Monday, December 23, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីស្រវឹងខឹ.../ងប្រពន្ធ ដុ---/តផ្ទះឆេះហ្មត់

ប្តីស្រវឹងខឹ…/ងប្រពន្ធ ដុ—/តផ្ទះឆេះហ្មត់

ខេត្តកណ្តាល ៖ បុរសម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ចូលដល់ផ្ទះ រករឿងឈោះប្រកែកជាមួយប្រពន្ធ រហូតដល់បែកគំនិតដុតផ្ទះចោល បង្កឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ រួចរត់គេចខ្លួនបាត់ ទុកឱ្យស្ត្រីជាប្រពន្ធអង្គុយ ទួញយំបោកខ្លួន សម្លឹងមើលផ្ទះដែលត្រូវភ្លើងលេបប្រាក់គ្មានសល់។

ករណីអគ្គិភ័យនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៤០នាទី ព្រលប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម។

ផ្ទះដែលរងការឆាបឆេះ មានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ សង់ពីឈើប្រក់សង្ក័សី ជាកម្មសិទ្ធិរបស់ឈ្មោះចាន់ ណារី ភេទស្រី អាយុ៥៨ឆ្នាំ មុខរបរកសិករ មានប្តីឈ្មោះខន សុជាតិ អាយុ៤២ឆ្នាំ មុខរបរកសិករ (កំពុងរត់គេចខ្លួន)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ហេតុការណ៍អគ្គិភ័យនេះ បង្កឡើងដោយបុរសជាប្តីម្ចាស់ផ្ទះជាអ្នកដុត ដោយមុនពេលកើតហេតុ បុរសជាប្តី ឈ្មោះខន សុជាតិ បានផឹកស្រាស្រវឹងជោក រួចបានបង្ករឿងឈ្លោះប្រកែកជាមួយប្រពន្ធ។ លុះក្រោយមក ស្រាប់តែបុរសជាប្តី បានធ្វើសកម្មភាពដុតផ្ទះចោលតែម្តង ធ្វើឱ្យកើតមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។

ប្រភពដដែល បន្តថា បន្ទាប់ពីកើតមានករណីអគ្គិភ័យខាងលើភ្លាម ប្រជាពលរដ្ឋ បានរាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចភ្លាមៗ ហើយភ្លាមនោះ កម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអធិការដ្ធាននគរបាលស្រុកល្វាឯម បានបញ្ជូនរថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង ចេញអន្តរាគមន៍ដល់ទីតាំងខាងលើ និងបានធ្វើការបាញ់ទឹកពន្លត់ រហូតភ្លើងរលត់ទាំងស្រុង ដោយមិនរាលដាលទៅដល់លំនៅឋានប្រជាពលរដ្ឋក្បែរខាង ហើយក៏មិនបង្កឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ដែរ។

ជុំវិញករណីអគ្គិភ័យខាងលើនេះ បានបង្កឱ្យខូចខាត ផ្ទះ ១ខ្នងខាងលើទាំងស្រុង រួមជាមួយសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដូចជា ឯកសារ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត ត្រូវភ្លើងឆេះបំផ្លាញអស់គ្មានសល់។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គិភ័យខាងលើ គឺដើមចមបណ្តាលមកពីឈ្មោះខន សុជាតិ ដែលជាប្តី ផឹកស្រាស្រវឹង ខឹងនឹងប្រពន្ធ ក៏ដុតផ្ទះខ្លួនឯងចោលតែម្តង។ លុះធ្វើសកម្មភាពរួចជនសង្ស័យ បានរត់គេចខ្លួនបាត់។

យ៉ាងណា សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ខ្លួនជនបង្កហេតុជាប្តីខាងលើ ដើម្បីនាំយកមកចាត់ការតាមច្បាប់៕

RELATED ARTICLES