ភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ បានបើករថយន្តទំនើប ១គឿង បត់ត្រឡប់ក្រោយ ខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូធុនធំ ១គ្រឿង ជិះដោយបុរសម្នាក់ បណ្តាលឱ្យដួល រងការខូចខាត ចំណែកមនុស្សរងរបួសតិចតួច រីឯរថយន្តបង្កហេតុ ព្យាយាមបើករត់គេច តែត្រូវសន្តិសុខកោះពេជ្រ ស្ទាក់ឃាត់បាន ហើយត្រូវអ្នកបើកម៉ូតូធំ ទារសំណង ៣៨០០ដុល្លារ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងបរិវេណទីក្រុងកោះពេជ្រ តាមបណ្តោយផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូធុនធំ ១ គ្រឿង ម៉ាក CB ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KU-9705 ធ្វើដំណើរតាមបណ្តោយផ្លូវកោះពេជ្រ ទិស ដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានជិះវ៉ារថយន្តទំនើប ១គ្រឿង ម៉ាកឡង់គ្រីសឺរ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BP-3098 បើកបរដោយបុរសជនជាតិចិនម្នាក់ ខណៈពេលជិះវ៉ានោះ ស្រាប់តែរថយន្តបានបត់ឆ្វេងត្រឡប់ក្រោយ ដោយមិនបានមើលឆ្វេងស្តាំ ក៏ជ្រុលទៅបុកម៉ូតូធុនធំខាងលើ បណ្តាលឱ្យដួលខ្ទាតផ្ទប់នឹងទ្រូងផ្លូវ រងការខូចខាតម៉ូតូយ៉ាងដំណំ ចំណែកបុរសជាអ្នកជិះម៉ូតូ គ្រាន់តែរងរបួសរលាត់ដៃជើងតិចតួចប៉ុណ្ណោះ។
ប្រភពដដែល បន្តថា ក្រោយកើតហេតុ រថយន្តបង្កហេតុដែលរងការខូចខាតខ្ទេចផ្នែកខាងមុខ ធ្លាក់កាងនៅកន្លែងកើតហេតុ មិនព្រមឈប់ ដោះស្រាយគ្នា បែរជាព្យាយាមបើករត់គេចរហូតដល់ច្រកចេញកោះពេជ្រ ក៏ត្រូវប្រជាពលរដ្ឋ សហការជាមួយសន្តិសុខកោះពេជ្រ ស្ទាក់ឃាត់រថយន្តនិងអ្នកបើកបរជាប់ រួចប្រគល់ឱ្យសមត្ថកិច្ចជំនាញធ្វើការដោះស្រាយ។
ជុំវិញករណីនេះ ភាគីខាងម៉ូតូ ទាមទារសំណងចំនួន ៣៨០០ដុល្លារ ពីខាងរថយន្ត តែខាងរថយន្ត សុំយកម៉ូតូទៅជួសជុល និងព្យាបាលរបួសឱ្យ ដើម្បីបញ្ចប់រឿង៕