ភ្នំពេញ ៖ អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ លោកអាំង មាលតី ដែលត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ និងត្រូវបានតុលាការ ខេត្តកណ្តាល សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល៣ឆ្នាំ ពីបទ “ការកេងផលប្រយោជន៍ ដោយខុសច្បាប់” នោះ ត្រូវបានដោះលែងឱ្យ មានសេរីភាពវិញ ហើយបន្ទាប់ពីមានដីកាបង្គាប់ ឱ្យដោះលែងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧។
លោកលឹម សុគន្ថា ព្រះរាជអាជ្ញាខេត្ត កណ្តាល នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ បានចេញដីកាបង្គាប់ឱ្យដោះលែង លោកអាំង មាលតី ឱ្យមានសេរីភាពឡើងវិញហើយ បន្ទាប់ ពីទណ្ឌិតរូបនេះ បានអនុវត្តទោសក្នុងពន្ធនាគារ អស់រយៈពេល១ឆ្នាំកន្លះ។
យោងតាមដីកាបង្គាប់ឱ្យដោះលែងរបស់ សាលាដំបូងខេត្តកណ្តាល លេខ០៥៦ ដកដល/ ១៧ ចុះថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៧ និង ចុះហត្ថលេខា ដោយលោកលឹម សុគន្ថា មាន ខ្លឹមសារថា “យើង លឹម សុគន្ថា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល បានឃើញសាល- ក្រម ព្រហ្មទណ្ឌស្ថាពរ លេខ១៤ “គ” ចុះថ្ងៃទី ១២ ខែកុម្ភ ឆ្នាំ២០១៦ របស់សាលាដំបូង ខេត្តកណ្តាល។
ដែលបានសម្រេច ៖ ផ្តន្ទាទោសលើឈ្មោះ អាំង មាលតី ភេទប្រុស អាយុ៥៩ឆ្នាំ ជាតិខ្មែរ ដាក់ពន្ធនាគារចំនួន០៣ (បី)ឆ្នាំ ប៉ុន្តែទោស នេះត្រូវអនុវត្តក្នុងពន្ធនាគារចំនួន០២(ពីរ)ឆ្នាំ គិតពីថ្ងៃឃុំខ្លួន ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ទោសសល់ពីនេះត្រូវព្យួរធម្មតា។ ពីបទ “ការ កេងផលប្រយោជន៍ដោយខុសច្បាប់” ប្រព្រឹត្តនៅ សាលាដំបូងរាជធានីភ្នំពេញ កាលអំឡុងខែធ្នូ ឆ្នាំ២០១៤។
ហើយទណ្ឌិតឈ្មោះអាំង មាលតី ភេទ ប្រុស អាយុ៥៩ឆ្នាំ ជាតិខ្មែរ ត្រូវបានបន្ធូរបន្ថយ ទោសរយៈពេល០៦ខែ តាមព្រះរាជក្រឹត្យ នស/ រកត/១១១៦/១០១៨/ ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។
បង្គាប់មកលោកប្រធានពន្ធនាគារខេត្ត កណ្តាល ឱ្យដោះលែងជាបន្ទាន់ឈ្មោះអាំង មាលតី ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរចៅក្រម មាន លំនៅមុនពេលឃុំខ្លួន ផ្ទះលេខ ៩៤៧អា ផ្លូវ កាលីហ្វ័រញ៉ា សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ លេខឃុំខ្លួន/១៨៦៥/ដកបឃខ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ ប្រសិនបើ ឈ្មោះនេះមិនត្រូវឃុំខ្លួនពីបទល្មើសផ្សេងទៀត ទេ”។
គួររំលឹកថា លោកអាំង មាលតី អតីត ប្រធានសាលាដំបូងរាជធានីភ្នំពេញ ត្រូវបាន អង្គភាពប្រឆាំងអំពើពុករលួយចាប់ឃាត់ខ្លួន បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានចៅក្រមស៊ើបសួរសម្រេចធ្វើការ ឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៦ ពីបទ “ការកេងផលប្រយោជន៍ ដោយខុសច្បាប់” ប្រព្រឹត្តនៅសាលាដំបូងរាជ- ធានីភ្នំពេញ អំឡុងខែធ្នូ ឆ្នាំ២០១៤ តាមមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៥៩៧ មាត្រា៥៩៨ នៃក្រមព្រហ្មទណ្ឌ។
ក្រោយមក សំណុំរឿងរបស់លោកអាំង មាលតី ត្រូវបានផ្ទេរទៅកាន់សាលាដំបូងខេត្ត កណ្តាល ហើយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៦ ចៅក្រមបានធ្វើការជំនុំជម្រះ និង ប្រកាសសាលក្រម កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយសម្រេចផ្តន្ទាទោស ដាក់ ពន្ធនាគាររយៈពេល៣ឆ្នាំ តែអនុវត្តក្នុងពន្ធនាគារ ២ឆ្នាំ ទោសសល់ពីនេះត្រូវព្យួរ និងពិន័យជា ប្រាក់ចំនួន៥លានរៀល។ បន្ទាប់មកនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះមហាក្សត្រ បាន ចេញព្រះរាជក្រឹត្យបន្ធូរបន្ថយទោសរយៈពេល ០៦ខែ ហេតុនេះត្រូវអនុវត្តទោសតែរយៈពេល ១៦ខែប៉ុណ្ណោះ ហើយបើគិតដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ទណ៉្ឌិតអាំង មាលតី នឹង ដល់ថ្ងៃត្រូវរួចទោសវិញហើយ៕