ប្រទសរុស្ស៉ី ៖ មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានគំរាមវាយប្រហារមីសស៊ីលថ្មី ទៅលើរដ្ឋធានីគៀវ នៃប្រទេសអ៊ុយក្រែន ក្រោយវាយប្រហារប្រព័ន្ធថាមពលរបស់អ៊ុយក្រែន រហូតដាច់ភ្លើង ប៉ះពាល់ដល់មនុស្សជាង ១លាននាក់ ។
ទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ពេញមួយយប់ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារយ៉ាងទូលំទូលាយលើប្រព័ន្ធថាមពលរបស់អ៊ុយក្រែន ប្រើទាំងយន្តហោះគ្មានមនុស្សបើក និងសព្វាវុធ វាយប្រហារជាង ៩ម៉ោងកន្លះ បង្កឱ្យមានការផ្ទុះឆេះនៅក្នុងទីក្រុងជាច្រើន រួមទាំងទីក្រុងអូដេសសា (Odessa), ទីក្រុងខារគីវ (Kharkiv) និងទីក្រុងលុតស្ក៍ (Lutsk) ។
ការវាយប្រហាររបស់រុស្ស៊ី បានបង្ខំឱ្យអាជ្ញាធរអ៊ុយក្រែន កាត់ផ្តាច់ថាមពលបន្ទាន់ ខណៈដែលការដាច់ចរន្តអគ្គិសនី កើតឡើងនៅក្នុងតំបន់ជាច្រើន រួមទាំងនៅ Lutsk ក្នុងតំបន់ Volyn នៅភាគខាងលិច និងនៅតំបន់ Rivne Oblast ដែលនៅជិតខាង បណ្តាលឲ្យមនុស្សជាង ២៨០ ០០០នាក់រងផលប៉ះពាល់។ នៅតំបន់ល្វីវ (Lviv) ការដាច់ចរន្តអគ្គិសនី ប៉ះពាល់ដល់ផ្ទះនិងអាជីវកម្ម ជាង ៥៣០ ០០០កន្លែង។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ក្រោយមកបាននិយាយថា ៖ រលកចុងក្រោយនៃការវាយប្រហារដោយកាំជ្រួចមីសស៊ីល ជាង ៩០គ្រាប់ រួមទាំងមីសស៊ីលរយៈចម្ងាយមធ្យម Orechnik ថ្មី និងយន្តហោះគ្មានមនុស្សបើក ១០០០គ្រឿង ត្រូវបានប្រើប្រាស់ជាការឆ្លើយតបទៅនឹងការប្រើប្រាស់របស់អ៊ុយក្រែន នូវមីសស៊ីលរយៈចម្ងាយឆ្ងាយ ATACMS របស់សហរដ្ឋអាមេរិក Storm Shadow របស់ចក្រភពអង់គ្លេស វាយ ប្រហារជាបន្តបន្ទាប់ចូលទៅក្នុងទឹកដីរុស្ស៊ី ។
លោក ពូទីន បានគំរាមបន្ថែមទៀតថា រុស្ស៊ី កំពុងជ្រើសរើសគោលដៅក្នុងប្រទេសអ៊ុយក្រែនដែលខ្លួននឹងវាយ ប្រហារដោយមីសស៊ីល Oreshnik រួមទាំងមជ្ឈមណ្ឌលសំខាន់ក្នុងទីក្រុងគៀវ រដ្ឋធានីនៃប្រទេសអ៊ុយក្រែន។មេដឹកនាំរុស្ស៊ី ក៏បានប្រកាសដែរថា ទីក្រុងម៉ូស្គូ នឹងមិនអនុញ្ញាតឱ្យអ៊ុយក្រែន ទទួលបានអាវុធនុយក្លេអ៊ែរទេ ហើយប្រសិនបើអ៊ុយក្រែន ទទួលបានអាវុធនោះ ពួកគេនឹងប្រើគ្រប់មធ្យោបាយដែលរុស្ស៊ី ដើម្បីបំផ្លាញចោល។
ការថ្លែងរបស់ពូទីន ខាងលើនេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ពី New York Times កាលពីមួយសប្តាហ៍មុនថា មន្ត្រីមកពីប្រទេសលោកខាងលិច មួយរូប បានចេញមកណែនាំថា សហរដ្ឋអាមេរិក នឹងផ្តល់ក្បាលគ្រាប់នុយក្លេអ៊ែរ ដល់អ៊ុយក្រែន នៅចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន (Joe Biden) ដែលអាណត្តិរបស់គាត់នឹងផុតកំណត់ នៅខែមករា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះដែរ លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បានសម្តែងការមិនពេញចិត្តរបស់គាត់ ចំពោះអនុស្សរណៈប៊ូដាប៉េស (Budapest) ឆ្នាំ១៩៩៧ ដែលតម្រូវឱ្យអ៊ុយក្រែន បោះបង់ចោលអាវុធនុយក្លេអ៊ែរ ដែលនៅសេសសល់ពីសម័យសូវៀត៕