Saturday, November 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពេទ្យ២នាក់ប្តីប្រពន្ធ ចូលគុ.../ក ក្មេងឱបស.../ពអ៊ំ១យប់ ចេញពីមន្ទីរពេទ្យ

ពេទ្យ២នាក់ប្តីប្រពន្ធ ចូលគុ…/ក ក្មេងឱបស…/ពអ៊ំ១យប់ ចេញពីមន្ទីរពេទ្យ

ខេត្តតាកែវ ៖ ជនសង្ស័យ ២នាក់ប្តីប្រពន្ធ ជាម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ដែលបានចាក់ថ្នាំបណ្តាលឱ្យស្ត្រីជាអ្នកជំងឺស្លាប់ រួចដឹកសពយកទៅប្លុងចោល ជាមួយក្មេងស្រីតូចម្នាក់ កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចគុម្ពសង្កែ ក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ នោះ ត្រូវបានសាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនបណ្តោះអាសន្ន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០ ២៤។ ចំណែកក្មេងស្រីតូច ដែលអង្គុយឱបសពអ៊ំស្រី ពេញ១យប់នោះ ក៏បានចេញពីមន្ទីរពេទ្យ នៅថ្ងៃដដែលនោះដែរ។

អ្នកនាំពាក្យសាលាដំបូងខេត្តតាកែវ បានបញ្ជាក់នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា បន្ទាប់ពីបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ១៤០៧ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានា នៅក្នុងសំណុំរឿងរួចមក ចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទចំនួន ២នាក់ គឺទី១-ឈ្មោះស៊ុន ម៉ារីណា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ បម្រើ ការងារនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ត្រូវចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា ប្រព្រឹត្តទៅនៅចំណុចភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ និងបទប្រកបវិជ្ជាជីវៈសុ ខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ប្រព្រឹត្តនៅចំណុចភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលអំឡុងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងបទលាក់បំបាំងសាកសព ប្រព្រឹត្តនៅចំណុចភូមិម្រះពៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៥៣១ នៃក្រមព្រហ្មទណ្ឌ និងបទទារុណកម្មនិងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តទៅនៅចំណុចភូមិម្រះពៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ២១១ នៃក្រមព្រហ្មទណ្ឌ។  ទី២-ឈ្មោះហៀង សុងហាក់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូពេទ្យ ត្រូវចោទប្រកាន់ពីបទប្រកបវិជ្ជាជីវៈសុខាភិបាលដោយគ្មានអាជ្ញាប័ណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ប្រព្រឹត្តនៅចំណុចភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ កាលអំឡុងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងបទសមគំនិតក្នុងអំពើលាក់បំបាំងសាកសព និងបទសមគំនិតក្នុងអំពើទារុណកម្មនិងអំពើឃោរឃៅមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តទៅនៅចំណុចភូមិម្រះពៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោស តាមបញ្ញត្តិមាត្រា២៩ មាត្រា៥៣១ និងមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីមនុស្សឃាតដោយអចេតនា (ចាក់ថ្នាំប្រតិកម្ម បណ្តាលឱ្យអ្នកជំងឺស្លាប់) មួយបានកើតឡើងនៅចំណុចមន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ ម៉ារីណា ដែលមានទីតាំងស្ថិតនៅភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនរងគ្រោះឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ៤១ឆ្នាំ ជាមួយនឹងក្មួយស្រីឈ្មោះណូន សៀវហ្វាន អាយុ៣ឆ្នាំ មានលំនៅ ភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ បានប្រាប់ក្រុមគ្រួសារថា ទៅរកពេទ្យ ដើម្បីឱ្យចាក់ថ្នាំព្យាបាលជំងឺរបស់ខ្លួន។ ដោយបាត់ជនរងគ្រោះចេញទៅចាក់ថ្នាំមិនឃើញ ត្រឡប់មកផ្ទះវិញយូរពេក ក្រុមគ្រួសារមានការភិតភ័យ ក៏បាននាំគ្នាទៅដើររកជនរងគ្រោះរហូតដល់ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបប្រទះឃើញម៉ូតូរបស់ជនរងគ្រោះនៅក្នុងព្រៃខាងត្បូងភូមិ ឃ្លាតពីផ្ទះពេទ្យប្រហែល ៣០០ម៉ែត្រ តែមិនបានឃើញជនរងគ្រោះឡើយ ។

របាយការណ៍ដដែល បន្តថា លុះព្រឹកឡើង នៅវេលាម៉ោងប្រមាណ ៧ព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ទើបប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះ និងក្មេងស្រី អង្គុយក្បែរសព នៅចំណុចគុម្ពសង្កែ ក្បែរផ្លូវបេតុង ស្ថិតនៅភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី។

ក្រោយទទួលព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចជំនាញ បានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារប្រតិកម្មថ្នាំ រួចបានប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី។

បន្ទាប់ពីពិនិត្យសពចប់សព្វគ្រប់រួចមក ប្តីរបស់សព ឈ្មោះសៅ ផាន បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រពន្ធខ្លួន បានបាត់ពីផ្ទះ ជាមួយនិងក្មួយស្រី ដោយបានទៅព្យាបាលជំងឺ នៅផ្ទះគ្រូពេទ្យឈ្មោះស៊ុន ម៉ារីណា ភេទស្រី អាយុ៣៩ឆ្នាំ មានលំនៅ ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ។ ក្រោយទទួលបានព័ត៌មានបែបនេះ សមត្ថកិច្ចបានអញ្ជើញឈ្មោះហៀង សុងហាក់ ហៅង៉ែត ភេទប្រុស អាយុ៣៧ឆ្នាំ មានលំនៅ ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ និងឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៧ឆ្នាំ មានលំនៅ ភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបាទី។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយធ្វើការសាកសួរ ឈ្មោះស៊ុន ម៉ារីណា បានឆ្លើយសារភាពថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ត្រីរងគ្រោះ ឈ្មោះណាំ ចាន់ធូ បានមកពិនិត្យនិងពិគ្រោះជំងឺ នៅបន្ទប់ពិគ្រោះជំងឺ សុងហាក់ ម៉ារីណា ស្ថិតនៅភូមិបឹងពញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដោយពិនិត្យឃើញអ្នកជំងឺឈឺរលាកក្រពះ រលាកសួត ជំងឺហត់ ចុកទ្រូង និងលើសឈាម។ បន្ទាប់មក ឈ្មោះស៊ុន ម៉ារីណា បានប្រាប់ ទៅអ្នកជំងឺ ឈ្មោះណាំ ចាន់ធូ ព្យាបាលរយៈពេល៥ថ្ងៃ ហើយឈ្មោះណាំ ចាន់ធូ សុំព្យាបាលរយៈពេល៣ថ្ងៃ ចាប់ផ្តើមព្យាបាលលើកទី១ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤  ប្រើថ្នាំវីតាមីនសេ 1g ស៊ីមេទីឌីន 200g សង់តាមីសីន 80 mg។ ព្យាបាលលើកទី២ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល និងលើកទី៣ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល ខណៈនោះ អ្នកជំងឺឈ្មោះណាំ ចាន់ធូ បានប្រតិកម្មជាមួយថ្នាំ បណ្តាលឱ្យស្លាប់តែម្តង។

សមត្ថកិច្ច បញ្ជាក់បន្តទៀតថា ក្រោយពេលអ្នកជំងឺឈ្មោះណាំ ចាន់ធូ បានស្លាប់ ឈ្មោះស៊ុន ម៉ារីណា មិនបានប្រាប់ប្តីទេ។ រហូតដល់ វេលាម៉ោង២១យប់  ឈ្មោះស៊ុន ម៉ារីណា បានយកសពដាក់រថយន្តម៉ាកហ្វត ពីអេសតា ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2U-0700 របស់ខ្លួន យកសពទៅប្លុងចោលនៅចំណុចភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រួចក៏បន្តដំណើរទៅមើលឪពុកឈឺនៅឯខេត្តតាកែវ រហូតដល់វេលា ម៉ោង១០និង៣០នាទីយប់ ទើបត្រឡប់មកផ្ទះវិញ។ ពេលមកដល់ផ្ទះ ក៏មិនបាននិយាយរៀបរាប់ដំណើររឿងប្រាប់ប្តីដែរ ដោយព្យាយាមលាក់។

សូមបញ្ជាក់ដែរថា ក្មេងស្រីវ័យ៣ឆ្នាំម្នាក់ ដែលត្រូវបានជនត្រូវចោទជាគ្រូពេទ្យ ២នាក់ប្តីប្រពន្ធខាងដែល យកទៅប្លុងចោលជាមួយសពស្ត្រីរងគ្រោះ នៅក្រោមដើមសង្កែ មួយកន្លែង ទុកឲ្យក្មេងស្រីអង្គុយឱបសពអ៊ំស្រី ពេញ១យប់ ដោយមិនបានដឹងថាអ៊ំស្រីរបស់ខ្លួនស្លាប់នោះ ត្រូវបានក្រុមគ្រួសារជួយសង្គ្រោះ នាំទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ជា ឯរាជធានីភ្នំពេញ។

ក្មេងស្រីរងគ្រោះ មានឈ្មោះណូន សៀវហ្វាន អាយុ៣ឆ្នាំ នៅពេលត្រូវបានប្រទះឃើញនៅជាមួយសពភ្លាមៗ គឺមានសភាពស្លេកស្លាំង និងមានស្នាមកន្ទួលដោយសារមូសខាំ ស្ទើរសុសខ្លួន។ ចំណែកស្មារតីហាក់មិនមានការតក់ស្លុតប៉ុន្មានទេ ព្រោះនាងនៅក្មេងខ្ចី មិនទាន់ដឹងក្តីនៅឡើយ សូម្បីតែអ៊ំស្រីស្លាប់ទៅហើយ ក៏នាងមិនដឹង ស្មានតែអ៊ំស្រីដេកលក់ ទើបនាងនៅឱបសពពេញ ១យប់។ លុះព្រឹកឡើង ឃើញនាងអង្គុយបេះ ស្រ មោចចេញពីសពអ៊ំស្រីទៀតផង ប៉ុន្តែស្ថានភាពរាងកាយនាងហាក់ទ្រុឌទ្រោមខ្លាំង ខ្សោយ លែងសូវនិយាយស្តី ប្រាប់បានត្រឹមតែសំឡេងខ្សាវៗថានាងឈឺអណ្តាត ខុសពីធម្មតាដែលក្មួយស្រីរូបនេះ គឺជាមនុស្សរួសរាយ ចូលចិត្តលេងច្រើន និងនិយាយស្តីច្រែតៗ។

តាមប្រភពសាច់ញាតិ បានឱ្យដឹងបន្តថា ក្រោយពីប្រទះឃើញក្មេងស្រីខាងលើ និងសពភ្លាម ក្រុមគ្រួសារបានប្រញាប់ដឹកបញ្ជូនក្មួយស្រី ទៅកាន់មន្ទីរពេទ្យស្រុក ដើម្បីពិនិត្យនិងបន្តោកសេរ៉ូម រួចត្រឡប់មកផ្ទះវិញ។ បន្ទាប់មកទៀត បានបញ្ជូនទៅមន្ទីរពេទ្យស្រុក ជាលើកទី២ ដើម្បីជោះឈាម លុះពិនិត្យឃើញថា ស្ថានភាពរាងកាយរបស់ក្មួយស្រី ទ្រុឌទ្រោមនិងខ្សោយខ្លាំងពេក ទើបក្រុមគ្រូពេទ្យបានបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ជា ឯរា ជធានីភ្នំពេញ ដើម្បីសង្គ្រោះបន្ត។

តាមប្រភពលោក ផន ផល្លា ប្រធានអង្គការមែកឈើ ដែលបានទៅជួបសួរសុខទុក្ខក្មេងស្រីខាងលើ ដល់មន្ទី រពេទ្យគន្ធបុប្ផា បានឲ្យដឹងថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្មេងស្រីរងគ្រោះ បានធូរស្បើយឡើងវិញ និងបានត្រឡប់ទៅកាន់លំនៅឋាន នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ វិញហើយ។ លោក ផន ផល្លា បានឲ្យដឹងថា មុនពេលដឹកសព និងក្មេងស្រីរងគ្រោះ យកទៅប្លុងចោលក្នុងព្រៃ គ្រូពេទ្យ ២នាក់ប្តីប្រពន្ធនោះ បានចាក់ថ្នាំឲ្យក្មេងស្រីរងគ្រោះសន្លប់ទៀតផង។

លោក ផន ផល្លា បាននិយាយថា «ខ្ញុំនៅតែនឹកស្មានមិនដល់ថា តើពួកគាត់ទាំងពីរនាក់នោះ អីក៏អមនុស្សធម៌ដល់ម៉្លឹង? លួចដឹកសពម្តាយធំរបស់ក្មេង យកទៅទម្លាក់ចោលហើយ ព្រមទាំងចាក់ថ្នាំសន្លប់ដល់ក្មេង ហើយដឹកក្មេងយកទៅទម្លាក់ចោលជាមួយសពម្តាយធំនោះដែរ…»៕

RELATED ARTICLES