ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញដីកាឃុំខ្លួនអ្នកទិញ-លក់រថយន្តម្នាក់ ដាក់ពន្ធនាគារព្រៃស (ម១) ជាបណ្តោះអាសន្ន ពីបទរំលោភលើទំនុកចិត្ត និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយ ជាង២០ម៉ឺនដុល្លារ)។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួន លេខ៦៤៩ អ.យ.ក ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ ករណីរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន លើឈ្មោះវែង សិរីសុខា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរទិញ-លក់រថយន្ត ស្នាក់នៅផ្ទះលេខ៩៤ ផ្លូវទន្លេសាប សង្កា ត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ការឃាត់ខ្លួននេះ នៅចំណុចមុខសាលាសង្កាត់ជ្រោយចង្វា ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ បានប្តឹងជនសង្ស័យឈ្មោះវែង សិរីសុខា ពីបទរំលោភលើទំនុកចិត្ត និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន កាលពីអំឡុងឆ្នាំ២០២១ ដោយជនសង្ស័យបានទំនាក់ទំនងមកជនរងគ្រោះ ដើម្បីជួយទូទាត់ប្រាក់បង់ពន្ធរថយន្ត សរុបចំនួន១៥គ្រឿង ដែលមានទំហំទឹកប្រាក់ចំនួន ២២៥ ៧៨៩ដុល្លារ ទៅបង់ពន្ធរថយន្តទេសចរណ៍ ដែលបាននាំចូលពីសហរដ្ឋអាមេរិក នៅចំណុចការិយាល័យផ្សារឡាន មានតាំងស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយមានការជឿជាក់មិនទុកចិត្តគ្នា ទើបជនរងគ្រោះព្រមទូទាត់ប្រាក់បង់ពន្ធនាំចូលជំនួសឱ្យជនសង្ស័យឈ្មោះវែង សិរីសុខា យករថយន្តទៅលក់មុន ហើយបានទូទាត់ប្រាក់បង់ពន្ធនាំចូលរថយន្តតាមក្រោយ។ ដោយមានការទុកចិត្តនិងការលួងលោមរបស់ជនសង្ស័យ ទើបជនរងគ្រោះបានទូ ទាត់ប្រាក់បង់ពន្ធរថយន្តជំនួស ជាង ២២៥ ៧៨៩ដុល្លារ។ ក្រោយពីបានទទួលប្រាក់រួច ជនសង្ស័យបានចេញ សែក ចំនួន៥សន្លឹក ឱ្យទៅជនរងគ្រោះ។ ក្រោយពីជនរងគ្រោះទទួលបានមូលប្បទានបត្រចំនួន ៥សន្លឹកខាង លើរួច ជនរងគ្រោះបានយកមូលប្បទានបត្រ ចំនួន៥សន្លឹកនេះ ទៅបើកប្រាក់ពីធនាគារ តាមការកំណត់ តែត្រូវបានខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រ ចំនួន៥សន្លឹកនេះ ពុំមានទឹកប្រាក់ក្នុងគណនីនោះឡើយ ពោលគឺសែកស្អុយ ទើបឈានដល់ការប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង៕