ភ្នំពេញ ៖ ក្មេងទំនើង ១ក្រុម បាននាំគ្នាធ្វើសកម្មភាពជិះម៉ូតូដឹកគ្នា យកដុំថ្មគប់ទៅលើក្រុមនារីបម្រើការក្នុងហាងខារ៉ាអូខេ មួយកន្លែង បណ្តាលឱ្យនារីចំនួន៣នាក់ រងរបួសដៃ ហើយក្រុមជនសង្ស័យបានព្យាយាមរត់គេចខ្លួន តែត្រូវបុគ្គលិកហាង តាមចាប់ក្របួចជាប់ចំនួន២នាក់ ប្រគល់ឱ្យសមត្ថកិច្ចយកទៅចាត់ការតាមច្បាប់។ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចហាង KTV តន្ត្រីឫស្សីមាស ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីបុគ្គលិកហាង KTV ខាងលើ បានឱ្យដឹងថា នេះជាលើកទី២ហើយ ដែលក្រុមក្មេងទំនើងទាំងនោះ ធ្វើបែបនេះមកលើហាងរបស់គាត់ តែពុំទាន់ឃើញសមត្ថកិច្ចចាប់ឬបង្ក្រាបបាននៅឡើយ។ ជាក់ស្តែង កាលពីប្រមាណជាង ១ខែមុន ក្រុមក្មេងទំនើងទាំងនោះ ធ្លាប់នាំគ្នាធ្វើសកម្មភាពមកគប់ហាងរបស់គាត់ ម្តងរួចហើយ ធ្វើឱ្យមានអ្នករងរបួសបែកក្បាល តែឃាត់ខ្លួនមិនបានទេ រួចក៏នាំគ្នាគេចទៅបាត់អស់។
ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុ មានក្រុមក្មេងទំនើងជាច្រើននាក់ បានជិះម៉ូតូជាច្រើនគ្រឿង បាននាំគ្នាជិះដឹកគ្នាឆ្វែលចុះឆ្វែលឡើង កាត់មុខហាង KTV ខាងលើ។ លុះក្រោយមក ស្រាប់តែនាំគ្នាឈប់ម៉ូតូ រួច ហើយធ្វើសកម្មភាពយកដុំថ្មគប់ចូលហាង បណ្តាលឱ្យត្រូវនារីៗអង្គុយរង់ចាំទទួលភ្ញៀវ នៅខាងមុខហាង រងរបួសដៃ ចំនួន៣នាក់។ ឃើញដូចនេះ បុគ្គលិកហាង និងម្ចាស់ហាងខាងលើ បាននាំគ្នាស្ទុះដេញប្រតាយប្រតប់ឃាត់ខ្លួនក្មេងទំនើង បានចំនួន២នាក់។ ចំណែកបក្ខពួកក្មេងទំនើងផ្សេងទៀត បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនទៅចោល បាត់ស្រមោលអស់។
ក្រោយមក ម្ចាស់ហាង KTV បានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋាន ចុះមកអន្តរាគមន៍ភ្លាមៗ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះមកនាំខ្លួនក្មេងទំនើងទាំង២នាក់ខាងលើ យកទៅប៉ុស្តិ៍ ដើម្បីសាកសួរ ព្រមទាំងឱ្យម្ចាស់ហាងទៅដាក់ពាក្យបណ្តឹង ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យទាំង២នាក់ ទៅកាន់ផ្នែកជំ នាញព្រហ្មទណ្ឌនគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមនីតិវិធី៕