Wednesday, November 27, 2024
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ស្វាគមន៍យុវតីប្រឆាំង សុំចុះចូលបក្សកាន់អំណាច

សម្តេចហ៊ុន សែន ស្វាគមន៍យុវតីប្រឆាំង សុំចុះចូលបក្សកាន់អំណាច

ភ្នំពេញ ៖ សម្ដេចហ៊ុន សែន ប្រធានគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) អតីតនាយករដ្ឋមន្រ្តី ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសស្វាគមន៍យុវតីប្រឆាំង គឺកញ្ញា រស់ សុផល អតីតអនុប្រធានចលនាយុវជនគណបក្សសង្រ្គោះជាតិ ប្រចាំសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលបានប្រកាសផ្តាច់ខ្លួនពីលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) ដើរតាមលោកយឹម ស៊ីណន អតីតប្រធានយុវជនអតីតគណបក្សសង្រ្គោះជាតិ បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលជីវៈ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច ។

សម្ដេចហ៊ុន សែន បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្ដេច នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ភ្ជាប់ជាមួយវីដេអូនិងលិខិតសុំចុះចូលរបស់យុវតីអតីតបក្សប្រឆាំង រស់ សុផល ថា “ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះកញ្ញា រស់ សុផល ដែលបានស្នើសុំមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា“ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កញ្ញា រស់ សុផល អនុប្រធានយុវជននៃអតីតគណបក្សសង្រ្គោះជាតិ ប្រចាំសាធារណរដ្ឋកូរ៉េ ដែលធ្លាប់ស្មោះស្ម័គ្រនឹងលោកសម រង្ស៊ី និងធ្លាប់ធ្វើការជាមួយលោកយឹម ស៊ីណន ក្នុងនាមជាយុវជនប្រឆាំង នៅលើទឹកដីកូរ៉េ អស់ជាច្រើនឆ្នាំ បានសរសេរលិខិតគោរពជូនសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងចេញជាវីដេអូ ថ្លែងបញ្ជាក់ពីជំហរក្នុងការប្រកាសផ្ដាច់ខ្លួនពីលោកសម រង្ស៊ី មកសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។

នៅក្នុងលិខិតចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កញ្ញា រស់ សុផល ថ្ងៃខែឆ្នាំកំណើត ទី០៩ ខែ១០ ឆ្នាំ១៩៨៩ ទីកន្លែងកំណើត ភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ គោរពជូនសម្ដេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងកម្មវត្ថុ «ស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា» មានខ្លឹមសារថា «តាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់បំផុត ដោយហេតុថា នាងខ្ញុំបានឃើញពីភាពជោគជ័យនៃភាពដឹកនាំរបស់សម្ដេច នាងខ្ញុំសុំសម្ដេចតេជោ ហ៊ុន សែន ផ្ដល់ឱកាសឲ្យរូបនាងខ្ញុំបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានរួមចំណែកបម្រើជាតិ មាតុភូមិកម្ពុជា ក្រោមដំបូលម្លប់សន្តិភាព ។ នាងខ្ញុំសូមសន្យាថា រក្សាភាពស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា និងសង្គមជាតិ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសម្តេចតេជោ ហ៊ុន សែន មេត្តាពិនិត្យនិងសម្រេចដោយក្តីគោរពដ៏ខ្ពង់ខ្ពស់…” ។

ជាមួយគ្នានេះ ថ្លែងនៅក្នុងវីដេអូ បង្ហោះតាមបណ្ដាញសង្គម នៅថ្ងៃដដែលនោះ កញ្ញារស់ សុផល បានជម្រាបជូនសម្តេចហ៊ុន សែន ថា “សូមគោរពសម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា! សម្ដេចពុក ជាទីគោរពដ៏ខ្ពង់ខ្ពស់! នាងខ្ញុំឈ្មោះ រស់ សុផល ជាអតីតអនុប្រធានចលនាយុវជនសង្រ្គោះជាតិ នៅប្រទេសកូរ៉េខាងត្បូង ដែលតែងតែដឹកនាំនិងចូលរួមសកម្មភាពប្រឆាំងយ៉ាងសកម្មផងដែរ ប៉ុន្តែបច្ចុប្បន្ននេះ នាងខ្ញុំបានឈប់សម្រាកអំពីការងារ នៃការប្រឆាំងរដ្ឋាភិបាល រយៈពេលយូរកន្លងមកហើយដែរ ហើយដោយសារតែនាងខ្ញុំមានការអាក់អន់ស្រពន់ចិត្ត ក៏ដូចជាអស់ទំនុកទុកចិត្តចំពោះថ្នាក់ដឹកនាំនៃគណបក្សប្រឆាំង ដែលតែងតែធ្វើនយោបាយបង្កើតព្រឹត្តិការណ៍ប្រជាភិថុតិ បោកប្រាស់អ្នកគាំទ្រ ក៏ដូចជាសកម្មជនរបស់ខ្លួន ឲ្យរងគ្រោះដោយសារនយោបាយបោកប្រាស់ ប្រជាភិថុតិរបស់ខ្លួន ហើយធ្វើឲ្យមានការបែកបាក់កម្លាំងអ្នកប្រឆាំង ដែលពួកយើងខ្ញុំជាសកម្មជន សកម្មនារី តែងតែខិតខំប្រមែប្រមូល កៀងគរដើម្បីរក្សានូវសំឡេងប្រឆាំងដែរ ប៉ុន្តែចម្លែកអីតែអ្នកដឹកនាំ បែរជាព្យាយាមបង្កើតបក្ស បង្កពួក បំបែកបំបាក់ ឲ្យមានការឈឺចាប់ ហើយប្រើតែនយោបាយប្រជាភិថុតិ បោកប្រាស់ទឹកចិត្តសកម្មជនរបស់ខ្លួន ។ សរុបសេចក្ដីមកវិញ នាងខ្ញុំចង់បញ្ជាក់ថា ការឈប់សម្រាក ឬក៏ការឈប់ធ្វើជាសកម្មជននៅក្នុងគណបក្សប្រឆាំង ដោយសារតែហេតុទាំងអស់នេះ ហើយមានជាច្រើនទៀត ដែលខ្ញុំសុំបង្ហាញខ្លីៗប៉ុណ្ណឹង ហើយដោយឡែក នាងខ្ញុំបានមកដល់ទឹកដីនៃប្រទេសកម្ពុជា អំឡុងពេលបុណ្យអុំទូក អកអំបុក សំពះព្រះខែនេះ ខ្ញុំបានសង្កេតឃើញទិដ្ឋភាពជាក់ស្ដែង អំពីការរីកចម្រើន អភិវឌ្ឍន៍ ស៊ីវិល័យ ជឿនលឿនជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដ៏ឈ្លាសវៃបំផុតសម្តេចពុក ហើយបន្តមកដល់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ទៀត ឃើញថា ការអភិវឌ្ឍនៃប្រទេសជាតិ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ នាងខ្ញុំពិតជាមានមោទនភាព នៅពេលដែលមានមេដឹកនាំដែលប្រកបដោយគតិបណ្ឌិត និងមានភាពឈ្លាសវៃក្នុងការរក្សានូវស្ថានការណ៍នយោបាយ ការពារនូវសុខសន្តិភាពជូនប្រជាជាតិមាតុភូមិកម្ពុជា មកនេះ ហើយនាងខ្ញុំក៏មានបំណងប្រាថ្នាចង់ចូលរួមចំណែកជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសបម្រើជាតិមាតុភូមិរបស់ខ្ញុំ តាមលទ្ធភាព និងសមត្ថភាពដែលខ្ញុំមាន ។ សង្ឃឹមថា សម្ដេចពុក នឹងអនុគ្រោះ ក៏ដូចជាផ្ដល់ឱកាសឲ្យកូន ដើម្បីមានឱកាសបានចូលរួមបម្រើជាតិ ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ហើយបើសិនជាសម្ដេចពុក លោកសន្ដោសប្រណី កូនសូមសន្យាថា នឹងស្មោះត្រង់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក៏ដូចជាស្មោះត្រង់ជាមួយសង្គមជាតិ មាតុភូមិរបស់យើង។ ហើយជាចុងក្រោយ កូនសូមលើកម្រាមដៃដប់ គោរពអរគុណចំពោះទឹកចិត្តសន្ដោសប្រោសប្រណីរបស់សម្ដេចពុក ហើយសូមជូនពរសម្ដេចពុក ឲ្យមានសុខភាពល្អ មានអាយុយឺនយូរ សម្រេចការងារគ្រប់សព្វបែបយ៉ាង ដើម្បីជាតិមាតុភូមិរបស់យើង…” ។

ក្រោយការសរសេរលិខិត និងថ្លែងតាមវីដេអូខាងលើ ហើយទទួលបានការឆ្លើយតបជាវិជ្ជមានពីសម្ដេចហ៊ុន សែន យល់ព្រមទទួលស្វាគមន៍នាងមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កញ្ញា រស់ សុផល បានសរសេរអរគុណសម្ដេចហ៊ុន សែន នៅក្នុងគណនីហ្វេសប៊ុក របស់នាង នៅយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “នាងខ្ញុំសូមគោរពអរគុណទឹកចិត្តសម្ដេច ដែលមានក្ដីសន្ដោសប្រណីចំពោះនាងខ្ញុំ គឺធំធេងណាស់“ ។

ចំណែកលោកយឹម ស៊ីណន អតីតប្រធានយុវជនអតីតគណបក្សសង្រ្គោះជាតិ ជាអតីតសហការីរបស់កញ្ញា រស់ សុផល បច្ចុប្បន្នបន្ទាប់ពីបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា បានតំណែងជារដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលជីវៈ បានបញ្ជាក់នៅក្នុងគណនីហ្វេសប៊ុក របស់លោកនៅថ្ងៃដដែលនោះ ទៅកាន់កញ្ញា រស់ សុផល ដែរថា “សូមស្វាគមន៍ប្អូនស្រី“ ៕ កុលបុត្រ

RELATED ARTICLES