ខេត្តបាត់ដំបង ៖ យោងតាមការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត ក្នុងខេត្ត បាត់ដំបង និងខេត្តប៉ៃលិន នៃប្រទេសកម្ពុជា បានរកឃើញសត្វព្រៃ ជាច្រើនប្រភេទ រួមមាន សត្វឥតឆ្អឹងកង ឧរង្គសត្វ ថលជលិកសត្វ សត្វស្លាប និងថនិកសត្វ ដែលសបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះ។
ការសិក្សាស្រាវជ្រាវនេះ ធ្វើឡើងក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃនិងរុក្ខជាតិ ប្រចាំកម្ពុជា និងក្រសួង បរិ ស្ថាន និងផ្តល់មូលនិធិដោយ Maddox Foundation បានរកឃើញនូវវត្តមានប្រភេទសត្វជិតផុតពូជបំផុត និងជិតផុតពូជជាច្រើន រួមមាន ពង្រួល ដំរីអាស៊ី និងឆ្កែព្រៃ ជាដើម។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើយុទ្ធសាស្ត្រចំនួនបី “ភាពស្អាត ភាពបៃតង និងចីរភាព”។ ការសិក្សាអំពីជីវៈចម្រុះ ត្រូវបានធ្វើឡើងដោយស្របតាមយុទ្ធសាស្ត្រចក្រានេះ។
លោកបានស្វាគមន៍ចំពោះលទ្ធផលនៃរបាយការណ៍នេះ ដោយបានបញ្ជាក់ថា “ឥឡូវនេះ យើងមានការយល់ ដឹងកាន់តែច្រើនអំពីតម្លៃនៃជីវៈចម្រុះនៅតំបន់សំឡូត ដលបង្ហាញពីតម្លៃនៃបេតិកភណ្ឌធម្មជាតិ តែមួយគត់ នៃតំបន់នេះ និងបញ្ជាក់ពីការទទួលខុសត្រូវរួមគ្នារបស់យើងក្នុងការការពារនិងអភិរក្សធនធានជីវៈចម្រុះទាំងអស់នោះ។ យើងកំពុងពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ និងកត្តាផ្សេងៗទៀត ដែលបំផ្លាញធម្មជាតិ នៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាង សំឡូត ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង និងប៉ៃលិន។ ជាមួយនឹងកិច្ចសហការដ៏ល្អពីដៃគូអភិរក្សរបស់យើង យើងនឹងពង្រឹងការគ្រប់គ្រងការការពារនិងអភិរក្សធនធានជីវៈចម្រុះរបស់ប្រទេសកម្ពុជា សម្រាប់មនុស្សជំនាន់ក្រោយ។ តាមរយៈការធ្វើការរួមគ្នា យើងអាចរក្សាតុល្យភាពរវាងការអភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាព ដោយធានាបានទាំងធនធានធម្មជាតិ និងភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើង”។
លោកប៉ាប្លូ ស៊ីណូវ៉ាស (Pablo Sinovas) នាយកអង្គការសត្វព្រៃនិងរុក្ខជាតិ ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ការរកឃើញនេះ បានគូសបញ្ជាក់អំពីភាពសម្បូរបែបនៃធនធានជីវៈចម្រុះនៅក្នុងតំបន់សំឡូត ដែលជាធាតុដ៏សំខាន់នៃប្រព័ន្ធតំបន់ការពាររបស់ប្រទេសកម្ពុជា។ ទីតាំងរបស់តំបន់ប្រើប្រាស់ច្រើនយ៉ាង សំឡូត ដែលនៅជិតនឹងតំបន់ការពារធម្មជាតិផ្សេងទៀត ស្ថិតនៅតាមបណ្តោយជាប់ព្រំដែនថៃ បានបង្កើននូវសារៈសំខាន់នៃការតភ្ជាប់ផ្នែកប្រព័ន្ធអេកូឡូស៊ីឆ្លងដែន ដែលចាំបាច់ត្រូវមានការពង្រឹងកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រកបដោយនិរន្តរភាពនៅក្នុងតំបន់នេះ។
លោកស្រី អែនចេលីណា ចូលី (Angelina Jolie) ប្រធានមូលនិធិ Maddox Foundation ធ្លាប់បានលើកឡើងថា ជីវៈចម្រុះដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ជាសក្ខីភាពមួយបង្ហាញអំពីភាពធន់ របស់ធម្មជាតិ និងសារៈសំ ខាន់នៃការការពារប្រព័ន្ធអេកូឡូស៊ីរបស់យើង។ ការរកឃើញប្រភេទរុក្ខជាតិថ្មីៗនៅក្នុងរបាយការណ៍នេះ សបញ្ជាក់អំពីតួនាទីដ៏សំខាន់ដែលប្រទេសកម្ពុជាដើរតួក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីការពារសត្វព្រៃនិងរុក្ខជាតិ និងសារៈសំខាន់នៃការងាររបស់មូលនិធិ Maddox ក្នុងការការពារជីវៈចម្រុះសម្រាប់មនុស្សជំនាន់ក្រោយ។
ជាមួយនឹងរបាយការណ៍សិក្សានេះ អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា មូលនិធិ Maddox Foundation និងក្រសួងបរិស្ថាន រួមជាមួយរដ្ឋបាលខេត្តបាត់ដំបង និងប៉ៃលិន ក៏បានរៀបចំសិក្ខាសាលាមួយ ដើម្បីផ្សព្វផ្សាយដល់សាធារណជន អំពីការរកឃើញសំខាន់ៗ ពីការសិក្សាស្រាវជ្រាវនេះ។ សិក្ខាសាលានេះមានគោលបំណងបង្ហាញអំពីគុណតម្លៃនៃជីវៈចម្រុះសំខាន់ៗនៅក្នុងតំបន់ ចែករំលែករបាយការណ៍សិក្សាស្រាវជ្រាវជីវចម្រុះនេះ និងជំរុញឱ្យមានការអភិរក្សសត្វព្រៃ និងជីវចម្រុះ នៅក្នុងតំបន់។
ការសិក្សាស្រាវជ្រាវជីវចម្រុះនេះ ត្រូវបានធ្វើឡើងចាប់ពីខែតុលា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២២ ក្នុងគោល បំណងដើម្បីប្រមូលទិន្នន័យព័ត៌មានស្តីពីជីវចម្រុះក្នុងតំបន់ ដែលការសិក្សានេះផ្តោតលើក្រុមចំនួន៥ មាន ប្រចៀវ អ័រគីដេ ឧរង្គសត្វ សត្វស្លាប និងការប្រើប្រាស់ម៉ាស៊ីនថតស្វ័យប្រវត្តិ។ សត្វប្រចៀវ បានកត់ត្រានូវប្រភេទប្រចៀវ ជាច្រើន ដែលជាទិន្នន័យដ៏មានតម្លៃទាក់ទងនឹងវត្តមានប្រចៀវ នៅក្នុងតំបន់នេះ និងសារៈ សំខាន់នៃតំបន់នេះសម្រាប់ការអភិរក្សសត្វប្រចៀវ។
ការសិក្សាប្រភេទឧរង្គសត្វ បានកត់ត្រា ៥១ប្រភេទ រួមមាន ថលជលិកសត្វ ២១ប្រភេទ ប្រភេទ (agamids) ៦ប្រភេទ តុកកែ ៤ប្រភេទ ប្រភេទ (skinks) ៥ប្រភេទ ពស់ ១៤ប្រភេទ និងអណ្តើក ១ប្រភេទ ហើយក្នុងការសិក្សាស្រាវជ្រាវសត្វស្លាប បានកត់ត្រាប្រភេទសត្វស្លាប សរុបចំនួន ១៤២ប្រភេទ មកពី ៤៨គ្រួសារ។
ការសិក្សាអ័រគីដេ បានកត់ត្រាជាង ៥០ប្រភេទ ពី២៩ពួក។ ការសិក្សានេះ ក៏បានកត់ត្រាផងដែរ នូវប្រភេទរុក្ខជាតិចំនួន ៧ប្រភេទបន្ថែមទៀត នៃគ្រួសារចំនួនប្រាំ រួមទាំងកំណត់ត្រាប្រភេទថ្មីចំនួន២ សម្រាប់ប្រទេសកម្ពុជា ផងដែរ រួមមានប្រភេទកម្រ ( Pycnospatha arietina) និង (aroid Amorphophallus tenuistylis)។
ចំណែកការសិក្សាដោយម៉ាស៊ីនថតស្វ័យប្រវត្តិ បានកត់ត្រាសត្វព្រៃ ចំនួន៤៤ប្រភេទ ក្នុងនោះមាន ថនិកសត្វ ២៨ប្រភេទ និងសត្វស្លាប ១៥ប្រភេទ។ ក្នុងចំណោមប្រភេទសត្វទាំងនោះ មាន១២ប្រភេទ ជាប្រភេទរងការគំរាមកំហែងនៅក្នុងបញ្ជីក្រហមរបស់អង្គការ ីជូណ ១ប្រភេទជាប្រភេទជិតផុតពូជបំផុត ៣ប្រភេទ ជាប្រភេទជិតផុតពូជ និង៨ប្រភេទទៀត ជាប្រភេទងាយរងគ្រោះថ្នាក់។
តំបន់សំឡូត ជាជម្រកនៃពពួករុក្ខជាតិ និងសត្វព្រៃកម្រជាច្រើនប្រភេទ រួមទាំងប្រភេទសត្វជិតផុតពូជបំផុត និងជិតផុតពូជមួយចំនួនផងដែរ។ ព័ត៌មានដែលទទួលបានតាមរយៈការសិក្សានេះ ពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការរៀបចំគោលនយោបាយ និងការអនុវត្តការគ្រប់គ្រង ដើម្បីប្រើប្រាស់ធនធានទាំងនេះប្រកបដោយនិរន្តរភាព ដោយធានាបាននូវអភិរក្សរយៈពេលយូរអង្វែង នៃធនធានទាំងអស់នោះ៕