ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាន ស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីគាស់ទូកុងតឺន័រ តាមបណ្តឹងរបស់តំណាងក្រុមហ៊ុន។
ប្រតិបត្តិការខាងលើនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន លោកវរសេ នីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ និងលោកវរសេនីយ៍ទោ ឈាង សុវិជ្ជា នាយរងការិយាល័យ។
ចំណែកជនសង្ស័យទាំង៤នាក់ ដែលត្រូវបានចាប់ខ្លួន រួមមាន ទី១-ឈ្មោះនិមល ចាន់មករា អាយុ២៥ឆ្នាំ មុខរបរជាអ្នកបើករថយន្ត ដឹកទំនិញ ស្នាក់នៅភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ទី២-ឈ្មោះង៉ែត ចិត្រា អាយុ២៨ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅផ្ទះជួល លេខ១២ បន្ទប់ B20 ផ្លូវ៧ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌ កំបូល។ ទី៣-ឈ្មោះឃឹម សុខន អាយុ៣៩ឆ្នាំ មុខរបរអ្នកបើករថយន្តធំ ស្នាក់នៅភូមិកណ្តាល ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកកំពង់ស្ពឺ និងទី៤-ឈ្មោះអឿ មករា អាយុ៣៩ឆ្នាំ មុខរបរអ្នកបើករថយន្តធំ ស្នាក់នៅភូមិអូរសំបួរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (គាស់ទូកុងតឺន័រ) និងប្រើប្រាស់សារធាតុញៀន។
បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បានបញ្ជូនជនសង្ស័យនិងសំណុំរឿងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕