ខេត្តកណ្តាល ៖ បុរសជាជនជាតិឥណ្ឌា ចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងករណីចងការប្រាក់ ដោយខុសច្បាប់។
ការឃាត់ខ្លួនជនជាតិឥណ្ឌា ទាំង៧នាក់ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រសង្កាត់តាខ្មៅ និង សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
ជនសង្ស័យទាំង៧នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឈ្មោះ MANOJ ភេទប្រុស អាយុ៤៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ V1454167 ស្នាក់នៅបុរីគ្រីស្តាល់ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ទី២-ឈ្មោះ YADAV DEEPAK ភេទប្រុស អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ W4154379 ស្នាក់នៅបុរីគ្រីស្តាល់ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ទី៣-ឈ្មោះ CHAKRABORTY SUMANTA ភេទប្រុស (ព្រះសង្ឃ) អាយុ៣៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ Z7488128 ស្នាក់នៅបុរីគ្រីស្តាល់ ស្ថិតនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ទី៤-ឈ្មោះ YADAV SUNIL ភេទប្រុស អាយុ៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ Z7665758 (ជាមេខ្លោង) ស្នាក់នៅរាជធានីភ្នំពេញ។ ទី៥-ឈ្មោះ LAKHANDAR ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ លក់ឆ្នាំងបាយអគ្គិសនី មុង-ភួយ គ្មានសៀវភៅការងារជនបរទេស ស្នាក់នៅបន្ទប់ជួលភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ ទី៦-ឈ្មោះ NISHAD GOLU ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ឆ្នាំងបាយអគ្គិសនី មុង-ភួយ មានសៀវភៅការងារជនបរទេស ស្នាក់នៅបន្ទប់ជួលភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ និងទី៧-ឈ្មោះសាហានី ប្រីជេស Sahani Brijesh ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិព្រែកកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ការឃាត់ខ្លួនក្រុមជនសង្ស័យជាជនជាតិឥណ្ឌា ទាំង៧នាក់ខាងលើ គឺពាក់ព័ន្ធនឹងករណីចងការប្រាក់ ដោយខុសច្បាប់ ដោយក្រុមជនសង្ស័យ បានផ្តល់ប្រាក់កម្ចីដល់មនុស្ស ចំនួន៣៥នាក់ ដែលក្នុងម្នាក់ៗឱ្យខ្ចីចាប់ពី ២០ម៉ឺនរៀល ទៅ១លានរៀល ក្នុងម្នាក់ ហើយត្រូវបង់ប្រាក់ប្រចាំថ្ងៃ ១ថ្ងៃ ២ម៉ឺនរៀល ទៅតាមទំហំទឹកប្រាក់ និងចំនួនថ្ងៃ។
ជនសង្ស័យទាំង៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមនីតិវិធី៕