ភ្នំពេញ ៖ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយ-សង្គម លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា ការចាញ់បោកបណ្ឌិតមិនចេះអក្សរ (លី សាម៉េត) ដោយសារតែការឲ្យតម្លៃមនុស្សលើសំបកក្រៅ ។
លោកបណ្ឌិត យង់ ពៅ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គមហ្វេសប៊ុក របស់លោកថា “អ្នកល្មមភ្ញាក់ខ្លួនខ្លះ…? ព្រោះហេតុអ្វីបានជាអ្នកចាញ់បោកបណ្ឌិតមិនចេះអក្សរ? បញ្ហានេះ ខ្ញុំបាននិយាយច្រើនកន្លងមកដែរ ព្រោះថា ៖
– អ្នកមិនសូវឱ្យតម្លៃលើគុណតម្លៃមនុស្សពិតប្រាកដទេ ពោលគឺឱ្យតម្លៃលើសំបកក្រៅ។
– អ្នកមិនចូលចិត្តការសិក្សាស្រាវជ្រាវ រករបកគំហើញថ្មីទេ ហើយអ្នកស្រាវជ្រាវនិយាយពីការពិត ក៏មិនសូវស្តាប់។
– អ្នកច្រើនមាក់ងាយគ្រូពិតប្រាកដ ងាកទៅគោរពគ្រូអាគមអូមអាម អបិ្បយជំនឿគ្មានហេតុផល។ បើនិយាយប៉ះ ខឹងច្រឡោតតោតតូងទៀតផង។
បណ្ឌិតរៀនពិតប្រាកដនិយាយ អ្នកមិនជឿទេ ព្រោះឃើញជីវភាពមិនហ៊ឺហា រីឯបណ្ឌិតអត់សាលា ហ៊ឺហា នាំជឿវង្វេង។
ខ្ញុំមិនសូវជាខឹងឬអន់ចិត្តអ្វីទេ បើទោះជាកន្លងទៅ អ្នកជេរខ្លះ ដៀលខ្លះ ព្រោះខ្ញុំគិត សម្ដីឬសំណេរ ឬបទវិភាគខ្ញុំ ប៉ះពាល់នឹងរបត់សង្គមដែលចូលចិត្តឈូឆរតាមគ្នា ដូច្នេះបើយើងគិតឬនិយាយខុសគ្នា ច្បាស់ជាប្លែក…!“ ។
បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការដែលថា ការចាញ់បោកបណ្ឌិតមិនចេះអក្សរ ព្រោះឲ្យតម្លៃមនុស្សលើសំបកក្រៅ ដោយសារឃើញកន្លងទៅនេះ ករណីលោកលី សាម៉េត ដែលគេផ្អើលឈូឆរគ្រប់គ្នា អំពីការចាញ់បោកគាត់ ទាំងដែលគាត់មិនចេះអក្សរ តែមានងារជាបណ្ឌិត ។ ដូច្នេះលោកគ្រាន់តែទាញចំណាប់អារម្មណ៍ថា បណ្ឌិតពិតប្រាកដ មានសារសំខាន់ខ្លាំង ព្រោះបណ្ឌិតពិតប្រាកដ គឺជាបញ្ញវន្តដែលរករបកគំហើញថ្មី ផ្ដល់ធាតុចូលដល់សង្គម ។ ម្យ៉ាងទៀត មានតែការអប់រំពិតប្រាកដ តាមលក្ខណៈវិទ្យាសាស្រ្តទេ ដែលធ្វើឲ្យប្រទេសនិងសង្គមយើងរុងរឿង រីកចម្រើនបាន ដោយសូមកុំជឿថា ទ្រព្យសម្បត្តិ ស័ក្ដិយស បានមកដោយងាយៗ ដោយដេកស្រមៃ ដោយបក់ផ្លិត ដោយបារមីនោះ គឺមិនមានទេ ។
លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍ថា “ការដែលយើងបានបញ្ជាក់យ៉ាងដូច្នេះនេះ ដោយសារយើងឃើញកន្លងទៅនេះ ករណីលោកលី សាម៉េត ដែលគេផ្អើលឈូឆរគ្រប់គ្នា អំពីការចាញ់បោកគាត់ ។ អ៊ីចឹងករណីចាញ់បោកគាត់ ហើយក្រោយមក យើងឃើញថា តុលាការ បានចេញលិខិតមួយមក បើកវង់ក្រចក លី សាម៉េត ចំណេះដឹង គឺអត់ចេះអក្សរ តែម៉េចក៏មានងារបណ្ឌិត? អ៊ីចឹងយើងចង់បញ្ជាក់ថាអ៊ីចេះ! នៅក្នុងសង្គមយើងបច្ចុប្បន្នហ្នឹង ឥឡូវហ្នឹង វាស្ថិតក្នុងបញ្ហាគ្រោះថ្នាក់មួយ ត្រង់ថាចូលឲ្យតម្លៃទៅលើសំបកក្រៅហ្នឹង ចង់និយាយថា សម្ភារៈនិយមជ្រុល បង្ហាញពីភាពហ៊ឺហាអ៊ីចឹងទៅ ។ ឧទាហរណ៍ថា ពេលខ្លះការកូនអភិជនមួយ គ្រាន់តែតែងរោង អស់ដល់លានដុល្លារឯណោះ ។ នេះគឺជារឿងខ្ជះខ្ជាយ ចូលចិត្តបង្ហាញឡានទំនើប ចូលចិត្តបង្ហាញកាបូបថ្លៃ រាប់ម៉ឺន រាប់សែនដុល្លារ ។ អ៊ីចឹងធ្វើឲ្យមនុស្សងាកទៅឲ្យតម្លៃទាំងអស់នោះ ហើយខំរកគ្រប់វិធី ដោយមិនគិតពីក្រមសីលធម៌ទេ ធ្វើម៉េចឲ្យបានរបស់ទំនើប យកមកបង្ហាញជូន ធ្វើម៉េចឲ្យបានការតុបតែងផ្កា ឲ្យបានស្អាតនឹងគេ បើទោះជាខ្ចីបុលធនគារក៏ដោយ ។ អានេះយើងមើលឃើញអ៊ីចឹង ហើយដល់អ៊ីចឹងទៅ លែងឲ្យតម្លៃចំណេះដឹង ឲ្យតម្លៃទៅលើទ្រព្យសម្បត្តិ តែពុំបានធ្វើការរកស៊ីទទួលទានស្របច្បាប់ទេ ពេលខ្លះបានពីការឆបោក ការអីទៅ ប៉ុន្តែមិនខ្វល់ទេ សំខាន់រកលុយបាន អាហ្នឹងដែលនាំសង្គមយើងវឹកវរ។ ហើយមួយទៀតនោះ ទៅជឿគ្រូបារមីអូមអាម ជាជាងជឿគ្រូបង្រៀនតាមបែបវិទ្យាសាស្រ្តអប់រំទេ ។ អ៊ីចឹងទៅ បារមីផ្លុំស្ដោះអី បាំងផ្លិត បក់ផ្លិតហ្នឹង ជឿណាស់ ហើយដល់ពេលអ៊ីចឹង ធ្វើឲ្យមនុស្សជ្រើមណាស់ ទៅជឿអ៊ីចឹង ឃើញមនុស្សជឿបារមី មិនរៀនសូត្រ ភូតកុហក ហើយរកលុយបាន អ៊ីចឹងអ្នកណាចង់រៀនទៀត? ខ្ញុំចង់និយាយនៅចំណុចហ្នឹង តែយើងមិនបាននិយាយចំពេក កុំឲ្យប៉ះពាល់គេខ្លាំងពេក“ ។
លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្តថា “ចំពោះចំណុចដែលខ្ញុំថា បណ្ឌិតរៀនពិតប្រាកដនិយាយ អ្នកមិនជឿទេ ព្រោះឃើញជីវភាពមិនហ៊ឺហា រីឯបណ្ឌិតអត់សាលាហ៊ឺហា នាំជឿវង្វេងនោះ គឺកន្លែងនេះ ចង់បញ្ជាក់បន្តិចដែរថា ខ្ញុំនិយាយកន្លងទៅ អំពីបញ្ហាអប់រំសីលធម៌ រួមទាំងការបោះចោលកាកសំណល់សំរាម គេមិនសូវស្ដាប់យើងទេ គេធ្លាប់ដៀលខ្ញុំ អាកម្ទេចសំរាមទៅទៀត យើងអប់រំគេសោះ ។ ប៉ុន្តែយើងមិនទៅអន់ចិត្តអីទេ ព្រោះយើងជាអ្នកអប់រំ ។ អ៊ីចឹងយើងឃើញចំណុចហ្នឹង យើងឃើញថា អ្នកដែលខំប្រឹងរៀនសូត្រហ្នឹងនិយាយ គេមិនស្ដាប់ ពីព្រោះយើងអត់មានអីហ៊ឺហា អ៊ីចឹងគេគិតថា បើបណ្ឌិតហ្នឹងប្រហែលមិនហ៊ឺហាដែរទេ ។ ប៉ុន្តែសង្គមដែលមានសណ្ដាប់ធ្នាប់ សុខដុមរមនា មិនមានសង្គមសុទ្ធតែអ្នកបង្ហាញទ្រព្យហ៊ឺហាទេ គឺសង្គមដែលពោរពេញទៅដោយចំណេះដឹង របកគំហើញថ្មីដែលរកឃើញ ។ ដល់ពេលគេមានចំណេះដឹងទៅ គេអត់បង្ហាញទ្រព្យសម្បត្តិអ៊ីចឹងទេ ដូចសង្គមអឺរ៉ុប ដូចសង្គមជប៉ុន អ៊ីចឹង គេមិនយកភាពហ៊ឺហាហ្នឹងមកបង្ហាញទេ“ ។
លោកបណ្ឌិត យង់ ពៅ បានមានប្រសាសន៍បន្តទៀតថា “នៅក្នុងសង្គមកម្ពុជា ឃើញខុសគ្នាខ្លាំងពីសង្គមនៃប្រទេសផ្សេងៗ គឺសង្គមយើង ឲ្យតម្លៃទៅលើទ្រព្យសម្បត្តិ ទៅលើភាពហ៊ឺហា ក្នុងខណៈដែលសង្គមយើងក្រ ខ្ចីលុយគេយកមកវិនិយោគអីហូរហែ ។ រីឯសង្គមប្រទេសមួយចំនួន គេជឿនលឿន គេទំនើប ហើយគេឲ្យតម្លៃលើចំណេះដឹង ។ អ៊ីចឹងសង្គមគេមិនងាយនឹងចាញ់បោកអ៊ីចឹងទេ ហើយក៏មិនចាញ់បោកលី សាម៉េត និយាយឲ្យចំឈ្មោះ សុទ្ធតែអ្នកធំទៅទៀត ចាញ់បោករាប់សែនដុល្លារ យកលុយទៅសូកប៉ាន់ ។ អ៊ីចឹងអានេះបានបង្ហាញពីសង្គមហ្នឹង ប្រកបដោយភាពអួអាប់ ដែលគួរឲ្យស្អប់ខ្ពើម ដូចករណីលោកលី សាម៉េត ហ្នឹងច្រើនអ៊ីចឹងទៅ ហើយវាមានខ្នះខ្នែង ដោយសារមានលោកអភិបាលស្រុក យកលុយទៅសូកប៉ាន់អី ឥឡូវមិនទាន់ដឹងច្បាប់អំពើពុករលួយជាហូរហែ យើងឃើញអ៊ីចឹង ។ ស្រុកគេៗអត់អាចធ្វើអ៊ីចឹងទេ ។ អ៊ីចឹងហើយដូចខ្ញុំនិយាយខាងដើមអ៊ីចឹង មនុស្សឲ្យតម្លៃលើសម្ភារៈនិយម ខំប្រឹងរកលុយដោយមិនមានសុចរិត ។ អ៊ីចឹងយើងថា អត់សុចរិត វាចូលក្នុងអំពើពុករលួយ ចូលក្នុងអំពើកេងប្រវ័ញ្ចហើយ“ ។
លោកបណ្ឌិតយង់ ពៅ បានមានប្រសាសន៍បន្ថែមថា “ទោះយ៉ាងណា បណ្ឌិតពិតប្រាកដ មានសារសំខាន់ខ្លាំង ព្រោះបណ្ឌិតពិតប្រាកដ គឺបណ្ឌិតដែលរៀនរករបកគំហើញថ្មី ជាបញ្ញវន្តដែលរករបកគំហើញថ្មី ផ្ដល់ធាតុចូលដល់សង្គម ។ វិទ្យាសាស្រ្តរីកចម្រើននានានៅប្រទេសគេ គឺដោយសារបណ្ឌិតពិតប្រាកដហ្នឹងឯង ហើយដល់ពេលបណ្ឌិតមិនប្រាកដ នៅស្រុកយើង ចេញពីព្រៃមក ទៅយកបណ្ឌិតបានដែរ ហើយធ្វើឲ្យតម្លៃបណ្ឌិត ធ្លាក់ចុះនៅស្រុកយើងហ្នឹង វាទៅជាស្រុកចម្លែកហើយ អ្នកណាក៏មានបណ្ឌិតៗ ។ ប៉ុន្តែបណ្ឌិតពិតប្រាកដ គេរៀនសូត្រ គេរករបកគំហើញថ្មី ផលិតរបស់ថ្មី ហើយបើបណ្ឌិតខ្លះទៀតជួយខាងសង្គម ផ្ដល់ទស្សនៈល្អៗសម្រាប់អប់រំសង្គម អាហ្នឹងគឺអ៊ីចឹង ។ ក្នុងន័យនេះ ការឲ្យគេមកឲ្យតម្លៃបណ្ឌិតពិតប្រាកដ ឬការឲ្យគេមកស្ដាប់យើង យើងពិបាកថាណាស់ ប៉ុន្តែគ្រាន់តែថាអ៊ីចេះ! យើងគួរតែឲ្យតម្លៃទៅលើការអប់រំពិតប្រាកដ ។ មានតែការអប់រំពិតប្រាកដ តាមលក្ខណៈវិទ្យាសាស្រ្តទេ ដែលឲ្យប្រទេសយើងរុងរឿង សង្គមយើងរុងរឿង រីកចម្រើនបាន សូមកុំជឿថា ទ្រព្យសម្បត្តិ ស័ក្ដិយស បានមកដោយងាយៗ ដោយដេកស្រមៃ ដោយបក់ផ្លិត ដោយបារមី មិនមានទេ” ។
គួររំលឹកថា លោក លី សាម៉េត ហៅគ្រូមា ដែលមានងារជាអ្នកឧកញ៉ាបណ្ឌិត និងជាអទីតទីប្រឹក្សាសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយត្រូវបានតុលាការ សម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស នៅថ្ងៃដដែលនោះ ក្រោយពីបានចូលខ្លួនសារភាព តាមបញ្ជាសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានចេញមុខសារភាពកំហុស និងសុំទោសសម្តេច ហើយសុំពេលសម្រាកព្យាបាលជំងឺនៅផ្ទះសិន តែសម្តេចហ៊ុន សែន ថាមិនអាចឲ្យបុគ្គលនេះបន្តនៅក្រៅសំណាញ់ច្បាប់បានទេ ត្រូវតែចាប់ខ្លួនភ្លាម ក្រោយពេលសម្តេចហ៊ុន សែន បានទម្លាយថា លី សាម៉េត ហៅគ្រូមា នេះ បានយកឈ្មោះសម្តេចទៅប្រើ បោកប្រាស់លុយគេរាប់សិបលានដុល្លារ។
កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ សម្ដេចហ៊ុន សែន ទម្លាយថា លោកលី សាម៉េត ហៅគ្រូមា បានយកឈ្មោះសម្ដេច ដើរបោកលុយគេ រាប់សិបលានដុល្លារ ក្នុងនោះរួមមាន បោកឈ្មោះ សុខ ឡេង ក្នុងទំហំទឹកប្រាក់ ១០លានដុល្លារ, បោកឈ្មោះ មួង ឃីម ចំនួន២៣ម៉ឺនដុល្លារ និងបោកឈ្មោះ កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ចំនួន៣០ម៉ឺនដុល្លារ ជាថ្នូរនឹងការប្ដូរតួនាទីពីអភិបាលស្រុកល្វាឯម ទៅជាអភិបាលក្រុងអរិយក្សត្រ។
កាលណោះ សម្ដេចហ៊ុន សែន បានស្នើឱ្យក្រសួងយុត្តិធម៌ បង្កកទ្រព្យសម្បត្តិបុគ្គល លី សាម៉េត នេះ ដើម្បីទុកសងជូនអ្នកដែលបានចាញ់បោក និងបានណែនាំឱ្យជនរងគ្រោះដែលចាញ់បោកបុគ្គល លី សាម៉េត ត្រូវដាក់ពាក្យបណ្ដឹងតាមរយៈមេធាវីរបស់សម្ដេច។ សម្ដេច ក៏បានស្នើសុំសមត្ថកិច្ច តាមឃ្លាំមើលបុគ្គល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់។ នៅរាត្រីថ្ងៃដដែល សមត្ថកិច្ចបានឡោមព័ទ្ធផ្ទះរបស់បុគ្គល លី សាម៉េត នៅរាជធានីភ្នំពេញ ប៉ុន្តែរកមិនឃើញបុគ្គល លី សាម៉េត មិនឃើញឡើយ។
ជាង៣សប្ដាហ៍ក្រោយមក ពោលគឺនៅវេលាម៉ោង១១ ថ្ងៃត្រង់ ទី០៤ ខែវិច្ឆិកា ស្រាប់តែបុគ្គល លី សាម៉េត បានចេញវីដេអូសារភាពកំហុស សុំទោសសម្ដេចហ៊ុន សែន ចំពោះកំហុសដែលខ្លួនបានយកឈ្មោះសម្ដេច ទៅបោកប្រាស់លុយអ្នកដទៃជាច្រើន។ បុគ្គល លី សាម៉េត បានទទួលស្គាល់ថា ខ្លួនពិតជាបានកុហកអ្នកដទៃ ថាខ្លួនធ្លាប់ចេញចូលគេហដ្ឋានរបស់សម្ដេច នៅក្រុងតាខ្មៅ ទាំងដែលខ្លួនមិនធ្លាប់ចូលផ្ទះសម្ដេច សោះ និងបានបញ្ជាក់ថា អ្វីដែលសម្តេច បានទម្លាយចេញកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នោះ គឺជាការពិតទាំងអស់ ហើយថា សម្តេច បានទុកឱកាសឲ្យកែខ្លួន ៣ដង តែខ្លួនមិនកែ ទើបសម្តេច ទម្លាយរឿងនេះ។
នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកលី សាម៉េត បានចូលខ្លួនសារភាពនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ រួចត្រូវបានឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាំងយប់។ វេលាម៉ោង ១១ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនលី សាម៉េត ទៅសាលាដំបូងរាជធានីភ្នំពេញ ហើយត្រូវបានព្រះរាជអាជ្ញា និងចៅក្រម សម្រេចចោទប្រកាន់ ពីបទឆបោក ហើយក៏បានសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ជាបណ្ដោះអាសន្ន ។
នៅថ្ងៃអង្គារ ០៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកថោង ផល្លារង្សី ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនលោកលី សាម៉េត ជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស (ម១)។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ពីសាវតារជាតិរបស់ជនត្រូវចោទ លី សាម៉េត ថា «នាមត្រកូល លី នាមខ្លួន សាម៉េត ហៅ គ្រូមា ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៣ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបររកស៊ី កម្រិតវប្បធម៌គ្មាន (មិនចេះអក្សរ) ទីកន្លែងកំណើត ភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល អាសយដ្ឋានមុនពេលឃាត់ខ្លួន ស្នាក់នៅបុរីរិទ្ធ ផ្ទះលេខ៤១៣ ផ្លូវលេខ៦A សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឪពុកឈ្មោះ មាន ម៉ន “ស្លាប់” ម្តាយឈ្មោះ សេក ស៊ឹម “ស្លាប់” ប្រពន្ធឈ្មោះ សាម ចេង “រស់” មានកូនចំនួន០៦នាក់ ប្រវត្តិផ្តន្ទាទោសដោយតុលាការ គ្មាន។ ដែលត្រូវបានដាក់ក្រោមការពិនិត្យពីបទ ឆបោក ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០១២ និងខែតុលា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ឃាត់ខ្លួន នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០០៤។
ក្នុងដីកាបង្គាប់ឲ្យឃុំខ្លួននោះ លោកចៅក្រមស៊ើបសួរសាលាដំបូងរាជធានី បានបងបង្គាប់ ៖ ១-ឲ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទដែលមានឈ្មោះ លី សាម៉េត ភេទប្រុស កើតថ្ងៃទី១២ ខែធ្នូ ឆ្នាំ១៩៥៣ ទៅមណ្ឌលអប់រំកែប្រែទី១ “ម១” ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ។ ២-ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ “ម១” ទទួលនិងឃុំខ្លួនជននេះ រហូតដល់មានបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ ៣-ឲ្យគ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អ នៅពេលដីកានេះត្រូវបានបង្ហាញក្នុងករណីចាំបាច់…។
ពាក់ព័ន្ធសំណុំរឿងលោកលី សាម៉េត នេះដែរ ក្រោយមក អង្គភាពប្រឆាំងអំពើពុករលួយ អ្នកពាក់ព័ន្ធជាបន្តបន្ទាប់ទៀត រួមមានលោកផ្កាយ៣ លោកមួង ឃីម អតីតអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងអនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះមូលដ្ឋានស្រុករវៀង នៃគណបក្សប្រជាជនកម្ពុជា និងលោកឧកញ៉ា អ៊ុត ធី ប្រធានក្រុមហ៊ុន អ៊ុត ធី អ៊ី&ស៊ី ខូអិលធីឌី លោក វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ (សូកលុយ ៥២ម៉ឺនដុល្លារ ឲ្យលោកលី សាម៉េត រត់ការដំឡើងតំណែងអភិបាលខេត្ត) និងលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ខេត្តកណ្តាល (សូកលុយ ៣០ម៉ឺនដុល្លារ ឲ្យលី សាម៉េត រត់ការយកតំណែងអភិបាលក្រុងអរិយក្សត្រ) ។ ដូច្នេះគិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកពាក់ព័ន្ធនឹងបណ្ឌិតមិនចេះអក្សរ លី សាម៉េត សរុបមានចំនួន ហើយដែលត្រូវបានឃាត់ខ្លួននិងឃុំខ្លួននៅពន្ធនាគារ ក្នុងនោះរួមមាន លោកដួង តារា អតីតជំនួយការសម្តេចហ៊ុន សែន និងជារដ្ឋលេខាធិការទីស្តីការគណ:រដ្ឋមន្ត្រី លោកមួង ឃីម អតីតអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ លោកឧកញ៉ា អ៊ុត ធី ប្រធានក្រុមហ៊ុន អ៊ុត ធី អ៊ី&ស៊ី ខូអិលធីឌី លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្តពោធិ៍សាត់ និងលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។ ចំណែកអ្នកពាក់ព័ន្ធម្នាក់ទៀត គឺលោកបណ្ឌិត ឡាច សំរោង (នៅក្រៅឃុំ) សាកលវិទ្យាលធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា សមត្ថកិច្ចកំពុងតាមចាប់ខ្លួនផងដែរ៕ កុលបុត្រ