Saturday, November 23, 2024
Homeសេដ្ឋកិច្ចជាតិការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន បិទបញ្ចប់សប្តាហ៍ក្រោយ

ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន បិទបញ្ចប់សប្តាហ៍ក្រោយ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសថា ម្ចាស់យានយន្ត នឹងត្រូវទទួលរងនូវពិន័យតាមច្បាប់ ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ ខណៈការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៤ នឹងបិទបញ្ចប់នៅ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

ម្ចាស់យានយន្ត អាចធ្វើការបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈអាស៊ី ធនាគារកម្ពុជាសាធារណៈ ធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ធនាគារស្ថាបនា ធនាគារប្រៃសណីយ៍កម្ពុជា ធនាគារវឌ្ឍនៈ ធនាគារពាណិជ្ជកម្មក្រៅប្រទេស ធនាគារវីង ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬអាចបង់តាមរយៈកម្មវិធី “GDT Taxpayer App”  ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។

គួរបញ្ជាក់ថា ការប្រមូលពន្ធយានយន្ត បានចាប់ផ្តើមពីថ្ងៃទី០១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូល ពន្ធនេះ នៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤៕

RELATED ARTICLES