ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាកជាតិ បានចេញសេចក្តីណែនាំ ចំនួន ៥ចំណុច ស្តីពីការប្រើប្រាស់ឯក សណ្ឋាននគរបាលជាតិ លើបណ្តាញសង្គមផ្សេងៗ ក្រោយពីពិនិត្យឃើញថា បច្ចុប្បន្នមានមន្ត្រីនគរបាលជាតិមួយចំនួនតូច បានប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ដើម្បីបង្ហាញរូបភាព ក៏ដូចជាថតវីដេអូកម្សាន្ត ជាលក្ខណៈផ្ទាល់ខ្លួន ជាច្រើន និងបានផ្សព្វផ្សាយលើបណ្តាញសង្គម Facebook Tiktok Instagram និងបណ្តាញសង្គមផ្សេងៗទៀត ដែលវីដេអូមួយចំនួន មានភាពមិនសមរម្យ បានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ ហើយក៏ទទួលបានការរិះគន់ពីសាធារណជនផងដែរ។
យោងតាមសេចក្តីជូនដំណឹងអគ្គស្នងការដ្ឋាននគរបាលជាតិ បានណែនាំដល់មន្ត្រីនគរបាលជាតិទូទាំងប្រទេសចំនួន ៥ចំណុច ដូចខាងក្រោម ៖
ទី១-ការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ត្រូវស្របតាមអនុក្រឹត្យលេខ១៤ អនប្រ.បក ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០០០ ស្តីពីការកែសម្រួលឯកសណ្ឋាននិងផ្លាកសញ្ញារបស់នគរបាលជាតិ។
២-ត្រូវបានរឹតបន្តឹងលើការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ក្នុងការថតសម្តែងជាវីដេអូកម្សាន្ត តាមរយៈបណ្តាញសង្គមនានា ដើម្បីចៀសវាងការភាន់ច្រឡំណាមួយពីសាធារណជន។
៣-ការបង្ហោះរូបភាពផ្សេងៗលើបណ្តាញសង្គមដែលប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវពិចារណាឱ្យបានហ្មត់ចត់ ពីសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ។
៤-ត្រូវប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ក្នុងពេលបំពេញការងារ ក្នុងពេលបំពេញប្រតិបត្តិការ សន្និសីទសារព័ត៌មាន ជាពិសេសមន្ត្រីនគរបាលជាតិ ដែលប្រើប្រាស់ឯកសណ្ឋានស៊ីវិល មិនត្រូវចូលរួមថតរូបជាមួយកម្លាំងប្រតិបត្តិការ និងមិនត្រូវឈរថតពីក្រោយជនល្មើស ឬជនសង្ស័យ។
៥-ប្រធាននាយកដ្ឋាន-អង្គភាព ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវធ្វើការណែនាំចំពោះមន្ត្រីក្រោមឱវាទ លើការបង្ហោះវីដេអូផ្សេងៗដែលមានលក្ខណៈជាប្រតិបត្តិការ ឬការប្រើប្រាស់កម្លាំងរួម លើបណ្តាញសង្គម ដោយត្រូវមានការអនុញ្ញាតពីប្រធាននាយកដ្ឋាន-អង្គភាព ឬស្នងការនគរបាលសាមី ជាមុន៕