ខេត្តកំពង់ស្ពឺ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម ជុំវិញរឿងរ៉ាវប្រជាពលរដ្ឋជាអ្នកព្រោះស្រូវបានផល បែរជាត្រូវជំទាវម្នាក់នៅភ្នំពេញ ជាអ្នកច្រូតយកស្រូវរាប់តោន និងគ្មានដំណោះស្រាយនោះមក រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្តីបំភ្លឺជុំវិញករណីនេះ ដើម្បីចៀសវាងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន មានការយល់ច្រឡំ។
សេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមថា “ពលរដ្ឋជាអ្នកព្រោះស្រូវបានផល ជំទាវម្នាក់នៅភ្នំពេញ ជាអ្នកច្រូតយកស្រូវរាប់តោនទៅវិញ គ្មានដំណោះស្រាយ” ដែលបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយ ចំនួន យល់ច្រឡំមកលើរដ្ឋបាលខេត្តកំពង់ស្ពឺ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ សូមធ្វើការបំភ្លឺដូចតទៅ ៖ កាលពីរសៀលថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ នៅសាលាស្រុកឱរ៉ាល់ មានកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយករណីសំណើសុំអន្តរាគមន៍របស់ឈ្មោះសៅ ងិន និងឈ្មោះជា ណក់ តំណាងឱ្យប្រជាពលរដ្ឋ ៣ភូមិ គឺភូមិក្រវៀក ក្បាលដំរី ភូមិសំរោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ជាលទ្ធផលមានដូចខាងក្រោម ៈ
១- ត្រូវធ្វើបច្ចុប្បន្នភាពនូវរាល់ឯកសារកាន់កាប់ដីទាំងប្លង់រឹង និងដីមានលិខិតបញ្ជាក់ភូមិ ឃុំ តាមការអះអាងរបស់ឈ្មោះជា ណក់ លើទំហំដី២០ហិកតារ ឱ្យបានត្រឹមត្រូវច្បាស់លាស់ យ៉ាងយូរនៅមុនថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤។
២- ត្រូវចាត់តាំងក្រុមការងារចុះទៅវាស់ឃ្លុំដី ៦ហិកតារ ជូនទៅឈ្មោះ សៅ ងិន តំណាងប្រជាពលំរដ្ឋចំនួន ៧គ្រួសារ និងអនុញ្ញាតឱ្យច្រូតយកផលស្រូវទាំងអស់។ ចុះវាស់ឃ្លុំដីទំហំ ២០ហិកតារ តាមសំណើរបស់ឈ្មោះជា ណក់ គឺច្រូតស្រូវនៅនឹងកន្លែង លក់ស្រូវទូទាត់ថ្លៃម៉ាស៊ីនច្រូត ចំពោះលុយនៅសល់ ចែកជា២ចំណែក ៥០ភាគរយ ស្មើៗគ្នា រវាងឈ្មោះជា ណក់ និងនាង ហ៊ាប។
៣- ត្រូវពង្រឹងនិងផ្តល់តម្លៃការងារគ្រប់គ្រង ជូនទៅថ្នាក់ដឹកនាំភូមិ ឃុំ។ មានន័យថារាល់គ្រប់សំណើ សំណូម ពរ ក្តីកង្វល់របស់ប្រជាពលរដ្ឋ ទោះជាតាមទូរស័ព្ទ ឬផ្ទាល់មាត់ ឬមានលិខិតផ្លូវការ ត្រូវតែពន្លឿនការដោះ ស្រា យតាមយន្តការនៃអាជ្ញាធរមូលដ្ឋាន មិនគួរឱ្យបុគ្គលជា ណក់ ឬបុគ្គលផ្សេងណាមួយធ្វើសកម្មភាពបែបនេះតទៅទៀតឡើយ។
៤- គូភាគីវិវាទឈ្មោះ លោកជា ណក់ និងឈ្មោះ នាង ហ៊ាប ព្រមទទួលយកលទ្ធផលផ្សះផ្សាខាងលើ។ តាមរយៈដំណោះស្រាយខាងលើ ស្នើឱ្យគ្រប់បណ្តាញសង្គម ធ្វើការកែតម្រូវឡើងវិញ ព្រោះករណីនេះ រដ្ឋបាលខេត្ត និងរដ្ឋបាលស្រុកឱរ៉ាល់ បានដោះស្រាយចប់សព្វគ្រប់ហើយ៕