ខេត្តកំពង់ធំៈ គ្រាប់ស្វាយចន្ទីកែច្នៃ ចំនួន១៦តោន របស់ក្រុមហ៊ុនមីរ៉ាត់ អាគ្រីថិច (MIRARTH Agri Tech) ត្រូវបាននាំចេញទៅសហគមន៍អឺរ៉ុប លើកដំបូង។ នេះជាការបញ្ជាក់របស់ក្រុមហ៊ុន នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅទីតាំងរោងចក្រ ភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
លោកតូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លើកឡើងថា ខេត្តកំពង់ធំ ត្រូវបានស្គាល់យ៉ាងទូលំទូលាយថា ជាខេត្តផលិតគ្រាប់ស្វាយចន្ទី ឈានមុខគេ ក្នុងប្រទេសកម្ពុជា។ លើសពីនេះ គ្រាប់ ស្វាយចន្ទី របស់កម្ពុជា មានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ពីប្រទេសនានា រួមមានប្រទេសជប៉ុន ផងដែរ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ថា ដោយឃើញពីសក្តានុពលនៃផលិតផលស្វាយចន្ទី សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការណែនាំដល់គណៈ កម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យដឹកនាំរៀបចំ និងដាក់ចេញនូវវិធានការចាំបាច់នានាក្នុងការជំរុញការកែច្នៃនិងការនាំចេញផលិតផលស្វាយចន្ទី។
លោកសំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ទៅកាន់សហភាពអឺរ៉ុប ជាលើកដំបូង របស់ក្រុមហ៊ុន MIRARTH Agri Tech Co., Ltd នេះមិនត្រឹមជាភាពជោគជ័យសម្រាប់តែក្រុមហ៊ុនទេ តែក៏ជាដំណាក់កាលដ៏សំខាន់ក្នុងដំណើរបេសកកម្មរបស់យើង ក្នុងការនាំយកទំនិញកម្ពុជា (Product of Cambodia) ទៅកាន់ទីផ្សារអន្តរជាតិ។
លោករដ្ឋលេខាធិការ បន្តថា តាមរយៈការចូលរួមលើការងារនេះមួយរយៈកន្លងទៅ លោកពិតជាទទួលស្គាល់ថា ការនាំយកទំនិញចូលទៅកាន់ទីផ្សារអឺរ៉ុប ពិតជាមានការលំបាក និងតម្រូវឱ្យមានការអនុវត្តតាមច្បាប់ លក្ខ ខណ្ឌតម្រូវនិងស្តង់ដារខ្ពស់។ ដូច្នេះហើយ ការដែលក្រុមហ៊ុន MIRARTH សម្រេចបានការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប ដោយផ្ទាល់នេះ សបញ្ជាក់ឱ្យឃើញថាក្រុមហ៊ុនរបស់កម្ពុជា មានលទ្ធភាពក្នុងការនាំចេញដោយផ្ទាល់ ទៅទីផ្សារអឺរ៉ុប៕