ភ្នំពេញ ៖ ត្រីរាជ ចំនួន៤ក្បាល ត្រូវបានលែងចូលទៅក្នុងបឹងធម្មជាតិវិញ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ តាមរយៈការសហការគ្នារវាងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ។
ត្រីរាជ ទាំង៤ក្បាល ដែលត្រូវបានលែងចូលបឹងធម្មជាតិវិញ រួមមាន ៖ ត្រីរាជ ទី១ មានទម្ងន់១២០គីឡូក្រាម និងប្រវែងដងខ្លួន ២២២សង់ទីម៉ែត្រ។ ត្រីរាជ ទី២ មានទម្ងន់ ៩៥គីឡូក្រាម និងប្រវែងដងខ្លួន ២០៣សង់ទីម៉ែត្រ។ ត្រីរាជ ទាំង២ក្បាលនេះ ត្រូវបានចាប់នៅភូមិកោះតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ត្រីរាជ ទី៣ មានទម្ងន់ ១៣១គីឡូក្រាម និងប្រវែងដងខ្លួន ២២២សង់ទីម៉ែត្រ ត្រូវបានចាប់នៅក្នុងឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម និងត្រីរាជ ទី៤ មានទម្ងន់ ២៧គីឡូក្រាម និងប្រវែងដងខ្លួន ១៣០សង់ទីម៉ែត្រ ត្រូវបានចាប់នៅគន្លងដាយលេខ 3C រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានបំពាក់ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជ នោះ ចូលបឹងធម្មជាតិវិញ ដោយសុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការផ្លាស់ទី និងជម្រក ក្នុងរដូវប្រាំង៕