Tuesday, November 19, 2024
Homeព័ត៌មានជាតិសហការីសម រង្ស៊ី ចុះចូលបក្សទេវតា ក្លាយជាទីប្រឹក្សាសម្ដេចហ៊ុន សែន

សហការីសម រង្ស៊ី ចុះចូលបក្សទេវតា ក្លាយជាទីប្រឹក្សាសម្ដេចហ៊ុន សែន

ភ្នំពេញ ៖ ក្រោយពេលចុះចូលបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ដែលមានរូបសញ្ញាទេវតាបាចផ្កា ឬគណបក្សទេវតា មក លោកសាន សាង អតីតសហការីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ទទួលបានការត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈជាទីប្រឹក្សាសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ដ្រី ។

យោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/១១២៤/១៤៣៦ ចុះថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈលោកសាន សាង ជាទីប្រឹក្សាសម្ដេចហ៊ុនសែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥ មានឋានៈស្មើរដ្ឋមន្រ្តី ។

គួរបញ្ជាក់ថា ព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងនិងផ្ដល់ឋានៈដល់លោកសាន សាង អតីតអនុប្រធាន និងអតីតអ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ នៃអតីតគណបក្សសម រង្ស៊ី ជាទីប្រឹក្សាសម្ដេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដូចខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកសាន សាង បានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (CPP) ជាផ្លូវការ កាលពីដើមឆ្នាំ២០២៤ ។

នៅក្នុងលិខិតចុះថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ លោកសាន សាង អតីតអ្នកតំណាងរាស្រ្តមណ្ឌលខេត្តតាកែវ និងជាសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ អតីអនុប្រធានគណបក្សសម រង្ស៊ី ខេត្តតាកែវ និងជាអតីតប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ បច្ចុប្បន្នជាអនុប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម គោរពជូនសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងកម្មវត្ថុ «សំណើសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា» លោកសាន សាង បានបញ្ជាក់ជូនសម្ដេចហ៊ុន សែន ថា “ខ្ញុំបាទសូមគោរពជម្រាបជូនសម្ដេចតេជោ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ក្នុងរយៈពេល២៦ឆ្នាំ នៃជីវិតនយោបាយ និងឆ្លងកាត់វ័យជាង៥០ឆ្នាំ កន្លងមកនេះ ខ្ញុំបាទបានមើលឃើញយ៉ាងច្បាស់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមាននយោបាយច្បាស់លាស់ កម្លាំងនយោបាយរឹងមាំ និងគោលនយោបាយវែងឆ្ងាយ ដើម្បីធានាស្ថិរភាពនយោបាយ និងសន្តិភាពជាតិ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការបន្តអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច របស់ប្រទេសកម្ពុជា ឲ្យបានរីកចម្រើនរុងរឿងបន្តទៅមុខ ។  សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំបាទសូមគោរពសម្ដេចតេជោ មេត្តាពិនិត្យនិងអនុញ្ញាតដល់រូបខ្ញុំបាទបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីផ្ដល់ឱកាសដល់រូបខ្ញុំបាទ បានចូលរួមចំណែកបម្រើប្រទេសជាតិ…“។

ជាការកត់សម្គាល់ផងដែរ  ការផ្ដល់ឋានៈដល់លោកសាន សាង ជាទីប្រឹក្សាសម្ដេចហ៊ុនសែន ប្រធានព្រឹទ្ធសភា នេះដែរ គឺបានធ្វើឡើងបន្ទាប់ពីសម្តេចហ៊ុន សែន បានអនុញ្ញាតឲ្យលោកសាន សាង ដែលជាអតីតប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម បច្ចុប្បន្នជាអនុប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម ជ្រើសរើសវត្តខ្មែរ នៅកម្ពុជាក្រោម ដើម្បីទទួលអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដែលផ្តួចផ្តើមដោយសម្តេចហ៊ុន សែន និងភរិយា ហើយទីបំផុត លោកសាន សាង បានជ្រើសយកវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី នៅខេត្តព្រះត្រពាំង (ត្រាវិញ) កម្ពុជាក្រោម ញ៉ាំងឲ្យអង្គកឋិនទានឆ្លងដែនដ៏ធំមិនធ្លាប់មាននេះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ កាលពីដើមខែវិច្ឆិកា កន្លងទៅនេះ៕ កុលបុត្រ

RELATED ARTICLES