Tuesday, November 19, 2024
Homeតារាខ្មែរលោកគួច ខេវិន ៖ជួយកុមារភ្លោះ៣នាក់ កំព្រាឪពុកម្ដាយ នៅខេត្តកំពត

លោកគួច ខេវិន ៖ជួយកុមារភ្លោះ៣នាក់ កំព្រាឪពុកម្ដាយ នៅខេត្តកំពត

កំពត៖លោកគួច ខេវិន បានបង្ហាញអារម្មណ៍ក្ដុកក្ដួលអាណិតក្មេងប្រុសភ្លោះ៣នាក់ ដែលរស់នៅអត់ឪពុកម្ដាយរយៈពេល៦ឆ្នាំ មកហើយ និងសព្វថ្ងៃផ្ញើរខ្លួនជាមួយ​យាយតា​របស់​ពួកគេ ហើយ​លោកថានឹងជួយកុមារអភ័ព្វទាំង៣ ទៅតាមលទ្ធភាព ព្រោះលោកបានយល់​យ៉ាង​ច្បាស់​ពីជីវិត​របស់​ពួក​គេដោយសារតែលោកធ្លាប់បានហែលឆ្លង​កាត់សម័យភ្លើងសង្រ្គាម​លោកចាកចោលស្រុកទៅជ្រកកោន​លើដីគេ បាត់បង់ភាពកក់ក្ដៅពីក្រុមគ្រួសារ ទើបលោក​យល់​ថារសជាតិជីវិតក្មេងកំព្រាយ៉ាងណា។

អតីតអគ្គនាយករងទូរទស្សន៍CTN ,SEA TV  និងETV រូបនេះថ្លែងសារ​ទាំងរំជួលចិត្ត​ក្រោយ​ពេលលោកបានជួបក្មេងកំព្រាភ្លោះទាំង៣នាក់ ថា«“ក្រោមមេឃតែមួយវាសនាខុសគ្នា” កូនអ្នកមានស៊ីរើស កូនអ្នកក្ររើសស៊ី អ្នកមានលែងខ្លាចក្រព្រោះគេមានកប់ពពក អ្នកក្រ ក្រ​ហួស​ក៏លែងខ្លាចក្រ ព្រោះកប់អាចន៍ជន្លេន។ ទោះជាយ៉ាងណាកើតមកជាមនុស្សកុំរស់ផ្តេកផ្តួលលើវាសនា តែត្រូវមានឆន្ទៈខ្ពស់រស់​ដើម្បី​សេច​ក្តីសង្ឃឹម តាំងចិត្តតស៊ូយកចំណេះវិជ្ជាកែប្រែវាសនារបស់ខ្លួនតទៅអនាគត។ ខ្ញុំបានជួប​ហើយកូនភ្លោះប្រុស៣នាក់នៅភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្តកំពត ដែលត្រូវឪពុក ម្តាយ​បោះបង់ចោលឱ្យនៅកំព្រាឯកាតាំងតែពីពួកគេកើតបាន៣ខែ ហើយត្រូវបានជីដូនជី​តាបី​បាច់ថែរក្សាយ៉ាងលំបាកលំបិន។ ក្នុងនាមជាខ្មែរដូចគ្នាយើងគួរគប្បីចែក​រំលែកនូវធនធានទៅ​តាមលទ្ធភាពនិងផ្តល់សេចក្តីអាណិតស្រឡាញ់ចំពោះក្មេងកំព្រា ក្រខ្សត់អត់ឪពុកម្តាយថែ​រក្សា​ឱ្យទទួលបាននូវភាពកក់ក្តៅក្នុងជីវិតជាជាងបង្អួតសម្ញែងសម្បត្តិទ្រព្យធន លុយឡាន វីឡារ ឱ្យ​គេ​កោតស្ញប់ស្ញែង។ សម្រាប់រូបខ្ញុំដែលភៀសខ្លួនដោយសារ​សង្គ្រាមចាកចោលស្រុក​ទៅជ្រក​កោនលើដីគេ ធ្លាប់ស្គាល់នូវជីវិតកំព្រាឯកាបាត់បង់ភាពកក់ក្តៅ​តើមានរសជាតិដូច​ម៉្តេចនោះ? ខ្ញុំបានជួយកុមារកូនភ្លោះទាំងបីទៅតាមលទ្ធភាពជាលើកទី១ ហើយសន្យាជួយ​បន្តៗទៅតាម​ស្ថានភាពតទៅមុខទៀត។ សង្ឃឹមថានឹងមានសប្បុរសជននានាជួយឧបត្ថម្ភដល់កុមារដែលកំព្រារងាឯកាទាំង៣នាក់ ដើម្បី​​កុសលផលបុណ្យអនាគតជាតិ » ។

លោកគួច ខេវិន សង្ឃឹមថានឹងមានសប្បុរសជនផ្សេងៗទៀតមានចិត្ត​អាណិតនិងជួយ​ដល់លក្មេងកំព្រាភ្លោះទាំង៣ឲ្យមានពន្លឺជីវិតទៅមុខ ជាជាងការបង្អួតលុយ ឡាន និងវីឡារ ព្រោះ​វប្បធ័មនៃការចែករំលែកនោះហើយធ្វើឲ្យយើងរស់​នៅក្នុងសង្គមមួយមានស្នាម​ញញឹម​ទាំងអស់គ្នា។

 គួរបញ្ជាក់ថាក្មេងកំព្រាភ្លោះទាំង៣នាក់ដែលលោកគួច ខេវិន បានទៅជួប​ផ្ទាល់​នោះរស់នៅភូមិឈើទាល  ឃុំឈូក ស្រុកឈូក ខេត្តកំពត ដែលកូនទី១៖ឈ្មោះជា ,កូនទី២៖​ឈ្មោះហេង និងកូនទី៣៖ឈ្មោះលាភ ពួកគេមានអាយុ៦ឆ្នាំរៀនថ្នាក់ទី១ និងសព្វថ្ងៃរស់​នៅផ្ញើរខ្លួន​ជាមួយ​លោកយាយនិងតា របស់ពួកគេទាំងលំបាក ។ប្រភពបាន​ឲ្យដឹងថា​ក្មេងប្រុសភ្លោះទាំង​៣​នាក់ ត្រូវ​ម្ដាយរត់ចោលតាំងពីពួកគេកើតបានអាយុ៣ខែម្លេះ ខណៈដែលឪពុកគេវិញ​ពេល​នេះកំពុង​ជាប់​ពន្ធនាគារ ៕

RELATED ARTICLES