Tuesday, November 26, 2024
Homeព័ត៌មានជាតិបញ្ហាព្រំដែនសមុទ្រ បណ្ឌិតយង់ ពៅ ថាបកស្រាយភាន់ច្រឡំ ដូចហុចដងដាវឲ្យគេ

បញ្ហាព្រំដែនសមុទ្រ បណ្ឌិតយង់ ពៅ ថាបកស្រាយភាន់ច្រឡំ ដូចហុចដងដាវឲ្យគេ

ភ្នំពេញ ៖ បន្ទាប់ពីមានព័ត៌មានពីប្រទេសថៃ ថា រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ព្រមានថា សង្គ្រាម អាចនឹងកើតឡើង ប្រសិនបើការចរចារឿងតំបន់ត្រួតស៊ីគ្នា មិនស្របតាម MOU ឆ្នាំ២០០១ និងក្រុមប្រឆាំងនៅកម្ពុជា ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ទាមទារ ២ភាគ៣នៃកោះគុត ពីប្រទេសថៃ មកវិញ ឬប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិ ព្រោះកោះគុត ជារបស់ខ្មែរនោះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការបកស្រាយភាន់ច្រឡំបញ្ហាព្រំដែនសមុទ្រ ដូចហុចដងដាវឲ្យគេ។

លោកបណ្ឌិត យង់ ពៅ បានសរសេរនៅក្នុងគណនី និងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា  “ឃើញគេបកស្រាយភាន់ច្រឡំខ្លាំង លើបញ្ហាព្រំដែនសមុទ្រ, ចៀសវាងហុចដងដាវឱ្យដៃគូ…!“ ។

លោកបណ្ឌិត យង់ ពៅ បានសរសេរបន្ថែមថា “មេរៀនប្រវត្តិសាស្ត្រ ៖ កម្ពុជា មិនត្រូវស្រូបផ្សែងពុលនយោបាយ ពីអ្នកជាតិនិយមថៃ មួយក្ដាប់តូចនោះទេ“ ។

សំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត យង់ ពៅ ចង់រំលឹកឡើងវិញ នូវអ្វីដែលលោកបានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា បើកនៅក្នុងសិក្ខាសាលាលើកទី២ ស្ដីពី «លទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា ៖ របកគំហើញនៅក្រៅរាជធានីអង្គរ» កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត យង់ ពៅ បានបកស្រាយពន្យល់នៅក្នុងអង្គសិក្ខាសាលានោះថា កម្ពុជាតែងតែគោរពនូវ «គោលការណ៍ខ្សែព្រំដែនមិនកែប្រែ» ដែលភាសាឡាតាំង សរសេរថា «Uti Possidetis» មានន័យថា បន្តទទួលស្គាល់និងគោរពនូវព្រំដែនដែលបានកំណត់ដោយម្ចាស់អាណានិគម ដែលរួមមាន ៖ សន្ធិសញ្ញា អនុសញ្ញា ផែនទី និងឯកសារពាក់ព័ន្ធនានា (ក្នុងនោះមានសន្ធិសញ្ញាឆ្នាំ១៩០៧ ផងដែរ) ក៏ដូចជាច្បាប់អន្តរជាតិ ក្នុងភាពជារដ្ឋសមាជិក ហើយបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានគោរពនិងថែរក្សាបាននូវបូរណភាពទឹកដីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។

លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា ៖ «កម្ពុជា គោរពនិងប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវច្បាប់ជាតិ និងលិខិតបទដ្ឋានអន្តរជាតិនានា ដែលមានជាធរមាន ដើម្បីថែរក្សាការពារនូវអធិបតេយ្យរបស់ខ្លួន នៅចំពោះការមុខការប្រឈមផ្សេងៗ ពាក់ព័ន្ធទៅនឹងស្ថានការណ៍វិវត្តនៅក្នុងតំបន់ និងនៅក្នុងនយោបាយអន្តរជាតិបច្ចុប្បន្ន។ បន្ថែមពីនេះ កម្ពុជា គ្មានភាពចាំបាច់ដែលត្រូវស្រូបយកផ្សែងពុលនយោបាយ ពីក្រុមជាតិនិយមជ្រុលមួយក្ដាប់តូច ពីប្រទេសជិតខាង ដែលតែងតែបង្វែរនយោបាយផ្ទៃក្នុងរបស់ខ្លួន ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ក្នុងគោលបំណងទទួលបានប្រជាប្រិយភាពនយោបាយរបស់ខ្លួននោះទេ»។

អ្នកជំនាញភូមិសាស្រ្តនយោបាយខាងលើ បានរំឭកនូវឧទាហរណ៍មួយ អំពីផលវិបាកដែលមហាជនខ្មែរ ប្រតិកម្មទៅនឹងការលើកឡើង ឬការដុតបញ្ហាពីសំណាក់ប្រទេសជិតខាង ទៅតាមចេតនារបស់ក្រុមជនមួយក្ដាប់តូច នៅបរទេស ដែលនាំទៅដល់ការខូចប្រយោជន៍ និងមុខមាត់ប្រទេសជាតិ ដូចជាករណីរឿងអ្នកសិល្បៈថៃ ឈ្មោះ ផ្កាយព្រឹក ដែលនាំទៅដល់វិបត្តិការទូតកម្ពុជា-ថៃ នៅឆ្នាំ២០០៣ និងការបង្វែរបញ្ហានយោបាយផ្ទៃក្នុងថៃ មកជាជម្លោះអធិបតេយ្យជាមួយនឹងកម្ពុជា ដូចជាករណីប្រាសាទព្រះវិហារ នៅឆ្នាំ២០០៨ ជាដើម ដោយបានធ្វើឱ្យស្ថានការណ៍ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ចុះ រហូតដល់ឆ្នាំ២០១៤ ក្រោយពេលតុលាការយុត្តិអន្តរជាតិ (ICJ) បកស្រាយឡើងវិញ ទើបទំនាក់ទំនងប្រទេសជិតខាងទាំងពីរ បានវិលមករកប្រក្រតីភាពឡើងវិញ។

ទោះបីជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា អ្វីដែលកម្ពុជា ត្រូវយកចិត្តទុកដាក់នាពេលនេះ គឺការកសាងភាពជាអ្នកជិតខាងល្អជាមួយនឹងប្រទេសក្បែរខាងកម្ពុជា ដើម្បីថែរក្សានិងជំរុញតំបន់ព្រំដែន ឱ្យក្លាយទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិល្អជាមួយគ្នា ព្រមទាំងផ្ដល់នូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិទាំងសងខាងរៀងៗខ្លួន។

លោកបណ្ឌិត យង់ ពៅ បានថ្លែងកត់សម្គាល់ថា «គេមិនអាចលើកព្រំដែនប្រទេសកម្ពុជា ចេញពីប្រទេសជាប់ខ្លួនណាមួយបាននោះទេ ហេតុនេះហើយ កិច្ចសហប្រតិបត្តិការល្អ និងការថែរក្សាចំណងទំនាក់ទំនងឱ្យបានកាន់តែប្រសើរឡើងជាបន្តបន្ទាប់នោះ គឺជារឿងចាំបាច់បំផុត ដើម្បីកម្ពុជា អាចសម្រេចនូវគោលដៅអភិវឌ្ឍប្រទេសជាតិខ្លួនបានប្រកបដោយចីរភាព និងនិរន្តរភាព»។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ ក៏បានថ្លែងគូសបញ្ជាក់អំពីចំណុចដ៏សំខាន់មួយទៀត ដែលកម្ពុជា ត្រូវផ្ដោតការយកចិត្តទុកដាក់នោះគឺ ការកសាងសមត្ថភាពជាតិ ឱ្យបានរឹងមាំ និងប្រកបដោយថាមភាព។ បើតាមលោកបណ្ឌិត កម្ពុជា ត្រូវតែកសាងសមត្ថភាពជាតិ ឱ្យបានរឹងមាំ តាមរយៈការពង្រឹងនូវធនធានមនុស្ស ដែលជាចលករមិនអាចខ្វះបាននៅក្នុងការអភិវឌ្ឍប្រទេសជាតិ ដើម្បីពង្រឹងជំហរនយោបាយការបរទេសកាន់តែរឹងមាំ និងឈានទៅប្រកួតប្រជែងដោយស្មើមុខស្មើមាត់ជាមួយនឹងបណ្ដាប្រទេសដទៃទៀតទាំងក្នុងតំបន់ និងនៅលើពិភពលោក។ ប្រសិនបើកម្ពុជា មិនអាចសម្រេចបាននូវសមត្ថភាពជាតិរឹងមាំគ្រប់គ្រាន់នោះទេ កម្ពុជា ពិតជានឹងត្រូវបន្តទទួលរងផ្សែងពុលនយោបាយពីសំណាក់ប្រទេសជិតខាង ទៅតាមមហិច្ឆតា និងចេតនាទុច្ចរិតរបស់អ្នកនយោបាយ មួយចំនួនតូចនៅឯបរទេស ដូចកាលពីអតីតកាលជាមិនខាន។

ក្នុងនាមអ្នកជំនាញភូមិសាស្រ្តនយោបាយ លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា តាមរយៈបទពិសោធប្រវត្តិសាស្ត្រ មេដឹកនាំកម្ពុជា ត្រូវតែពង្រឹងសមត្ថភាពជាតិ ឱ្យបានខ្លាំងក្លា ព្រោះនៅក្នុងប្រវត្តិសាស្ត្រនាអតីតកាលបានបង្ហាញឱ្យយើងឃើញថា រដ្ឋមួយដែលខ្លាំង នឹងពង្រីកដែនដីនិងឥទ្ធិពលនយោបាយរបស់ខ្លួន ទៅតាមនោះដែរ ដោយសារក្នុងអតីតកាល ពិភពលោកពុំទាន់មានច្បាប់អន្តរជាតិណាដែលកំណត់និងបែងចែកដែនអធិបតេយ្យ ដោយប្រើប្រាស់យោងលើលិខិតបទដ្ឋានគតិយុត្តនានានៅឡើយនោះទេ។ លោកបណ្ឌិត បន្តថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ត្រូវតែពង្រឹងមូលដ្ឋានគតិយុត្ត និងសមត្ថភាពរឹងមាំអាចការពារបូរណភាព និងអធិបតេយ្យភាពរបស់ខ្លួនបាន។ ការពង្រឹងសមត្ថភាពជាតិរបស់ខ្លួនឱ្យរឹងមាំ មិនមែនដើម្បីទៅវាតទីទឹកដីនោះទេ ប៉ុន្តែគឺជាការពង្រីកព្រំដែនជាសាកល ដែលរដ្ឋមួយអាចជះឥទ្ធិពលនយោបាយនិងវប្បធម៌របស់ខ្លួនឱ្យជ្រួតជ្រាបទៅសាធារណជន ជាសាកលបានតាមរយៈការរីកចម្រើននៅក្នុងវិស័យផ្សេងៗ រាប់ចាប់តាំងពីការទូត បច្ចេកវិទ្យា ម្ហូបអាហារ និងខ្សែភាពយន្ត ជាដើម។

ដោយឡែក ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្ថែមអំពីខ្លឹមសារដែលលោកបានថ្លែងនៅក្នុងអង្គសិក្ខាសាលានោះថា “បាទ! កន្លែងនេះ ខ្ញុំសូមមិនបកស្រាយវែងទេ ខ្ញុំមានវីដេអូឃ្លីបអីខ្លីៗអាចទៅមើលបន្ថែម ដើម្បីចៀសវាងការភ័ន្តច្រឡំ ។ ប៉ុន្តែខ្ញុំចង់ផ្ដោតអ៊ីចេះ! រឿងខ្លះពាក់ព័ន្ធអធិបតេយ្យនេះ អ្នកមួយចំនួនមិនមានឯកសារដើមយកមកអានទេ ស្វែងយល់ទេ អ៊ីចឹងធ្វើឲ្យមានការភ័ន្តច្រឡំ បកស្រាយទៅខុស នាំឲ្យអ្នកជាតិនិយមជ្រុលថៃ មួយចំនួន គេចាប់ចំណុចហ្នឹងបាន ហើយគេវ៉ៃបកមកយើង ទី១ ។ រឿងទី២ អាចយើងចូលនៅក្នុងអន្ទាក់របស់អ្នកចលនាជាតិនិយមមួយក្ដាប់តូចរបស់ថៃ នោះ ដែលធ្លាប់ដាក់អន្ទាក់មកយើង ដូចនៅចាំឆ្នាំ២០០៣ ដែលយើងឈានទៅដល់ដុតទូតថៃ ហ្នឹង នាងផ្កាយព្រឹក ហ្នឹង ។ អាហ្នឹងករណីហ្នឹង ធ្វើឲ្យយើងរងភាពអាម៉ាស់ការទូត រាប់ទសវត្សរ៍ក្រោយមកទៀត ឃើញទេ? ក្រោយមកទៀត រឿងក្ដីប្រាសាទព្រះវិហារ ឆ្នាំ២០០៨ ដែលព្រះវិហារ ជារបស់យើងសោះ ថៃ គេឃើញសរសេរច្បាស់ក្រឡែត តែគេឃើញបញ្ហាជាតិនិយមចុះឡើងទៅ យើងឈូឆរតាមគេ ទៅជាមានបញ្ហា ដើម្បីគេដោះស្រាយនយោបាយផ្ទៃក្នុងគេសោះហ្នឹង អ៊ីចឹងគេរុញបញ្ហាមកយើង ។ រឿងថ្មីៗហ្នឹង (កោះគុត) ដូចគ្នាដែរ គេដោះស្រាយបញ្ហាផ្ទៃក្នុងគេ ជជែកអំណាចផ្ទៃក្នុងគេ គេរុញបញ្ហាមកយើង ឲ្យយើងមកអួអាប់តាមគេទៅ ហើយគេចំណេញមកលើយើង ។ ដូច្នេះសូមចេះតែប្រតិកម្មផ្ដេសផ្ដាស ដែលនាំហុចដងដាវឲ្យគេ ហើយខ្ញុំទើបបង្ហោះឃ្លីបថ្មីមួយទៀត គឺកុំស្រូបផ្សែងពុលនយោបាយពីជាតិនិយមថៃ អាចចូលមកហ្វេសប៊ុកខ្ញុំ ឃើញហើយ ។ អ៊ីចឹងខ្ញុំមានតែប៉ុណ្ណឹងទេ ខ្ញុំអត់មានអីវែងឆ្ងាយលើសហ្នឹងទេ ដើម្បីកុំឲ្យវាភាន់ច្រឡំ ព្រោះកំពុងក្ដៅរឿងហ្នឹង“ ។

សូមបញ្ជាក់ថា ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ ខាងលើនេះ បានធ្វើឡើងក្រោយពេលដែលក្រុមប្រឆាំង ស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ទាមទារយកគុត ពីប្រទេសថៃ ដោយក្រុមប្រឆាំងអះអាងថា កោះគុត ជារបស់ខ្មែរ ឬស្ថិតនៅក្នុងដែនទឹករបស់ខ្មែរ ខណៈដែលរាជរដ្ឋាភិបាលថៃ និងបក្សប្រឆាំងថៃ អះអាងថា កោះគុត ជារបស់ថៃ ឬស្ថិតនៅក្នុងដែនទឹករបស់ថៃ ហើយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ព្រមានថា សង្គ្រាម អាចនឹងកើតឡើង ប្រសិនបើការចរចារឿងតំបន់ត្រួតស៊ីគ្នា មិនស្របតាម MOU ឆ្នាំ២០០១ ។

ព្រះតេជគុណ លួន សុវ៉ាត សកម្មជនការពារសិទ្ធិមនុស្ស បានលើកឡើងនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់ព្រះអង្គថា “ ថៃ ខ្លាចកម្ពុជា ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ រឿងកោះគុត ទើបថៃ គំរាមថា នឹងផ្ទុះសង្គ្រាម-បើខ្មែរប្តឹង គឺខ្មែរនឹងឈ្នះថៃ 100% ដូចរឿងក្តីប្រាសាទព្រះវិហារ ដោយមិនមានសង្គ្រាមនោះទេ“ ។

លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់តាមរយៈគណនីនិងទំព័របណ្ដាញសង្គមហ្វេសប៊ុក របស់លោកថា តាមផែនទីបារាំង (ផែនទីឧបសម្ព័ន្ធភ្ជាប់សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧) ខ្សែបន្ទាត់ព្រំដែនសមុទ្របារាំង-សៀម (ខ្មែរ-ថៃ) គឺចេញពីបង្គោលព្រំដែនសម័យបារាំង លេខ៧៣ នៅលើឆ្នេរនៅចាំយាម ខេត្តកោះកុង រត់ត្រង់ទៅចំណុចខ្ពស់បំផុតនៅលើកោះគុត។ ចំណុចខ្ពស់បំផុតនៅលើកោះគុត ភាគីខ្មែរត្រូវទទួលបាន២/៣ នៃកោះគុត ហើយភាគីថៃត្រូវទទួលបាន១/៣ នៃកោះគុត ។ សូមស្នើឲ្យលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចេញមកបកស្រាយឲ្យពលរដ្ឋខ្មែរបានដឹងថា កោះគុត ជារបស់ខ្មែរឬជារបស់ថៃទាំងស្រុង? ព្រោះនៅថៃ កោះគុត ក្តៅដូចបាយពុះ ឯនៅកម្ពុជា ស្ងប់ស្ងាត់ណាស់“ ។

លោកអ៊ុំ សំអាន បន្ថែមថា “វីដេអូទី១ លោកបណ្ឌិត ជិន សុជាតិ និយាយថា កោះគុត ជារបស់ខ្មែរ កាលពីសប្តាហ៍មុន។ ប៉ុន្តែវីដេអូទី២ លោកបណ្ឌិត ជិន សុជាតិ មិនហ៊ាននិយាយថា កោះគុត ជារបស់ខ្មែរទៀតទេ នាសប្តាហ៍នេះ ប្រហែលជាមានការដាក់សម្ពាធពីរដ្ឋាភិបាល “ ។

លោកអ៊ុំ សំអាន បន្ថែមទៀតថា “ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ព្រមានថា សង្គ្រាមអាចនឹងកើតឡើង ប្រសិនបើការចរចារឿងតំបន់ «ត្រួតស៊ីគ្នា» មិនស្របតាម MOU ឆ្នាំ២០០១ ។ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិថាំ វេឆាយ៉ាឆៃ បានលើកឡើងថា ការចរចាជុំវិញបញ្ហាតំបន់ដែលអះអាងថា «ត្រួតស៊ីគ្នា» ជាមួយកម្ពុជា ត្រូវធ្វើតាមក្របខ័ណ្ឌអនុស្សរណៈយោគយល់គ្នា MOU៤៤ រវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០១ បើមិនដូច្នេះទេ នឹងកើតមានសង្គ្រាម។ អ្នកឃ្លាំមើល ជំរុញឱ្យភាគីប្រទេសទាំងពីរនេះ ដោះស្រាយជម្លោះនេះ នៅស្ថាប័នតុលាការអន្តរជាតិ ដើម្បីរក្សាទំនាក់ទំនងការទូត ជាជាងការប្រើប្រាស់កម្លាំងយោធា។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក ភូមិថាំ វេឆាយាឆៃ  អះអាងថា ប្រទេសថៃមានបទពិសោធន៍ចាញ់ក្ដីជាមួយកម្ពុជា នៅប្រាសាទព្រះវិហារ ម្ដងរួចមកហើយ ដូច្នេះ ថៃនឹងមិនឱ្យបាត់បង់ទឹកដីកោះគុត ទៅឱ្យកម្ពុជាម្ដងទៀតនោះទេ “ ។

លោកអ៊ុំ សំអាន បន្ថែមទៀតថា “សារណារបស់បណ្ឌិត ហង់ជួន ណារ៉ុន និងផែនទីក្នុងសារណាបញ្ជាក់ថា កោះគុត ជារបស់កម្ពុជា។ សារណារបស់បណ្ឌិត ហង់ជួន ណារ៉ុន សរសេរថា «តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងពិធីសារជាឧបសម្ព័ន្ធ គណៈកម្មការព្រំដែនបានកំណត់ព្រំដែនសមុទ្ររវាងសៀម និងឥណ្ឌូចិន បារាំង (កម្ពុជា) ដោយខ្សែបន្ទាត់មួយភ្ជាប់កំពូលខ្ពស់ជាងគេរបស់កោះគុត ទៅនឹងចំណុចមួយនៃតំបន់ឆ្នេរដែលស្ថិតនៅទល់មុខកោះគុត»។ កំពូលខ្ពស់ជាងគេនៃកោះគុត កម្ពុជាទទួលបានយ៉ាងហោចណាស់ពាក់កណ្តាលនៃកោះគុត (សូមមើលរូបទី៦ គឺផែនទីក្នុងសារណារបស់បណ្ឌិត ហង់ជួន ណារ៉ុន )។ សព្វថ្ងៃនេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ជារដ្ឋមន្ដ្រីក្រសួងអប់រំ និងជាឧបនាយករដ្ឋមន្រ្តី…” ។

កញ្ញាលិម គិមស័រ សកម្មជនបរិស្ថាន និងសង្គម ដែលកំពុងរស់និរទេសនៅក្រៅប្រទេស បានបញ្ជាក់តាមរយៈគណនីហ្វេសប៊ុក របស់នាងថា “ តាមឯកសារបារាំង និងអាមេរិក បានសរសេរយ៉ាងច្បាស់ថា កោះកូដ (កោះគុត) ជាទ្រព្យសម្បត្ដិធម្មជាតិរបស់កម្ពុជា តាំងពីសម័យរជ្ជកាលដំបូង នៃការកកើតទឹកដីខ្មែរមកម្ល៉េះ ប៉ុន្ដែសង្គ្រាមរាប់រយជំនាន់តរៀងមក រហូតដល់ឆ្នាំ 1800 បានធ្វើឲ្យកម្ពុជាចុះខ្សោយ ជាឱកាសរបស់សៀម យួន និងចាម ប្រយុទ្ធគ្នា ដណ្ដើមទឹកដី ហើយកម្ពុជាក្លាយជាសមរភូមិប្រយុទ្ធរបស់ប្រទេសទាំងបីនេះ រហូតមកដល់ជំនាន់ព្រះបាទនរោត្ដម។ ដើម្បីបញ្ចប់សង្គ្រាម ព្រះបាទនរោត្ដម បានចុះព្រះហស្តលេខាស្ថិតក្រោមការគ្រប់គ្រងរបស់បារាំង ដើម្បីការពារទឹកដីកម្ពុជា…។ ក្នុងឆ្នាំ1904 មុនព្រះបាទនរោត្ដមសោយទិវង្គត សៀម នឹងយួន បម្រុងនឹងធ្វើសង្គ្រាមដណ្ដើមទឹកដីខ្មែរជាថ្មីម្ដងទៀត ដូច្នេះហើយ ព្រះបាទនរោត្ដម ដើម្បីការពារទឹកដី និងកោះគុត បានស្នើសុំឲ្យបារាំងធ្វើកិច្ចព្រមព្រៀងព្រំដែនច្បាស់លាស់មួយរវាង ថៃ&ខ្មែរ, យួន&ខ្មែរ, ឡាវ&ខ្មែរ ដើម្បីជាភស្ដុតាង ក្រោយទ្រង់សោយទិវង្គត ហើយបានកំណត់ខ្សែបន្ទាត់ជាច្រើន និងបែងចែកខេត្ដឲ្យប្រទេសនីមួយៗស្មើៗគ្នា ដើម្បីបញ្ចប់សង្គ្រាម ក្នុងនោះក៏មានកំណត់ផងដែរថា កោះកូដ (កោះគុត) ពីត្រឹមចំណុចកំពូលភ្នំនៃកោះ រហូតមកដល់ ជួរភ្នំក្រវាញ នៃខេត្ដកោះកុង ពោធិ៍សាត់ បាត់ដំបង លាតសន្ទឹងដល់ខេត្ដប៉ៃលិន ជាចំណែកនៃទឹកដីខ្មែរ…។ ក្នុងសម័យព្រះបាទស៊ីសុវត្ថិ សោយរាជ្យ បន្ដពីព្រះបាទនរោត្ដម ទ្រង់ត្រូវរៀបចំកោះនោះឲ្យបានល្អ (តែប្រហែលជាទុកចោលមិនរៀបចំ) ហើយថៃ មិនអាចវាត់ទីបានឡើយ ប្រសិនជាមិនមានការស៊ីញ៉េយល់ព្រមពីព្រះបាទស៊ីសុវត្ថិ ឬភាគីខ្មែរ…។ ក្នុងសម័យព្រះបាទនរោត្ដម សីហនុ ថៃបានទាមទារកោះគុត ម្ដងរួចមកហើយ តែព្រះនរោត្ដម សីហនុ ទ្រង់ការពារដាច់ខាត់មិនឲ្យថៃយកបានឡើយ…។ ដូច្នេះបើសម័យនេះ កោះគុត បាត់នោះ បានន័យថា មានតែឪនិងកូនហ្នឹងឯង លក់ឲ្យគេ…” ៕ កុលបុត្រ

RELATED ARTICLES