Friday, November 29, 2024
Homeព័ត៌មានជាតិស៊ន តារា ថាឪការពារជាតិ ដេកគុកខ្លោចផ្សា គ្មានវាសនាដូចអ្នកជេរប្រមាថសម្ដេច

ស៊ន តារា ថាឪការពារជាតិ ដេកគុកខ្លោចផ្សា គ្មានវាសនាដូចអ្នកជេរប្រមាថសម្ដេច

ភ្នំពេញ ៖ លោកស៊ន តារា សកម្មជនអតីតបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលកំពុងរស់និរទេសនៅប្រទេសបារាំង ដែលបានប្រកាសកាត់កាល់ឪពុកម្ដាយ នាពេលកន្លងទៅនោះ នៅពេលនេះ បន្ទាប់ពីឪពុករបស់ខ្លួន ជាមន្រ្តីយោធា ត្រូវបានឃាត់ខ្លួននិងឃុំខ្លួនក្រោមការចោទប្រកាន់ពាក់ព័ន្ធគ្រឿងញៀនមក លោកស៊ន​ តារា បានបង្ហាញនូវការឈឺចាប់ជំនួសឪពុករបស់ខ្លួន ដោយលោកបានលើកឡើងថា លោកឪពុកធ្លាប់បានកាន់កាំភ្លើង តស៊ូក្នុងសមរភូមិ រហូតកម្ពុជា ចប់សង្រ្គាមប្រដាប់អាវុធ និងស្មោះត្រង់ជាមួយគណបក្សប្រជាជនកម្ពុជា និងសម្ដេចហ៊ុន សែន រហូតមក ហើយធ្លាប់ត្រូវបានសម្តេចផ្តល់កិត្តិយសហៅទៅជួបដល់ផ្ទះ តែចុងក្រោយបែរជាដេកគុកខ្លោចផ្សា គ្មានវាសនាដូចអ្នកជេរប្រមាថសម្ដេចហ៊ុន សែន ដោយពាក្យអសុរោះកប់ៗមាត់ គ្រាន់តែសុំទោស១ម៉ាត់ បានតំណែងធំ រស់ក្នុងទ្រនំខ្ពស់ ស្រណុកស្រួល។

លោកស៊ន តារា បានបង្ហោះរូបភាពឪពុកម្ដាយរបស់លោក ពេលទៅជួបសម្ដេចហ៊ុន សែន នៅភូមិគ្រឹះរបស់សម្ដេច កាលពីឆ្នាំ២០២៣ ភ្ជាប់ជាមួយសំណេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “ឆ្នាំ២០២៣ ប៉ាមានកិត្តិយសដ៏អស្ចារ្យបំផុតក្នុងឆាកជីវិត ដែលត្រូវបានសម្តេច ហៅជួបសួរសុខទុក្ខនៅគេហដ្ឋានសម្តេចផ្ទាល់ ក្រោយពេលសម្តេចខឹង ព្រមានខ្ញុំឲ្យបិទមាត់ដ៏មានឥទ្ធិពល ឆ្នាំ២០២៤ ប៉ាត្រូវគេចាប់ដាក់គុក ក្រោមម្លប់សន្តិភាព។ ប៉ាកាន់អាវុធច្បាំងយកជីវិតជាទុន ការពារជាតិ ស្មោះត្រង់រហូតកម្ពុជា ចប់សង្រ្គាមប្រដាប់អាវុធ សមណាស់តែប៉ាទទួលផលសុខ តែបែជាដេកគុកយ៉ាងខ្លោចផ្សា គ្មានវាសនាដូចអ្នកជេរប្រមាថសម្តេច អសុរោះកប់ៗមាត់។ សូមប៉ាមានសុខភាពល្អជានិច្ច“ ។

គួររំលឹកថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ មុនពេលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងគ្រឿងញៀន នៅឆ្នាំ២០២៤ លោកសុខ ស៊ុនណារ៉េត ឪពុកលោកស៊ន តារា បានបន្តអំពាវនាវឲ្យកូនឈប់វាយប្រហារលើសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកមានគុណបំណាច់ចំពោះជាតិ និងប្រជាជនកម្ពុជា។ ប៉ុន្តែលោកស៊ន តារា ពុំបានស្តាប់នូវការអំពាវនាវរបស់ឪពុកខ្លួនទេ រហូតដល់សម្ដេចហ៊ុន សែន បានរិះគន់លោកស៊ន តារា ថាកំពុងប្រព្រឹត្តកំហុសធ្ងន់ធ្ងរខាងសីលធម៌ ដោយបានវាយប្រហារចំពោះឪពុកម្តាយខ្លួន ដោយសម្ដេចថា កូនមិនស្តាប់ឪពុកម្តាយ ហែលឆ្លងទឹកភ្នែកឪពុកម្តាយមិនរួចទេ។

នៅឆ្នាំ២០២៣ ឪពុកម្តាយរបស់លោកស៊ន តារា បានចេញមុខបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន អំពីអត្តចរិតរបស់កូនដែលមិនស្តាប់បង្គាប់ឪពុកម្តាយ។ លោកសុខ ស៊ុនណារ៉េត ជាឪពុកបង្កើតរបស់លោកស៊ន តារា ហើយក៏ជាមន្ត្រីយោធាមួយរូប បានរៀបរាប់ថា លោកបានព្យាយាមអប់រំនិងទូន្មានលោកស៊ន តារា ជាច្រើន តែកូនប្រុសនេះមិនស្តាប់ ហើយរហូតដល់កូនរូបនេះប្រមាថរូបលោកថា «ចេះមិនដល់ខ្លួនថែមទៀតផង» រហូតដល់សម្ដេចហ៊ុន សែន កាលនៅក្នុងតំណែងជានាយករដ្ឋមន្រ្តី បានព្រមានដកតំណែងឪពុកម្តាយ និងបងប្អូនរបស់លោកស៊ន តារា ដែលសម្តេច ចាត់ទុកជាក្មេងពាលនោះ បើមិនអាចប្រដៅកូនទំនើងនេះបាន។

ក្រោយមក លោកស៊ន តារា បានប្រកាសកាត់កាល់ឪពុកម្តាយ គ្រួសាររបស់លោកតែម្តង ដោយលោកពន្យល់ថា អ្នកណាធ្វើ អ្នកនោះទទួល ដែលទំនងជាលោកចង់បញ្ជាក់ថា លោកជាអ្នកធ្វើ ទុកឱ្យលោកជាអ្នកទទួល មិនឲ្យក្រុមគ្រួសាររបស់លោក ដើម្បីកុំឲ្យក្រុមគ្រួសាររបស់លោក ពាក់ព័ន្ធនឹងទង្វើប្រឆាំងរបស់លោក ។ ប៉ុន្តែចូលមកដល់ចុងឆ្នាំ២០២៤ ស្រាប់តែមានព័ត៌មានថា ឪពុកលោកស៊ន តារា ត្រូវបានចាប់ខ្លួននិងឃុំខ្លួន ពីបទពាក់ព័ន្អនឹងញៀន ។

គួរបញ្ជាក់ថា យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ ចុះថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីចំណាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ លេខ ១៨៩៩ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលមានជនត្រូវចោទឈ្មោះ សុខ ស៊ុនណារ៉េត ភេទប្រុស ឆ្នាំកំណើត១៩៥៨ ត្រូវបានចោទប្រកាន់ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៥០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ដោយបានដកហូតគ្រឿងញៀន ចំនួន ០២(ពីរ)កញ្ចប់ ជាប្រភេទមេតំហ្វេតាមីន ទម្ងន់ ១៥,៥០ (ដប់ប្រាំក្បៀសហាសិបពីរ) ក្រាម និងសារធាតុមិនច្បាស់ ចំនួន ០១(មួយ) កញ្ចប់ ទម្ងន់ ១៣,៧៨ (ដប់បីក្បៀសចិតសិបប្រាំបី) ក្រាម។ បន្ទាប់ពីបានពិភាក្សាដេញដោលចំពោះមុខ សួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានាក្នុងសំណុំរឿងរួចរាល់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

ជាមួយគ្នានេះដែរ បញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ក៏បានចេញសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃព្រហស្បតិ៍ ១៤កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ដីពីការឃាត់ខ្លួនលោកវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ពាក់ព័ន្ធនឹងករណីរក្សាទុកដោយខុសច្បាប់នូចសារធាតុញៀននេះផងដែរ ដោយបានបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះសុខ ស៊ុនណារ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ ពាក់ព័ន្ធនឹងករណីបទល្មើសរក្សាទុកដោយខុសច្បាប់បនូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បញ្ជាក់ថា ចំណាត់ការខាងលើនេះ មិនមានការពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយឡើយ គឺជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដែលពាក់ព័ន្ធនឹងគ្រឿងញៀនប៉ុណ្ណោះ។ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នឹងបន្តតាមដានករណីខាងលើនេះ ដោយយកចិត្តទុកដាក់ ។

ក្រោយពេលឪពុកត្រូវចាប់ខ្លួននិងឃុំខ្លួន លោកស៊ន តារា បានចេញវីដេអូតាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្នើដោះលែងឪពុករបស់លោក ព្រោះលោកយល់ថា ការចាប់ខ្លួនឪពុកលោក ដោយសារលោកជាកូន ជាសកម្មជនប្រឆាំង។ លោកស៊ន តារា បានបញ្ជាក់ពីជំហររបស់ខ្លួន ២ចំណុច គឺ១-សុំដោះលែងឪពុករបស់លោក ព្រោះការចាប់ខ្លួនឪពុករបស់លោក ពីបទលាក់ទុកគ្រឿងញៀននេះ សាហាវពេកហើយ ព្រោះឪពុករបស់លោក ជាមនុស្សស្លូតត្រង់ និងតស៊ូស្មោះត្រង់បម្រើគណបក្សប្រជាជនកម្ពុជា តាំងពីដើមមក ។ ២- ប្រកាសជាថ្មីថា លោកនៅតែដើរតាមផ្លូវរបស់លោក ក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច តាមបែបប្រជាធិបតេយ្យ និងសូមអភ័យទោសសម្តេចហ៊ុន សែន ផងដែរ បើលោកខុសឆ្គងពាក្យសម្តីណាមួយ ។

លោកស៊ន តារា បានមានប្រសាសន៍នៅពេលនោះថា “នេះគឺជាការប្រកាសរបស់ខ្ញុំសាជាថ្មីថា ស៊ន តារា គឺមិនមានអ្វីពាក់ព័ន្ធជាមួយឪពុកម្ដាយ សាច់ញាតិ ក្រុមគ្រួសារឡើយ ។ មួយទៀត ខ្ញុំធ្វើការផ្សាយផ្ទាល់ គឺគ្មានចេតនាទៅផ្ចាញ់ផ្ចាល ឬក៏ខឹងស្អប់រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនបច្ចុប្បន្ន គ្មានទាល់តែសោះ! វាគឺជាសិល្បៈនៅក្នុងការធ្វើនយោបាយរបស់ខ្ញុំតែប៉ុណ្ណោះ ហើយខ្ញុំជ្រើសរើសយកវិធីប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យ ។ មានន័យថា មិនមែនខ្ញុំមិនយល់ ខ្ញុំមិនដឹងថា គណបក្សប្រជាជន នៅក្នុងប្រវត្តិសាស្រ្ត ដឹកនាំល្អ ប៉ុន្តែគ្រាន់តែខ្ញុំចង់បញ្ជាក់ថា ខ្ញុំត្រូវការការប្រកួតប្រជែង ប្រឡងប្រណាំងតាមបែបលទ្ធិប្រជាធិបតេយ្យមួយ ។ បើគណបក្សប្រជាជន កាន់តែល្អ កាន់តែខ្លាំង គឺខ្ញុំកាន់តែចង់ប្រកួតប្រជែង ពីព្រោះនេះគឺជាសេចក្ដីថ្លៃថ្នូររបស់បញ្ញវន្ត និងអ្នកប្រាជ្ញនានា ដែលខ្ញុំមិនមានចិត្ត មិនដែលមានបំណងចាត់ទុកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងរដ្ឋាភិបាលគណបក្សប្រជាជន ជាសត្រូវម្ដងណាឡើយ ។ ខ្ញុំគ្រាន់តែសម្ដែងមតិរបស់ខ្ញុំ ដែលជាក្ដីសុបិនរបស់ខ្ញុំ ចង់ឲ្យមានការប្រកួតប្រជែងតែប៉ុណ្ណោះ អានេះខ្ញុំចង់បញ្ជាក់សាជាថ្មី ។ ដូច្នេះបើនៅក្នុងសាររបស់ខ្ញុំ មានពាក្យណាមួយដែលមិនគួរគប្បី ខ្វះការគួរសមចំពោះសម្ដេចតេជោ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងចំពោះថ្នាក់ដឹកនាំណាមួយ ខ្ញុំស៊ន តារា សូមខន្តីអភ័យទោសដោយអចេតនា ប៉ុន្តែបើចិត្តរបស់ខ្ញុំ គឺខ្ញុំស្រលាញ់ គោរពនូវរាល់អ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា ។ ជាពិសេសខ្ញុំតែងតែជំរុញគាំទ្រឲ្យមានដំណោះស្រាយជាតិ និងមិនមែនជារឿងដែលការចាប់ជំរិតនរណាម្នាក់ឡើយ ។ អ៊ីចឹងខ្ញុំមិនមានអ្វីទេ សរុបសេចក្ដីមកវិញ ខ្ញុំគ្រាន់តែចង់សម្ដែងនូវចំណុចទាំងពីរនេះ សូមអាជ្ញាធរនៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាដោះលែងឪពុករបស់ខ្ញុំ ដែលជាជនស្លូតត្រង់ ហើយឪពុករបស់ខ្ញុំ ដែលជាជនស្លូតត្រង់នេះ នៅយោធភូមិភាគទី៣ មួយទាំងមូល អាចជាសាក្សី បើនិយាយមិនសម្ពាធ អ្នកណាក៏អាចធានាថា ឪពុករបស់ខ្ញុំគឺជាយោធិន គឺជានាយទាហានមួយរូប ដែលបំពេញបេសកកម្មល្អសម្រាប់ជាតិមាតុភូមិ ហើយជាអ្នកបំពេញបេសកកម្មល្អសម្រាប់គណបក្សប្រជាជនកម្ពុជា ។ ដូច្នេះគាត់មិនស័ក្ដិសម ហើយការធ្វើដូច្នេះ គឺខ្ញុំស៊ន តារា យល់ឃើញថា មិនស័ក្ដិសមទេ វាសាហាវពេកហើយ ហើយវាគឺជាការឈឺចាប់ជាទីបំផុត ។ ខ្ញុំមានសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំ សាររបស់ខ្ញុំ ដែលខ្ញុំជឿទៅលើកម្ពុជា មានសុខសន្តិភាព ។ ដូច្នេះក្រុមគ្រួសារ ឪពុករបស់ខ្ញុំ ត្រូវតែរស់នៅក្រោមសុខសន្តិភាព។ ហើយចំណុចទី២ សាជាថ្មី សូមប្រកាសសាជាថ្មីម្ដងទៀត គ្មានអ្វីពាក់ព័ន្ធជាមួយនឹងឪពុកម្ដាយ ក្រុមគ្រួសារ សាច់ញាតិរបស់ខ្ញុំទេ សូមសម្ដេច មេត្តាយោគយល់ និងមេត្តាបើកឱកាសឲ្យខ្ញុំបញ្ចេញនូវស្នាដៃ ពីព្រោះប្រទេសកម្ពុជា ដឹកនាំដោយសម្ដេច គឺអនុញ្ញាតឲ្យខ្ញុំកសាងខ្លួន និងបញ្ចេញស្នាដៃ ដើម្បីប្រកួតប្រជែងមួយយ៉ាងត្រឹមត្រូវ ហើយដូចដែលខ្ញុំបានលើកឡើង ខ្ញុំគ្មានចេតនានិងគ្មានទឹកចិត្តដែលស្អប់ខ្ពើមសម្ដេច និងគណបក្សប្រជាជន បន្តិចសោះឡើយ គឺគ្មានទាល់តែសោះ ហើយដូចដែលខ្ញុំថាខាងដើមអ៊ីចឹង គឺសុំខន្តីអភ័យទោស បើខ្ញុំមានខុសឆ្គងនូវរាល់ពាក្យសម្ដីត្រង់ណាមួយ“ ។

លោកស៊ន តារា បានបន្តថា “ជាចុងបញ្ចប់ ខ្ញុំសូមទទូចម្ដងហើយម្ដងទៀត ឲ្យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាអាណិតស្រលាញ់គណបក្សប្រជាជន ដែលជាសមាជិក តស៊ូដេកព្រៃ គ្រុនចាញ់ សល់ជីវិតប៉ុណ្ណេះ មិនគួរផ្ដល់រង្វាន់ទោសឲ្យទៅឪពុករបស់ខ្ញុំទេ ។ ខ្ញុំជឿថា សម្ដេច មានបុណ្យបារមី អាចពិចារណាអាណិតអាសូរដល់គាត់ ហើយសម្ដេច បាញ់ឆ្ពោះមកខ្ញុំចុះ ខ្ញុំមិនជាបញ្ហាទេ ហើយទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំថា គាត់នឹងត្រូវបានទទួលការមេត្តាប្រណីពីសម្ដេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន ដែលប្រទេសកម្ពុជា ជាការចូលរួមចំណែកមួយរបស់ឪពុករបស់ខ្ញុំ ដែលចូលស្ទើរតែគ្រប់សមរភូមិ ដើម្បីកាន់អាវុធ កសាង ជាផ្នែកតូចមួយ កសាងសន្តិភាពដែលដឹកនាំដោយសម្ដេច ហើយខ្ញុំជឿថា គាត់ស័ក្ដិសមទទួលផលសន្តិភាព ទទួលផលនៃការលះបង់អាយុជីវិត កម្លាំងកាយ កម្លាំងចិត្ត ដើម្បីគណបក្សប្រជាជន និងដើម្បីរាជរដ្ឋាភិបាលកម្ពុជា មិនគួរផ្ដល់រង្វាន់ឲ្យគាត់ដោយសារតែរូបខ្ញុំ ស៊ន តារា យកគាត់ទៅដាក់គុក ដែលជាបុគ្គលធនធានដ៏ល្អរបស់គណបក្សប្រជាជន ហើយឪពុករបស់ខ្ញុំ ត្បិតតែគាត់ចូលនិវត្តន៍ ប៉ុន្តែគាត់នៅតែទទួលបម្រើរាល់កិច្ចការទាំងអស់ដែលអង្គភាពត្រូវការគាត់ ។ ឪពុករបស់ខ្ញុំ គាត់បម្រើគណបក្សប្រជាជន បម្រើអង្គភាព រហូតមកទល់ពេលនេះ គាត់មិនទាន់ឈប់បម្រើនៅឡើយទេ ទោះបីជាគាត់ចូលនិវត្តក៏ដោយ គឺគាត់ឆ្លើយតបរាល់តម្រូវការរបស់អង្គភាព ។ ដូច្នេះសម្ដេច ខ្ញុំស៊ន តារា ខ្ញុំសូមសម្ដេច ឆ្ពោះមកខ្ញុំទៅចុះ សម្ដេច គួរតែផ្ដល់កាដូ ផ្ដល់បុណ្យស័ក្ដិ និងការលើកទឹកចិត្តដល់ឪពុករបស់ខ្ញុំ ដែលលីកាំភ្លើងចូលព្រៃ គាំទ្រ បម្រើរដ្ឋាភិបាល និងគណបក្សប្រជាជន រហូតសល់អាយុប៉ុណ្ណេះ គាត់គួរណាស់តែទទួលបាននូវសេចក្ដីសុខ ទទួលបាននូវការតែងតាំង ទទួលបាននូវការលើកទឹកចិត្ត មិនគួរទទួលគាត់ដោយគុក ហើយដោយសារតែខ្ញុំជាកូន ស៊ន តារា ទេ ។ ខ្ញុំសូមបញ្ជាក់សាជាថ្មីចុងក្រោយចុះ! ខ្ញុំអត់មានអីពាក់ព័ន្ធជាមួយសាច់ញាតិ ក្រុមគ្រួសារខ្ញុំទេ…» ។

ទោះបីជាយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្លាប់បញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការចាប់ខ្លួនលោកសុខ ស៊ុនណារ៉េត ឪពុករបស់ស៊ន តារា ជារឿងអនុវត្តផ្លូវច្បាប់ទេ មិនមែនជារឿងនយោបាយទេ ហើយថា ការដែលលោកស៊ន តារា ប្រកាសកាត់កាល់ឪពុកខ្លួនឯង នាពេលកន្លងមក វាគ្រាន់តែជាល្បិចកលនយោបាយ ដើម្បីកុំឲ្យសមត្ថកិច្ចចាត់វិធានការទៅលើក្រុមគ្រួសារ សាច់ញាតិខ្លួនតែប៉ុណ្ណោះ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “យើងដឹងយូរហើយតើ! ស៊ន តារា ហ្នឹងបានកាត់កាល់ឪពុករបស់គាត់រួចហើយ ហ្នឹងទី១ ។ ទី២ គឺបញ្ហាបទល្មើសគ្រឿងញៀន វាមិនចំពោះទៅលើអ្នកណាទេ ឲ្យតែប្រព្រឹត្តបទល្មើស អាហ្នឹងសមត្ថកិច្ចគេចាត់វិធានការផ្លូវច្បាប់ហើយ ។ ដូចខែមុនហ្នឹង ប៉ុន្មានថ្ងៃមុនហ្នឹង គឺថាមានការចាប់រហូតដល់នគរបាលទទួលបន្ទុកកិច្ចការងារគ្រឿងញៀនហ្នឹងទៀតផង ។ អាហ្នឹងមិនថាជាមន្រ្តីថ្នាក់ខ្ពស់ ថ្នាក់ទាប ឬមួយថាជានគរបាល ជានយោបាយ ឬមួយជាប៉េអឹម អីទេ ឲ្យតែមានភ័ស្តុតាងច្បាស់លាស់ អាហ្នឹងសមត្ថកិច្ចគេចាប់ហើយ ។ អ៊ីចឹងការចាប់ខ្លួនលោកសុខ ស៊ុនណារ៉េត ដែលជាឪពុករបស់ស៊ន តារា ហ្នឹង អាហ្នឹងវាជារឿងអនុវត្តផ្លូវច្បាប់ទេ វាមិនមែនរឿងនយោបាយឯណា ហើយការដែលចោទប្រកាន់ពីខាងក្រៅ អាហ្នឹងទោះបីមិនមានករណីហ្នឹងក៏ដោយ ក៏ពួកប្រឆាំង នៅតែចោទប្រកាន់ដដែល វាមិនមានអ្នកណាចាប់អារម្មណ៍ទេ ។ ប៉ុន្តែការដែលថាជាការរៀបចំល្បិចបោះគ្រឿងញៀន ទៅក្នុងរថយន្តឪពុកស៊ន តារា អីនោះ ហ្នឹងចង់ពួកគាត់និយាយម៉េចនិយាយទៅអាហ្នឹង ក៏ប៉ុន្តែសមត្ថកិច្ច គេអនុវត្តច្បាប់ ។ នៅក្នុងប្រទេសមួយដែលគ្រប់គ្រង ក៏ដូចធានាសន្តិសុខ សុវត្ថិភាពហ្នឹង វាទាមទារត្រូវគោរពច្បាប់ ឲ្យបានម៉ឺងម៉ាត់ ហើយបើសិនណាគាត់ធ្វើយោធា ឬអតីតយោធាចូលនិវត្តន៍ក៏ដោយ បើមានពាក់ព័ន្ធនឹងរឿងហ្នឹង អាហ្នឹងអនុគ្រោះបានយ៉ាងម៉េចអាហ្នឹង? វាមិនត្រូវទេ វាអត់និយាយគ្នាគេ គ្នាឯងទេ និយាយពីរឿងអ្នកធ្វើត្រូវច្បាប់ ឬអ្នកធ្វើមិនត្រូវច្បាប់ អាហ្នឹងគេគិតរឿងហ្នឹង ហើយក្នុងករណីហ្នឹង គឺថាសមត្ថកិច្ច អាជ្ញាធរនៅមូលដ្ឋានខេត្តកំពង់ស្ពឺ គេបានស្រាយបំភ្លឺរូចហើយ“ ។

លោកសុខ ឥសាន បានមានប្រសាសន៍បន្តថា “ហើយរឿងស៊ន តារា អំពាវនាវឲ្យដោះលែងឪពុកគាត់វិញ អាហ្នឹងជារឿងគាត់យល់ឃើញ គាត់បានកាត់កាល់ឪពុកគាត់ហើយ ។ អ៊ីចឹងបានសេចក្ដីថា ការកាត់កាល់ឪពុកខ្លួនឯងនេះ វាគ្រាន់តែជាល្បិចកលនយោបាយទេ ដើម្បីកុំឲ្យសមត្ថកិច្ច គេចាត់វិធានការទៅលើក្រុមគ្រួសារគាត់ អាហ្នឹងស៊ន តារា បដិសេធ ឬមួយកាត់កាល់ឪពុកម្ដាយ ឬក្រុមញាតិរបស់ខ្លួន ។ អ៊ីចឹងឥឡូវឃើញហើយ ដល់ពេលមានសមត្ថកិច្ចចាប់ខ្លួនឪពុកនោះ វាទៅជារឿងយើងឈឺឆ្អាលទៅវិញ ។ បើកាត់កាល់ អាហ្នឹងបានសេចក្ដីថា យើងលែងខ្វល់ខ្វាយដំណើរវាសនារបស់ឪពុកម្ដាយហ្នឹងហើយ ។ ជារួមទៅ យើងដឹងថា ដើម្បីដឹកនាំប្រទេសមួយ វាត្រូវមានការអនុវត្តច្បាប់ហ្នឹងហើយ ទោះបីថា បើកប្រជាធិបតេយ្យក៏ពិតមែន ក៏ប៉ុន្តែមិនអាចចោលច្បាប់បានទេ ។ អ៊ីចឹងពីរហ្នឹង វាត្រូវផ្សារភ្ជាប់ជាមួយគ្នា បើមានតែប្រជាធិបតេយ្យ អត់មាននីតិរដ្ឋ អាហ្នឹងវាទៅជាសង្គមអនាធិបតេយ្យ ។ អ៊ីចឹងវាត្រូវមានប្រជាធិបតេយ្យ បើទូលាយសិទ្ធិសេរីភាពជូនប្រជាពលរដ្ឋផង ហើយក៏ត្រូវតែអនុវត្តច្បាប់ផង ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈសង្គម ឲ្យបានល្អ តែបើគ្រាន់តែរឿងអីចោទៗទៅរឿងនយោបាយ អាហ្នឹងវាធ្វើម៉េចកើត? អាហ្នឹងប្រទេសវាទៅអត់ច្បាប់ទម្លាប“ ៕ កុលបុត្រ

RELATED ARTICLES