Sunday, November 24, 2024
Homeព័ត៌មានជាតិចាប់ឪ បង្ខំកូនចុះចូល បក្សកាន់អំណាច ប្រតិកម្មនឹងក្រុមសម រង្ស៊ី ចោទសម្តេចហ៊ុន សែន

ចាប់ឪ បង្ខំកូនចុះចូល បក្សកាន់អំណាច ប្រតិកម្មនឹងក្រុមសម រង្ស៊ី ចោទសម្តេចហ៊ុន សែន

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មទៅក្រុមសម រង្ស៊ី នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលបានចោទសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថាចាប់ឃុំខ្លួនឪពុកលោកស៊ន តារា សកម្មជនប្រឆាំងដែលគាំទ្រលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដើម្បីបង្ខំលោកស៊ន តារា ឲ្យចុះចូលបក្សកាន់អំណាច ។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការចាប់ខ្លួនលោកសុខ ស៊ុនណារ៉េត ឪពុករបស់ស៊ន តាវាជារឿងអនុវត្តផ្លូវច្បាប់ទេ មិនមែនជារឿងនយោបាយទេ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “យើងដឹងយូរហើយតើ! ស៊ន តារា ហ្នឹងបានកាត់កាល់ឪពុករបស់គាត់រួចហើយ ហ្នឹងទី១ ។ ទី២ គឺបញ្ហាបទល្មើសគ្រឿងញៀន វាមិនចំពោះទៅលើអ្នកណាទេ ឲ្យតែប្រព្រឹត្តបទល្មើស អាហ្នឹងសមត្ថកិច្ចគេចាត់វិធានការផ្លូវច្បាប់ហើយ ។ ដូចខែមុនហ្នឹង ប៉ុន្មានថ្ងៃមុនហ្នឹង គឺថាមានការចាប់រហូតដល់នគរបាលទទួលបន្ទុកកិច្ចការងារគ្រឿងញៀនហ្នឹងទៀតផង ។ អាហ្នឹងមិនថាជាមន្រ្តីថ្នាក់ខ្ពស់ ថ្នាក់ទាប ឬមួយថាជានគរបាល ជានយោបាយ ឬមួយជាប៉េអឹម អីទេ ឲ្យតែមានភ័ស្តុតាងច្បាស់លាស់ អាហ្នឹងសមត្ថកិច្ចគេចាប់ហើយ ។ អ៊ីចឹងការចាប់ខ្លួនលោកសុខ ស៊ុនណារ៉េត ដែលជាឪពុករបស់ស៊ន តារា ហ្នឹង អាហ្នឹងវាជារឿងអនុវត្តផ្លូវច្បាប់ទេ វាមិនមែនរឿងនយោបាយឯណា ហើយការដែលចោទប្រកាន់ពីខាងក្រៅ អាហ្នឹងទោះបីមិនមានករណីហ្នឹងក៏ដោយ ក៏ពួកប្រឆាំង នៅតែចោទប្រកាន់ដដែល វាមិនមានអ្នកណាចាប់អារម្មណ៍ទេ ។ ប៉ុន្តែការដែលថាជាការរៀបចំល្បិចបោះគ្រឿងញៀនទៅក្នុងរថយន្តឪពុកស៊ន តារា អីនោះ ហ្នឹងចង់ពួកគាត់និយាយម៉េចនិយាយទៅអាហ្នឹង ក៏ប៉ុន្តែសមត្ថកិច្ច គេអនុវត្តច្បាប់ ។ នៅក្នុងប្រទេសមួយដែលគ្រប់គ្រង ក៏ដូចធានាសន្តិសុខ សុវត្ថិភាពហ្នឹង វាទាមទារត្រូវគោរពច្បាប់ ឲ្យបានម៉ឺងម៉ាត់ ហើយបើសិនណាគាត់ធ្វើយោធា ឬអតីតយោធាចូលនិវត្តន៍ក៏ដោយ បើមានពាក់ព័ន្ធនឹងរឿងហ្នឹង អាហ្នឹងអនុគ្រោះបានយ៉ាងម៉េចអាហ្នឹង? វាមិនត្រូវទេ វាអត់និយាយគ្នាគេ គ្នាឯងទេ និយាយពីរឿងអ្នកធ្វើត្រូវច្បាប់ ឬអ្នកធ្វើមិនត្រូវច្បាប់ អាហ្នឹងគេគិតរឿងហ្នឹង ហើយក្នុងករណីហ្នឹង គឺថាសមត្ថកិច្ច អាជ្ញាធរនៅមូលដ្ឋានខេត្តកំពង់ស្ពឺ គេបានស្រាយបំភ្លឺរូចហើយ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ដូច្នេះករណីនេះ អត់មាននិយាយអ៊ីចឹង (រឿងនយោបាយ) បានទេអាហ្នឹង ហើយការចោទប្រកាន់របស់ក្រុមឧទ្ទាមក្រៅច្បាប់ហ្នឹង វាមានច្រំដែលៗច្រើនបញ្ហាណាស់ គ្រប់ករណីទាំងអស់ ស្អីក៏វាចោទដែរ ។ អ៊ីចឹងវាទៅជារឿងស៊ាំទៅហើយ វាលែងនរណា មហាជនគេលែងយកគិតពិចារណាទៅហើយ ទោះចោទម៉េចចោទទៅ អាហ្នឹងដំណើរទៅមុខ ការអនុវត្តច្បាប់ នៅតែមានដដែល។ ហើយរឿងស៊ន តារា អំពាវនាវឲ្យដោះលែងឪពុកគាត់វិញ អាហ្នឹងជារឿងគាត់យល់ឃើញ គាត់បានកាត់កាល់ឪពុកគាត់ហើយ ។ អ៊ីចឹងបានសេចក្ដីថា ការកាត់ឪពុកខ្លួនឯងនេះ វាគ្រាន់តែជាល្បិចកលនយោបាយទេ ដើម្បីកុំឲ្យសមត្ថកិច្ច គេចាត់វិធានការទៅលើក្រុមគ្រួសារគាត់ អាហ្នឹងស៊ន តារា បដិសេធ ឬមួយកាត់កាល់ឪពុកម្ដាយ ឬក្រុមញាតិរបស់ខ្លួន ។ អ៊ីចឹងឥឡូវឃើញហើយ ដល់ពេលមានសមត្ថកិច្ចចាប់ខ្លួនឪពុកនោះ វាទៅជារឿងយើងឈឺឆ្អាលទៅវិញ ។ បើកាត់កាល់ អាហ្នឹងបានសេចក្ដីថា យើងលែងខ្វល់ខ្វាយដំណើរវាសនារបស់ឪពុកម្ដាយហ្នឹងហើយ ។ ជារួមទៅ យើងដឹងថា ដើម្បីដឹកនាំប្រទេសមួយ វាត្រូវមានការអនុវត្តច្បាប់ហ្នឹងហើយ ទោះបីថា បើកប្រជាធិបតេយ្យក៏ពិតមែន ក៏ប៉ុន្តែមិនអាចចោលច្បាប់បានទេ ។ អ៊ីចឹងពីរហ្នឹង វាត្រូវផ្សារភ្ជាប់ជាមួយគ្នា បើមានតែប្រជាធិបតេយ្យ អត់មាននីតិរដ្ខ អាហ្នឹងវាទៅជាសង្គមអនាធិបតេយ្យ ។ អ៊ីចឹងវាត្រូវមានប្រជាធិបតេយ្យ បើទូលាយសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋផង ហើយក៏ត្រូវតែអនុវត្តច្បាប់ផង ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈសង្គម ឲ្យបានល្អ តែបើគ្រាន់តែរឿងអីចោទៗទៅរឿងនយោបាយ អាហ្នឹងវាធ្វើម៉េចកើត? អាហ្នឹងប្រទេសវាទៅអត់ច្បាប់ទម្លាប់“ ។

សូមបញ្ជាក់ថា ប្រតិកម្មរបស់លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលលោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើង ចោទប្រកាន់ថា សម្ដេចហ៊ុន សែន ចាប់ខ្លួនឪពុកលោក ស៊ន តារា ជាចំណាប់ខ្មាំង ដើម្បីឲ្យលោកស៊ន តារា ឈប់រិះគន់ត្រកូលហ៊ុន និងសុំទោសត្រកូលហ៊ុន ព្រមទាំងចុះចូលគណបក្សប្រជាជនកម្ពុជា ។

លោកអ៊ុំ សំអាន បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “លោក ហ៊ុន សែន ចាប់ខ្លួនឪពុករបស់លោក ស៊ន តារា ជាចំណាប់ខ្មាំង ដើម្បីឲ្យលោក ស៊ន តារា ឈប់រិះគន់ត្រកូលហ៊ុន និងសុំទោសត្រកូលហ៊ុន ព្រមទាំងចុះចូលគណបក្សប្រជាជន។ នេះជាទង្វើថោកទាប និងគម្រក់ ព្រមទាំងកំសាកញី របស់ជនផ្តាច់ការ លោកហ៊ុន សែន ដែលខឹងគោ វាយរទេះ។ លោកហ៊ុន សែន សាហាវជាងប៉ុល ពត ទៅទៀត ខ្មែរក្រហម មិនដែលចាប់ឪពុកម្តាយ បងប្អូន ជាចំណាប់ខ្មាំងនោះទេ ដូចករណីលោកស្រី ប៊ុន រ៉ានី និងកូន នៅស្រុកខ្មែរ ឯលោកហ៊ុន សែន រត់យកប្រាស់អាយុ រត់យករួចខ្លួន រត់ចោលស្រុកទៅប្រទេសវៀតណាម ដើម្បីគេចខ្លួនពីការតាមសម្លាប់របស់ប៉ុល ពត (មិនមែនទៅរំដោះប្រទេសជាតិនោះទេ) ប៉ុន្តែខ្មែរក្រហម មិនបានចាប់ខ្លួនក្រុមគ្រួសាររបស់លោកហ៊ុន សែន ជាចំណាប់ខ្មាំងឡើយ។ នៅកូរ៉េខាងជើង ក៏មិនដែលចាប់ឪពុកម្តាយ បងប្អូន ជាចំណាប់ខ្មាំងនោះដែរ ។ ពេលថ្មីៗនេះ លោកហ៊ុន សែន ចាប់ខ្លួនប្អូនប្រុសលោក ហៃ វណ្ណា ដើម្បីឲ្យលោកហៃ វណ្ណា ចុះចូលគណបក្សប្រជាជន។ លោកហ៊ុន សែន ជាអតីតកម្មាភិបាលខ្មែរក្រហម ដែលកម្អែលសារជាតិខ្មែរក្រហម នៅជាប់ខ្លួននៅឡើយ។ លោកហ៊ុន សែន ប្រឌិតរឿងថោកទាប ដោយឲ្យកូនចៅរបស់គាត់ ដាក់គ្រឿងញៀនក្នុងឡានរបស់ឪពុកលោកស៊ន តារា ដើម្បីជាលេសចាប់ខ្លួន។ លោកហ៊ុន សែន កំពុងធ្វើនយោបាយថោកទាប“ ។

ជាមួយគ្នានេះដែរ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលកំពុងរស់និរទេសនៅប្រទេសបារាំង បាលើកឡើងតាមទំព័រហ្វេសប៊ុក របស់លោកថា “ត្រូវតែដោះលែងឪពុកលោក ស៊ន តារា ដោយគ្មានលក្ខខណ្ឌ“ ។

ចំណែកលោកហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្គ្រោះជាតិ ជាសហការីលោកកឹម សុខា ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានលើកឡើងតាមគណនីហ្វេសប៊ុក របស់លោកដែរថា “ពុទ្ធោហើយ គាត់ស្លូតណាស់ ធ្វើបាបគាត់ធ្វើអី” ។

ដោយឡែក លោកមុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ និងជាជំនួយការលោកកឹម សុខា បានលើកឡើងថា ការចាប់ខ្លួនលោកសុខ ស៊ុនណារ៉េត ឪពុកលោកស៊ន តារា នេះជាគោលនយោបាយខ្មែរក្រហម ជីកស្មៅ ជីកទាំងឫស ។

លោកមុត ចន្ថា បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “គោលនយោបាយខ្មែរក្រហម ជីកស្មៅ ជីកទាំងឫស!  ប៉ុន្មានសប្តាហ៍កន្លងទៅ យុវជនឆ្នើមរបស់លោក សម រង្ស៊ី នៅប្រទេសជប៉ុន គឺហៃ វណ្ណា ដែលពូកែជរលោកហ៊ុន សែន បានយំអង្វរសុំចុះចូលបក្សប្រជាជនកម្ពុជា បន្ទាប់មក បានបែរក្បាលមកជេរប្រមាថមេចាស់ដែលខ្លួនគេធ្លាប់ហៅ “លោកប្រធាន” មិនដាច់ពីមាត់។ ការសុំចុះចូលរបស់ហៃ វណ្ណា ត្រូវបានគេដឹងថា ជាថ្នូរដោះដូរជាមួយសេរីភាពរបស់ប្អូនប្រុសដែលត្រូវបានចាប់ខ្លួន ជាប់ពាក់ព័ន្ធនឹងផែនការ “១៨ សីហា” របស់លោក សម រង្ស៊ី ។ បន្ទាប់ពីចេញវីដេអូសអង្វរលន់តួសុំទោសលោកហ៊ុន សែន និងជេរប្រមាថមេចាស់រួចមក ប្អូនប្រុសដែលជាប់គុក ត្រូវបានដោះលែង។ មនុស្សសំខាន់ម្នាក់ទៀត របស់លោក សម រង្ស៊ី ជាពិសេសលោក អេង ឆៃអ៊ាង គឺលោក អ៊ុំ វីរៈរដ្ឋ ដែលត្រូវបានចាប់ខ្លួន និងឃុំខ្លួនជាង ០១ឆ្នាំ ត្រូវបានដោះលែង បន្ទាប់ពីប្រពន្ធសុំអង្វរលោកហ៊ុន សែន ឱ្យលើកលែងទោស ជាមួយនឹងការសន្យាចំនួនបី គឺ ទី១. បកអាក្រាតនិងជេរប្រមាថមេចាស់ គឺលោក សម រង្ស៊ី, ទី២. ដើរបញ្ចុះបញ្ចូលមន្រ្តីនិងសកម្មជនបក្សប្រឆាំង ឱ្យចុះចូលជាមួយបក្សប្រជាជនកម្ពុជា និងទី៣. ដាក់បណ្តឹងប្រឆាំងនឹងលោក សម រង្ស៊ី រឿងជំពាក់លុយថ្លៃសាងសង់ផ្ទះ។ លោក វីរៈរដ្ឋ ត្រូវបានគេដឹងថាជាមនុស្សមានទ្រព្យធន ឬលុយ ដែលជិតស្និទ្ធជាមួយលោកអេង ឆៃអ៊ាង ត្រូវបានចាត់តាំងឱ្យទៅបង្កើតគណបក្សកម្លាំងជាតិ ដែលមានតំណែងជាសមាជិកអចិន្រ្តៃយ៍បក្ស។ បុរសម្នាក់ទៀត នៅប្រទេសបារាំង ដែលត្រូវបានលោក សម រង្ស៊ី និងអេង ឆៃអ៊ាង ចាត់ទុកជាអ្នកបន្តវេន ពូកែទ្រឹស្ដីវាយប្រហាររិះគន់លោកហ៊ុន សែន ដូចរន្ទះបាញ់ខែចេត្រនោះ គឺលោក ស៊ន តារា។ ឪពុករបស់លោក ស៊ន  តារ៉ា ធ្លាប់ត្រូវបានបង្ខំឱ្យស៊ន តារា បញ្ឈប់រិះគន់ ឬត្រូវបកស័ក្តិដកចេញពីកងទ័ព ហើយបន្តមកទៀត ក៏ត្រូវបង្ខំឱ្យកាត់កាល់កូនប្រុសរបស់ខ្លួន គឺស៊ន តារា ដើម្បីបញ្ជាក់ពីការមិនជាប់ពាក់ព័ន្ធជាមួយស៊ន តារា។ ទោះបីឪពុកសុខចិត្តកាត់កាល់ចោលហើយក៏ដោយ ប៉ុន្តែក៏នៅតែមិនបានសុខ ព្រោះគោលនយោបាយជីកទាំងឫស ឬគំនុំសងសឹកនយោបាយតាមរបៀបខ្មែរក្រហម គឺ “កូនប្រព្រឹត្តខុស ឪពុកត្រូវទទួលខុសត្រូវជំនួស”។ ជាក់ស្តែង ឥឡូវនេះ ឪពុករបស់លោក ស៊ន តារា ត្រូវបានចាប់ខ្លួន ពីបទលាក់ទុកគ្រឿងញៀន!“ ។

លោកមុត ចន្ថា បានសរសេរបន្តថា “ដំណើររឿងនៃឪពុករបស់លោក ស៊ន តារា ទំនងជាមិនខុសគ្នាជាមួយរឿងរ៉ាវរបស់ហៃ វណ្ណា នោះទេ គឺចាប់ប្អូន ដើម្បីបង្ខំឱ្យបងប្រុសចុះចូលធ្វើជាថ្នូរ (ចំណាប់ខ្លាំង) ។ ចាំមើលថា តើលោក ស៊ន តារា សុខចិត្តស្មោះស្ម័គ្រជាមួយលោក សម រង្ស៊ី និងអេង ឆៃអ៊ាង ឬត្រូវសង្រ្គោះឪពុកដែលត្រូវចាប់ខ្លួនពីបទល្មើសគ្រឿងញៀនធ្ងន់ធ្ងរ! តើឈាម (ឪពុក) ខាប់ជាងទឹក (សម រង្ស៊ី+អេង ឆៃអ៊ាង)! ប៉ុន្តែអ្វីដែលចម្លែកនោះ គឺអេង ឆៃអ៊ាង បន្តរិះគន់លោកហ៊ុន សែន ខណៈដែលកូនប្រុស និងកូនប្រសា រស់នៅក្នុងស្រុក យ៉ាងស្រណុកសុខស្រួល ចំណែកអ្នកផ្សេង ត្រូវធ្វើជាចំណាប់ខ្មាំង ដើម្បីជាថ្នូរដោះលែងសាច់ញាតិទៅវិញ។ កាលពីពេលថ្មីៗកន្លងទៅ លោកហ៊ុន សែន បានបញ្ជាឱ្យស្រាវជ្រាវរកទីកន្លែងឪពុកម្តាយនិងសាច់ញាតិរបស់មន្រ្តីនិងសកម្មជនប្រឆាំងនៅក្រៅប្រទេស ដែលរិះគន់ខ្លួនគាត់ ដែលជាគោលនយោបាយរបស់ពួកខ្មែរក្រហម ប៉ុល ពត ធ្លាប់អនុវត្ត“ ។

សម្រាប់លោកស៊ន តារា ក៏បានចេញវីដេអូ តាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបញ្ជាក់ពីជំហររបស់ខ្លួន ២ចំណុច គឺ១.សុំដោះលែងឪពុករបស់លោក ព្រោះការចាប់ខ្លួនឪពុករបស់លោក ពីបទលាក់ទុកគ្រឿងញៀននេះ សាហាវពេកហើយ ព្រោះឪពុករបស់លោក ជាមនុស្សស្លូតត្រង់ និងតស៊ូស្មើត្រង់ បម្រើគណបក្សប្រជាជនកម្ពុជា តាំងពីដើមមក ។ ២. ប្រកាសជាថ្មីថា លោកនៅតែដើរតាមផ្លូវរបស់លោក ក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច តាមបែបប្រជាធិបតេយ្យ និងសូមអភ័យទោសសម្តេចហ៊ុន សែន ផងដែរ បើលោកខុសឆ្គងពាក្យសម្តីណាមួយ ។

លោកស៊ន តារា បាននិយាយនៅក្នុងវីដេអូនោះថា “ខ្ញុំបាទសូមជម្រាបសួរប្រិយមិត្តនៅក្នុងហ្វេសប៊ុក ទាំងអស់ ជាទីគោរពរាប់អាន! នៅថ្ងៃនេះ ខ្ញុំមានបញ្ហាបំពង់ក វាត្រូវផ្អាកការផ្សាយផ្ទាល់មួយរយៈ ហើយខ្ញុំទទួលដំណឹងដ៏សោកសៅជាទីបំផុត ដែលឪពុករបស់ខ្ញុំ ត្រូវរបបនៅក្រុងភ្នំពេញ ធ្វើការចាប់ខ្លួន ហើយថ្ងៃនេះ ខ្ញុំនិយាយខ្លី អត់មានការបកស្រាយ វែកញែកអ្វីច្រើនទេ គ្រាន់តែចំណុចទី១ គឺខ្ញុំសូមអំពាវនាវឲ្យអាជ្ញាធរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាដោះលែងឪពុករបស់ខ្ញុំ ។ ចំណុចទី២ ខ្ញុំប្រកាសរំលឹកសាជាថ្មី ហើយក៏បែរមកសុំខន្តីអភ័យទោសនូវរាល់កំហុសខុសឆ្គងយ៉ាងណា ។ ទី១ ខ្ញុំសូមអាជ្ញាធរនៃរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាដោះលែងឪពុករបស់ខ្ញុំ ដែលជាជនស្លូតត្រង់ ។ ខ្ញុំយល់ច្បាស់ថា ផ្ទាំងមុខព្រួញ គឺមករកសំដៅខ្ញុំឯណេះទេ ប៉ុន្តែឪពុករបស់ខ្ញុំ គាត់គឺជាជនស្លូតត្រង់ និងជាមន្រ្តីរាជការមួយរូប ដែលស្មោះត្រង់ដាច់ខាតជាមួយនឹងគណបក្សប្រជាជនកម្ពុជា តាំងពីដើមមក ។ គាត់បានឆ្លងកាត់ស្ទើរតែគ្រប់សមរភូមិ សូម្បីតែសមរភូមិចុងក្រោយ នៅឆ្នាំ១៩៩៧ មុនបោះឆ្នោត ឪពុករបស់ខ្ញុំ គាត់ត្រូវបានបញ្ជូនទៅព្រំដែន រហូតគាត់ធ្លាក់ខ្លួនឈឺគ្រុនចាញ់ ហើយមកទល់ពេលនេះ ឪពុករបស់ខ្ញុំ នៅតែជាគណបក្សប្រជាជន ហើយនៅតែជាមនុស្សដែលស្រលាញ់ គាំទ្រសម្ដេចតេជោ ហ៊ុន សែន គឺផ្ទុយស្រឡះពីខ្ញុំ ស៊ន តារា ។ ដូច្នេះខ្ញុំសូមទទូចអង្វរដល់រដ្ឋាភិបាលនៃអាជ្ញាធរសម្ដេចអគ្គមហាសេនាបតី មេត្តាជួយដោះលែងឪពុករបស់ខ្ញុំ ដែលគាត់ត្រូវការទៅពិនិត្យនៅមន្ទីរពេទ្យ រៀងរាល់ ៣ខែម្ដង តាមការណាត់របស់គ្រូពេទ្យ នៅប្រទេសថៃ ក្រោយអំពីការវះកាត់ ។ បើយើងនិយាយអំពីសីលធម៌ យើងនិយាយអំពីក្រឹត្យក្រមច្បាប់ ខ្ញុំគិតថា ស្រុកយើង គួរតែជាទីតាំងដ៏សុវត្ថិភាពបំផុតសម្រាប់ខ្មែរគ្រប់រូប និងក្រុមគ្រួសាររបស់ខ្ញុំ ពីព្រោះយើងម្នាក់ៗ សុទ្ធតែប្រើពាក្យសន្តិភាព ឬក៏ម្លប់សន្តិភាព ។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ក្រុមគ្រួសាររបស់ខ្ញុំ ជាពិសេសឪពុករបស់ខ្ញុំ អាចសោយសុខសន្តិភាព បើទោះបីជាខ្ញុំជាកូនដែលមានឆន្ទៈនិងគំនិតផ្ទុយអំពីឪពុករបស់ខ្ញុំយ៉ាងណាក៏ដោយ ប៉ុន្តែនិន្នាការនយោបាយ គឺជារឿងធម្មតា ។ ខ្ញុំជឿថា សម្ដេចមានគុណធម៌ មានធម៌មេត្តាប្រណីចំពោះឪពុករបស់ខ្ញុំ ដែលបានបម្រើគណបក្សប្រជាជន ហើយសម្ដេច មានមុខព្រួញមករកខ្ញុំ សម្ដេច មករកខ្ញុំទៅចុះ ។ ចំណុចទី២ ខ្ញុំសូមប្រកាសសាជាថ្មីម្ដងទៀតថា ខ្ញុំដូចលើកមុន នៅរក្សាដដែល ខ្ញុំបានប្រកាសកាត់កាល់សាច់ញាតិ ក្រុមគ្រួសារ ឪពុកម្ដាយហើយអស់ហើយ ។ ពួកគាត់ឪពុកម្ដាយ សាច់ញាតិក្រុមគ្រួសារ អត់មានអីពាក់ព័ន្ធជាមួយនឹងទង្វើរបស់ខ្ញុំទេ“ ។

លោកស៊ន តារា បន្តថា “ដូច្នេះនេះគឺជាការប្រកាសរបស់ខ្ញុំសាជាថ្មីថា ស៊ន តារា គឺមិនមានអ្វីពាក់ព័ន្ធជាមួយឪពុកម្ដាយ សាច់ញាតិ ក្រុមគ្រួសារឡើយ ។ មួយទៀត ខ្ញុំធ្វើការផ្សាយផ្ទាល់ គឺគ្មានចេតនាទៅផ្ចាញ់ផ្ចាល ឬក៏ខឹងស្អប់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជន បច្ចុប្បន្ន គ្មានទាល់តែសោះ! វាគឺជាសិល្បៈនៅក្នុងការធ្វើនយោបាយរបស់ខ្ញុំតែប៉ុណ្ណោះ ហើយខ្ញុំជ្រើសរើសយកវិធីប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យ ។ មានន័យថា មិនមែនខ្ញុំមិនយល់ ខ្ញុំមិនដឹងថា គណបក្សប្រជាជន នៅក្នុងប្រវត្តិសាស្រ្ត ដឹកនាំល្អ ប៉ុន្តែគ្រាន់តែខ្ញុំចង់បញ្ជាក់ថា ខ្ញុំត្រូវការការប្រកួតប្រជែង ប្រឡងប្រណាំងតាមបែបលទ្ធិប្រជាធិបតេយ្យមួយ ។ បើគណបក្សប្រជាជន កាន់តែល្អ កាន់តែខ្លាំង គឺខ្ញុំកាន់តែចង់ប្រកួតប្រជែង ពីព្រោះនេះគឺជាសេចក្ដីថ្លៃថ្នូររបស់បញ្ញវន្ត និងអ្នកប្រាជ្ញនានា ដែលខ្ញុំមិនមានចិត្ត មិនដែលមានបំណងចាត់ទុកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរដ្ឋាភិបាលគណបក្សប្រជាជន ជាសត្រូវ ម្ដងណាឡើយ ។ ខ្ញុំគ្រាន់តែសម្ដែងមតិរបស់ខ្ញុំ ដែលជាក្ដីសុបិនរបស់ខ្ញុំ ចង់ឲ្យមានការប្រកួតប្រជែងតែប៉ុណ្ណោះ អានេះខ្ញុំចង់បញ្ជាក់សាជាថ្មី ។ ដូច្នេះបើនៅក្នុងសាររបស់ខ្ញុំ មានពាក្យណាមួយដែលមិនគួរគប្បី ខ្វះការគួរសមចំពោះសម្ដេចតេជោ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងចំពោះថ្នាក់ដឹកនាំណាមួយ ខ្ញុំស៊ន តារា សូមខន្តីអភ័យទោសដោយអចេតនា ប៉ុន្តែបើចិត្តរបស់ខ្ញុំ គឺខ្ញុំស្រលាញ់ គោរពនូវរាល់អ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា ។ ជាពិសេសខ្ញុំតែងតែជំរុញគាំទ្រឲ្យមានដំណោះស្រាយជាតិ និងមិនមែនជារឿងដែលការចាប់ជំរិតនរណាម្នាក់ឡើយ ។ អ៊ីចឹងខ្ញុំមិនមានអ្វីទេ សរុបសេចក្ដីមកវិញ ខ្ញុំគ្រាន់តែចង់សម្ដែងនូវចំណុចទាំងពីរនេះ សូមអាជ្ញាធរនៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាដោះលែងឪពុករបស់ខ្ញុំ ដែលជាជនស្លូតត្រង់ ហើយឪពុករបស់ខ្ញុំ ដែលជាជនស្លូតត្រង់នេះ នៅយោធភូមិភាគទី៣ មួយទាំងមូល អាចជាសាក្សី បើនិយាយមិនសម្ពាធ អ្នកណាក៏អាចធានាថា ឪពុករបស់ខ្ញុំគឺជាយោធិន គឺជានាយទាហានមួយរូប ដែលបំពេញបេសកកម្មល្អសម្រាប់ជាតិមាតុភូមិ ហើយជាអ្នកបំពេញបេសកកម្មល្អសម្រាប់គណបក្សប្រជាជនកម្ពុជា ។ ដូច្នេះគាត់មិនស័ក្ដិសម ហើយការធ្វើដូច្នេះ គឺខ្ញុំស៊ន តារា យល់ឃើញថា មិនស័ក្ដិសមទេ វាសាហាវពេកហើយ ហើយវាគឺជាការឈឺចាប់ជាទីបំផុត ។ ខ្ញុំមានសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំ សាររបស់ខ្ញុំ ដែលខ្ញុំជឿទៅលើកម្ពុជា មានសុខសន្តិភាព ។ ដូច្នេះក្រុមគ្រួសារ ឪពុករបស់ខ្ញុំ ត្រូវតែរស់នៅក្រោមសុខសន្តិភាព ហើយចំណុចទី២ សាជាថ្មី សូមប្រកាសសាជាថ្មីម្ដងទៀត គ្មានអ្វីពាក់ព័ន្ធជាមួយនឹងឪពុកម្ដាយ ក្រុមគ្រួសារ សាច់ញាតិរបស់ខ្ញុំទេ សូមសម្ដេច មេត្តាយោគយល់ និងមេត្តាបើកឱកាសឲ្យខ្ញុំបញ្ចេញនូវស្នាដៃ ពីព្រោះប្រទេសកម្ពុជា ដឹកនាំដោយសម្ដេច គឺអនុញ្ញាតឲ្យខ្ញុំកសាងខ្លួន និងបញ្ចេញស្នាដៃ ដើម្បីប្រកួតប្រជែងមួយយ៉ាងត្រឹមត្រូវ ហើយដូចដែលខ្ញុំបានលើកឡើង ខ្ញុំគ្មានចេតនានិងគ្មានទឹកចិត្តដែលស្អប់ខ្ពើមសម្ដេច និងគណបក្សប្រជាជន បន្តិចសោះឡើយ គឺគ្មានទាល់តែសោះ ហើយដូចដែលខ្ញុំថាខាងដើមអ៊ីចឹង គឺសុំខន្តីអភ័យទោស បើខ្ញុំមានខុសឆ្គងនូវរាល់ពាក្យសម្ដីត្រង់ណាមួយ“ ។

លោកស៊ន តារា បន្តទៀតថា “ជាចុងបញ្ចប់ ខ្ញុំសូមទទូចម្ដងហើយម្ដងទៀត ឲ្យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាអាណិតស្រលាញ់គណបក្សប្រជាជន ដែលជាសមាជិក តស៊ូដេកព្រៃ គ្រុនចាញ់ សល់ជីវិតប៉ុណ្ណេះ មិនគួរផ្ដល់រង្វាន់ទោសឲ្យទៅឪពុករបស់ខ្ញុំទេ ។ ខ្ញុំជឿថា សម្ដេច មានបុណ្យបារមី អាចពិចារណាអាណិតអាសូរដល់គាត់ ហើយសម្ដេច បាញ់ឆ្ពោះមកខ្ញុំចុះ ខ្ញុំមិនជាបញ្ហាទេ ហើយទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំថា គាត់នឹងត្រូវបានទទួលការមេត្តាប្រណីពីសម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន ដែលប្រទេសកម្ពុជា ជាការចូលរួមចំណែកមួយរបស់ឪពុករបស់ខ្ញុំ ដែលចូលស្ទើរតែគ្រប់សមរភូមិ ដើម្បីកាន់អាវុធ កសាង ជាផ្នែកតូចមួយ កសាងសន្តិភាពដែលដឹកនាំដោយសម្ដេច ហើយខ្ញុំជឿថា គាត់ស័ក្ដិសមទទួលផលសន្តិភាព ទទួលផលនៃការលះបង់អាយុជីវិត កម្លាំងកាយ កម្លាំងចិត្ត ដើម្បីគណបក្សប្រជាជន និងដើម្បីរាជរដ្ឋាភិបាលកម្ពុជា មិនគួរផ្ដល់រង្វាន់ឲ្យគាត់ដោយសារតែរូបខ្ញុំ ស៊ន តារា យកគាត់ទៅដាក់គុក ដែលជាបុគ្គលធនធានដ៏ល្អរបស់គណបក្សប្រជាជន ហើយឪពុករបស់ខ្ញុំ ត្បិតតែគាត់ចូលនិវត្តន៍ ប៉ុន្តែគាត់នៅតែទទួលបម្រើរាល់កិច្ចការទាំងអស់ ដែលអង្គភាពត្រូវការគាត់ ។ ឪពុករបស់ខ្ញុំ គាត់បម្រើគណបក្សប្រជាជន បម្រើអង្គភាព រហូតមកទល់ពេលនេះ គាត់មិនទាន់ឈប់បម្រើនៅឡើយទេ ទោះបីជាគាត់ចូលនិវត្តក៏ដោយ គឺគាត់ឆ្លើយតបរាល់តម្រូវការរបស់អង្គភាព ។ ដូច្នេះសម្ដេច ខ្ញុំស៊ន តារា ខ្ញុំសូមសម្ដេច ឆ្ពោះមកខ្ញុំទៅចុះ សម្ដេច គួរតែផ្ដល់កាដូ ផ្ដល់បុណ្យស័ក្ដិ និងការលើកទឹកចិត្តដល់ឪពុករបស់ខ្ញុំ ដែលលីកាំភ្លើងចូលព្រៃ គាំទ្រ បម្រើរដ្ឋាភិបាល និងគណបក្សប្រជាជន រហូតសល់អាយុប៉ុណ្ណេះ គាត់គួរណាស់តែទទួលបាននូវសេចក្ដីសុខ ទទួលបាននូវការតែងតាំង ទទួលបាននូវការលើកទឹកចិត្ត មិនគួរទទួលគាត់ដោយគុក ហើយដោយសារតែខ្ញុំជាកូន ស៊ន តារា ទេ ។ ខ្ញុំសូមបញ្ជាក់សាជាថ្មីចុងក្រោយចុះ! ខ្ញុំអត់មានអីពាក់ព័ន្ធជាមួយសាច់ញាតិ ក្រុមគ្រួសារខ្ញុំទេ ។ មុននឹងបញ្ចប់ សូមជូនពរឲ្យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកហ៊ុន ម៉ាណែត មេត្តាពិចារណា និងជួបប្រទះតែពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ! ខ្ញុំស៊ន តារា សូមអរគុណ សូមជម្រាបលា!“ ។

សូមបញ្ជាក់ថា យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១៨៩៩ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលមានជនត្រូវចោទឈ្មោះ សុខ ស៊ុនណារ៉េត ភេទប្រុស ឆ្នាំកំណើត១៩៥៨ ត្រូវបានចោទប្រកាន់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៥០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដោយបានដកហូតគ្រឿងញៀន ចំនួន ០២(ពីរ)កញ្ចប់ ជាប្រភេទមេតំហ្វេតាមីន ទម្ងន់ ១៥,៥០ (ដប់ប្រាំក្បៀសហាសិបពីរ) ក្រាម និងសារធាតុមិនច្បាស់ ចំនួន ០១(មួយ) កញ្ចប់ ទម្ងន់ ១៣,៧៨ (ដប់បីក្បៀសចិតសិបប្រាំបី) ក្រាម។ បន្ទាប់ពីបានពិភាក្សាដេញដោលចំពោះមុខ សួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងរួចរាល់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះដែរ បញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ដីពីការឃាត់ខ្លួនលោកវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូចសារធាតុញៀន នេះផងដែរ ដោយបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះសុខ ស៊ុនណារ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ ពាក់ព័ន្ធនឹងករណីបទល្មើសរក្សាទុកដោយខុសច្បាប់បនូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមបញ្ជាក់ជូនថា ចំណាត់ការខាងលើនេះ មិនមានការពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយឡើយ គឺជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដែលពាក់ព័ន្ធនឹងគ្រឿងញៀនប៉ុណ្ណោះ។ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នឹងបន្តតាមដានករណីខាងលើនេះ ដោយយកចិត្តទុកដាក់ ៕ កុលបុត្រ

RELATED ARTICLES