ភ្នំពេញ ៖ វិវាទពាក្យសម្តីរវាងតារាសម្តែងស្រីជើងចាស់ អតីតប្រធានសមាគមសិល្បករខ្មែរ លោកស្រី ចន ច័ន្ទលក្ខិណា និងតារាចម្រៀងស្រី និងជាម្ចាស់ហាងកែសម្ផស្ស ឈ្មោះទិត្យ សុធារី បានចាប់ផ្តើមកើនកម្តៅឡើងសាជាថ្មី ក្រោយពិធីបុណ្យអុំទូក បានបញ្ចប់ គូវិវាទបានលើកយកឈ្មោះទូកង “ពស់វែកមានជ័យ” មកធ្វើជាប្រធានបទផ្លោងសម្តីដៀមដាមគ្នាទៅវិញទៅមក។
គួរបញ្ជាក់ថា កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ តារាចម្រៀង ទិត្យ សុធារី បានស៊ែររូបភាពទូកង ១ ឈ្មោះ “ពស់វែកមានជ័យ” ដែលបង្ហោះដោយគណនីហ្វេសប៊ុក ឈ្មោះ «Chin Socheat – សុជាតិ» ដែលម្ចាស់គណនីហ្វេសប៊ុកនេះ បានសរសេរខ្លីថា “ពស់វែកមានជ័យ បារមី…”។
បន្ថែមលើការបង្ហោះរូបភាពនិងសំណេរខាងលើ ម្ចាស់គណនីហ្វេសប៊ុក ដដែល បានបញ្ជាក់ថា “រូបនេះមិនមានក្នុងន័យចំអកលេងសើចចំពោះទូកមួយនេះទេ គ្រាន់តែថា ទូកដែលមានឈ្មោះប្លែក តែងតែធ្វើឱ្យគេចាប់អារ ម្មណ៍ច្រើន។ ទូកនេះ ខ្ញុំបានថតឆ្នាំមុន ហើយក៏នឹកឃើញមកផុសម្តងទៀត។ ម៉្យាងវិញទៀត សង្ឃឹមថា ឆ្នាំ ក្រោយ នឹងឃើញគាត់មានវត្តមានម្តងទៀត…”។
ជាមួយការស៊ែររូបភាពទូកខាងលើនេះ តារាចម្រៀង ទិត្យ សុធារី បានសរសេរខ្លីថា “ពស់វែកមានជ័យ បារមីលាបពណ៌ គ្នីគ្នាយាយពីដូចគ្នា ប៉ិនណាស់ខាងបង្កាច់បង្ខូចគេ ក្រុមពស់វែក Copy ពីគេទេ…”។
ក្រោយពីបានឃើញរូបភាពនិងសំណេរចាក់ដោតរបស់តារាចម្រៀង ទិត្យ សុធារី ខាងលើភ្លាម នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី ចន ច័ន្ទលក្ខិណា បានស៊ែររូបទូកង ឈ្មោះ “ពស់វែកមានជ័យ” ដដែលនោះ ភ្ជាប់ជាមួយសំណេរឆ្លើយតបទៅកាន់តារាចម្រៀង ទិត្យ សុធារី ថា “ពស់វែកមានជ័យ បារមីស្រីឆក់ប្តីបងធម៌! យី! សុទ្ធតែស៊ែរដៀមដាមថា ឯងលាបពណ៌វា លាបពណ៌ម៉េច បើប្រពន្ធដើមគេ ជាអ្នកចេញមុខមកបកអាក្រាតឆ្កែញីពាក់ស្បែកចៀមឯងហ្នឹង? យើងអត់ចេះបង្កាច់បង្ខូចអ្នកណាទេ យើងនិយាយតែរឿងពិត ព្រោះប្រពន្ធដើមគេ អ្នកប្រាប់យើងផ្ទាល់ មានឆាត មានរូប មានសំឡេង សូម្បីប្តីអាគាំងអ្ហែង ក៏ខ្ញុំមានរូបថតដែរ ហើយប្តីគេដែលអ្ហែងយកបច្ចុប្បន្ន ក៏ខ្ញុំស្គាល់មុខ ស្គាល់អាខោនប្រពន្ធដើមគេដែរ អ្ហែងថោកទាបណាស់ ប្តីប្រពន្ធគេរស់នៅជាមួយគ្នារាល់ថ្ងៃ អ្ហែងនៅហ៊ានបំពាន អួតគេថាប្តីខ្លួនឯងពេញសិទ្ធិ អ្ហែងលាបពណ៌ខ្លួនឯងសោះ មកចោទគេ អ្ហែងអត់ចោលសន្តានតារាខូចមាត់ទេ ជំនាញអ្ហែងគឺនិយាយដើមគេ ចាក់រុកគេ ច្រណែនឈ្នានីសគេ មើលងាយគេ ទើសគេ ជេរគេ និងយកប្តីគេ…”។
គួររំលឹកថា តារាសម្តែងជើងចាស់ ជាអតីតប្រធានសមាគមសិល្បករខ្មែរ លោកស្រី ចន ច័ន្ទលក្ខិណា បានផ្ទុះប្រតិកម្មខឹងសម្បា និងព្រមានប្តឹងតារាចម្រៀងស្រី និងជាម្ចាស់ហាងកែសម្ផស្សឈ្មោះទិត្យ សុធារី បន្ទាប់ពីបានប៉ះពារពាក្យសម្តីគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក រហូតត្រូវបានតារាចម្រៀងរូបនោះ ហៅលោកស្រីថា ជំទាវអវិជ្ជា ប្រហោងក្នុង ធ្លាក់តំណែង។
ជុំវិញវិវាទប៉ះទង្គិចពាក្យសម្តីគ្នា រវាងតារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា និងតារាចម្រៀង ទិត្យ សុធារី ខាងលើនេះ “នគរធំ” មិនអាចសុំយោបល់បន្ថែមពីតារាទាំងពីរបានទេ កាលពីល្ងាចម្សិលមិញ៕