Saturday, November 23, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ថាបញ្ហាកោះគុត កម្ពុជា-ថៃ កំពុងបន្តចរចាគ្នា

សម្តេចហ៊ុន សែន ថាបញ្ហាកោះគុត កម្ពុជា-ថៃ កំពុងបន្តចរចាគ្នា

ភ្នំពេញ ៖ សម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បញ្ហាកោះគុត ភាគីកម្ពុជា និងថៃ កំពុងបន្តចរចាគ្នាដោយសន្តិវិធី ។ សម្តេចហ៊ុន សែន បានព្រមានទៅលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលជាក្រុមជ្រុលនិយម បំផុសបាតុកម្មទាមទាររាជរដ្ឋាភិបាលកម្ពុជា ដាក់កោះគុត ឲ្យតុលាការអន្តរជាតិ កាត់ក្ដី និងអំពាវនាវឲ្យខ្មែរក្រោកឡើងការពារកោះគុត កុំឲ្យបាត់ដូចកោះត្រល់នោះ គឺកំពុងញុះញង់ឲ្យកម្ពុជា-ថៃ មានការផ្ទុះអាវុធ ។

ថ្លែងក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេស លើកទី៣២ ឆ្នាំ២០២៤ ដែលប្រារព្ធធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចហ៊ុន សែន បានបញ្ជាក់ថា បញ្ហាកោះគុត ដែលជាចំណុចត្រួតស៊ីគ្នារវាងព្រំដែនកម្ពុជា-ថៃ រហូតមកដល់ពេលនេះ ភាគីរាជរដ្ឋាភិបាលកម្ពុជា និងថៃ នៅតែបន្តចរចាគ្នាទ្វេភាគី ដោយមិនទាន់ឯកភាពគ្នានៅឡើយ ។ សម្ដេច បានឆ្លៀតយកឱកាសនេះ ព្រមានទៅក្រុមប្រឆាំងជ្រុលនិយមកម្ពុជា ដែលនៅក្រៅប្រទេស កុំឱ្យព្យាយាមយកបញ្ហានេះ កេងចំណេញនយោបាយ ហើយចង់រុញប្រជាពលរដ្ឋឱ្យបះបោរ។ សម្តេច ក៏បានប្រាប់ទៅក្រុមប្រឆាំងជ្រុលនិយមថៃ មួយចំនួននោះ ឱ្យទុកលទ្ធភាពឱ្យរដ្ឋាភិបាលថៃ ចរចាជាមួយកម្ពុជា ដោយសន្តិវិធី។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា «គេកំពុងតែដាក់បញ្ហាកោះគុត បង្វែរពីកម្ពុជា-វៀតណាម ដែលអាចនឹងឈានទៅដល់ការផ្ទុះអាវុធនៅតាមព្រំដែន ក៏អាចថាបាន ។ ឥឡូវនេះ គេបង្វែរមកទិសខាងលិចវិញម្ដង ។ នៅក្នុងប្រទេសថៃ ក៏មានក្រុមជ្រុលនិយមមួយក្រុម បង្កើតឡើងរឿងកោះគុត ឥឡូវនៅនៅក្នុងប្រទេសរបស់យើងនេះ ត្រូវបានក្រុមនិយមជ្រុល នៅក្រៅប្រទេស អំពាវនាវឱ្យធ្វើបាតុកម្ម ដើម្បីទាមទារយកកោះគុត។ អ៊ីចឹងខ្ញុំព្រះករុណាខ្ញុំ ក៏ចង់ចាំមើលថា តើប្រជាពលរដ្ឋរបស់យើងគិតយ៉ាងម៉េច? កោះគុត គឺប្រហែលជាប្រជាពលរដ្ឋមិនច្រើនទេ ដែលស្គាល់កោះគុត ។ ខ្ញុំព្រះករុណាខ្ញុំ ជាមួយនិងសម្ដេចពិជ័យសេនា ទៀ បាញ់ ទៅកោះគុត នៅឆ្នាំ១៩៩០ យើងជិះអូប័រ ។ ពេលនោះវាអ៊ីចេះ! ខ្ញុំព្រះករុណាខ្ញុំ បានចុះហត្ថលេខាបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ FNC នៅទីក្រុងបាងកក ប៉ុន្តែក៏ត្រូវមានការពិភាក្សាជាសម្ងាត់រវាងខ្ញុំព្រះណាខ្ញុំ ជាមួយនិងឧត្ដមសេនីយ៍ឆាវលីត យ៉ុងឆៃយុទ្ធ និងជាមួយតំណាងរបស់ជប៉ុន។ អ៊ីចឹងព្រះករុណាខ្ញុំ ទៅដេកនៅកោះកុង ។ ម៉ោងប្រហែលជា ២ភ្លឺ ខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរតាមអូប័រ កាត់ឡើងទៅលើកោះគុត រួចហើយចេញពីកោះគុត បានធ្វើដំណើរទៅប៉ាតាយ៉ា ទៅឡាន ទៅម៉ោង ៤ភ្លឺ ទៅដល់ប៉ាតាយ៉ា ។ តំបន់នេះ គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ហើយដែលតំបន់នេះ តាំងពីជំនាន់អតីតនាយករដ្ឋមន្រ្តី បានចរចាពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំ ។ ក្រោយមក អតីតនាយករដ្ឋមន្រ្តី ឆាត់ឆៃ ឈុនហាវ៉ាន់ បានមកជួបខ្ញុំព្រះណាខ្ញុំ មកដល់ផ្ទះវិមានឯករាជ្យនេះ ដើម្បីពិភាក្សាគ្នាលើបញ្ហាធ្វើអាជីវកម្មខួងយកប្រេង នៅក្នុងតំបន់ត្រួតស៊ីគ្នានេះ ប៉ុន្តែកិច្ចការទាំងអស់ មិនអាចឈានទៅមុខបានទេ ។ ឆ្នាំ២០០១ យើងបង្កើតបាននូវអនុស្សរណៈនៃការយោគយល់គ្នាមួយ ។ រហូតមកដល់ពេលនេះ មានរយៈពេល២៣ឆ្នាំហើយ មិនទាន់បានជជែកគ្នាលម្អិតណាមួយនៅឡើយទេ ដោយសារយើងបង្កើតគណៈកម្មការពីរ មួយបង្កើតគណៈកម្មការទាក់ទងនឹងព្រំដែន មួយទៀត អនុគណៈកម្មការទទួលបន្ទុកជជែកអំពីការធ្វើអាជីវកម្មនៅក្នុងតំបន់ត្រួតស៊ីគ្នា» ។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍បន្តថា “ឥឡូវនេះ គេកំពុងធ្វើ ថាឱ្យប្រជាជនកម្ពុជា ធ្វើបាតុកម្ម ដើម្បីរុញរដ្ឋាភិបាល ឲ្យប្តឹងទៅតុលាការអន្តរជាតិ ។ ដំបៅមិនឈឺ យកឈើចាក់ រឿងគេកំពុងជជែកគ្នា ហើយយើងមករុញ តើនេះជាអ្វីទៅ? ជាអំពើអ្វី? ដែលម្តងហើយម្តងទៀត រុញឱ្យប្រជាជន មិនបានសេចក្តីសុខណាមួយ តាមរយៈនៃការបង្កើតចលនាប្រឆាំង ។ ព្រះតេជគុណ! តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ ដាក់ក្រុមនេះ ទៅជាក្រុមភេរវកម្មហើយឬនៅ? នេះជាបញ្ហាដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាអ្នកនយោបាយដទៃទៀត កំពុងតាមដានពិនិត្យថា តើដល់ពេលហើយឬនៅ? ព្រោះនេះមានចរិតអុចអាល ដែលវាអាចនាំទៅដល់ការផ្ទុះអាវុធរវាងកម្ពុជា និងថៃ តែម្តង មិនគ្រាន់តែជាបញ្ហាផ្ទៃក្នុងកម្ពុជា នោះទេ ក៏ប៉ុន្តែវាជារឿងដែលអាចឈានទៅដល់ការផ្ទុះអាវុធ ប្រសិនបើយន្តការនៃទំនាក់ទំនងកំពុងតែធ្វើដំណើរ ដោយមិនទាន់ដល់ការសម្រេចចិត្តណាមួយទាំងថៃ  និងទាំងខាងយើង អត់ទាន់ឈានដល់ការសម្រេចចិត្តណាមួយទេ ហេតុអីបានជាគេរុញធ្វើរឿងនេះ? ហើយជំរុញឱ្យមានបាតុកម្មនៅទូទាំងប្រទេស? អ៊ីចឹងទេ សូមបងប្អូនប្រជាពលរដ្ឋពិចារណាជ្រើសរើសយកមួយណា រវាងការញុះញង់ឱ្យមានអំពើហិង្សា ទាំងក្នុងជាតិ និងទាំងជាមួយប្រទេសជិតខាង?»។

សម្ដេចប្រធានព្រឹទ្ធសភា ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា “សង្រ្គាម ស្លាកស្នាមនៅព្រះវិហារ នៅប្រាសាទតាមាន់ តាក្របី មិនទាន់បានបញ្ចប់ផងទេ នូវការឈឺចាប់របស់ប្រជាពលរដ្ឋរបស់យើង ក៏ដូចជាប្រជាពលរដ្ឋថៃ ទៅលើបញ្ហាការបាត់បង់ស្អីៗ ឬការរបួសស្នាមនៅក្នុងសមរភូមិទាំងនេះ តែឥឡូវអ្នកជ្រុលនិយមនៅក្នុងប្រទេសថៃ និងអ្នកជ្រុលនិយមនៅកម្ពុជា ដែលជ្រកកោននៅប្រទេសក្រៅ គួរធ្វើរឿងនេះបន្តទៀត ឬក៏ឱ្យមានសេចក្តីសុខជាមួយគ្នាសិន? ដោះស្រាយនៅតែដោះស្រាយ ប៉ុន្តែត្រូវធ្វើដោយការចរចា យើងមិនទាន់អស់លទ្ធភាពនៃការចរចារវាងទ្វេភាគីនៅឡើយទេ ។ តើដល់ពេលហើយឬនៅ ដែលយើងត្រូវនិយាយទៅកាន់តុលាការអន្តរជាតិ? ហើយតើទៅកាន់តុលាការអន្តរជាតិ វាគ្រប់គ្រាន់ដើម្បីនឹងយកឈ្នះទេ? មិនមែនជាបញ្ហាតូចតាចទេ ការមើលមុខគ្នាមិនត្រង់ រវាងប្រទេសជិតខាង ដែលនៅជាមួយគ្នា មិនមែនជាបញ្ហាធម្មតាទេ ។ សុំទូលប្រគេនព្រះតេជគុណ ខ្ញុំព្រះករុណាខ្ញុំ ពិតជាពិសោធន៍ជោកជាំ លើបញ្ហាគ្រប់គ្រងរដ្ឋ ដឹកនាំរដ្ឋដឹកនាំប្រទេស ដែលនៅលើភពផែនដីនេះ មិនមាននរណាដែលដឹកនាំប្រទេសបានយូរជាងខ្ញុំព្រះករុណាខ្ញុំទេ។ ៣៨ឆ្នាំ នៃការធ្វើនាយករដ្ឋមន្រ្តី ហើយបើគិតពីការធ្វើឧបនាយករដ្ឋមន្រ្តី និងនាយករដ្ឋមន្រ្តី មានរយៈពេលជាង៤០ឆ្នាំ ហើយឥឡូវនេះ នៅធ្វើជាប្រធានព្រឹទ្ធសភា នៅឡើយ អត់មានអ្នកណាដែលមានការដឹកនាំតាំងពីអត់បាយស៊ី ធ្វើឲ្យមានបាយស៊ី ដឹកនាំតាំងពីមានសង្រ្គាម ធ្វើឲ្យមានសន្តិភាព ។ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានបទពិសោធន៍ ។ ទោះបីអ្នកណាថាខ្ញុំព្រះណាខ្ញុំល្ងង់ ទៅ! ល្ងង់ឬមិនល្ងង់ គឺអ្នកឯងគិតមើលទៅ? ខ្ញុំអាចនៅជាមួយប្រជាពលរដ្ឋរបស់ខ្ញុំ រយៈពេលដ៏លំបាក រហូតមកដល់ដំណាក់កាលដែលមានការធូរសា្រលជាង បើទោះបីជាកត្តាសេដ្ឋកិច្ច ពេលខ្លះមានការលំបាក ដោយការញាំញីពីជំងឺកូវីដ ដោយការញាំញីដោយសង្រ្គាមនៅក្រៅប្រទេស ដែលវាជះឥទ្ធិពលដល់សេដ្ឋកិច្ចក្នុងស្រុក“ ។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍បន្តថា “ខ្ញុំព្រះណាខ្ញុំ មើលឃើញចំណុចសំខាន់ពីរ ដែលធ្វើឲ្យប្រទេសមួយលូតលាស់បាន ។ ទី១ គឺស្ថិរភាពផ្ទៃក្នុង ទី២ ទំនាក់ទំនងជាមួយប្រទេសជិតខាងល្អ គឺកត្តាពីរនេះធំណាស់ ។ មានកត្តាជាច្រើន ប៉ុន្តែកត្តានាំំមុខ ទី១ ត្រូវមានស្ថិរភាពផ្ទៃក្នុង ។ គ្មានសន្តិភាព គ្មានស្ថិរភាព កុំនិយាយពីលទ្ធិប្រជាធិបតេយ្យ កុំនិយាយពីសិទ្ធិមនុស្ស កុំនិយាយពីអ្វីផ្សេងទៀត ត្រៀមត្រង់សេទៅ បើអត់មានស្ថិរភាពទេ ។ អាហ្នឹងនិយាយការពិត ។ គ្មានប្រទេសណាមួយអភិវឌ្ឍដោយខ្វះស្ថិរភាព ឬខ្វះសន្តិភាពនោះទេ អត់ទេ! ទី២ ជាមួយនឹងប្រទេសជិតខាង ត្រូវតែធ្វើការឲ្យបានជិតស្និទ្ធ រួមរស់ដោយសន្តិវិធី ដែលខ្ញុំព្រះករុណាខ្ញុំ បន្ទាប់ពីបញ្ចប់នូវនយោបាយឈ្នះ-ឈ្នះ បានដាក់ចេញ ប្រកាសចេញនូវទិសដៅពីរធំ គោលដៅធំពីរ ។ គោលដៅទី១ គឺប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ ឲ្យក្លាយទៅជាតំបន់អភិវឌ្ឍន៍ និងទៅជាទីផ្សារ ដែលឥឡូវនេះ ប្រមាណជា៩៥ ឬលើស៩៥% ទៅហើយ ដែលយើងអនុវត្តបាន ប្រែក្លាយតំបន់នោះ ពីតំបន់សមរភូមិ ឲ្យទៅជាតំបន់ដែលមានការអភិវឌ្ឍ ការដាំដុះ ឬរហូតដល់ទៅទីផ្សារផង ឯនៅសល់ប្រមាណជា ៥០%ទៀត ស្អីទៅ? ដីដែលមិនទាន់បំផ្លាញចោលគ្រាន់មីនអស់ ដោយសារគ្រាប់មីន នៅស្រុកខ្មែរ វាច្រើនពេក តាំងពីឆ្នាំ១៩៧០ ។ អ៊ីចឹងកំពុងតែបន្ត ឥឡូវយើងកំពុងធ្វើម្ចាស់ផ្ទះ នៃសន្ធិសញ្ញាអូតាវ៉ា ស្ដីពីការប្រឆាំងគ្រាប់មីន នេះឯង ហ្នឹងគោលដីទី១ ដែលខ្ញុំព្រះករុណាដាក់ចេញធ្វើ ប្រែក្លាយតំបន់អតីតសមរភូមិ ឲ្យទៅជាតំបន់អភិវឌ្ឍន៍និងទីផ្សារ ។ ទី២ ត្រូវប្រែក្លាយខ្សែព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ។ ដូច្នេះបានជាខ្ញុំព្រះករុណាខ្ញុំ ត្រូវតែធ្វើការចរចាជាមួយមិត្តភក្ដិដែលជាប់ជិតខាងយើង មានវៀតណាម មានឡាវ មានថៃ ។ ជម្លោះបានកើតក្នុងមួយរយៈ នៅព្រះវិហារ នៅតាមាន់ តាក្របី ក៏ប៉ុន្តែយើងបានធ្វើឲ្យទ្រឹងសភាពការណ៍នេះ តាមរយៈយន្តការយោធានៅកន្លែង សម្រុះសម្រួលដោះស្រាយបញ្ហាកុំឲ្យសង្រ្គាមរីករាលដាលចេញពីតំបន់ព្រះវិហារ ទៅទូទាំងតំបន់ព្រំដែន តាមរយៈក្រុមប្រឹក្សាសន្តិសុខ តាមរយៈតុលាការឡាអេ ។ យើងដោះស្រាយជាមួយឡាវ ពេលនេះបានបោះបង្គោល ចំនួន៨៦% រួចស្រេចទៅហើយ យើងដោះស្រាយជាមួយវៀតណាម ពេលនេះបានដោះស្រាយចំនួន ៨៤% នៅសល់ ១៦% ទៀត នៅបន្តដោះស្រាយ ចរចាជាមួយគ្នា ដើម្បីឈានទៅបោះបង្គោល“ ។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា “ព្រះតេជគុណមួយចំនួន បាននិមន្ត ប្រជាជនមួយចំនួន បានទៅលេងទល់ដែន ។ សុំទៅមើលទល់ដែន ទៅមើលបង្គោល ហើយឥឡូវកំពុងតែស្រុះស្រួលគ្នា ទាំងជាមួយឡាវ ទាំងជាមួយវៀតណាម បន្ថែមបង្គោលតូចៗមួយចំនួនផ្សេងទៀត ដើម្បីឲ្យប្រជាជនយើងងាយយល់ ងាយដឹងថា កន្លែងណាជាដីយើង? កន្លែងណាជាដីគេ? អ៊ីចឹងព្រះអង្គគិតប្រមើលអ៊ីចេះ! ប្រសិនបើប្រទេសកម្ពុជា មួយមានជម្លោះទល់ដែនជាមួយប្រទេសជិតខាង តើកម្ពុជា ត្រូវធ្វើអី្វ? គឺកម្ពុជា ត្រូវបញ្ចេញកងទ័ពចេញពីបន្ទាយរាប់ម៉ឺននាក់ ដើម្បីទៅឈរជើងតាមព្រំដែន ។ អ្នកនៅខាងក្រោយ ក៏ត្រូវតែបញ្ជូនភ័ស្តុភារទៅកាន់ព្រំដែន តើយើងគួរធ្វើអ៊ីចឹងទេ? នៅក្នុងស្ថានភាពមួយដែលកំពុងតែជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ទំនាក់ទំនងជិតខាងល្អ ដែលប្រទេសទាំងឡាយជាប់ជិតខាងយើងកំពុងតែបានធ្វើជាមួយយើង ។ ពិតហើយ! នៅក្នុងប្រទេសនីមួយៗ តែមានពួកជ្រុលនិយម ប៉ុន្តែជ្រុលនិយមនៅកម្ពុជា គឺជាជ្រុលនិយមមិនធម្មតា ដែលជ្រុលនិយម គួរតែត្រូវបានរៀបចំដាក់ចូលទៅក្នុងច្បាប់ ចាត់ទុកក្រុមនេះ ប៉ុន្តែគេមិនហ៊ានដាក់សមាសភាពនាយករដ្ឋមន្រ្តី ប្រធានាធិបតី រដ្ឋមន្រ្តីនានាមកទេ ។ ហ៊ានដាក់គឹបមក គឺឯនេះចេញគឹបភ្លាម! សាកល្បងទៅ ! ដល់អ៊ីចឹង គេប្រកាស គេថាអ្នកដឹកនាំគឺនៅជិតៗហ៊ុន សែន ហ្នឹង នៅក្បែរៗហ៊ុន សែន ហ្នឹង ។ ហ៊ឺ! ស្ទើរភ្លើង! កុំអី! អ៊ីចឹងទេ ខ្ញុំព្រះករុណាខ្ញុំ អំពាវនាវប្រជាពលរដ្ឋរបស់យើង ទុកលទ្ធភាពឲ្យរាជរដ្ឋាភិបាល ធ្វើការចរចាជាមួយនឹងរដ្ឋាភិបាលថៃ ហើយសង្ឃឹមថា ខាងអ្នកជ្រុលនៅក្នុងប្រទេសថៃ ក៏ត្រូវទុកលទ្ធភាពឲ្យរដ្ឋាភិបាលក្នុងប្រទេសថៃ ធ្វើការចរចាដែរ ។ ប៉ុន្តែអ្វីដែលគួរឆ្ងល់នោះ ទាំងខាងថៃ អ្នកជ្រុលនិយមថៃ និងអ្នកជ្រុលនិយមនៅស្រុកខ្មែរ ដែលជ្រកកោននៅបរទេស គេថា ខ្ញុំព្រះណាខ្ញុំហ្នឹង កំពុងតែពិភាក្សាជាមួយថាក់ស៊ីន ដើម្បីចែកផល ហើយពេលដែលថាក់ស៊ីន ចេញពីកន្លែងឃុំឃាំង មកផ្ទះ ខ្ញុំព្រះណាខ្ញុំ ក៏បានហោះទៅបាងកក ដើម្បីទទួលទានអាហារ សួរសុខទុក្ខក្នុងឋានៈជាមិត្តភក្ដិចាស់ គេថាខ្ញុំព្រះណាខ្ញុំ ទៅពិភាក្សាជាមួយថាក់ស៊ីន លើរឿងចែកផលគ្នា ។ ឱ! ព្រះអើយព្រះ! តើទេវតាអាចកាច់? ប៉ុន្តែទេវតាមិនកាច់ទេ ប៉ុន្តែយមរាជ អាចកាច់យកមនុស្សហ្នឹងទៅបានអត់? វាអ៊ីចឹងចុះ! តើមានឋានយមរាជមែនអត់? ខ្ញុំព្រះករុណាខ្ញុំមិនច្បាស់ដែរអាហ្នឹង …” ។

សូមបញ្ជាក់ថា ការថ្លែងបញ្ជាក់របស់សម្តេចហ៊ុន សែន ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានអំពាវនាវឲ្យជនរួមជាតិខ្មែរ ទូទាំងសកលាលោក ធ្វើបាតុកម្មទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់កោះគុត ដែលស្ថិតនៅតំបន់ត្រួតស៊ីគ្នាជាមួយប្រទេសថៃ ហើយថៃ អះអាងថាជាកោះរបស់ខ្លួននោះ ឲ្យតុលាការអន្តរជាតិ កាត់ក្ដី ។ ជាពិសេស មេចលនាជាតិតស៊ូនេះ បានអំពាវនាវប្រជាពលរដ្ឋខ្មែរ ក្រោកឡើងបញ្ចេញសំឡេង ការពារកោះគុត កុំឲ្យបាត់ដូចកោះត្រល់ ។

លោកសម រង្ស៊ី សរសេរក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ថា “ក្នុងនាមជាប្រធានចលនាជាតិតស៊ូ ខ្ញុំសូមអំពាវនាវដល់បងប្អូនកូនក្មួយ គ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស ក្រោកឡើងធ្វើបាតុកម្ម ទូទាំងពិភពលោក ទាមទារឲ្យរដ្ឋាភិបាលភ្នំពេញសព្វថ្ងៃ ត្រូវតែដាក់សំណុំរឿងកោះគុត និងដែនសមុទ្រត្រួតស៊ីគ្នា ទំហំជាង ២៦០០០ គីឡូម៉ែត្រក្រឡា ទៅតុលាការអន្តរជាតិ ឲ្យកាត់សេចក្ដី។ យើងមានសាក្សីបារាំង មានភស្ដុតាងក្នុងប្រវត្តិសាស្ត្រ និងមានច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ ជាពិសេសសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដោយមានផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញានេះ ដែលបញ្ជាក់ថា កោះគុត លើសពីពាក់កណ្ដាល និងផែនសមុទ្រ ជាង ២៦០០០គីឡូម៉ែត្រការ៉េ ដែលភាគីថៃ និងរដ្ឋាភិបាលភ្នំពេញ អះអាងថា តំបន់ត្រួតស៊ីគ្នានោះ គឺជាកម្មសិទ្ធិរបស់ប្រទេសកម្ពុជា»។

អតីតមេបក្សប្រឆាំង សម រង្ស៉ី បន្តថា «យើងកូនខ្មែរ បដិសេធដាច់ខាត ចំពោះការចរចាទ្វេភាគី ពីព្រោះរដ្ឋាភិបាលត្រកូលហ៊ុន នៅក្រោមឥទ្ធិពលរដ្ឋាភិបាលថៃ ដែលដឹកនាំដោយគ្រួសារលោកថាក់ស៊ីន ច្រើនរឿងណាស់។ បើចរចាទ្វេភាគី រដ្ឋាភិបាលគ្រួសារហ៊ុន នឹងប្រគល់កោះគុត ទាំងមូល និងដែនសមុទ្រទំហំជាង ២៦០០០គីឡូម៉ែត្រការ៉េ ទៅឲ្យថៃ ត្រួតត្រា ជាថ្នូរបានការរកស៊ីប្រមូលលុយច្រកហោប៉ៅគ្រួសារហ៊ុន សម្រាប់ចិញ្ចឹមអំណាចតែប៉ុណ្ណោះ។ យើងជាកូនខ្មែរ ត្រូវនាំគ្នាប្រឆាំងការចរចាទ្វេភាគី ហើយប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ជំរុញឲ្យរដ្ឋាភិបាលភ្នំពេញ ប្ដឹងទៅតុលាការអន្តរជាតិ។ យើងមិនធ្វើសកម្មភាពប្រឆាំងនឹងភាគីថៃ ណាមួយឡើយ រឿងផ្ទៃក្នុងថៃ គឺជានយោបាយថៃ ប៉ុន្តែយើងជាប្រជាពលរដ្ឋខ្មែរ ម្ចាស់ទឹកដីខ្មែរ ត្រូវតែទាមទារឲ្យរដ្ឋាភិបាលភ្នំពេញ ប្ដឹងសំណុំរឿងកោះគុត ទៅតុលាការអន្តរជាតិ។ យើងក្រោកឡើងបញ្ចេញសំឡេង ដើម្បីការពារកោះគុត កុំឲ្យបាត់ដូចកោះត្រល់!!!“ ។

ទោះបីយ៉ាងណា លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សានាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការបំផុសបំផុលអំពាវនាវរបស់ទណ្ឌិត សម រង្ស៊ី ជនក្បត់ជាតិ ៣ជំនាន់ ជាបទល្មើសញុះញង់ថ្មីមួយទៀត បន្ថែមលើបទល្មើសញុះញង់មុនៗ ដែលតុលាការបានកាត់ទោស ។ ប៉ុន្តែលោកមិនព្រួយបារម្ភខ្លាចប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស ងើបឡើងបះបោរតាមការបំផុសរបស់មេបាតុកម្មរូបនេះទេ ផ្ទុយទៅវិញ លោកព្រួយខ្លាចតែមានមនុស្សមួយចំនួនដែលលង់ជឿលើទណ្ឌិតរូបនេះ ទៅចូលរួមបាតុកម្មខុសច្បាប់ នាំឲ្យមានទោស ជាប់គុក ។ ដូច្នេះលោកអំពាវនាវសូមឲ្យមានទំនុកចិត្តចំពោះរាជរដ្ឋាភិបាល ក្នុងការដោះស្រាយរឿងកោះគុត នេះ គឺសូមឲ្យទុកចិត្តលើរាជរដ្ឋាភិបាល ហើយរង់ចាំមើលដំណោះស្រាយរបស់រាជរដ្ឋាភិបាល ។

លោកជុំ កុសល បានមានប្រសាសន៍ថា “បាទ! វាជាការពិតហើយ សម្រាប់ជនក្បត់ជាតិ ៣ជំនាន់នេះ បើយើងនិយាយអំពីបទល្មើសហ្នឹង គឺវារាប់មិនអស់ហើយ ការញុះញង់ឲ្យប្រជាពលរដ្ឋងើបឡើងប្រឆាំងជាមួយថ្នាក់ដឹកនាំប្រទេស ឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបង្វែរចុងកាណុងមកប្រឆាំង មិនស្គាប់បង្គាប់បញ្ជារាជរដ្ឋាភិបាលអី អាហ្នឹងវាជាបទល្មើសធ្ងន់ធ្ងរណាស់ ហើយថ្មីៗនេះការអំពាវនាវឲ្យប្រជាពលរដ្ឋងើបឡើងការពារកោះគុត កោះអី ហើយយកគំរូតាមបង់ក្លាដែស អីហ្នឹង វាកាន់តែធ្វើឲ្យយើងមើលឃើញអំពីកំហុសហ្នឹងវាកាន់តែច្រើនមកទៀត ។ តើអំពាវនាវបានអ្វីមកវិញ? ក្រៅតែអំពីចេតនាញុះញង់ ។ រាជរដ្ឋាភិបាល លោកចេះធ្វើការហើយ លោកដឹងពីរបៀបធ្វើការហើយ តើត្រូវធ្វើម៉េច? អ៊ីចឹងសុំទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន មិនមែនទៅបណ្ដោយឲ្យគេយកតាមតែអំពើចិត្ត ដូចការចោទប្រកាន់របស់ក្រុមឧទ្ទាមនោះទេ ។ ដំណោះស្រាយរាជរដ្ឋាភិបាល ចង់ធ្វើម៉េច? ធ្វើសង្រ្គាមហើយអី? យើងមានច្បាប់ យើងមានសន្ធិសញ្ញា យើងមានភ័ស្តុតាង មានទឡ្ហីករណ៍តើ! អ៊ីចឹងការរកដំណោះស្រាយរបស់រាជរដ្ឋាភិបាល គឺផ្អែកទៅលើកត្តាប្រវត្តិសាស្រ្ត ផ្លូវច្បាប់ ការជជែកគ្នាដោយសន្តិវិធី ដោយទ្វេភាគី មិនមែនចាប់ប៉ឹបឡើង មិនដឹងអីផង បែរទៅជាបង្កសង្រ្គាម អាហ្នឹងវាទៅមិនរួចទេ សម័យនេះទៅហើយនោះ“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្តថា “សម្រាប់ខ្ញុំៗអត់មានការព្រួយបារម្ភអីទេ ពីរឿងថា ខ្លាចប្រជាជនងើបឡើងបះបោរ តាមការអំពាវនាវរបស់ជនក្បត់ជាតិនេះនោះ ព្រួយតែមួយគត់ ខ្ញុំព្រួយខ្លាចក្រែងតែមានមនុស្សណា បងប្អូនមួយចំនួនណា ដែលលង់លើយនឹងកលល្បិចញុះញង់របស់មេឧទ្ទាមហ្នឹង ទៅចូលរួមសភាពអីដែលវាខុសច្បាប់ គឺច្បាប់បានអនុវត្ត គឺជាប់គុក ជាប់ច្រវាក់ទៅវិញទេ ។ បើថាឲ្យទៅបារម្ភថា បងប្អូនមួយប្រទេសងើបឡើងបះបោរ ធ្វើដូចបង់ក្លាដែស ហ្នឹងវាមិនអាចទេ ពីព្រោះប្រជាពលរដ្ឋ ស្គាល់ច្បាស់អំពីល្បិចនយោបាយ និយាយភាសាសាមញ្ញ ហៅថាក្រយៅបុគ្គលសម រង្ស៊ី ហ្នឹងច្បាស់ណាស់ ។ ចំណុចទី២ទៀត ប្រជាពលរដ្ឋកម្ពុជា ភាគច្រើនលើសលប់ ដែលពួកគាត់នៅសព្វថ្ងៃនេះ លោកបានឆ្លងកាត់ ហែលអស់ហើយ នូវបញ្ហាអស់ទាំងនេះ តាំងពីទសវត្សរ៍ឆ្នាំ១៩៧០ មក ។ អ៊ីចឹងមិនអាចវិលត្រលប់ទៅរកភាពល្ងង់ខ្លៅ ចាញ់កលនៃអ្នកនយោបាយ ឬក៏បរទេសណាឲ្យងើបឡើងបះបោរ បង្កសង្រ្គាមអីឡើងវិញទេ អាហ្នឹងវាជាអំពើឆោតល្ងង់ទេ“ ។

លោកជុំ កុសល បានមានប្រសាសន៍បន្តថា “ជារួម ខ្ញុំសូមអំពាវនាវតាមរយៈនេះ ទី១ សូមឲ្យមានទំនុកចិត្តចំពោះរាជរដ្ឋាភិបាល ដែលលោកត្រូវធ្វើម៉េចៗ លោកមានរបៀបនៃដំណោះស្រាយហើយ ។ ខ្ញុំលើកឧទាហរណ៍ជាក់ស្ដែងមកចុះ! ដូច២០០៨ មក យើងក៏ធ្លាប់មានបញ្ហាពីរឿងតំបន់វត្តកែវសិក្ខាគិរីស្វារៈ ៤.៦ នៅព្រះវិហារ ហើយក៏ធ្លាប់មានចម្រូងចម្រាស តែយើងមើលរាជរដ្ឋាភិបាល ពេលនោះសម្ដេចតេជោ លោកដោះស្រាយដោយសន្តិវិធី ដោយទ្វេភាគី ផ្អែកលើផ្លូវច្បាប់ ។ ទីចុងបញ្ចប់ យើងទទួលបានជោគជ័យដោយកិត្តិយស ក្នុងភាពថ្លៃថ្នូរ ជាប្រទេសតូចជាងប្រទេស ក៏ប៉ុន្តែយើងមានភាពថ្លៃថ្នូររបស់យើង ។ អ៊ីចឹងបញ្ហាកោះគុត នេះដូចគ្នា ខ្ញុំជឿជាក់ថា រាជរដ្ឋាភិបាល លោកមានវិធីក្នុងការដោះ ពីព្រោះយើងមានសន្ធិសញ្ញា យើងមានភ័ស្តុតាង យើងមានអីគ្រប់គ្រាន់ យើងមិនទៅឆូងឆាំងដោយមិនដឹងអីនោះទេ ។ អ៊ីចឹងសូមឲ្យទុកចិត្តលើរាជរដ្ឋាភិបាល ហើយយើងរង់ចាំមើលដំណោះស្រាយរបស់រាជរដ្ឋាភិបាល“ ៕ កុលបុត្រ

RELATED ARTICLES