Tuesday, November 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែចែកទ្រព្យមិនស្មើ កូនដុ.../តផ្ទះចោល

ម៉ែចែកទ្រព្យមិនស្មើ កូនដុ…/តផ្ទះចោល

ខេត្តមណ្ឌលគិរី ៖ បុរស៣នាក់ ត្រូវជាបងប្អូនថ្លៃ បានអង្គុយផឹកស្រាជុំគ្នា រហូតដល់ស្រវឹង ផ្តើមនិយាយដល់រឿងកេរមរតកដែលឪពុកម្តាយចែកឱ្យ ស្រាប់តែបុរសជាបង ខឹងសម្បារឿងឪពុកម្តាយចែកកេរឱ្យមិនស្មើគ្នា ក៏បែកគំនិតធ្វើសកម្មភាពដុតផ្ទះម្តាយចោល និងថែមទាំងគំរាមសម្លាប់ទាំងប្អូនស្រី និងប្អូនថ្លៃទៀតផង ទីបំផុតត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីកូនប្រុសដុតផ្ទះឪពុកម្តាយចោលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ប្រមាណ១០និង៣០នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤រស់នៅភូមិពូហ៊ួង ឃុំចុងផ្លាស់ ស្រុកកែវសីមា។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះពៅ សំអាត ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរកសិករ ជាមនុស្សប្រើប្រាស់នូវសារធាតុញៀន មានលំនៅ ភូមិពូហ៊ួង ឃុំចុងផ្លាស់ ស្រុកកែវសីមា។ ចំពោះវត្ថុតាងចាប់យក រួមមាន ១-កាំបិតចុងស្រួច ចំនួន១។ ២-កាំបិតប៉័ងតោ ចំនួន១។ ៣-កាំបិតផ្គាក់ ចំនួន១។ ៤-សម្ភារៈជក់គ្រឿងញៀន។ ៥-ដែកកេះ ចំនួន២។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណ៣រសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះពៅ សំអាត ជាមួយបងបង្កើតម្នាក់ឈ្មោះពៅ ចក់ និងប្អូនថ្លៃម្នាក់ឈ្មោះវ័ន្ត បាននាំគ្នាទិញផឹកស្រា-សផឹក អស់ចំនួន៤លីត្រ រហូតដល់ស្រវឹងដាបរៀងខ្លួន។ ក្រោយពីផឹកស៊ីស្រវឹង ជន សង្ស័យឈ្មោះពៅ សំអាត ចេះតែជជីកសួរបងប្រុសបង្កើតរបស់ខ្លួនឈ្មោះពៅ ចក់ និងប្អូនថ្លៃឈ្មោះវ័ន្ត ពីរឿងកេរមរតក ដីធ្លីនិងផ្ទះសម្បែង ដែលឪពុកម្តាយបានបន្សល់ទុកឱ្យ ដែលសព្វថ្ងៃឈ្មោះវ៉ាន ស្រីពិច និងឈ្មោះវ័ន្ត ជាអ្នករស់នៅ។ ពេលនោះឈ្មោះវ័ន្ត ជាប្អូនថ្លៃបានឆ្លើយថា ឪពុកម្តាយមិនចែកកេរមរតកនេះ (ផ្ទះ) ឱ្យបងឯង (ពៅ សំអាត) ទេ? ឮដូច្នេះ ឈ្មោះពៅ ចក់ ដែលជាបងប្រុស បានបន្ទរសម្តីថា បើចែកគ្នាមិនដាច់ទេ មានតែដុតផ្ទះហ្នឹងចោលទៅ។

ប្រភពដដែល បន្តថា បន្ទាប់មក ជនសង្ស័យឈ្មោះពៅ សំអាត បានដេញឱ្យឈ្មោះវ័ន្ត និងប្រពន្ធ ព្រមទាំងកូនចៅ ឱ្យឡើងទៅដេកលើផ្ទះបាត់ទៅ។ ស្រាប់តែនៅវេលាម៉ោងប្រមាណ១០កន្លះយប់ ជនសង្ស័យឈ្មោះពៅ សំអាត បានយកម្ទេចឈើ និងខោអាវចាស់ៗ ទៅដាក់ គរនៅមុខកាំជណ្តើរផ្ទះរបស់ប្អូនស្រី និងប្អូនថ្លៃ រួចយកសាំងចាក់ដុត បណ្តាលឱ្យឆេះរោលបង្កាន់ដៃក្បាលកាំជណ្តើរ និងទ្វារផ្ទះ តែមិនឆេះខ្លាំងទេ រួចក៏រលត់ទៅវិញទៅ តែជនសង្ស័យឈ្មោះពៅ សំអាត បានកាន់កាំបិតគំរាមម្ចាស់ផ្ទះ (ប្អូនស្រី និងប្អូនថ្លៃ) មិនឱ្យចុះដី បើហ៊ានចុះ រូបគេនឹងកាប់ឱ្យស្លាប់ទាំងអស់។

រហូតមកដល់ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្ចាស់ផ្ទះដែលជាប្អូនស្រីបង្កើត បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ ដើម្បីឱ្យសមត្តកិច្ចចាត់ការលើបងប្រុសនោះទៅតាមផ្លូវច្បាប់។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តមណ្ឌលគិរី បានបញ្ជាដល់កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋ បាលចុងផ្លាស់ នាំខ្លួនជនសង្ស័យឈ្មោះពៅ សំអាត យកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពដុតកាំជណ្តើរ និងគំរាមកាប់សម្លាប់ប្អូនស្រី និងប្អូនថ្លៃប្រាកដមែន មូលហេតុដោយសារស្រាចូលខ្លួន និងខឹងឪពុកម្តាយចែកទ្រព្យឱ្យអត់ស្មើគ្នា។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES