ខេត្តកោះកុង ៖ ទឹកធ្លាក់ស្ទឹងកែប ជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងព្រៃភ្នំធម្មជាតិ ទឹកធ្លាក់មកពីក្បាលលើនៃស្ទឹងកែប បង្កើតបានជាទស្សនីយភាពបង្អួតអ្នកទេសចរណ៍ដែលចូល ចិត្តធម្មជាតិ និងស្តាប់សំឡេងទឹកហូរ។
ទឹកធ្លាក់ស្ទឹងកែប ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ នៃឃុំតាទៃលើ ស្រុកថ្មបាំងខេត្តកោះកុង។ ទឹកធ្លាក់នេះ មានចម្ងាយ ៣១គីឡូម៉ែត្រ ពីទីរួមស្រុកថ្មបាំង ខេត្តកោះកុង។
សម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ ដែលចង់ទៅដល់តំបន់អេកូទេសចរណ៍ធម្មជាតិ ទឹកធ្លាក់ស្ទឹងកែប ត្រូវធ្វើដំណើរតាមរថយន្ត ឬម៉ូតូ ក្នុងរយៈចម្ងាយ ២៩៥គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ទៅស្រុកថ្មបាំង និង ១៨គីឡូម៉ែត្រ ធ្វើដំណើរដោយរថយន្ត ឬម៉ូតូ ពីទីរួមស្រុកថ្មបាំង ទៅភូមិត្រពាំងខ្នារ ឃុំតាទៃ។
ចំពោះការធ្វើដំណើរថ្មើរជើង ពីភូមិត្រពាំងខ្នារ ឃុំតាទៃ ទៅទឹកធ្លាក់ស្ទឹងកែប គឺមានចម្ងាយ ១៣គីឡូម៉ែត្រ ៕