ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលកំពុងរស់និរទេសនៅប្រទេសបារាំង បានលើកឡើងថា របបនយោបាយកម្ពុជា ដែលដឹកនាំដោយត្រកូលសម្ដេចហ៊ុន សែន រស់បានដោយសារតែកម្លាំងជនជាតិខ្មែរ នៅក្រៅប្រទេស។ ដូច្នេះរបបនេះ មិនត្រូវក្រអឺតក្រទម មើលស្រាលពីសារៈសំខាន់នៃជនជាតិខ្មែរនៅក្រៅប្រទេស ដែលជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជានោះទេ ។
លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅ១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “មានសញ្ញាកាន់តែច្រើន បង្ហាញថា របបទីក្រុងភ្នំពេញ សព្វថ្ងៃ កំពុងទាល់ច្រក ក្នុងវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖
១- ការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលគេប្រកាសថា មានសារៈសំខាន់ជាទីបំផុត ដោយសារមានភ្ជាប់កិត្តិយសលោកហ៊ុន សែន ក្នុងគម្រោងនេះ ត្រូវបញ្ឈប់ដោយខ្វះថវិកា។ ម្តងគេថាប្រទេសចិន ជាអ្នកផ្តល់ថវិកា ដើម្បីជីកព្រែកនេះ ម្តងទៀតគេថា ត្រូវរកថវិកាពីក្នុងស្រុកទៅវិញ។ តាមការពិត ពីប្រទេសចិន ក៏អត់ ពីក្នុងស្រុក ក៏អត់។
២- ដោយសារតែរបបត្រកូលហ៊ុន ខ្វះថវិកាដើម្បីបើកប្រាក់ខែ ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ទើបពួកគេសម្រេចបោះពុម្ពក្រដាសប្រាក់ថ្មី ២០ម៉ឺនរៀល ចំនួនសរុប ជាងមួយពាន់លានដុល្លារ តែលុយនេះជាលុយខ្យល់ គ្មានផ្អែកលើផលិតផលណាមួយដែលមានតម្លៃឡើយ ហើយវានឹងធ្វើឲ្យទំនិញឡើងថ្លៃកាន់តែខ្លាំង (អតិផរណា)។
៣- ដោយសាររដ្ឋអំណាចត្រកូលហ៊ុន សែន រកលុយពីណាក៏អត់ ពីណាក៏អត់ ពួកគេចាប់ផ្តើមជំរិតពួកឧកញ៉ាគ្នាគេមួយចំនួន ដែលមានលុយច្រើន ដោយសារបានប្រព្រឹត្តអំពើពុករលួយ ដោយយកឈ្មោះហ៊ុន សែន ទៅប្រើ ហើយបង្វែរលុយមួយចំនួន ដែលបានមកពីការបោកបញ្ឆោតប្រជារាស្ត្រ ឲ្យទៅលោកហ៊ុន សែន និងក្រុមគ្រួសារគាត់។ ដោយសារនិយាយគ្នាមិនត្រូវ ពីការបែងចែកលុយនេះ ហើយដោយសារមានការសង្ស័យពីស្វាមីភក្តិ នៃអ្នកដែលយកឈ្មោះហ៊ុន សែន ទៅប្រើនោះ ពួកឧកញ៉ាមួយចំនួន ត្រូវបានក្រុមគ្រួសារហ៊ុន សែន ជំរិតយកលុយទាំងអស់ ដែលបានមកពីការរកស៊ីខិលខូច។
៤- ប្រជាពលរដ្ឋប្រមាណ ៩០ភាគរយ ទូទាំងប្រទេស គ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយទាំងអស់ កំពុងតែជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ស្ទើរតែដាច់បាយ ដោយសារប្រាក់ចំណូលកាន់តែធ្លាក់ចុះ។ ស្ថានការណ៍បែបនេះ បង្ហាញពីបរាជ័យនៃនយោបាយសេដ្ឋកិច្ច ផ្តួចផ្តើមនិងអនុវត្តដោយត្រកូលហ៊ុន។ ប្រជាពលរដ្ឋខ្មែរ ដែលជួបការលំបាកកាន់តែធ្ងន់ទៅៗ ច្បាស់ជាដាច់ពោះតែម្តង បើគ្មានបងប្អូន សាច់ឈាម និងមិត្តភក្តិ ផ្ញើថវិកា មួយខែៗរាប់រយលាយដុល្លារ ពីក្រៅប្រទេស មកជួយទ្រទ្រង់ជីវភាពអ្នករស់នៅក្នុងស្រុក។ ប្រភពថវិកាច្រើនជាងគេ ដែលផ្ញើពីក្រៅប្រទេស គឺបានមកពីប្រទេសថៃ ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក ប្រទេសកាណាដា ទ្វីបអឺរ៉ុប និងទ្វីបអូសេអានី ដែលមានប្រទេសអូស្រ្តាលី និងប្រទេសញូវហ្សេលែន ជាដើម។
ជាសន្និដ្ឋាន របបនយោបាយដឹកនាំដោយត្រកូលហ៊ុន សែន នេះ រស់បានដោយសារតែកម្លាំងជនជាតិខ្មែរ នៅក្រៅប្រទេស។ របបនេះ មិនត្រូវក្រអឺតក្រទម មើលស្រាលពីសារៈសំខាន់នៃជនជាតិខ្មែរនៅក្រៅប្រទេស ដែលជួយទ្រទ្រង់សេដ្ឋកិច្ចប្រទេសកម្ពុជា ហើយដែលស្អប់ខ្ពើមរបបត្រកូលហ៊ុន សែន ជាទីបំផុត“ ។
ស្របនឹងការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា បើសិនជាពឹងតែការងារនៅក្នុងស្រុក ប្រាកដជាប្រជាពលរដ្ឋរស់ដោយវេទនាហើយ ។ ដូច្នេះកម្លាំងនយោបាយកម្ពុជា រស់ដោយសារកម្លាំងជនជាតិខ្មែរដែលនៅក្រៅប្រទេស ដែលផ្ញើលុយទៅស្រុកវិញហ្នឹងឯង ។
លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! លោកសម រង្ស៊ី និយាយហ្នឹងត្រូវហើយ ព្រោះដោយសារខ្មែរយើងនៅក្រៅស្រុកហ្នឹង ផ្ញើលុយទៅស្រុកខ្មែរ ទៅដល់បងប្អូន ទៅដល់ក្រុមគ្រួសារនៅស្រុកខ្មែរហ្នឹងហើយ ដែលបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ មួយចំនួនបានធូរធារហ្នឹង ។ បើសិនជាពឹងតែការងារនៅក្នុងស្រុកហ្នឹង ប្រាកដជាប្រជាពលរដ្ឋរស់ដោយវេទនាហើយ ព្រោះយើងដឹងហើយ អ្នកដែលធ្វើការនៅថៃ កម្មករប្រហែលជា ៣លាននាក់ហើយ ហើយនៅកូរ៉េ រាប់ម៉ឺននាក់ទៀត នៅជប៉ុន នៅអីទៀត ឃើញទេ? ដូច្នេះពួកគេបានផ្ញើលុយជាច្រើនទៅដល់បងប្អូន ក្រុមគ្រួសារនៅកម្ពុជា ។ ដូច្នេះកម្លាំងនយោបាយកម្ពុជាហ្នឹង រស់ដោយសារកម្លាំងជនជាតិខ្មែរដែលនៅក្រៅប្រទេស ដែលផ្ញើលុយទៅស្រុកវិញហ្នឹងឯង“ ។
ជុំវិញការលើកឡើងរបស់លោកសម រង្ស៊ី និងលោកអ៊ុំ សំអាន អតីតថ្នាក់ដឹកនាំនៃអតីតបក្សប្រឆាំង ខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំប្រតិកម្មឆ្លើយតបពីលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (គណបក្សកាន់អំណាច) បានទេ កាលពីម្សិលមិញ ៕ កុលបុត្រ