ភ្នំពេញ៖តារាសម្ដែងលោកស៊ីណាវ៉ាត់ត្រា បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលភរិយាជាទីស្រលាញ់របស់លោកអ្នកនាងសឿន ស្រីវីន បានពពោះកូនទី៣ ឈានចូល២ខែហើយ ទើបធ្វើឲ្យលោកកាន់តែស្រលាញ់និងថ្នាក់ថ្នមភរិយាទ្វេដង ។លោកថានេះជាកាដូឆ្នាំថ្មី មិនអាចកាត់ថ្លៃបានោះឡើយ ព្រោះលោកចង់បានកូននៅឆ្នាំម្សាញ់ ដែលត្រូវឆ្នាំ២០២៥ ឥឡូវបានដូចបំណងហើយ ។
លោកស៊ីណាវ៉ាត់ត្រា ប្រាប់តាមទូរស័ព្ទថា«ខ្ញុំត្រេកអរមែន ដែលប្រពន្ធខ្ញុំគាត់មានផ្ទៃពោះចូល២ខែ ហើយចឹងនឹងសម្រាលនៅពាក់កណ្ដាលឆ្នាំ២០២៥ ដែលត្រូវឆ្នាំម្សាញ់ ។ខ្ញុំចង់បានកូននៅឆ្នាំម្សាញ់ហ្នឹង អីចឹងពួកយើងបានសម្រេចបំណងមួយនេះនៅឆ្នាំក្រោយហ្នឹងហើយ»។
លោកណាវ៉ាត់ត្រា មានទំនាក់ទំណងស្នេហាជាមួយអ្នកនាងសឿន ស្រីវីន អំឡុងឆ្នាំ២០១៤ និងបានរៀបការនៅឆ្នាំ២០១៦ ហើយលោកនៅតែបន្ដអាជីពសម្ដែងធម្មតា ខណៈភរិយាលោកក៍មានមុខរបរផ្ទាល់ខ្លួន។លោកបានសរសើរពីគុណសម្បត្តិភរិយាថាអ្នកនាងស្រីវីន ជាមនុស្សស្រីម្នាក់ដែលចេះយល់ពីលោកនិងស្រលាញ់អ្វីដែលលោកមាន ខណៈដែរលោកក៍ស្រលាញ់នាងដោយស្មោះត្រង់ មិនផ្ដោតលើទ្រព្យសម្បត្តិនោះទេ ។
សូមបញ្ជាក់ថាអំឡុងពេលដែលលោកចាន់ស៊ី ស៊ីណាវ៉ាត់ត្រា កំពុងតែទទួលបានកាដូធំពីភរិយាសំណព្វចិត្តនោះ តារាធ្លាប់មានប្រវត្តិកម្សត់កំព្រាឪពុកតាំងពីតូចរូបនេះកំពុងតែពិបាកចិត្តផងដែរ ព្រោះម្ដាយជាទីស្រលាញ់របស់លោកអ្នកស្រីញេប ឡេង អាយុ៦៥ឆ្នាំ មានជំងឺរបេង រលាកសួត និងទឹកនោមផ្អែម ព្យាបាលនៅពេទ្យម៉ក់ សុធេប ខេត្តបាត់ដំបង តម្រូវឲ្យលោកចុះឡើងៗពីភ្នំពេញទៅបាត់ដំបងដើម្បីមើលថែម្ដាយ ។ប៉ុន្ដែលោកថាស្ថានភាពម្ដាយចុងក្រោយបានធូរស្រាលបន្ដិច ហើយពេលលោកមកធ្វើការនៅភ្នំពេញមានបងប្អូនមើលថែជំនួសលោក ។
គួរកត់សម្គាល់ថាតារាសម្ដែងស៊ីណាវ៉ាត់ត្រា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកធនាគារ និងធ្លាប់ធ្វើការនៅធនាគារអេស៊ីលីដា ក្នុងតួនាទីជាជំនួយការបម្រើអតិថិជន ឆ្នាំ២០១២ ហើយនៅឆ្នាំ២០១៤ លោកជាភ្នាក់ងារឥណទាន របស់ធនាគារមួយនេះ។ប៉ុន្ដែពេលនេះលោកណាវ៉ាត់ត្រា មកធ្វើការជាមេការខារ៉ាអូខេ នៅGoal Palace KTV នៅម្ដុំវត្តភ្នំ តែនៅបន្ដអាជីពសិល្បៈដោយថតMV ,ភាពយន្ដ និងរឿងខ្លីៗ ជាបន្ដបន្ទាប់។
លោកណាវ៉ាត់ត្រា ថ្លែងទៀតថា«ខ្ញុំពិបាកចិត្តណាស់ពេលម្ដាយគេងលើគ្រែពេទ្យ ព្រោះខ្ញុំកំព្រាឪពុកតាំងពីតូច អីចឹងគាត់ដើរតួនាទីជាឪពុកផង ម្ដាយផង ។ប៉ុន្ដែអំឡុងពេលដែលខ្ញុំកំពុងតែមានបញ្ហាផ្លូវចិត្តដោយសារតែអាណិតម្ដាយឈឺនេះ ភរិយាបានធ្វើឲ្យខ្ញុំរីករាយមួយផ្នែក នោះគឺគាត់មានបានពពោះកូនទី៣ ឲ្យខ្ញុំ ព្រោះខ្ញុំចង់បានកូននៅឆ្នាំម្សាញ់ ។អរគុណ«ប្រពន្ធសម្លាញ់ » ។
ទោះជាលោកណាវ៉ាត់ត្រា បង្ហាញស្នាមញញឹមខ្លះមកវិញដោយសារតែភរិយាបំពេញបំណងធំឲ្យលោក្ដី ប៉ុន្ដែលោកនៅផ្ដោតលើជំងឺម្ដាយជាចម្បង និងបួងសួងឲ្យម្ដាយឆាប់បានជាចេញទៅរស់នៅផ្ទះវិញ ព្រោះលោកថានៅលើលោកនេះអ្វីដែលកូនៗសប្បាយបំផុតនោះគឺអ្នកមានគុណមានសុខភាពល្អ ។ទាក់ទងរឿងយកកូននេះដែរលោកណាវ៉ាត់ត្រា ថាអាចយកត្រឹមកូនទី៣នេះទេ គ្មានគម្រោងយកកូនទី៤ឡើយ តែលោកតាំងចិត្តថានឹងធ្វើឲ្យគ្រួសារតូចមួយរបស់លោកមានសុភមង្គល បើទោះជាជីវិតលោកបានជួបឧបស័គ្គជាច្រើនក្ដី ។
លោកណាវ៉ាត់ត្រា បញ្ចេញសារនៅលើហ្វេសបុកថា«ពេលនេះពួកយើងមានកូនពៅមួយទៀតហើយ ជីវិតតស៊ូយ៉ាងជូរចត់ណាស់ សំរាប់ពួកយើង ចាប់ពីពេលនេះខ្ញុំនឹងប្រឹងប្រែងដើម្បីគ្រួសារយើង ជីវិតមួយរយៈនេះជួបរឿងច្រើនណាស់សម្រាប់ខ្ញុំ »៕