Wednesday, November 20, 2024
Homeព័ត៌មានជាតិសម រង្ស៊ី ប្រាប់សម្តេចហ៊ុន សែន ក្បាលម៉ាស៊ីនចលនាជាតិតស៊ូ បង្កប់ក្នុងជួរបក្សកាន់អំណាច

សម រង្ស៊ី ប្រាប់សម្តេចហ៊ុន សែន ក្បាលម៉ាស៊ីនចលនាជាតិតស៊ូ បង្កប់ក្នុងជួរបក្សកាន់អំណាច

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានប្រកាសថា ចលនាជាតិតស៊ូ ដែលលោកបានបង្កើតឡើង នឹងយកគំរូតាមបង់ក្លាដែស គឺប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ងើបឡើងប្រឆាំងនឹងមេដឹកនាំផ្ដាច់ការ ទម្លាក់នាយករដ្ឋមន្រី្ត ។ ជាមួយនេះ មេចលនាជាតិតស៊ូនេះ បានប្រាប់ទៅសម្តេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) និងជាប្រធានព្រឹទ្ធសភា ថាក្បាលម៉ាស៊ីនចលនាជាតិតស៊ូរបស់លោក ដែលជាសមាជិកក្រុមប្រឹក្សាជាតិតស៊ូ មានមួយចំនួនបង្កប់ក្នុងជួរគណបក្សកាន់អំណាច ឬនៅក្បែរៗសម្ដេចហ៊ុន សែន តែម្តង។

លោក សម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “ក្បាលម៉ាស៊ីនចលនាជាតិតស៊ូ គឺ “ក្រុមប្រឹក្សាជាតិតស៊ូ”។ ចលនាជាតិតស៊ូ គឺយើងទាំងអស់គ្នា ដែលមានក្រុមប្រឹក្សាជាតិតស៊ូ ជាអ្នកដឹកនាំ។ ហ៊ុន សែន ចង់ដឹងថា អ្នកណាជាសមាជិកក្រុមប្រឹក្សាជាតិតស៊ូ? តែខ្ញុំសូមប្រាប់ហ៊ុន សែន ឯងថា យើងមានក្នុងជួរបក្សប្រជាជន ជាសមាជិក ហើយមាននៅជុំវិញខ្លួនហ៊ុន សែន ក្បែរៗហ៊ុន សែន ដែលជាសមាជិកក្រុមប្រឹក្សាជាតិតស៊ូ“ ។

បន្ថែមលើសំណេរខាងលើនេះ លោកសម រង្ស៊ី បានថ្លែងបញ្ជាក់តាមវីដេអូបង្ហោះក្នុងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃដដែលនោះថា “ក្បាលម៉ាស៊ីនជាតិតស៊ូ គឺក្រុមប្រឹក្សាជាតិតស៊ូ ។ ចលនាជាតិតស៊ូ គឺយើងទាំងអស់គ្នា តែអ្នកដែលធ្វើសេចក្ដីសម្រេច វិភាគស្ថានការណ៍ រៀបចំយុទ្ធសាស្រ្ត គឺក្រុមប្រឹក្សជាតិតស៊ូ ។ ហ៊ុន សែន ចង់ដឹងណាស់ ថានរណាខ្លះក្រុមប្រឹក្សាជាតិតស៊ូ? ទេ! ខ្ញុំអត់ប្រាប់ហ៊ុន សែន ឯងទេ ខ្ញុំអត់ឲ្យហ៊ុន សែន ឯងមានលេសទៅធ្វើបាបអ្នកដែលមានទឹកចិត្តមោះមុត ជំរុញឲ្យមានការផ្លាស់ប្ដូរទេ ។ ខ្ញុំគ្រាន់តែប្រាប់ហ៊ុន សែន ឯងថានៅក្នុងជួរគណបក្សប្រជាជន នៅជុំវិញហ៊ុន សែន ឯងហ្នឹង ក្បែរៗហ៊ុន សែន ឯងហ្នឹង មានសមាជិកក្រុមប្រឹក្សាជាតិតស៊ូ“ ។

លោកសម រង្ស៊ី បានបញ្ជាក់បន្ថែមទៀតថា ចលនាជាតិតស៊ូ យើងអាចយកគំរូតាមប្រទេសបង់ក្លាដែស គឺប្រជាពលរដ្ឋងើបក្រោកឈរឡើង កងកម្លាំងប្រដាប់អាវុធ បែរមកការពារនិងឈរជាមួយប្រជាពលរដ្ឋ ។

លោកសម រង្ស៊ី បានមានប្រសាសន៍បន្តថា “ចលនាជាតិតស៊ូនេះ គឺយើងអាចយកគំរូតាមប្រទេសបង់ក្លាដែស កាលពីខែសីហា នេះ ៣ខែមុននេះ ឃើញប្រជាពលរដ្ឋងើបបះបោរ គ្មាននរណានឹកឃើញទេ ពួកជនផ្ដាច់ការ ចេះតែថាគ្មានហ៊ានទេ ទៅមិនរួចទេ ប្រជាពលរដ្ឋគ្មានហ៊ានងើបឈរទេ អ៊ីចឹងគេជិះជាន់ គេជិះជាន់រាប់សិបឆ្នាំ តែទីបញ្ចប់ស្រាប់តែប្រជាពលរដ្ឋងើបឈរ កងកម្លាំងប្រដាប់អាវុធដែលធ្លាប់តែការពារជនផ្ដាច់ការ គឺបែរមកការពារប្រជាពលរដ្ឋវិញ ថាឈប់ការពារជនផ្ដាច់ការ គឺមកការពារ ហើយឈរខាងប្រជាពលរដ្ឋ ។ ពេលនោះជនផ្ដាច់ការឯកោ“ ។

ទោះបីយ៉ាងណា ជុំវិញការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការយកគំរូតាមបង់ក្លាដែស គ្រាន់តែចង់ញុះញង់ឲ្យអ្នកក្នុងប្រទេស ងើបឡើងបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ហើយជាប់គុកជំនួសខ្លួនដែលដេកសោយសុខនៅក្រៅប្រទេសតែប៉ុណ្ណោះ ។ ម្យ៉ាងវិញទៀត ការដែលថា ក្បាលម៉ាស៊ីនចលនាជាតិតស៊ូរបស់ខ្លួន បង្កប់ក្នុងជួរបក្សកាន់អំណាច ឬនៅក្បែរៗសម្ដេចហ៊ុន សែន នោះ គ្រាន់តែជាការស្រមើស្រមៃ និងជាការញុះញង់ឲ្យគណបក្សប្រជាជនកម្ពុជា បែកបាក់ផ្ទៃក្នុងតែប៉ុណ្ណោះ ប៉ុន្តែកន្លងមក រហូតដល់ពេលនេះ ទោះញុះញង់យ៉ាងណាក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា  គ្មានថ្ងៃបែកបាក់ផ្ទៃក្នុងនោះទេ គឺមានតែរឹងមាំឡើង ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “រឿងក្រុមឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយទណ្ឌិតសម រង្ស៊ី ឲ្យតែមានប្រទេសណាមានសភាពការណ៍អីមក នឹងអាលវាយកខ្លួនហ្នឹងមកប្រៀបធៀបជាមួយប្រទេសគេ ។ បង់ក្លាដែស ហ្នឹងវាជាផ្ទៃក្នុងរបស់ប្រទេសបង់ក្លាដែស ហើយការបះបោរផ្ដួលរំលំនាយករដ្ឋមន្រ្តី ហាស៊ីណា នេះគឺថាវាចេញពីផ្ទៃក្នុងទេ មិនមែនដូចកម្ពុជា ទេ ។ កម្ពុជា វាអត់មានក្រុមឧទ្ទាមក្រៅច្បាប់ មេដឹកនាំក្រុមឧទ្ទាមក្រៅច្បាប់ នៅក្នុងប្រទេសទេ ហើយបើខ្លួនឯងនៅបារាំង ខ្លួនឯងនៅអាមេរិក នៅកាណាដា នៅអូស្រ្តាលី អីមកធ្វើផ្ដួលរំលំរាជរដ្ឋាភិបាល នៅក្នុងប្រទេស ម៉េចកើត? ទោះជាបង្កើតស្អីក៏វាអត់បានដែរ ហើយរឿងហ្នឹង យើងដឹងហើយថា សម រង្ស៊ី យាយហួរ ឬក៏មេដឹកនាំបក្សប្រឆាំង កន្លងទៅ បង្កើតស្អីខ្លះ? ហើយសុទ្ធតែសម្ព័ន្ធនេះ សម្ព័ន្ធនោះ មិនដឹងរាប់មិនឈ្នះ ប៉ុន្តែគាត់អត់ធ្វើអីកើតទេ ពីព្រោះគាត់នៅក្រៅប្រទេស តែមកជិតប្រទេសតំបន់អាស៊ានហ្នឹង ក៏មិនហ៊ានមកជិតផង អាហ្នឹងវាអ៊ីចឹង ហើយទៅធ្វើស្អីកើត?“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “និយាយទៅ ការដែលយកគំរូតាមបង់ក្លាដែស គឺចង់មានន័យថា ប្រជាពលរដ្ឋងើបក្រោកឈរឡើង កងកម្លាំងប្រដាប់អាវុធ បែរមកការពារនិងឈរជាមួយប្រជាពលរដ្ឋនោះ ត្រូវហើយ ខ្លួនឯងនៅដេកស៊ីឯក្រៅប្រទេស សុខស្រួល ក៏ប៉ុន្តែចង់ញុះញង់ឲ្យអ្នកក្នុងប្រទេស ងើបឡើង ឲ្យធ្វើម៉េច? ឲ្យងាប់! ឲ្យងើបឡើងដើម្បីជាប់គុក? អ្នកណាគេសុខចិត្តទៅជាប់គុក ដើម្បីដណ្ដើមអំណាចយកមកឲ្យខ្លួនឯងដែលកំពុងតែរត់គេចខ្លួននៅក្រៅប្រទេស អាហ្នឹងយើងគិតមើល? រាល់ថ្ងៃហ្នឹង គាត់បំផុសបំផុស បំបះបំបោរកងទ័ព កងនគរបាល ដើម្បីឲ្យងើបប្រឆាំងរាជរដ្ឋាភិបាល ក៏ប៉ុន្តែយើងដឹងហើយ នគរបាល ក៏ដូចជាកងទ័ព កំពុងតែគាំទ្ររាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ស្របទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ។ មានកងទ័ពឯណាទៅងើបបះបោរប្រឆាំងនឹងរាជរដ្ឋាភិបាលរបស់ខ្លួន? អ៊ីចឹងទេ ការដែលគិតគូររបស់ទណ្ឌិតសម រង្ស៊ី នេះ វាគ្រាន់តែជាការស្រមើស្រមៃទេ អត់ទៅណារួចទេ ទិសដៅរបស់គេហ្នឹង គឺយាយហួរ បង្កើតចលនាខ្មែរដើម្បីប្រជាធិបតេយ្យ មួយហើយ ឥឡូវសម រង្ស៊ី បង្កើតចលនាជាតិតស៊ូ ហើយតស៊ូហ្នឹងគឺមិនត្រឹមស្ថិតនៅក្នុងកម្រិតនេះទេ គេនឹងឈានទៅបង្កើតរដ្ឋាភិបាលក្រៅស្រុកមួយ ហើយសួរថា រដ្ឋាភិបាលមួយ ដែលបង្កើតឡើងហ្នឹង កើតឡើងដោយសារអី? រដ្ឋាភិបាល កើតឡើងតាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ហើយមានការទទួលស្គាល់បេក្ខភាពនាយករដ្ឋមន្រ្តី ពីព្រះមហាក្សត្រ ហើយសួរថា គាត់នៅប្រទេសបារាំងហ្នឹង គាត់បង្កើតអី? មានបោះឆ្នោតឯណា? បើបោះឆ្នោត មានតែខ្មែរនៅក្រៅប្រទេសប៉ុន្មានគ្រាប់ហ្នឹង ហើយអ្នកណាទទួលស្គាល់? ហើយប្រទេសខ្មែរ វាមានរដ្ឋាភិបាលតែមួយទេ វាអត់មានពីរទេ ហើយបង្កើតរដ្ឋាភិបាលក្រៅប្រទេសហ្នឹង សួរថា ប្រទេសណាគេទទួលស្គាល់? ហើយគំនិតរបស់គាត់ចង់បង្កើតរដ្ឋាភិបាលហើយ គាត់ឈានទៅស្នើទៅអង្គការសហប្រជាជាតិ ឲ្យព្យួរអាសនៈខ្មែរ នៅអង្គការសហប្រជាជាតិទៀត ហើយសួរអ្នកណាទទួលស្គាល់? អ៊ីចឹងវាគ្រាន់តែការស្រមើស្រមៃ ការយល់សប្ដិ ហើយវាមិនអាចក្លាយជាការពិតបានទេ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តទៀតថា “ចំពោះគាត់ថា ក្បាលម៉ាស៊ីនចលនាជាតិតស៊ូរបស់គាត់ បង្កប់ក្នុងជួរបក្សកាន់អំណាច ឬនៅក្បែរៗសម្ដេចហ៊ុន សែន នោះ អាហ្នឹងគ្រាន់តែការស្រមើស្រមៃទេ គ្រាន់តែការញុះញង់ទេ នឹកថា គណបក្សប្រជាជនហ្នឹងបែកបាក់ផ្ទៃក្នុង អាហ្នឹងញុះញង់ហើយ ។ ដូចកន្លងទៅហ្នឹង ក្នុងរង្វង់ថ្នាក់ដឹកនាំហ្នឹង គាត់ញុះញង់ពីសំណាក់សម្ដេចនាយករដ្ឋមន្រ្តី ញុះញង់ជាមួយនឹងសម្ដេចក្រឡាក្រហោម ស ខេង ជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ ។ល។ និង ។ល។ ហ្នឹង សួរថា បងៗថ្នាក់ដឹកនាំហ្នឹង ធ្វើការជាមួយគ្នារាល់ថ្ងៃហ្នឹង? មានគោលការណ៍អី គេពិភាក្សាដោះស្រាយជាមួយគ្នាជាសមូហភាព ។ អ៊ីចឹងទេ សម រង្ស៊ី ហ្នឹងនឹកឃើញថា ប្រហែលជាញុះញង់ហ្នឹង វាបានដូចបំណងប្រាថ្នារបស់គាត់ហើយមើលទៅ គឺអត់ផ្លូវទេ អាហ្នឹងទាល់តែទណ្ឌិតសម រង្ស៊ី ងាប់៣តំណទៀត ក៏វាអត់ទៅរួចដែរ ព្រោះអត់មានបង្កប់នៅក្នុងជួរគណបក្ស នៅក្បែរថ្នាក់ដឹកនាំអីទេ អត់មានទេ អាហ្នឹងយើងដឹងហើយ សមាជិក សមាជិកា ក្នុងចំណោមប្រជាជន ចុះឈ្មោះបោះឆ្នោត ៩លាននាក់ហ្នឹង គណបក្សប្រជាជន មានសមាជិក ៧លាន៣សែននាក់ជាងទៅហើយ ហើយពួកប្រឆាំងហ្នឹង មកចូលជាប្រចាំថ្ងៃ រៀងរាល់ខែ អាហ្នឹងយើងគិតមើល ទូទាំងប្រទេស ប៉ុន្មានម៉ឺននាក់ទៅហើយ? អាហ្នឹងតាំងពីឆ្នាំ២០១៨ បោះឆ្នោតហើយ គឺចុះចូលហូរហែ ជាបន្តបន្ទាប់មកហើយសួរថា កម្លាំងនយោបាយគាត់នៅសល់ប៉ុន្មាន? ម្យ៉ាងទៀត ឥឡូវបើគាត់ថា គាត់មានគ្នាគាត់ ឲ្យគាត់ងើបឡើងមក ឲ្យគាត់បះបោរទៅ គ្រាន់តែប៉ុន្មានថ្ងៃមុននេះ អារឿង CLV នេះ ឃើញទេ ជាប់គុកប៉ុន្មាននាក់ហើយ? គាត់ចង់បំបះបោរ មានភ្លើតភ្លើនតែអាពួកយុវជនមួយចំនួនដែលគ្មានដឹងខ្យល់អី ទៅងើបបះបោរតាមគេ អាហ្នឹងជាប់គុកខ្លួនឯង អាគេនៅសប្បាយក្រៅប្រទេស អាហ្នឹងមានតែប៉ុណ្ណឹងទេ អាហ្នឹងហើយជាគំរូដល់យុវជនដទៃទៀត ដែលគាត់មើលឃើញថា គ្មានបានប្រយោជន៍អីទេ“ ។

គួរបញ្ជាក់ថា ថ្មីនេះៗ លោក សម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលកំពុងរស់និរទេសនៅប្រទេសបារាំង បានបញ្ជាក់ ៥ចំណុច ដែលនាំឱ្យមានការបង្កើតចលនាដែលមានឈ្មោះពេញថា «ចលនាជាតិតស៊ូ ដើម្បីការពារទឹកដីប្រទេសកម្ពុជា និងទាមទារសេរីភាពនិងយុត្តិធម៌សម្រាប់ប្រជារាស្រ្តខ្មែរ»  ក្នុងនោះ លោកបានលើកឡើងថា សម្ដេចហ៊ុន សែន បានប្លន់អំណាចពីប្រជារាស្ត្រ តាមរយៈការបោះឆ្នោតក្លែងក្លាយ ច្រើនលើកច្រើនសា ជាបន្តបន្ទាប់ ការបម្រើតែផលប្រយោជន៍បរទេស ការបាត់បង់ទ្រព្យសម្បត្តិជាតិ ទ្រព្យសម្បត្តិរាស្ត្រ និងទ្រព្យសម្បត្តិរដ្ឋ ការក្រាញអំណាច ហើយបន្តជិះជាន់ និងធ្វើបាបប្រជារាស្ត្រ និងការមិនអនុញ្ញាតឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ពិតប្រាកដ ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១។

លោក សម រង្ស៊ី បានបញ្ជាក់ក្នុងសេចក្តីប្រកាស ៥ចំណុចនោះថា តំណាងប្រជាពលរដ្ឋខ្មែរ ដែលមានសិទ្ធិសម្តែងមតិពីក្រៅប្រទេស ហើយដែលមានការឈឺចាប់ និងឆន្ទៈ តស៊ូ ដូចប្រជាពលរដ្ឋក្នុងប្រទេស ក្នុងនាមប្រជារាស្ត្រខ្មែរទាំងមូល សម្រេចបង្កើតចលនាជាតិតស៊ូ ដើម្បីការពារទឹកដីប្រទេសកម្ពុជា និងទាមទារសេរីភាព និងយុត្តិធម៌សម្រាប់ប្រជារាស្រ្តខ្មែរ។ លោក សម រង្ស៊ី បន្ថែមថា ចលនានេះ បង្កើតឡើងដើម្បីទាមទារការរៀបចំការគ្រប់គ្រងប្រទេសនិងសង្គមជាតិឡើងវិញ តាមបែបបទប្រជាធិបតេយ្យពិតប្រាកដ ដើម្បីធានាសេរីភាព និងយុត្តិធម៌ពេញលេញជូនប្រជាពលរដ្ឋ។ ជាពិសេសលោកថា ចលនានេះ នឹងបង្កើត «ក្រុមប្រឹក្សាជាតិតស៊ូ» ជាក្បាលម៉ាស៊ីន ហើយក្រុមប្រឹក្សាជាតិតស៊ូនេះ នឹងឈានទៅបង្កើត «រដ្ឋាភិបាលបណ្តោះអាសន្ន»។

យ៉ាងណាក៏ដោយ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាពឆ្នេរអង្កោល» ក្នុងខេត្តកែប កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ការបង្កើតចលនាចុងក្រោយមួយ របស់លោក សម រង្ស៊ី ជាការប្រឹងប្រែងរក្សាការគំាទ្រសំឡេងនយោបាយជំទាស់ ខណៈមានទំនោរអ្នកគាំទ្រ សមាជិក ឬមន្ត្រីជាច្រើននាក់ក្នុងបក្សជំទាស់ ដើរចេញពីមេដឹកនាំនយោបាយជំទាស់រូបនេះ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅពេលនោះថា «ម្សិលម្ង៉ៃ ឃើញមានការបង្កើតចលនាតស៊ូអីណានេះ។ ប៉ុន្មានថ្ងៃមុន ឃើញលោកស្រីម្នាក់ លោកស្រី មូរ សុខហួរ គាត់ទៅបង្កើតចលនាប្រជាធិបតេយ្យ ធ្វើប្រធានបានបន្តិច ឥឡូវធ្លាក់តួនាទីមកអនុប្រធានវិញហើយ ព្រោះលោកសម រង្ស៊ី បង្កើតចលនាថ្មីមួយ គាត់ធ្វើប្រធាន។ ខ្ញុំមិនដឹងថា បង្កើតធ្វើអី? តើ គោលដៅអី? ប៉ុន្តែបើយើងមើលវិភាគ វាអត់មានអីថ្មីទេ។ គោលដៅនៅតែដដែល បង្កើតអីប្លែក។ ប៉ុន្តែខ្ញុំគិតថា អាចវាមានបញ្ហាមួយ ដោយសារក្នុងរយៈពេលមួយឆ្នាំនេះ ជាពិសេស ៦ ខែចុងក្រោយនេះ គឺមានចលនាដែលប្រជាពលរដ្ឋទាំងក្នុងប្រទេស ដែលធ្លាប់ជាសមាជិកបក្សរបស់គាត់គាំទ្រគាត់ បានចេញមកចូលរួមជាមួយរដ្ឋាភិបាល ជាមួយគណបក្សប្រជាជនកម្ពុជា»។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ថែមថា «ឥឡូវសូម្បីអ្នកគាំទ្រគាត់ ដើរចោលពីគាត់ ដោយសារគេអស់ជំនឿ។ អ៊ីចឹងហើយ ដាច់ខាតត្រូវតែបង្កើតស្អីថ្មី ដើម្បីទាក់ទាញ ដើម្បីជាចលនា អាចថាប្រមូលថវិកា ប្រមូលបច្ច័យ ប្រមូលអី ខ្ញុំមិនដឹងទេ។ ប៉ុន្តែបង្កើតព្រឹត្តិការណ៍! ហើយវ៉ាប់ឡើងគឺថាយើងលែងជឿការបោះឆ្នោតហើយ ព្រោះបោះមិនដែលឈ្នះ។ អ៊ីចឹងបានន័យថា គាត់បោះឆ្នោតមិនឈ្នះ គាត់ទៅបង្កើតចលនា តាំងខ្លួនគាត់ធ្វើជាប្រធាន អ្នកខ្លះតាំងខ្លួនជានាយករដ្ឋមន្ត្រី នៅពេលដែលកំពុងជាមួយគ្នាបានន័យថាម៉េច? បានន័យថា កំពុងតែមើលងាយអ្នកបោះឆ្នោត ប្រជាពលរដ្ឋខ្មែរ ៨លាន ២សែននាក់ រួមទាំងអ្នកកែប ជាងប៉ុន្មាន ដូចជាង ២ម៉ឺននាក់ ជិត ៣ម៉ឺននាក់ ទៅបោះឆ្នោតដែរ ២០១៣។ សន្លឹកឆ្នោតរបស់យើង បានន័យថា គាត់លែងឱ្យតម្លៃហើយ៕ កុលបុត្រ

RELATED ARTICLES