Monday, December 2, 2024
Homeព័ត៌មានជាតិផន ផាន់ណា ឆ្លើយតបសុខ ឥសាន រឿងជម្លៀសខ្លួនទៅអាមេរិក

ផន ផាន់ណា ឆ្លើយតបសុខ ឥសាន រឿងជម្លៀសខ្លួនទៅអាមេរិក

ភ្នំពេញ ៖ ក្រោយពីអ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) លោកសុខ ឥសាន បានលើកឡើងថា ក្រុមចារកម្មបរទេស អាយ៉ងចក្រពត្តិ ជាអ្នកលាក់បំពួន និងជម្លៀសខ្លួនសកម្មជនអតីតបក្សប្រឆាំង លោក ផន ផាន់ណា ចេញពីប្រទេសថៃ ទៅសហរដ្ឋអាមេរិក នោះមក លោក ផន ផាន់ណា អតីតអនុប្រធានយុវជនគណបក្សសម រង្ស៊ី ដែលពេលនេះកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក បានចេញមុខឆ្លើយតបថា រដ្ឋាភិបាលខ្មែរ ក៏គប់គិតជាមួយក្រុមចារកិច្ច និងចក្រពត្តិដែរ  ដោយសាររដ្ឋាភិបាលនៅតែជាសមាជិកអង្គការសហប្រជាជាតិ នៅតែភ្ជាប់ទំនាក់ទំនងការទូត និងទទួលជំនួយពី UN និង USAID ។

លោក ផន ផាន់ណា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា បើអ្នកនាំពាក្យបក្សកាន់អំណាច និយាយថាអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក មិនមានអព្យាក្រឹត គួរតែរាជរដ្ឋាភិបាលកម្ពុជា ដកខ្លួនចេញពីសមាជិកអង្គការសហប្រជាជាតិ ឈប់ឲ្យមានស្ថានទូតអាមេរិក ប្រចាំកម្ពុជា និងឈប់ទទួលរាល់ជំនួយរបស់ UN និង USAID ។

លោក ផន ផាន់ណា បាននិយាយថា “បើលោកសុខ ឥសាន គិតថាអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក មិនមានអព្យាក្រឹត ហើយចារកម្ម ម្តេចរដ្ឋាភិបាលខ្មែរ មិនដកខ្លួនចេញពីសមាជិកអង្គការសហប្រជាជាតិ តែម្តងទៅ ហើយបណ្តេញទូតអាមេរិកចេញពីកម្ពុជាទៅ និងរាល់ជំនួយរបស់UN និង USAID រដ្ឋាភិបាលគួរតែឈប់ទទួលទៅ ។ បើរដ្ឋាភិបាលនៅតែទទួល ជំនួយពី UN និង USAID គឺមានន័យថា រដ្ឋាភិបាលខ្មែរ គប់គិតជាមួយក្រុមចារកិច្ច និងចក្រពត្តិដែរហើយ“ ។

សូមបញ្ជាក់ថា ប្រតិកម្មឆ្លើយតបរបស់លោក ផន ផាន់ណា ខាងលើនេះបានធ្វើឡើងក្រោយលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលោកឡើងថា លោក ផន ផាន់ណា អាចរត់ចេញទៅប្រទេសទី៣ បាន ដោយសារមានការជួយជ្រោមជ្រែងនិងចាត់ចែងពីក្រុមចារកម្មបរទេស ហើយអង្គការដែលជួយលាក់បំពួន និងជម្លៀសផន ផាន់ណា ទៅសហរដ្ឋអាមេរិក មិនមែនជាអង្គការអព្យាក្រឹតទេ គឺជាក្រុមអាយ៉ងរបស់ចក្រពត្តិយ៉ាងពិតប្រាកដ។

លោកសុខ ឥសាន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ទោះបីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ សហការជាមួយគ្នាក្នុងការតាមចាប់ផន ផាន់ណា មកកម្ពុជា វិញ ក៏ប៉ុន្តែមិនអាចធ្វើអីក្នុងនាមអង្គការសហជាតិបានទេ ហើយអង្គការអាយ៉ងចក្រពត្តិនោះ បានយកនាមអង្គការសហប្រជាជាតិ មកពាំងពីមុខ ដើម្បីបម្រើការងារនេះ ទើបធ្វើឲ្យផន ផាន់ណា បានរត់គេចខ្លួនទៅដល់ប្រទេសទី៣ (សហរដ្ឋអាមេរិក) ហើយមានឱកាសចំអកមកសម្ដេចហ៊ុន សែន ប៉ុន្តែការចំអកនោះ គ្រាន់តែជាវោហារសាស្រ្តនយោបាយប៉ុណ្ណោះ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “អាហ្នឹងរឿងវាមានពិតហើយ បើមិនអ៊ីចឹង ផន ផាន់ណា ម៉េចនឹងទៅរួច? អាហ្នឹងវាសុទ្ធតែលម្អៀងហើយ និយាយរួម យើងពិបាកនឹងនិយាយ តាមពិតវាមានករណីហ្នឹងកើតឡើង ។ យើងដឹងហើយថា អង្គការសិទ្ធិមនុស្ស រាល់ថ្ងៃហ្នឹង វាធ្វើការដើម្បីអី? វាបម្រើចក្រពត្តិហ្នឹងហើយ តាំងពីប្រេដ អាដាម តាំងពីអ្នកណានៅហ្វីលីពីនហ្នឹង យើងដឹងហើយ ។ អ៊ីចឹងយើងវាពិបាកនិយាយបញ្ហាហ្នឹង ។ ក្នុងន័យនេះ បើសួរថា បញ្ហានេះពាក់ព័ន្ធនឹងប្រទេសថៃ ទេ? ខ្ញុំសុំបញ្ជាក់ថា ពួកអង្គការហ្នឹង វាធ្វើនៅឯណាក៏ដូចតែគ្នាដែរ ព្រោះអីជំហររបស់វាលម្អៀង បម្រើឲ្យចក្រពត្តិហ្នឹងឯង ។ អ៊ីចឹងវាទៅបោះទីតាំងនៅកន្លែងណា ក៏ធ្វើការនៅហ្នឹងដដែល ជំហរវានៅដដែល ។ បានន័យថា ទោះបីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ យើងសហការជាមួយគ្នាក្នុងការតាមចាប់ផន ផាន់ណា ក៏ពិតមែន ក៏ប៉ុន្តែមិនអាចធ្វើអីក្នុងនាមអង្គការសហជាតិបានទេ ហើយពួកហ្នឹង វាយកនាមអង្គការសហប្រជាជាតិ មកពាំងពីមុខ ដើម្បីបម្រើការងារហ្នឹង…” ៕ កុលបុត្រ

RELATED ARTICLES