Tuesday, December 3, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រមូ.../លបាន២០ម៉ឺនដុល្លារ មេតុងទីនវេចលុយរ---/ត់បាត់

ប្រមូ…/លបាន២០ម៉ឺនដុល្លារ មេតុងទីនវេចលុយរ—/ត់បាត់

ខេត្តព្រៃវែង ៖ ស្ត្រីជាមេតុទីនម្នាក់ ត្រូវបានកូនតុងទីនអះអាងថា បានប្រើល្បិចបោកប្រាស់ បង្កើតឈ្មោះខ្មោច ប្រមូលក្រុមលេងតុងទីន លុះក្រោយពីកើបលុយបានប្រមាណជាង ២០ម៉ឺនដុល្លារ ក៏បានវេចលុយរត់គេចខ្លួនបាត់ អស់ជាច្រើនថ្ងៃមកហើយ ធ្វើឱ្យកូនតុងទីនផ្អើល ឆោឡោ តាមរកមិនឃើញ បានត្រឹមអង្វរស្ត្រីជាមេតុងទីន ឱ្យវិលត្រឡប់មកវិញ ដោះស្រាយសងលុយជូនពួកគាត់។

ស្ត្រីជាមេតុងទីន ដែលវេចលុយរត់គេចខ្លួនបាត់នោះ មានឈ្មោះសឿង សុដា ហៅម៉ាក់ធនិន ជាមេតុងទីន ១រូប នៅទីប្រជុំជនអ្នកលឿង។ ចំណែកទឹកប្រាក់ដែលគេអះអាងថា ត្រូវមេតុទីនរូបនេះវេចយករត់បាត់នោះ មានចំនួនប្រមាណជាង២០ម៉ឺនដុល្លារ ដោយក្នុងនោះ មានកូនតុងទីនរងគ្រោះ ប្រមាណ១៥នាក់ ស្មើនឹង ៧៥ក្បាល។

តាមប្រភពកូនតុងទីនម្នាក់ ឈ្មោះហាក់ ស្រីនាង ប្រកបរបរលក់ទូរស័ព្ទនៅទីប្រជុំជនអ្នកលឿង ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង បានឱ្យដឹងថា ពួកគេបានលេងតុងទីន ជាមួយមេតុងទីនឈ្មោះសឿង សុដា ហៅម៉ាក់ធនិន ចាប់តាំងពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយតុងទីន ១ក្បាល ៥០ដុល្លារ ដេញរាល់ថ្ងៃ ដោយមានកូនតុងទីន សរុបចំនួន ១៥នាក់ ស្មើនឹង៧៥ក្បាល។

កូនតុងទីន បានបន្តថា តាំងពីថ្ងៃចាប់ផ្តើមលេងដំបូង ពួកគេមិនដែលចាប់អារម្មណ៍សួរនាំរឿងអ្នកណាដេញយកលុយនោះទេ រហូតមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្រាប់តែបាត់មេតុងទីន មិនដឹងទៅណា ពេលកូនតុងទីននាំគ្នាដេញដោលសួរច្រើន ទើបផ្ទុះរឿងថា មេតុងទីន ម៉ាក់ធនិន បានរត់បាត់ទៅហើយ ហើយកូនតុងទីនដែលបានដេញយកលុយតាំងពីថ្ងៃដំបូង និងបន្តបន្ទាប់មក គឺសុទ្ធតែជាកូនតុងទីនឈ្មោះខ្មោច ដែលមេតុងទីន បង្កើតឡើង ដើម្បីដេញយកលុយ ដល់ពេលប្រមូលកើបលុយបានច្រើនហើយ ក៏រត់គេចខ្លួនបាត់តែម្តង។

កូនតុងទីន ដដែល បានបញ្ជាក់ថា តុងទីនដែលពួកគេលេង មួយក្បាល ៥០ដុល្លារ ដេញរៀងរាល់ថ្ងៃ អ្នកខ្លះលេង ៤ក្បាល ខ្លះ៥ក្បាល និងខ្លះទៀត ១០ក្បាល ក៏មាន ដែលសរុបទឹកប្រាក់ប្រមាណជាង ២០ម៉ឺនដុល្លារហើយ។ ដូច្នេះពួកគាត់សុំអង្វរចិត្តមេតុងទីន ម៉ាក់ធនិន សូមត្រឡប់មកវិញ ដើម្បីធ្វើការដោះស្រាយរឿងលុយកាក់នេះឱ្យពួកគាត់វិញ ហើយពួកគាត់ជាកូនតុងទីនទាំងអស់ សន្យាថានឹងមិនប្តឹងផ្តល់អ្វីនោះទេ។

ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនមេតុទីន ឈ្មោះសឿង សុដា ហៅម៉ាក់ធនិន បានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES