ភ្នំពេញ ៖ បុរសម្នាក់ អះអាងខ្លួនជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្រោយពីផឹកស្រាស្រវឹងជោក បានដើរទៅដាល់កញ្ចក់ទ្វារផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលឱ្យបែក និងថែមទាំងរយះដៃខ្លួនឯង ហូរឈាមដាប បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ប្រឡាយទឹកស្អុយ ស្ថិតនៅភូមិមច្ឆា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ ដើរទៅដើរមកក្នុងស្ថានភាពស្រវឹង លុះមួយសន្ទុះក្រោយមក ស្រាប់តែមកផ្អែកជញ្ជាំងផ្ទះប្រជាពលរដ្ឋ រួចបានប្រើកណ្តាប់ដៃដាល់ទ្វារកញ្ចក់ផ្ទះ បណ្តាលឱ្យបែក និងរយះដៃខ្លួនឯង ហូរឈាមយ៉ាងខ្លាំង។
ប្រភពដដែល បន្តថា ភ្លាមនោះ ប្រជាពលរដ្ឋបាននាំគ្នាឃាត់បុរសខាងលើ តែត្រូវបុរសរូបនោះ បានអះអាងថា ខ្លួនគឺជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានកាតសម្គាល់ខ្លួនទៀតផង បានស្រែកប្រាប់ប្រជា ពល រដ្ឋថា រូបគេត្រូវបានគេបោកយកលុយនិងទូរស័ព្ទ អស់ពីខ្លួន គិតអីមិនចេញ ក៏រំសាយកំហឹងនឹងកញ្ចក់ទ្វារបែបនេះទៅ។ បន្ទាប់មកមានមិត្តភក្តិរបស់បុរសខាងលើ បានជិះម៉ូតូមកដល់កន្លែងកើតហេតុ បាននិយាយជាមួយនិងម្ចាស់ផ្ទះ រួចបានដឹកបុរសខាងលើ ទៅព្យាបាលរបួសនៅឯមន្ទីរពេទ្យបាត់ទៅ។
ក្រោយពេលកើតហេតុ កម្លាំងប្រជាការពារសង្កាត់ស្ទឹងមានជ័យទី១ បានចុះទៅដល់កន្លែងកើតហេតុ នធ្វើការសាកសួរម្ចាស់ផ្ទះ ទើបដឹងថា មិត្តភក្តិបុរសដែលវ៉ៃកញ្ចក់ទ្វារផ្ទះរបស់គាត់ បាននិយាយជាមួយគាត់រួចរាល់ហើយ ពេលនោះម្ចាស់ផ្ទះ ក៏មិនបានប្តឹងផ្តល់អ្វីដែរ៕