ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ២០លានរៀល និងភេសជ្ជៈមួយចំនួនដល់ តារាកំប្លែង នាយតាក់ស៊ី ដែលកំពុងសម្រាកព្យាបាលជំងឺប្រចាំកាយ នៅមន្ទីរពេទ្យព្រះកេតុមាលា។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីបានដំណឹងថា តារាកំប្លែង នាយតាក់ស៊ី កំពុងសម្រាក ព្យាបាលជំងឺប្រចាំកាយធ្ងន់ធ្ងរ និងជួបប្រទះបញ្ហាជីវភាពផងនោះ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចាត់ឱ្យលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌រួមមាន ថវិកា ២០លានរៀល និងភេសជ្ជៈមួយចំនួនទៀត ជូនដល់នាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការរងទី១ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលើកទឹកចិត្ត ជូនពរដល់នាយតាក់ស៊ី ឆាប់បានជាសះស្បើយឡើងវិញ។ លោកស្រី ក៏បានមានប្រសាសន៍អំពីជំងឺមិនឆ្លងនានាក្នុងបច្ចុប្បន្ននេះ ដែលកំពុងតែកើតមានឡើងលើមនុស្សគ្រប់វ័យ ដូចជាជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺមហារីក ជាដើម ដែលជំងឺទាំងអស់នេះ បង្ក ឡើងដោយការបរិភោគអាហារមិនបានត្រឹមត្រូវ។ ដូច្នេះលោកស្រីបានអំពាវនាវសុំឱ្យប្រជាជនយើងយកចិត្តទុកដាក់គិតគូរពីការបរិភោគអំបិលតិច ស្ករតិច ខ្លាញ់តិច និងហាត់ប្រាណជាប្រចាំ ដើម្បីសុខភាពល្អ និងសុភមង្គល។
នាយតាក់ស៊ី មានក្តីរំភើបក្តុកក្តួលឥតឧបមា ដោយទទួលបានការយកចិត្តទុកដាក់ជាពិសេសការលើកទឹកចិត្តពីសំណាក់អ្នកម្តាយមនុស្សធម៌ ដែលលោកតែងតែគិតគូរដល់សុខទុក្ខរបស់សិល្បៈករដែលជួបការលំបាក និងប្រជាជនងាយរងគ្រោះបំផុតគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ នាយតាក់ស៊ី បានគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចហ៊ុន សែន សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកស្រីបណ្ឌិត សូមជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គល សុខភាពល្អរឹងមាំ ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំប្រទេស និងជាម្លប់ដ៏ត្រជាក់ ដល់ប្រជាជនកម្ពុជា ជារៀងរហូតតទៅ៕