Monday, November 25, 2024
Homeព័ត៌មានជាតិមន្រ្តីបក្សកាន់អំណាច ប្រតិកម្មនឹងសម រង្ស៊ី ចោទឪកាត់កោះត្រល់ កូនកាត់កោះគុត

មន្រ្តីបក្សកាន់អំណាច ប្រតិកម្មនឹងសម រង្ស៊ី ចោទឪកាត់កោះត្រល់ កូនកាត់កោះគុត

ភ្នំពេញ ៖ មន្រ្តីបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មទៅនឹងលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដែលបានចោទសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ថាក្បត់ជាតិ ដោយចោទថា ឪកាត់កោះត្រល់ ឲ្យវៀតណាម  កូនកាត់កោះគុត ឲ្យថៃ ។

លោកជុំ កុសល សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សានាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការចោទសម្ដេចហ៊ុន សែន និងសម្ដេចហ៊ុន ម៉ាណែត ក្បត់ជាតិ ឪកាត់កោះត្រល់ ឲ្យយួន កូនកាត់កោះគុត ឲ្យថៃ គឺជាចរិតញុះញង់របស់មេឧទ្ទាមទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ព្រោះរឿងកោះត្រល់ សម្ដេចហ៊ុន សែន បានបញ្ជាក់ហើយថា បារាំងបានកាត់ឲ្យវៀតណាម ក្នុងឆ្នាំ១៩៣៩ តាំងពីសម្ដេច មិនទាន់កើត ។ ចំណែកកោះគុត ស្ថិតនៅក្នុងសន្ធិសញ្ញាមួយ ដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ថៃ កំពុងតែធ្វើការ គឺគ្មានភ័ស្តុតាងឯណាបញ្ជាក់ថា សម្ដេចហ៊ុន ម៉ាណែត កាត់កោះគុត ឲ្យថៃនោះទេ ។

លោកជុំ កុសល បានមានប្រសាសន៍ថា “បាទ! ត្រង់នេះ យើងសបញ្ជាក់ឲ្យឃើញពីចរិតញុះញង់របស់មេឧទ្ទាមទណ្ឌិតក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី ។ អាហ្នឹងគេហៅថាជាចរិតនៃការញុះញង់ ការចោទប្រកាន់សម្ដេចតេជោ កាត់កោះត្រល់ ហើយមកចោទប្រកាន់សម្ដេចធិបតី កាត់កោះគុត ដែលកំពុងតែមានបញ្ហាបច្ចុប្បន្ននេះ វាជាសម្ដីញុះញង់ឲ្យមានការយល់ច្រឡំ ក្នុងនាមលោកទាំងពីរ មានអតីតជានាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជានាយករដ្ឋមន្រ្តី ។ យើងផ្អែកទៅលើកត្តាប្រវត្តិសាស្រ្ត ពាក់ព័ន្ធនឹងកោះត្រល់ សម្ដេចតេជោ លោកតែងតែមានប្រសាសន៍ ហើយយើងក៏រៀនសិក្សាប្រវត្តិសាស្រ្តខ្លួនយើងដែរ គឺតាំងពីសម័យអាណានិគមនិយមបារាំង ១៩៣៩ មុនលោកចាប់កំណើតទៅទៀត ហើយរឿងកោះគុតនេះ រឿងអីយើងទៅមានភ័ស្តុតាងឯណាដែលទៅចោទសម្ដេចធិបតី កាត់នោះ? វាស្ថិតនៅក្នុងសន្ធិសញ្ញាមួយ ដែលរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ កំពុងតែធ្វើការ ។ ថ្វីត្បិតតែអារឿងពាក្យសម្ដីខាងក្រៅ វាជារឿងមួយហើយ ប៉ុន្តែយើងហេតុអីបានជាយកគ្រាន់តែពាក្យសម្ដី ឬក៏ព័ត៌មាន យកមកធ្វើជាការវិនិច្ឆ័យ វាយតម្លៃក្នុងភាពអវិជ្ជមាន បង្កប់នូវភាសាញុះញង់របៀបនេះ? ស្រលាញ់ប្រទេសជាតិ ស្រលាញ់ទឺកដី ស្រលាញ់បូរណភាពទឹកដី តែក្រុមលោកប៉ុន្មាននាក់ហ្នឹងទេអ្ហែ៎? ចុះថ្នាក់ដឹកនាំប្រទេស មិនស្រលាញ់ទេអី?“ ។ លោកជុំ កុសល បានមានប្រសាសន៍បន្តថា “អ៊ីចឹងបានថា ចរិតញុះញង់ វានៅតែអ៊ីចឹង ព័ត៌មានក្ដាប់មិនទាន់ជុំផង គ្រាន់តែឮមក ក៏ចាប់ផ្ដើមយកមកធ្វើជាឧបករណ៍នៃការញុះញង់ តាមរយៈចោទប្រកាន់ មួលបង្កាច់នេះឯង ។ ខ្ញុំស្នើសុំឲ្យបងប្អូនពិចារណាលើបញ្ហានេះ ព្រោះការចោទថាសម្ដេច ទាំងពីរ ក្បត់ជាតិនេះ វាពិតជាធ្ងន់ធ្ងរ ហើយពាក្យថា ក្បត់ជាតិមួយ យើងយកមកគិតបន្តិចទៅមើល? ផ្ទុយទៅវិញ ខ្លួនឯងហ្នឹងទៅវិញទេ ដែលជាអ្នកក្បត់ជាតិ បំផ្លាញជាតិ តាមរយៈសកម្មភាព កាយវិការ ពាក្យសម្ដីរាល់ថ្ងៃនេះ វាជាអំពើបំផ្លាញជាតិហើយ ការញុះញង់ឲ្យមានការយល់ច្រឡំមកលើថ្នាក់ដឹកនាំហ្នឹងឯង អាហ្នឹងយើងមើលឃើញជាក់ស្ដែងអ៊ីចឹង ។ ផ្ទុយទៅវិញ ថ្នាក់ដឹកនាំ ទាំងសម្ដេចតេជោ ហ៊ុន សែន ទាំងសម្ដេចបវរធិបតី លោកមានតែធ្វើអ្វីៗដើម្បីបុព្វហេតុជាតិ“ ។

សូមបញ្ជាក់ថា ប្រតិកម្មឆ្លើយតបរបស់លោកជុំ កុសល ខាងលើនេះ ធ្វើឡើងបន្ទាប់ពីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលកំពុងរស់និរទេសនៅប្រទេសបារាំង ចោទប្រកាន់មកលើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ថាជំនាន់ឪ (សម្តេចហ៊ុន សែន) កាត់កោះត្រល់ ឲ្យវៀតណាម ដល់ឥឡូវកូន (សម្តេចហ៊ុន ម៉ាណែត) កាត់កោះគុត ឲ្យថៃ នោះគឺជាទង្វើក្បត់ជាតិ ។

លោកសម រង្ស៊ូ បានសរសេរក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “ជំនាន់ឪ កាត់កោះត្រល់ ដល់ឥឡូវកូន កាត់កោះគុត។ នោះគឺជាទង្វើក្បត់ជាតិ“ ។ លោកសម រង្ស៊ី បានសរសេរបន្ថែម នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា «ការពារកោះគុត កុំឲ្យបាត់ដូចកោះត្រល់ កម្ពុជាត្រូវប្តឹងទៅតុលាការអន្តរជាតិ ឲ្យកាត់សេចក្ដី»។

លោកសម រង្ស៊ី បានសរសេរក្នុងខម្មិន (Comment) ថា “ក្រុមគ្រួសារត្រកូលហ៊ុន គប់គិតជាមួយក្រុមគ្រួសារលោកថាក់ស៊ីន (Thaksin) ដើម្បីបានផលប្រយោជន៍ពីការរកស៊ីប្រេងចូលគ្នា នៅតំបន់ត្រួតស៊ីគ្នា ហើយមិនហ៊ានលើករឿងកោះគុត នោះមកនិយាយទេ។ កម្ពុជា គួរលើកបញ្ហាកោះគុត ទៅតុលាការអន្តរជាតិ ហើយពលរដ្ឋខ្មែរ ទូទាំងពិភពលោក គួររួមគ្នាធ្វើបាតុកម្ម ដើម្បីជំរុញរឿងនេះ ប្រសិនបើរដ្ឋាភិបាលត្រកូលហ៊ុន មិនធ្វើ“ ។

ស្របនឹងការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ លោកសុភ័ណ្ឌ ឡារី ប្រធានបណ្ដាញយុវជនកម្ពុជាសកល ជាកូនធម៌លោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា កម្ពុជា នឹងអាចបាត់បង់កោះគុត ដូចកោះត្រល់ ដោយសារតែនៅក្នុងឆន្ទៈរាជរដ្ឋាភិបាលសព្វថ្ងៃ ដែលដឹកនាំដោយសម្ដេចហ៊ុន ម៉ាណែត គឺគ្មានការដោះស្រាយ និងគ្មានការប្ដឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារនូវដីរបស់យើង កោះរបស់យើង និងតំបន់ត្រួតស៊ីគ្នានេះឡើងវិញទេ ។

លោកសុភ័ណ្ឌ ឡារី បានមានប្រសាសន៍ថា “ទោះបីជាលោកប្រធាន គាត់មិនបានមានប្រសាសន៍ទាក់ទងនឹងរឿងនេះ ក៏ខ្ញុំក្នុងនាមជាយុវជនខ្មែរ ក៏ខ្ញុំយល់ឃើញបែបហ្នឹងដែរ ។ មូលហេតុ កាលពី២០០៥ កោះត្រល់ ត្រូវបានលោកហ៊ុន សែន ស៊ីញ៉េបំពេញបន្ថែម ហើយកាលនោះ លោកហ៊ុន សែន បានគំរាមរាជវង្សស្ដេចទៀតផង បើសិនជាមិនស៊ីញ៉េបន្ថែមទេនោះ គាត់នឹងអាចរំលាយរាជវង្សចោលតែម្ដង អាហ្នឹងរឿងកោះត្រល់ ដែលគាត់បានស៊ីញ៉េបំពេញបន្ថែមឲ្យទៅវៀតណាម កាន់កាប់រហូតដល់សព្វថ្ងៃ ។ រឿងកោះគុត នេះទាក់ទងនឹងថៃ  និងតំបន់ត្រួតស៊ីគ្នានេះ គឺនៅក្នុងសម័យដែលដឹកនាំដោយលោកហ៊ុន ម៉ាណែត ហើយចង់ មិនចង់ ខ្ញុំជឿជាក់ថា របបដឹកនាំដោយត្រកូលហ៊ុន នេះ នឹងមិនដោះស្រាយរឿងនេះទេ ទោះបីជាភ័ស្តុតាងផែនទី និងប្រវត្តិសាស្រ្ត បានចែងយ៉ាងច្បាស់ថា កោះគុត ដែល២ភាគ៣ នៃកោះ ជារបស់ខ្មែរ ហើយតំបន់ត្រួតស៊ីគ្នានេះ មិនទាន់មានកន្លែងណាច្បាស់លាស់មួយ ដែលយើងត្រូវប្ដឹងទៅអន្តរជាតិ ដើម្បីឲ្យយជួយដោះស្រាយនេះ ដើម្បីឲ្យវែកញែកនិងចែកគ្នានេះ ក៏របបមួយនេះ គ្មានចេតនាក្នុងការនឹងដោះដែរ ពីព្រោះរាជរដ្ឋាភិបាលថៃ និងរាជរដ្ឋាភិបាលខ្មែរ ដូចដឹងស្រាប់ហើយ ថាជាបងប្អូនធម៌នឹងគ្នា ដែលដឹកនាំដោយត្រកូលស៊ីណាវ៉ាត់ នេះ ជាមួយនិងត្រកូនហ៊ុន នេះ ដែលគាត់តែងតែលើកឡើង“ ។

លោកសុភ័ណ្ឌ ឡារី បន្តថា “អ៊ីចឹងចង់ មិនចង់ គឺគាត់ត្រូវតែស្ងាត់ មិនដោះស្រាយរឿងហ្នឹងទេ ។ យើងនឹងអាចបាត់បង់កោះគុត នេះដោយសារតែនៅក្នុងឆន្ទៈរាជរដ្ឋាភិបាលសព្វថ្ងៃ ដែលដឹកនាំដោយលោកហ៊ុន ម៉ាណែត នេះ គឺគ្មានការដោះស្រាយ និងគ្មានការប្ដឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារនូវដីរបស់យើង កោះរបស់យើង និងតំបន់ត្រួតស៊ីគ្នានេះឡើងវិញទេ ។ សម្រាប់ខ្ញុំគិតឃើញថា វាមិនមែនជាការបាត់បង់រឿងតូចតាចទេ ២ភាគ៣នៃកោះ គឺកោះនេះវាធំជាងកោះត្រល់ ។ អ៊ីចឹងវាអាចបាត់បង់ទឹកដីខ្មែរហ្នឹង ធំជាងដែលយើងបាត់បង់កោះត្រល់ ទៅទៀត វារួមជាមួយនឹងដែនសមុទ្រ រួមជាមួយនឹងកន្លែងត្រួតស៊ីគ្នានេះ ចង់មិនចង់ ខ្មែរយើងអត់អាចទៅដល់កន្លែងហ្នឹងទេ ច្បាស់ជាថៃ គេការពារបាន ថៃ គេចូលមកនៅកន្លែងហ្នឹង ថៃ គេចូលមកកាន់កាប់នៅកន្លែងហ្នឹងហើយ ។ ដូច្នេះហើយ វាជារឿងមួយ ដែលយើងគួរឲ្យសោកស្ដាយថា ការដឹកនាំរបស់ត្រកូលមួយនេះ ត្រូវបាត់បង់ទឹកដីជាបន្តបន្ទាប់ ដូចជា កោះត្រល់ ដូចជាខ្សែបន្ទាត់ព្រំដែនជាមួយនឹងវៀតណាម ដូចជាកោះគុត ដែលនឹងមានដែនសមុទ្រ ក៏ដូចជាតំបន់ត្រួតស៊ីគ្នាផងដែរ ដែលខ្ញុំយល់ឃើញថា ទាំងឪពុកនិងកូន គឺគ្មានចេតនាក្នុងការការពារទឹកដីរបស់ខ្មែរឡើយ“ ។

ជាមួយគ្នានោះដែរ លោកអ៊ុំ សំអាន អតីតតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកសម រង្ស៊ី ដែលកំពុងរស់និរទេសនៅសហរដ្ឋអាមេរិក បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ត្រកូលហ៊ុន នឹងក្លាយទៅជាជនក្បត់ជាតិ ២ជំនាន់ ដោយឪ កាត់កោះត្រល់ ឲ្យយួន ដើម្បីឲ្យយួន លើកបន្តុបក្លាយទៅជានាយករដ្ឋមន្រ្តី នៅឆ្នាំ១៩៨៥ ។ រីឯកូន កាត់កោះគុត ឲ្យថៃ ដើម្បីឲ្យថៃ ជួយបង្រ្កាបសកម្មជនបក្សប្រឆាំងរបស់កម្ពុជា នៅថៃ និងកុំឲ្យលោកសម រង្ស៊ី ចូលមកកម្ពុជា តាមរយៈប្រទេសថៃ ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍ថា “បាទ! ជាការត្រឹមត្រូវហើយ ដែលលោកសម រង្ស៊ី ថាលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ហ្នឹងជាជនក្បត់ជាតិ ឪកាត់កោះត្រល់ ឲ្យយួន កូនកាត់កោះគុត ឲ្យថៃ ដើម្បីតែរក្សាអំណាច ។ ឪកាត់កោះត្រល់ ឲ្យយួន ហ្នឹងដើម្បីឲ្យយួន លើកបន្តុបគាត់ក្លាយទៅជានាយករដ្ឋមន្រ្តី ឆ្នាំ១៩៨៥ សម័យយួន គ្រប់គ្រង ហើយនិងអរគុណយួន ដែលយួន លើកបន្តុបគាត់ហ្នឹង ហើយលោកហ៊ុន ម៉ាណែត ហ្នឹង កាត់កោះគុត ឲ្យថៃហ្នឹង ដើម្បីឲ្យថៃ ជួយបង្រ្កាបសកម្មជនបក្សប្រឆាំងរបស់កម្ពុជា នៅថៃ ហើយនិងកុំឲ្យលោកសម រង្ស៊ី ចូលមកកម្ពុជា តាមរយៈប្រទេសថៃ ។ ដូច្នេះដើម្បីអំណាចហ្នឹង គឺឪកូនហ្នឹងមានតែកាត់ទឹកដីឲ្យបរទេសហ្នឹង ដើម្បីតែរក្សាអំណាចត្រកូលហ៊ុន ហ្នឹងឯង ។ អ៊ីចឹងត្រកូលហ៊ុន ហ្នឹងក្លាយទៅជាជនក្បត់ជាតិ ២ជំនាន់ហើយ ឪកាត់ទឹកដីខ្មែរយួន កូនកាត់ទឺកដីខ្មែរឲ្យថៃ ដែលមានន័យថា ត្រកូលហ៊ុន នឹងក្លាយទៅជាជនក្បត់ជាតិ ២ជំនាន់ហើយ ឪកាត់កោះត្រល់ ឲ្យយួន កូនកាត់កោះគុត ឲ្យថៃ ក្នុងពេលអនាគតហ្នឹង” ។

លោកអ៊ុំ សំអាន បានមានប្រសាសន៍បន្តថា “ដូច្នេះបើលោកហ៊ុន ម៉ាណែត មិនប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិនោះទេ រឿងបញ្ហាកោះគុត ហ្នឹង ហើយគាត់ទៅរកស៊ីរួមជាមួយថៃ ក្រោយមកចរចាទ្វេភាគី កាត់កោះគុត ឲ្យថៃហ្នឹង ហើយនិងកាត់ដែនសមុទ្រមួយចំនួន ទៅឲ្យថៃ មិនប្ដឹងទៅតុលាការអាជ្ញាកណ្ដាលអន្តរជាតិទេ ហ៊ុន ម៉ាណែត នឹងក្លាយទៅជាជនក្បត់ជាតិហើយ ។ បើឡើងទៅតុលាការអន្តរជាតិ អាហ្នឹងគេកាត់យ៉ាងម៉េច យើងមិនអាចចោទគាត់ថាជាជនក្បត់ជាតិបានទេ ។ ហេតុដូច្នេះ បើសិនជាធ្វើឲ្យបាត់កោះគុត ហ្នឹង លោកហ៊ុន ម៉ាណែត នឹងក្លាយទៅជាជនក្បត់ជាតិ ហើយត្រកូលហ៊ុន នឹងក្លាយទៅជាជនក្បត់ជាតិ ២ជំនាន់ ឪកាត់កោះត្រល់ ឲ្យយួន កូនកាត់កោះគុត ឲ្យថៃ ដើម្បីរក្សាអំណាច ។ ទាំងឪ ទាំងកូនហ្នឹង រក្សាអំណាច ជាជាងរក្សាទឺកដី ការពារអំណាច ជាជាងការពារទឹកដី គិតអំណាចជាធំជាងទឹកដី“ ។

ដោយឡែក លោកសួន សូរីដា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្រ្គោះជាតិ ជាសហការីលោកកឹម សុខា ដែលកំពុងរស់នៅប្រទេសអូស្រ្តាលី បានលើកឡើងតាមគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “សម្ដីអតីតនាយករដ្ឋមន្ត្រី លោកហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីថ្មី លោកហ៊ុន ម៉ាណែត តែងអះអាងថា «រដ្ឋាភិបាលកម្ពុជា ក្នុងអណត្តិពួកគាត់ ធានាមិនឱ្យបាត់បង់ទឹកដី សូម្បី១មិលី្លម៉ែត្រ»។ ចុះកោះគុត យ៉ាងណាដែរ? “ ។

ទោះបីយ៉ាងណា  ថ្លែងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាលយ័ភូមិន្ទភ្នំពេញ នៅកោះពេជ្រ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បញ្ហាកោះគុត រាជរដ្ឋាភិបាលប្រកាន់ជំហរពីរ គឺទី១ ភាពចាស់ទុំខាងនយោបាយ និងទី២ ទទួលខុសត្រូវចំពោះជាតិ និងប្រជាជន ចំពោះបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានមានប្រសាសន៍នៅពេលនោះថា ពាក់ព័ន្ធនឹងរឿងកោះគុត នៅខេត្តកោះកុង ដែលក្រុមជ្រុលនិយម ចោទប្រកាន់ថា រាជរដ្ឋាភិបាល ស្ងាត់នោះ គឺទី១ រាជរដ្ឋាភិបាល មានភាពចាស់ទុំខាងនយោបាយ។ ទី២ រាជរដ្ឋាភិបាល មានការទទួលខុសត្រូវចំពោះប្រជាជន លើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។ សម្ដេច បន្តថា ភាពចាស់ទុំ គឺមិនយកភ្លើងចូលផ្ទះ ខណៈរឿងព្រំដែនកម្ពុជា-ថៃ បានធ្វើតាំងពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន មិនទាន់បញ្ចប់នៅឡើយ។ ប៉ុន្ដែរឿងនេះ ក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច បានទាញយកមក ដើម្បីតែផលប្រយោជន៍នយោបាយរបស់ពួកគេ ។ សម្ដេច បញ្ជាក់ថា បញ្ហាទឹកដី រាជរដ្ឋាភិបាល នឹងមិនធ្វើឱ្យបាត់បង់នោះឡើយ ហើយសម្ដេច សុំផ្តាំទៅអ្នកនយោបាយប្រឆាំងចាស់វស្សានៅក្រៅប្រទេស (សម រង្ស៊ី) ថា ធ្វើចរិតក្មេងតែឯងចុះ ទុកឱ្យសម្តេច ធ្វើចរិតចាស់ទុំ។

សម្ដេចហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា “ការចរចាព្រំដែន គឺយើងត្រូវការពេលវេលា និងត្រៀមលក្ខណៈគ្រប់ពេល នេះគឺជាការទទួលខុសត្រូវរបស់យើង ហើយយើងមិនធ្វើឱ្យបាត់នូវដែនដីរបស់យើង ឬអធិបតេយ្យរបស់យើងទេ កិច្ចការព្រំដែន និងសូមការធានាមួយនេះ សូមបងប្អូនជឿទុកចិត្តចុះ។ ចំពោះអ្នកដែលស្រែកថា រាជរដ្ឋាភិបាល មិនមាត់ មិនអើពើ គឺយើងចង់ប្រាប់ត្រឡប់ទៅវិញថា គឺរាជរដ្ឋាភិបាល ប្រកាន់យកជំហរចាស់ទុំ មិនចេះតែលោតលិចកើត តាមគេនោះទេ បើអ្នកនយោបាយចាស់វស្សាដែលបន្តិចលោតចុះ លោតឡើង សូមកុំឱ្យក្មេងលោតតាម ទុកចរិតនេះសម្រាប់ប្រើខ្លួនឯងទៅបានហើយ….” ។

ចំណែកសម្ដេចហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ក្នុងឱកាសអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃ ទូទាំងប្រទេស លើកទី៣២ ប្រចាំឆ្នាំ២០២៤ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា បញ្ហាកោះគុត ដែលជាចំណុចត្រួតស៊ីគ្នារវាងព្រំដែនកម្ពុជា-ថៃ រហូតមកដល់ពេលនេះ ភាគីរាជរដ្ឋាភិបាលកម្ពុជា និងថៃ នៅតែបន្តចរចាគ្នាទ្វេភាគី ដោយមិនទាន់ឯកភាពគ្នានៅឡើយ ។ សម្ដេច បានឆ្លៀតយកឱកាសនេះ ព្រមានទៅក្រុមប្រឆាំងជ្រុលនិយមកម្ពុជា ដែលនៅក្រៅប្រទេស កុំឱ្យព្យាយាមយកបញ្ហានេះ កេងចំណេញនយោបាយ ហើយចង់រុញប្រជាពលរដ្ឋឱ្យបះបោរ។ សម្តេច ក៏បានប្រាប់ទៅក្រុមប្រឆាំងជ្រុលនិយមថៃ មួយចំនួននោះ ឱ្យទុកលទ្ធភាពឱ្យរដ្ឋាភិបាលថៃ ចរចាជាមួយកម្ពុជា ដោយសន្តិវិធី។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា «គេកំពុងតែដាក់បញ្ហាកោះគុត បង្វែរពីកម្ពុជា-វៀតណាម ដែលអាចនឹងឈានទៅដល់ការផ្ទុះអាវុធនៅតាមព្រំដែន ក៏អាចថាបាន ។ ឥឡូវនេះ គេបង្វែរមកទិសខាងលិចវិញម្ដង ។ នៅក្នុងប្រទេសថៃ ក៏មានក្រុមជ្រុលនិយមមួយក្រុម បង្កើតឡើងរឿងកោះគុត ឥឡូវនៅនៅក្នុងប្រទេសរបស់យើងនេះ ត្រូវបានក្រុមនិយមជ្រុល នៅក្រៅប្រទេស អំពាវនាវឱ្យធ្វើបាតុកម្ម ដើម្បីទាមទារយកកោះគុត។ អ៊ីចឹងខ្ញុំព្រះករុណាខ្ញុំ ក៏ចង់ចាំមើលថា តើប្រជាពលរដ្ឋរបស់យើងគិតយ៉ាងម៉េច? កោះគុត គឺប្រហែលជាប្រជាពលរដ្ឋមិនច្រើនទេ ដែលស្គាល់កោះគុត ។ ខ្ញុំព្រះករុណាខ្ញុំ ជាមួយនិងសម្ដេចពិជ័យសេនា ទៀ បាញ់ ទៅកោះគុត នៅឆ្នាំ១៩៩០ យើងជិះអូប័រ ។ ពេលនោះវាអ៊ីចេះ! ខ្ញុំព្រះករុណាខ្ញុំ បានចុះហត្ថលេខាបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ FNC នៅទីក្រុងបាងកក ប៉ុន្តែក៏ត្រូវមានការពិភាក្សាជាសម្ងាត់រវាងខ្ញុំព្រះណាខ្ញុំ ជាមួយនិងឧត្ដមសេនីយ៍ឆាវលីត យ៉ុងឆៃយុទ្ធ និងជាមួយតំណាងរបស់ជប៉ុន។ អ៊ីចឹងព្រះករុណាខ្ញុំ ទៅដេកនៅកោះកុង ។ ម៉ោងប្រហែលជា ២ភ្លឺ ខ្ញុំព្រះករុណាខ្ញុំ ធ្វើដំណើរតាមអូប័រ កាត់ឡើងទៅលើកោះគុត រួចហើយចេញពីកោះគុត បានធ្វើដំណើរទៅប៉ាតាយ៉ា ទៅឡាន ទៅម៉ោង ៤ភ្លឺ ទៅដល់ប៉ាតាយ៉ា ។ តំបន់នេះ គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ហើយដែលតំបន់នេះ តាំងពីជំនាន់អតីតនាយករដ្ឋមន្រ្តី បានចរចាពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំ ។ ក្រោយមក អតីតនាយករដ្ឋមន្រ្តី ឆាត់ឆៃ ឈុនហាវ៉ាន់ បានមកជួបខ្ញុំព្រះណាខ្ញុំ មកដល់ផ្ទះវិមានឯករាជ្យនេះ ដើម្បីពិភាក្សាគ្នាលើបញ្ហាធ្វើអាជីវកម្មខួងយកប្រេង នៅក្នុងតំបន់ត្រួតស៊ីគ្នានេះ ប៉ុន្តែកិច្ចការទាំងអស់ មិនអាចឈានទៅមុខបានទេ ។ ឆ្នាំ២០០១ យើងបង្កើតបាននូវអនុស្សរណៈនៃការយោគយល់គ្នាមួយ ។ រហូតមកដល់ពេលនេះ មានរយៈពេល២៣ឆ្នាំហើយ មិនទាន់បានជជែកគ្នាលម្អិតណាមួយនៅឡើយទេ ដោយសារយើងបង្កើតគណៈកម្មការពីរ មួយបង្កើតគណៈកម្មការទាក់ទងនឹងព្រំដែន មួយទៀត អនុគណៈកម្មការទទួលបន្ទុកជជែកអំពីការធ្វើអាជីវកម្មនៅក្នុងតំបន់ត្រួតស៊ីគ្នា» ។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍បន្តថា “ឥឡូវនេះ គេកំពុងធ្វើ ថាឱ្យប្រជាជនកម្ពុជា ធ្វើបាតុកម្ម ដើម្បីរុញរដ្ឋាភិបាល ឲ្យប្តឹងទៅតុលាការអន្តរជាតិ ។ ដំបៅមិនឈឺ យកឈើចាក់ រឿងគេកំពុងជជែកគ្នា ហើយយើងមករុញ តើនេះជាអ្វីទៅ? ជាអំពើអ្វី? ដែលម្តងហើយម្តងទៀត រុញឱ្យប្រជាជន មិនបានសេចក្តីសុខណាមួយ តាមរយៈនៃការបង្កើតចលនាប្រឆាំង ។ ព្រះតេជគុណ! តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់តែងច្បាប់ ដើម្បីរៀបចំនូវច្បាប់ ដាក់ក្រុមនេះ ទៅជាក្រុមភេរវកម្មហើយឬនៅ? នេះជាបញ្ហាដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាអ្នកនយោបាយដទៃទៀត កំពុងតាមដានពិនិត្យថា តើដល់ពេលហើយឬនៅ? ព្រោះនេះមានចរិតអុចអាល ដែលវាអាចនាំទៅដល់ការផ្ទុះអាវុធរវាងកម្ពុជា និងថៃ តែម្តង មិនគ្រាន់តែជាបញ្ហាផ្ទៃក្នុងកម្ពុជា នោះទេ ក៏ប៉ុន្តែវាជារឿងដែលអាចឈានទៅដល់ការផ្ទុះអាវុធ ប្រសិនបើយន្តការនៃទំនាក់ទំនងកំពុងតែធ្វើដំណើរ ដោយមិនទាន់ដល់ការសម្រេចចិត្តណាមួយទាំងថៃ  និងទាំងខាងយើង អត់ទាន់ឈានដល់ការសម្រេចចិត្តណាមួយទេ ហេតុអីបានជាគេរុញធ្វើរឿងនេះ? ហើយជំរុញឱ្យមានបាតុកម្មនៅទូទាំងប្រទេស? អ៊ីចឹងទេ សូមបងប្អូនប្រជាពលរដ្ឋពិចារណាជ្រើសរើសយកមួយណា រវាងការញុះញង់ឱ្យមានអំពើហិង្សា ទាំងក្នុងជាតិ និងទាំងជាមួយប្រទេសជិតខាង?»។

ជាមួយនេះ សម្តេចហ៊ុន សែន បានចោទជាសំណួរថា តើដល់ពេលឬនៅ ដែលត្រូវដាក់ក្រុមប្រឆាំង ទៅក្នុងបញ្ជីក្រុមភេរវកម្ម ខណៈក្រុមជ្រុលនិយមដែលកំពុងរស់នៅក្រៅប្រទេសទាំងនោះ ដឹកនាំដោយទណ្ឌិតសម រង្ស៊ី បានបង្កបញ្ហាម្តងហើយម្តងទៀត រុញឱ្យប្រជាជនមិនទទួលបានសេចក្តីសុខណាមួយ តាមរយៈការបង្កើតចលនាប្រឆាំង។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍នៅពេលនោះថា “តើដល់ពេលវេលាដែលរាជរដ្ឋាភិបាល ឬក៏អ្នកតាក់តែងច្បាប់ ដើម្បីរៀបចំច្បាប់ដាក់ក្រុមនេះ ទៅជាក្រុមភេរវកម្មហើយឬនៅ? នេះជាបញ្ហាដែលខ្ញុំព្រះករុណាខ្ញុំ ក៏ដូចជាអ្នកនយោបាយដទៃទៀត កំពុងតាមដានពិនិត្យថា តើដល់ពេលហើយឬនៅ? ព្រោះនេះវាមានចំណុចជាការញុះញង់អុចអាល ដែលវាអាចដល់ជាការផ្ទុះអាវុធ រវាងកម្ពុជា និងថៃ តែម្តង។ នេះមិនគ្រាន់តែបញ្ហានៅផ្ទៃក្នុងកម្ពុជា នោះទេ ក៏ប៉ុន្តែវាជារឿងដែលអាចឈានទៅដល់ការផ្ទុះអាវុធ…” ៕  កុលបុត្រ

RELATED ARTICLES