Thursday, December 5, 2024
Homeព័ត៌មានជាតិយុទ្ធសាស្ត្រផ្ការីក សម រង្ស៊ី ថាប្រើវិធីឲ្យកម្លាំងបង្កប់ផ្ទុះពីខាងក្នុង

យុទ្ធសាស្ត្រផ្ការីក សម រង្ស៊ី ថាប្រើវិធីឲ្យកម្លាំងបង្កប់ផ្ទុះពីខាងក្នុង

ភ្នំពេញ ៖ លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) និងជាស្ថាបនិកគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បានប្រកាសជាចំហថា ចលនាជាតិតស៊ូ របស់លោក នឹងប្រើយទ្ធសាស្រ្តផ្ការីក គឺប្រើវិធីឲ្យកម្លាំងបង្កប់ផ្ទុះពីខាងក្នុង ដោយមិនចាំបាច់លើកកម្លាំងទៅវាយយកទីតាំងណាមួយពីក្រៅទេ គឺរៀបចំនិងបង្កើនកម្លាំងបង្កប់ក្នុងគណបក្សកាន់អំណាចតែម្តង។

លោកសម រង្ស៊ី បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា “យុទ្ធសាស្ត្រផ្ការីក ! រាល់ចលនាជាតិតស៊ូ តែងប្រើយុទ្ធសាស្ត្រផ្ការីក។ ក្នុងយុទ្ធសាស្ត្រនេះ មិនចាំបាច់លើកកម្លាំងទៅវាយយកទីតាំងណាមួយពីក្រៅទេ តែត្រូវប្រើវិធីឲ្យកម្លាំងបង្កប់ផ្ទុះពីខាងក្នុងមកវិញ។ ត្រូវរៀបចំនិងបង្កើនកម្លាំងបង្កប់ ដោយលើកទឹកចិត្តអ្នកតស៊ូដែលស្រលាញ់ជាតិ និងស្រលាញ់យុត្តិធម៌ ហើយស្អប់ខ្ពើមអំណាចផ្តាច់ការ អំពើពុករលួយ ភាពអយុត្តិធម៌ វប្បធម៌គ្រួសារនិយម និងទង្វើក្បត់ជាតិ“ ។

លោកសម រង្ស៊ី បានសរសេរបន្ថែម នៅថ្ងៃដដែលនោះថា “រៀបចំប្រទេសរបស់យើងឡើងវិញ  ផ្ការីក” ។

លោកសម រង្ស៊ី បានសរសេរបន្ថែម នៅថ្ងៃ០២ ខែធ្នូ ឆ្នាំ២០២៤ ថា “ប្តូររបបនេះចេញ អត់មានអ្វីត្រូវខាតទេ ផ្ការីក” ។

លោកសម រង្ស៊ី បានសរសេរបន្ថែមនៅក្នុងខម្មិនថា “ប្តូររបបនេះចេញ អត់មានអ្វីត្រូវខាតទេ មានតែចំណេញ។ “យុទ្ធសាស្ត្រផ្ការីក” រាល់ចលនាជាតិតស៊ូ តែងប្រើយុទ្ធសាស្ត្រផ្ការីក។ ក្នុងយុទ្ធសាស្ត្រនេះ មិនចាំបាច់លើកកម្លាំងទៅវាយយកទីតាំងណាមួយពីក្រៅទេ តែត្រូវប្រើវិធីឲ្យកម្លាំងបង្កប់ផ្ទុះពីខាងក្នុងមកវិញ។ ត្រូវរៀបចំនិងបង្កើនកម្លាំងបង្កប់ ដោយលើកទឹកចិត្តអ្នកតស៊ូ ដែលស្រលាញ់ជាតិ និងស្រលាញ់យុត្តិធម៌ ហើយស្អប់ខ្ពើមអំណាចផ្តាច់ការ អំពើពុករលួយ ភាពអយុត្តិធម៌ វប្បធម៌គ្រួសារនិយម និងស្អប់ខ្ពើមទង្វើក្បត់ជាតិ»។

លោកសម រង្ស៊ី បានសរសេរបន្តថា “យើងចាប់ផ្តើមរៀបចំប្រទេសរបស់យើងឡើងវិញ ពីជំហានដំបូង បោសសម្អាតអំពើពុករលួយ ពីថ្នាក់មេដឹកនាំកំពូល សម្អាតតុលាការពុករលួយ លុបបំបាត់បក្ខពួក គ្រួសារនិយម ពិនិត្យឯកសារព្រំដែនឡើងវិញ ដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ICJ ទាក់ទងនឹងកោះគុត/គុជ និង CLV លុបបំណុល សហការឡើងវិញជាមួយប្រទេសទាំងអស់ ដើម្បីប្រមូលការវិនិយោគស្របច្បាប់ពិតប្រាកដ ដែលនឹងបង្កើតការងារដែលមានប្រាក់ខែខ្ពស់ និងគោរពសិទ្ធិមនុស្ស គោរពសិទ្ធិបុគ្គលិក។ យើងបោសសម្អាតឧក្រិដ្ឋកម្មគ្រឿងញៀន កាស៊ីណូ ម៉ាហ្វីយ៉ា ទោះធំឬតូច ទោះបីពួកវាមានបក្ខពួក ខ្សែរយៈគ្រួសារធំយ៉ាងណាក៏ដោយ។ បង្រួបបង្រួមគ្រប់ភាគីទាំងអស់ មិនថាគណបក្សប្រជាជន ឬបក្សដទៃទេ យើងទាំងអស់គ្នាជាខ្មែរដូចគ្នា យើងត្រូវរួមគ្នាកសាងប្រទេសជាតិយើងឡើងវិញ។ យើងគោរពតម្លៃនៃសមត្ថភាពនិយម យើងវាយតម្លៃនិងជ្រើសរើសដោយផ្អែកលើសមត្ថភាពរបស់មនុស្ស មិនមែនតាមរយៈគ្រួសារ បក្ខពួកនិយមទេ។ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យរបស់យើង យើងនឹងរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឡើងវិញ ដើម្បីធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ ក្រុមម៉ាហ្វីយ៉ា និងឧក្រិដ្ឋជន នឹងត្រូវផ្ដន្ទាទោសតាមច្បាប់“ ។

ទោះបីជាយ៉ាងណា ជុំវិញការដាក់ចេញយុទ្ធសាស្ត្រផ្ការីក ឬប្រើកម្លាំងបង្កប់បំផ្ទុះពីខាងក្នុងនេះ ផ្តួលរំលំរាជរដ្ឋាភិបាល ទម្លាក់នាយករដ្ឋមន្ត្រី ដូចនៅប្រទេសបង់ក្លាដែស នេះ ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) លោកសុខ ឥសានបានបញ្ជាក់ប្រាប់ “នគរធំ” កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការចង់ធ្វើបដិវត្តន៍ផ្ការីក ឬបដិវត្តន៍ពណ៌ ដូចនៅបង់ក្លាដែស ឬប្រទេសនានាក្នុងពិភពលោក គ្រាន់តែជាការដេកស្រមៃ ឬការមានមហិច្ឆតាធំរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ ៣ជំនាន់ សម រង្ស៊ី នេះតែប៉ុណ្ណោះ ព្រោះបដិវត្តន៍ណ៌ ឬបដិវត្តន៍ផ្ការីក មិនអាចកើតមាននៅកម្ពុជា បានជាដាច់ខាត បើកើតមានឡើង ត្រូវតែបង្រ្កាប ។ ដូច្នេះសកម្មជនក្នុងស្រុក បើមិនចង់រងគ្រោះ មិនចង់ប្រឈមតាមផ្លូវច្បាប់ សូមកុំជឿតាមញុះញង់ពីខាងក្រៅរបស់ទណ្ឌិតសម រង្ស៊ី និងបក្ខពួកឲ្យសោះ ព្រោះដូចរាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា បានដាក់ចេញគោលការណ៍ហើយ គឺងើបមួយ វ៉ៃមួយ មិនឲ្យឡើងបះបោរប្រឆាំងនឹងការដឹកនាំដោយស្របច្បាប់បានទេ ។

លោកសុខ ឥសាន បានមានប្រសាសន៍ថា “ការប្រកាសប្រកាសរបស់ទណ្ឌិតក្បត់ជាតិនេះ វាគ្រាន់តែជាការបោកបញ្ឆោតប្រជាពលរដ្ឋនៅក្នុងប្រទេសទេ ពីព្រោះគាត់គ្មានលទ្ធភាពដើម្បីចូលមកក្នុងប្រទេស ដើម្បីដឹកនាំទេ ហើយរឿងមហិច្ឆតាដែលថាធ្វើបដិវត្តន៍ពណ៌ហ្នឹង អាហ្នឹងជាការបង្ហាញឲ្យឃើញជាមហិច្ឆតាចង់បានអំណាចរបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ក៏ប៉ុន្តែលទ្ធភាពគាត់ធ្វើមិនបានទេ ហើយកុំយកសភាពការណ៍កម្ពុជា ទៅប្រៀបធៀបជាមួយប្រទេសដទៃ ដូចជាបង់ក្លាដែស អីជាដើម ព្រោះបង់ក្លាដែស គឺថាដើម្បីធ្វើបដិវត្តន៍ពណ៌បានជោគជ័យ វាមានតែផ្ទុះពីផ្ទៃក្នុងនៅក្នុងប្រទេស ចុះបើមេដឹកនាំនៅប្រទេសបារាំង នៅអាមេរិក អ៊ីចឹងទេ ទៅធ្វើបដិវត្តន៍ពណ៌ម៉េច? អ៊ីចឹងទេ ការឃោសនារបស់ទណ្ឌិតសម រង្ស៊ី ដែលយកជាតិ មកធ្វើនាំមុខនេះ វាគ្រាន់តែជាការបោកប្រាស់ឲ្យសកម្មជនរបស់ខ្លួនមកជាប់គុកជំនួសខ្លួន ដើម្បីអំណាចតែប៉ុណ្ណោះ ក៏ប៉ុន្តែមិនអាចសម្រេចលទ្ធផលទេ ពីព្រោះគោលការណ៍របស់រាជរដ្ឋាភិបាល ងើបមួយ វ៉ៃមួយ អាហ្នឹងវាអ៊ីចឹង អត់មានឲ្យបដិវត្តន៍ពណ៌ រងើកភ្លើងតូចរបស់បដិវត្តន៍ពណ៌ហ្នឹង អាចឆេះជាអគ្គិភ័យ ជាបដិវត្តន៍ពណ៌បានទេ ។ និយាយទៅ ការដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម សម រង្ស៊ី បង្ហាញសញ្ញាផ្ការីក ជាការចង់ធ្វើបដិវត្តន៍ផ្ការីក ឬបដិវត្តន៍ពណ៌របស់គាត់ ដូចនៅបង់ក្លាដែស ហើយ ប៉ុន្តែអាហ្នឹងគ្រាន់តែជាការគិតទេ ហើយដូចខ្ញុំបានលើកមិញអ៊ីចឹង គឺថាផ្សាយតាមហ្វេសប៊ុក អាហ្នឹងបដិវត្តន៍ពណ៌តាមហ្វេសប៊ុក អាហ្នឹងធ្វើទៅ ក៏ប៉ុន្តែបើមានបដិវត្តន៍ពណ៌នៅក្នុងប្រទេសកម្ពុជា ដាច់ខាតគឺអត់ឲ្យមានទេ មិនថាបដិវត្តន៍ផ្ការីក ផ្កាស្លោកអីយ៉ាងម៉េចក៏ដោយ ផ្កាស្រពោនអីយ៉ាងម៉េចក៏ដោយ គឺទណ្ឌិត មិនអាចមានលទ្ធភាពធ្វើបាន ពីព្រោះខ្លួនឯងនៅក្រៅប្រទេស….“ ។

ដោយឡែក អ្នកនាំពាក្យរដ្ឋសភា បានចេញញត្តិប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសារនយោបាយ ក៏ដូចជាទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ដឹកនាំដោយទណ្ឌិតសម រង្ស៊ី ក្នុងរយៈពេលចុងក្រោយនេះ ដូចជាការបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ និងការប្រតិដ្ឋព័ត៌មានភូតកុហកបោកប្រាស់គ្រប់រូបភាពដល់មតិសាធារណៈ។

ញត្តិថ្កោលទោស របស់អ្នកនាំពាក្យរដ្ឋសភា ចុះថ្ងៃថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មានខ្លឹមសារថា “ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អ្នកនាំពាក្យរដ្ឋសភាសូមប្រកាសថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្កា ចំពោះសារនយោបាយ ក៏ដូចជាទង្វើទាំងឡាយ ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់នៅក្រៅប្រទេស ក្នុងរយៈពេលចុងក្រោយនេះ ដូចជាការបង្កើតរដ្ឋាភិបាលក្រៅច្បាប់ និងសកម្មភាពញុះញង់ និងការប្រឌិតព័ត៌មានភូតកុហកបោកប្រាស់គ្រប់រូបភាព ដល់មតិសាធារណៈ។ នាពេលថ្មីៗនេះ ក្រុមនេះបានចេញសារគ្មានសីលធម៌ បណ្តុះគំនិតហិង្សាដោយចេតនាចំៗឱ្យមានការប្រឆាំងលើក្រុមគ្រួសារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាឥស្សរជនជាន់ខ្ពស់របស់ជាតិ ជាមគ្គុទេសក៍សន្តិភាពរបស់កម្ពុជា ដែលបានធ្វើពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ រហូតទទួលបានការគោរពស្រលាញ់ ការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ក្នុងការដឹកនាំប្រទេសជាតិ ជាង ៤ទសវត្សរ៍ កន្លងមកនេះ ។

ជាការពិត គេបានដឹងថា សារនយោបាយនិងសកម្មភាពយ៉ាងគឃ្លើននិងគ្មានមូលដ្ឋាន របស់ក្រុមប្រឆាំងជ្រុលនិយមនាពេលនេះ គឺគ្រាន់តែដើម្បីបម្រើមហិច្ឆតាដ៏ខ្មៅងងឹតក្នុងការប៉ុនប៉ងផ្តួលរំលំរាជជារដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាការទាល់ច្រករបស់ពួកគេ ក្នុងការបន្តជីវិតនយោបាយចុងក្រោយតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាក្នុងកាលៈទេសៈណាក៏ដោយ ក៏ក្រុមជ្រុលនិយមនេះ មិនគួរបាត់សតិសម្បជញ្ញៈ រហូតដល់ថ្នាក់បណ្តុះនិងសាបព្រោះវប្បធម៌ហិង្សា ការគុំកួន ការស្អប់ខ្ពើមជាតិសាសន៍ខ្លួននៅក្នុងសង្គម ដែលជាគំរូអាក្រក់បំផុតដល់អ្នកជំនាន់ក្រោយនោះឡើយ ។

លើសពីនេះទៀត សារនយោបាយហិង្សា គ្មានសីលធម៌របស់ពួកគេ បានបន្តការឈឺចាប់ ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរក្រុមគ្រួសារឥស្សរជនកំពូលរបស់ជាតិ ដែលបានពលីកម្មយ៉ាងពីធំធេង ដើម្បីជាតិនិងប្រជាពលរដ្ឋ។ លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ត្រូវបានគោរពនិងដឹងគុណយ៉ាងជ្រាលជ្រៅ មិនត្រឹមក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែមទាំងសហគមន៍អន្តរជាតិផងដែរ ។ ជាសក្ខីភាពយ៉ាងច្បាស់ កាលពីថ្មីៗនេះ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ត្រូវបានជ្រើសរើសជាជ័យលាភីពានរង្វាន់សតវត្សន៍អាស៊ី របស់អាយកាប់ (ICAPP Asian Century Award) នាឱកាសនៃមហាសន្និបាតានៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ និងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សភាអន្តរជាតិដើម្បីភាពអត់ឱននឹងសន្តិភាព (IPTP) បានប្រគល់មេដាយសន្តិភាពសម្រាប់មនុស្សជាតិនិងភពផែនដី ជូនសម្តេច ដែលនេះជាការទទួលស្គាល់កិត្តិគុណ ចំពោះបុព្វហេតុ ដើម្បីសន្តិភាពដែលសម្តេច បានលះបង់ដើម្បីកម្ពុជា និងភពផែនដី។

រដ្ឋសភា ប្តេជ្ញាគោរពនិងការពារដ្ឋធម្មនុញ្ញ ការពារនិងបម្រើឆន្ទៈពលរដ្ឋ ដើម្បីបន្តកសាងនីតិរដ្ឋ ការរពារសុខសន្តិភាព ស្ថិរភាពសង្គម ពិសេសដំណើរការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព មានសុខដុមរមនានៅក្នុងសង្គម ដោយយកពលរដ្ឋជាស្នូល ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋនៅក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

អ្នកនាំពាក្យរដ្ឋសភា សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ក៏ដូចជាមជ្ឈដ្ឋានជាតិនិងអន្តរជាតិ ដែលស្រឡាញ់សន្តិភាព លើកកម្ពស់សីលធម៌សង្គម សុជីវធម៌ និងវិជ្ជាជីវៈ សូមប្រឆាំងនិងថ្កោលទោសជាដាច់ខាតចំពោះសកម្មភាពជ្រុលនិយមប្រកបដោយគ្រោះថ្នាក់ និងជាការសាបព្រោះវប្បធម៌ហិង្សាពិសពុល របស់ក្រុមប្រឆាំងជ្រុលនិយមនេះ“ ៕ កុលបុត្រ

RELATED ARTICLES