSolo Concert លើកទី២នោះថាគ្រោងធ្វើនៅថ្ងៃណា និងទីតាំងកន្លែងណាឡើយ ព្រោះស្ថិតក្នុងតំណាក់កាលស្ទាបស្ទង់ ឬធ្វើតេស្ដទៅអ្នកគាំទ្ររបស់ខ្លួនប៉ុណ្ណោះ បើទោះជាហង្សមាសបានជូនដំណឹងនៃការត្រៀមច្រៀងម្នាក់ឯងរបស់កញ្ញា នេះទៅកាន់អ្នកគាំទ្ររបស់មខ្លួនហើយក្ដី ។
ទោះជាយ៉ាងណាគេកត់សម្គាល់ថាកាដែលឱក សុគន្ធកញ្ញា រៀបគម្រោងធ្វើSolo Concert នេះអាចនឹងទៅរួចឲ្យតែមានការគាំទ្រពីស្វាមីនាងលោកអ៊ឹង សុខលី ដែលជាអ្នករៀបចំគ្រប់គ្រងការប្រគុំតន្រ្ដីនោះ ជាមួយថៅកែហង្សមាសអ្នកឧកញ៉ាអ៊ឹង ឆៃងួន ដូចលើកទី១ ហើយគេជឿថានាងច្រៀងម្នាក់ឯងលើកដំបូងនោះអាចរកឃើញប្រាក់ចំណេញទើបឈានមកធ្វើលើកទី២នេះ។តែក៍មានការលើកឡើងដែរថាសុគន្ធកញ្ញា តាំងពីមានប្ដីជាង៥ឆ្នាំមកនេះ នាងគ្មានបទល្បីៗ និងផ្ទុះដូចមុនទេ ហេតុនេះគួរតែប្រឹងចេញបទថ្មីៗបុកលើទីផ្សារជាមុនសិន ថានៅតែអាចច្រៀងផ្ទុះក្រោយមានកូន២នេះទៀត ទើបឈានទៅផ្ដោតលើSolo Concert រដូវកាលទី២ ។ប៉ុន្ដែបើនាងគ្មានបទថ្មីល្បីៗ ហើយច្រៀងConcert ធំនោះម្នាក់ឯងសុទ្ធតែបទចាស់ៗទាំងអស់ទៀត ច្បាស់ជាគេចមិនផុតពីគេថានាងច្រៀងបទដដែលៗដូចច្រៀងលើកទី១ ជាមិនខាន ដែលពេលនោះអ្នកខ្លះធ្លាប់បានស្ដាប់និងឃើញហើយអាចនឹងមិនទៅចូលរួម ។
មជ្ឈដ្ឋានមហាជនបានលើកឡើងថាឱក សុគន្ធកញ្ញា ក្រៅពីធ្វើតេស្ដទៅលើអ្នកគាំទ្ររបស់ខ្លួន រឿងច្រៀងSolo Concert ជាលើកទី២ នោះនាងក៍អាចស្ទាបស្ទង់ទៅលើតារាផ្សេងៗទៀតដែរថាអំឡុងពេលដែលនាងត្រៀមខ្លួនច្រៀងម្នាក់ឯងជាថ្មីនេះមានតារារូបណាអាចនឹងធ្វើព្រឹត្តិការណ៍នេះមុននាងដែរ ឬអត់?ចំពោះតារាដែលសាកសមច្រៀងSolo Concert មានដូចជាលោកព្រាប សុវត្ថិ ,មាស សុខសោភា ,ពេជ្រ សោភា និងលោកខេមរៈ សិរីមន្ដ ជាដើម ព្រោះពួកគេមានFan ជាច្រើនក្នុងដៃ ។ប៉ុន្ដែក្នុងចំណោមតារាល្បីៗទាំង នោះអ្នកគួរតែច្រៀង Solo Concert មុនឱក សុគន្ធកញ្ញា ទៅទៀតនោះគឺលោកព្រាប សុវត្ថិ ព្រោះកំពូលតារាចម្រៀងរូបនេះមានបទល្បីៗជាង៣ពាន់បទនៅហង្សមាស ។តែនៅឆ្នាំ២០២៤ នេះគេមិនទាន់មានដំណឹងថាលោកព្រាប សុវត្ថិ រៀបគម្រោងច្រៀងConcert ១តែម្នាក់ឯងនោះនៅពេលណាឡើយ ព្រោះតែមានមានការលើកឡើងថាប្រសិនបើពឹងលើGalaxy រៀបចំSolo Concert ឲ្យលោកសុវត្ថិ ច្រៀងបទល្បីៗនៅហង្សមាសឡើងវិញនោះគឺប្រាកដជាមិនអាចទៅរួចឡើយ ប៉ុន្ដែបើមានខាងSponsor ជាអ្នករ៉ាប់រងព្រឹត្តិការណ៍នោះលោកសុវត្ថិ អាចធ្វើបាន១០០% ។
គេកត់សម្គាល់ថាឱក សុគន្ធកញ្ញា ព្យាយាមស្ដារទីផ្សារចម្រៀងរបស់ខ្លួនឡើងវិញនៅឆ្នាំ២០២៤ ក្រោយនាងមានកូនប្រុស២ ដែលមើលទៅបទចម្រៀងនាងលែងសូវល្បីល្បាញខ្លាំងដូចកាលនៅលីវ ហើយប្រសិនបើនាងអាចធ្វើទៅបានមែន នោះមានន័យថាកញ្ញា ជាតារាទី១នៅខ្មែរដែលមានប្ដីនិងកូនហើយនៅតែល្បីដូចកាលនៅក្រមុំ ព្រោះតារាភាគច្រើនឲ្យតែមានស្វាមីនិងកូនលែងឡើងទៀតហើយ ព្រមទាំងមិនអាចទប់លំនឹងបានទៀតផង ។ប៉ុន្ដែអ្នកជំនាញសិល្បៈលើកឡើងថាឱក សុគន្ធកញ្ញា ល្បីថែមទៀត ឬធ្លាក់ហៅលែងឭគឺស្ថិតនៅលើហង្សមាសជាអ្នកកំណត់ ខណៈដែលអ្នកស្រីអ៊ិន ថាច ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាគាត់គ្មានការព្រួយបារម្ភថាខ្លាចកូនស្រីមានប្ដីទៅលែងល្បីនោះទេ ព្រោះទស្សនិកជនគាំទ្រតារានៅលើសម្ថភាព មិនមែនរឿងមានប្ដីនិងកូននោះទេ ។
ឱក សុគន្ធកញ្ញា បច្ចុប្បន្នជាតារាមានឥទ្ធិពលជាងគេនៅហង្សមាសហើយតារាវ័យ៣៨ឆ្នាំ រូបនេះត្រូវបានគេចាត់ទុកថានាងជោគជ័យទាំងអាជីពចម្រៀង និងស្នេហា ខណៈដែលកាលពីថ្ងៃទី១៧ វិច្ឆិកា នាងបានធ្វើពិធីជប់លៀងធំខួបកំណើតកូនប្រុសទី១ អ៊ឹង បញ្ញាបុត្រ ហៅឆាលី គម្រប់អាយុ៥ឆ្នាំ ផងដែរ ៕