ភ្នំពេញ ៖ ស្ត្រីម្នាក់ បានបើករថយន្ត ១គ្រឿង ដឹកកូនទៅមើលការតាំងពិព័រណ៍នៅកោះពេជ្រ លុះទៅដល់ បានចតរថយន្ត រួចនាំកូនចុះទៅដើរមើលកម្មវិធីតាំងពិព័រណ៍អស់ចិត្ត ត្រឡប់មកវិញ រកលុយទិញនំឱ្យកូនហូប ទើប ដឹងបាត់លុយ ជាង៥ពាន់ដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។
ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ ចំណុចបរិវេណកោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ គាត់ជាមួយគ្រួសារ បានបើករថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-0801 មកលេងកន្លែងតាំងពិព័រណ៍ លក់សម្ភារក្មេងលេង នៅកោះពេជ្រ តាំងពីវេលាម៉ោង៧និង៣០នាទី យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ លុះពេលទៅដល់ ដោយមានរថយន្តចតច្រើននៅក្បែរអគារ L ដែលជាទីតាំងពិព័រណ៍ ទើបគាត់បានយករថយន្តទៅចតនៅក្បែរនោះ និងបានទុកលុយក្នុងថង់ពណ៌ផ្កាឈូក ដោយមានលុយខ្មែរ និងដុល្លារ សរុបជាង៥០០០ដុល្លារ ដោយមិនហ៊ាន យក ទៅជាប់ខ្លួននោះទេ ព្រោះខ្លាចមនុស្សច្រើន ក្រែងមានជនសង្ស័យបន្លំលួច ទើបទុកក្នុងរថយន្ត ហើយមុនចាកចេញពីរថយន្ត គាត់បានចាក់សោទ្វារយ៉ាងត្រឹមត្រូវ រួចក៏នាំគ្នាដើរចូលទៅមើលពិព័រណ៍។
ស្ត្រីរងគ្រោះ បន្តថា លុះដល់ម៉ោង ៩និង៣០នាទីយប់ថ្ងៃដដែល គាត់ក៏បានចេញពីពិព័រណ៍កោះពេជ្រ បើករថ យន្តចេញទៅវិញ តែមិនបានចាប់អារម្មណ៍លុយបាត់ ឬក៏យ៉ាងណាទេ រហូតបើករថយន្តទៅដល់ម្តុំពេទ្យចិន ស្រាប់តែរកទិញអីឱ្យកូនហូប នឹកឃើញលុយដែលដាក់នៅក្នុងថង់ នៅកៅអីមុខខាងស្តាំ តែរកមិនឃើញ ទើបបង្កការភ្ញាក់ផ្អើល បានសួរប្តីថា មានយកលុយទុកឬអត់? ប្តីឆ្លើយថា អត់បានយកទេ ក៏នាំគ្នារកអស់ចិត្ត នៅតែរកមិនឃើញ ទើបបើករថយន្តត្រឡប់មកវិញនៅម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ មកដល់កន្លែងដែលចតរថយន្ត ប្តឹងសន្តិសុខជួយហៅសមត្ថកិច្ចមក ដើម្បីពិនិត្យជាក់ស្តែងនិងដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកកាន់កន្លែងកើតហេតុ និងបានពិនិត្យមើលស្លាកស្នាមលើទ្វាររថយន្ត គឺមិនមានការខូចខាតទ្វារទេ ហើជនរងគ្រោះថែមទាំងបានបញ្ជាក់ច្បាស់ថា ខ្លួនបានចាក់សោទ្វាររថយន្តត្រឹមត្រូវ ទើបសមត្ថកិច្ចបាននាំជនរងគ្រោះទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទន្លេបាសាក់ ដើម្បីសួរនាំលម្អិតបន្ថែមទៀត។ ចុងក្រោយជនរងគ្រោះមិនបានប្តឹងសមត្ថកិច្ចទេ ដោយសុំសមត្ថកិច្ចត្រឡប់ទៅផ្ទះវិញ ដើម្បីរកលុយម្តងទៀត ក្រែងច្រឡំដៃទុកកន្លែងផ្សេង៕