ខេត្តស្ទឹងត្រែង ៖ អភិបាលខេត្តស្ទឹងត្រែង បានជំរុញឱ្យមន្ត្រីជំនាញ បង្កើតរមណីយដ្ឋានទេស ចរណ៍សត្វផ្សោត ត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក សម្រាប់បម្រើវិស័យទេសចរណ៍ និងត្រូវបានប្រជាពលរដ្ឋនៅតំបន់ទទួល សាទរ ព្រោះពួកគាត់បានលក់ដូរចំណីអាហារ និងវត្ថុអនុស្សាវរីយ៍ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងបាននាំគ្នាពង្រឹងដល់ការអភិរក្សសត្វផ្សោតទន្លេមេគង្គផង។
ក្នុងឱកាសចុះពិនិត្យទីតាំងរៀបចំបង្កើតរមណីយដ្ឋានទេសចរណ៍ផ្សោត នៅខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ លោកសរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ចក្ខុវិស័យនេះ កាលពីថ្ងៃទី១៨ ខែតុលា កន្លងមក រដ្ឋបាលខេត្ត បានឱ្យមន្ទីរជំនាញ និងអាជ្ញាធរស្រុកសៀមបូក រៀបចំបោះឆ្នោតជ្រើសរើសសមា ជិកសហគមន៍ ចំនួន៧រូប ដើម្បីបង្កើតសហគមន៍ផ្សោត ត្បូងខ្លា សម្រាប់ភ្ញៀវទេសចរមកទស្សនាសត្វផ្សោតមេគង្គ ដែលកំពុងរស់នៅតំបន់នេះ។ លោកមានប្រសាសន៍បន្តថា កិច្ចការងារបន្តអភិវឌ្ឍ មន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាសហគមន៍ ត្រូវពន្លឿនរៀបចំនៅក្នុងខែធ្នូនេះ ឱ្យចេញជាសាច់ការ ព្រោះអាជ្ញាធរស្រុក ខេត្ត បានចុះហត្ថលេខាឯកភាពរួចមកហើយ។
លោកអភិបាលខេត្ត បន្ថែមថា ពាក់ព័ន្ធដំណើរការនៃការបង្កើតសហគមន៍អេកូទេសចរណ៍អន្លង់ផ្សោត ត្បូងខ្លា នេះ គឺមន្ទីរពាក់ព័ន្ធ ក៏ដូចជារដ្ឋបាលស្រុក ឃុំ បានចុះហត្ថលេខាហើយ ហើយលោកក៏បានចុះហត្ថលេខាដែរ និងកំពុងណែនាំមន្ត្រីពាក់ព័ន្ធ ត្រៀមដាក់ថ្ងៃប្រកាស អាចធ្វើនៅខែធ្នូ នេះ ទទួលស្គាល់សហគមន៍អន្លង់ផ្សោតនេះតែម្តង។
លោកសួង ហ៊ី អភិបាលស្រុកសៀមបូក បានបញ្ជាក់ថា អនុវត្តតាមប្រសាសន៍ណែនាំ រដ្ឋបាលស្រុក និងមន្ទីរទេសចរណ៍ បានរៀបចំផលិតប៉ាណូ លើកដាក់ផ្សព្វផ្សាយ និងឱ្យប្រជាសហគមន៍ រៀបចំមធ្យោបាយដឹកជញ្ជូន មានទូកប្រកបដោយសុវត្ថិភាព សម្រាប់ជូនភ្ញៀវទេសចរទស្សនាសត្វផ្សោត ហើយក្នុងតំបន់រដ្ឋបាលស្រុកនេះ មានកោះច្រើន ចាប់ពីឃុំកោះសំពាយ រហូតមកដល់ព្រំប្រទល់ខេត្តក្រចេះ។
លោកអភិបាលស្រុក បន្ថែមថា ក្រៅពីមានកោះច្រើនហើយ ត្រូវរៀបចំឱ្យមានកន្លែងសម្រាប់ភ្ញៀវអង្គុយហូប អាហារ មានកន្លែងទុកដាក់សំរាម បង្គន់អនាម័យ សម្រាប់ភ្ញៀវដែលមកលេងកម្សាន្តនៅទីនេះផងដែរ។
អ្នកស្រី ហាក់ សុផល ប្រជាពលរដ្ឋរស់នៅភូមិទន្សោង ឃុំសៀមបូក បានគាំទ្រការបង្កើតរមណីយដ្ឋាននេះឡើង ព្រោះនៅតាមដងទន្លេមេគង្គ មានសក្តានុពលទេសចរណ៍ច្រើន ប្រកបដោយភាពទាក់ទាញ។ អ្នកស្រី បន្តថា ធនធានទាំងនេះ បានបម្រើឱ្យវិស័យទេសចរណ៍ នៅក្នុងស្រុក ពិសេសភ្ញៀវទេសចរ បានមកទស្សនាសត្វផ្សោត កំពុងរស់នៅតំបន់នេះ។
សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង មានអន្លង់ផ្សោត ចំនួន៤កន្លែង ដែលមានសត្វផ្សោតរស់នៅក្នុងរង្វង់ចាប់ពី២៥ ទៅ៣០ក្បាល ក្នុងនោះមានអន្លង់ផ្សោតកោះឈើទាល អន្លង់កោះសន្ទក់ អន្លង់កោះកូនសត្វ និងអន្លង់ត្បូងខ្លា កំពុងរៀបចំអភិវឌ្ឍនេះ៕